ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី SANA រាយការណ៍ថា ប្រធានាធិបតិស៊ីរី លោកបាចារ អាល់ អាសាដ បានបណ្តេញរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Muhammad Naji Otri ចេញពីតំណែងក្រោយពីមានការផ្ទុះភាពចលាចលក្នុងប្រទេសបណ្តាលឱ្យស្លាប់មនុស្សជិត៥០នាក់មក ។ លោកអាសាដបានទទួលយកការលាលែងចេញពីតំណែងរបស់លោក Muhammad តែទុកឱ្យលោក Mu-hammad នៅធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីមួយត្រូវបង្កើតឡើង ។
លោក Muhammad បានដាក់ពាក្យសុំលាលែងចេញពីតំណែងនៅពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលកើតមានឡើងនៅតំបន់ភាគច្រើនក្នុងប្រទេសពិសេសនៅក្រុង Daraa ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង ដាម៉ាស់ រដ្ឋធានីស៊ីរី។ អាជ្ញាធរស៊ីរីបានប្រញាប់ទប់ស្កាត់ការធ្វើបាតុកម្មក្នុងប្រទេសតាមរយៈការចាត់វិធានការធ្វើកំណែទម្រង់មួយចំនួនដូចជាការលុបចោលវិញនូវច្បាប់គ្រាអាសន្ន បង្កើនប្រាក់បៀវត្ស និងប្រាក់ចំណូលរបស់មន្ត្រីរដ្ឋការ និងដោះលែងអ្នកទោសនយោបាយជាដើម ។
លោកប្រធានាធិបតីអាល់អាសាដ ដែលកាន់អំណាចអស់រយៈពេលជាង១ទសវត្សមកហើយ នោះត្រូវគេរំពឹងថា នឹងថ្លែងទៅកាន់ប្រជាជាតិ រយៈពេលជាច្រើនម៉ោងដើម្បីប្រកាសពីផែនការធ្វើកំណែទម្រង់ ដែលដាក់ចេញកាលពីថ្ងៃទី២៤ មីនា កន្លងមក ។ នាថ្ងៃប្រកាសពីការសុំលាលែងរបស់រដ្ឋាភិបាលមនុស្សជាច្រើនរយពាន់នាក់ដែលគាំទ្រប្រធានាធិបតីបានលើកគ្នាធ្វើបាតុកម្មក្នុងទូទាំងប្រទេស ដើម្បីសម្តែងការគាំទ្រឥតងាករេចំពោះលោកអាសាដ ៕
ចែករំលែកព័តមាននេះ