រាជធានីភ្នំពេញ ៖ យោងតាមគេហទំព័រស្ថានទូតអាមេរិកឱ្យដឹងថា លោក Daniel Baer ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ថ្លែងកាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១១ ថា ខ្ញុំមានសេចក្តីរីករាយចំពោះការជួបប្រជុំប្រកបដោយផ្លែផ្កាចំនួន២ថ្ងៃរបស់ខ្ញុំ នៅរាជធានីភ្នំពេញ ជាមួយមនុស្សជាច្រើនក្នុងអង្គការសង្គមស៊ីវិល និងមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការបរទេស និងក្រសួងមហាផ្ទៃ ។ នៅគ្រប់កន្លែងដែលខ្ញុំបានទៅដល់ក្នុងការិយាល័យរដ្ឋ និងក្នុងការសន្ទនាជាមួយអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល គឺជាប្រធានបទ សំខាន់នៃការសន្ទនា ។ សហរដ្ឋអាេមរិកនៅតែមានកង្វល់ថា ច្បាប់នេះដាក់លក្ខខណ្ឌទាមទារជាបន្ទុកច្រើនដល់សង្គមស៊ីវិល ។ យ៉ាងណាក្តី មានការព្រមព្រៀងគ្នាច្បាស់ លើចំណុចមួយចំនួន ។
ទី១-អង្គការមិនមែនរដ្ឋាភិបាល ភាពជាដៃគូក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាល និងភាពជាដៃគូរវាងអង្គការមិនមែនរដ្ឋាភិបាល និងរដ្ឋាភិបាល គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងភាពជឿនលឿនផ្នែកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ។ ប្រជាជនកម្ពុជា រដ្ឋាភិបាលក៏ដូចជាសង្គមស៊ីវិលដែរ អាចមានមោទនភាពចំពោះការមានសង្គមស៊ីវិលដែលមានភាពរឹងមាំ និងដុះដាលល្អ សំឡេងផ្សេងៗ ដែលអង្គការមិនមែនរដ្ឋាភិបាលតំណាងឱ្យ និងការរួមចំណែករបស់អង្គការមិនមែនរដ្ឋាភិបាល។
ទី២-ដំណើរការពិគ្រោះយោបល់ដែលរដ្ឋាភិបាល និងសង្គមស៊ីវិលបានចាប់ផ្តើម បានផ្តល់ក្តីសង្ឃឹម ហើយគួរតែត្រូវបានបន្តជាប់លាប់ និងពង្រីកថែមទៀត ។ ក្នុងន័យនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានឮថា ក្រសួងការបរទេសកម្ពុជា មានបំណងធ្វើការពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់នេះ ជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ។ ខ្ញុំមានសេចក្តីរីករាយផងដែរ ដោយបានឮថា ក្រសួងមហាផ្ទៃកម្ពុជានឹងបន្តការពិគ្រោះយោបល់ ហើយផ្លាស់ប្តូរគំនិតយោបល់គ្នាលើចំណុចកែប្រែក្នុងសេចក្តីព្រាងច្បាប់នេះ ជាមួយសង្គមស៊ីវិលនៅពេលប្រជុំលើកក្រោយ ។
ទី៣-ដោយយោងទៅលើការរួមចំណែក ជាវិជ្ជមានយ៉ាងច្រើនរបស់សង្គមស៊ីវិលដល់សង្គមនៅប្រទេសកម្ពុជា គេមិនគួរប្រញាប់ក្នុង ការវាយតម្លៃពេញលេញលើផលដែលអាចកើត មានឡើង ពីការកែប្រែច្បាប់ដែលចង់អោយ មានឡើង ទាំងផលដែលគេចង់បាន ទាំងផលដែលគេមិនចង់បាន។ សកម្មភាពដែលរឹតត្បិត ជាជាងផ្តល់លទ្ធភាពដល់សង្គមស៊ីវិល មិនបំរើផលប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជា ទេ។ ដូចដែលលោកជំទាវរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកមានប្រសាសន៍ជាញឹកញាប់មក ហើយថា សង្គមស៊ីវិលរឹងមាំល្អមួយគឺជាលក្ខ ខណ្ឌចាំបាច់ជាមុនសំរាប់អោយមានសង្គមមួយ ដែលរឹងមាំ មានស្ថិរភាព និងប្រកបដោយវិបុលភាព។
ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ មកកាន់ប្រទេសកម្ពុជាក្នុងពេលថ្មីៗនេះ លោកជំទាវបានឃើញផ្ទាល់ភ្នែកនូវសង្គមស៊ីវិលដែលធ្វើឱ្យប្រទេសកម្ពុជាមានឈ្មោះល្បីទូទាំង សាកលលោក។ សហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចបន្តធ្វើជាដៃគូជាមួយរដ្ឋាភិបាល និងប្រជា ជននៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំខាងមុខៗទៀត៕
ចែករំលែកព័តមាននេះ