ខេត្តកំពង់ចាម ៖ សមិទ្ធផលថ្មីសន្លាងរបស់សប្បុរសជននានា មានសាលាបាលី មួយខ្នង មាន៦បន្ទប់ កុដិមួយខ្នង មាន១០បន្ទប់ ខ្លោងទ្វារ២ និងរបងព័ទ្ធជុំវិញ នៅវត្តចង្វាបុប្ផារាម ស្ថិតនៅឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម បានប្រារព្ធពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ កាលពីព្រឹកថ្ងៃទី៦ មីនា ២០១១នេះ ក្រោមព្រះអធិបតីភាពព្រះទេពសត្ថា ឃី វណ្ណរតនា រាជាគណៈថ្នាក់ចត្វា សកលវិទ្យាធិការរងនៃសកលវិទ្យាល័យព្រះសីហនុរាជ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីនន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ។
អញ្ជើញចូលរួមជាគណៈអធិបតីផងដែរ មានលោកជំទាវសាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះពង្រឹងមូលដ្ឋានឃុំគងជ័យ នៃស្រុកអូរាំងឪ អមដំណើរដោយលោកជំទាវឧកញ៉ាយីន ផាន្នី ជាម្ចាស់សមិទ្ធផលខ្លោងទ្វារ និងជាស្រុកកំណើត និងលោកជំទាវឧកញ៉ា ភាព ហៀក ជាសប្បុរសជន ព្រមទាំងរដ្ឋអំណាចស្រុក រដ្ឋអំណាចឃុំ-ភូមិ និងប្រជាពលរដ្ឋ សិស្សានុសិស្សរាប់ពាន់នាក់ចូលរួមយ៉ាងអធិកអធម ។
ជាកិច្ចចាប់ផ្តើម លោកប្រធានក្រុមប្រឹក្សាស្រុកអូរាំងឪ បានឡើងថ្លែងរៀបរាប់ដោយសង្ខេបពីស្ថានភាព និងភូមិសាស្ត្រស្រុកអូរាំងឪ ដោយគូសបញ្ជាក់ថា ស្រុកអូរាំងឪ ស្ថិតនៅត្រើយខាងកើតទន្លេមេគង្គ តាមបណ្តោយផ្លូវជាតិលេខ១១ មានចម្ងាយ៣២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម ។ ស្រុកមានព្រំប្រទល់ខាងជើងជាប់នឹងស្រុកត្បូងឃ្មុំ ខាងកើតជាប់ស្រុកពញាក្រែក ខាងត្បូងជាប់ស្រុកកញ្ជ្រៀច និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងខាងលិចជាប់ស្រុកកោះសូទិន ។ មានប្រជាជនរស់នៅចំនួន១៩.៦៦៣គ្រួសារ មានមនុស្សសរុប៩៤.៧៧៥នាក់ ក្នុងនោះស្រីមាន៤៨.៦០៩នាក់។ ចំពោះដង់ស៊ីតេប្រជាជនមាន២៦៧នាក់ ក្នុង១គីឡូម៉ែត្រការ៉េ ។ ស្ថានភាពដីរបស់ស្រុកមាន៣សណ្ឋាន គឺខ្ពង់រាបសម្រាប់ដំណាំចំការ វាលរាបសម្រាប់ដំណាំកៅស៊ូ និងវាលទំនាបព្រៃធម្មជាតិ។
ចំពោះទីអារាមវិញ លោកប្រធានក្រុមប្រឹក្សាស្រុកថ្លែងថា វត្តចង្វាបុប្ផារាម មានដើមកំណើតហៅថា វត្តចង្វា ស្ថិតនៅភូមិចង្វា ឃុំអំពិលតាពក ស្រុកកោះសូទិន ព្រមទាំងបានកកើតតាំងពីឆ្នាំ១៩៤៥ មានព្រះចៅអធិការដឹកនាំគ្រប់គ្រងហូរហែជាបន្តបន្ទាប់ ។ ក្នុងសង្គ្រាមនិងក្នុងរបបប្រល័យពូជសាសន៍ វត្តចង្វារងផលប៉ះពាល់ស្ទើររលាយទាំងស្រុង ។ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ អ្វីៗគ្រប់យ៉ាងត្រូវបានកសាងឡើងវិញទាំងស្រុង ។ ពេលនោះវត្តត្រូវបានដឹកនាំដោយលោកគ្រូចៅអធិការព្រះនាម ដន ហើយនិងមានគ្រូចៅ អធិការវត្តបន្តបន្ទាប់ហូរហែរហូតមក ។ ដល់ឆ្នាំឆ្នាំ១៩៩៦ ក៏មានលោកគ្រូព្រះនាមពេជ្រ យីន គ្រប់គ្រងរហូតដល់ឆ្នាំ២០០៦ ។ ក្នុងសម័យនោះ ព្រះអង្គបានដឹកនាំកសាងបានសាលាពុទ្ធិកបឋមសិក្សា១ខ្នង សាលាធម្មសភា ទីប៉ាឆា កុដិ១ខ្នង រោងម៉ាស៊ីនភ្លើង បង្គន់អនាម័យ និងឧបដ្ឋានសាលាបាន៥០% ។ ចាប់ពីចុងឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន វត្តចង្វាបុប្ផារាមនេះត្រូវបានដឹកនាំដោយលោកគ្រូចៅអធិការព្រះនាមញឹម ពន្លក ។
ចំពោះសមិទ្ធផលដែលបានកសាងរួមមានដូចជា ៖
១-របងព័ទ្ធជុំវិញវត្តប្រវែង៦៤០ម៉ែត្រ កសាងដោយពុទ្ធបរិស័ទអស់ទឹកប្រាក់ចំនួន៤៥.៣០០ដុល្លារ ។ ២-ខ្លោងទ្វារមុខ កសាងដោយលោកកៃ ចាន់ និងភរិយាអស់ទឹកប្រាក់៦.៧២០ដុល្លារ ។ ៣-ខ្លោងទ្វារខាងលិចកសាងដោយឧបាសក ឈុន យីន ឧបាសិកា ហួត ណៃស៊ីម ជាបិតា-មាតារបស់លោកជំទាវឧកញ៉ាយីន ផាន្នី អស់ទឹកប្រាក់៨.០០០ដុល្លារ ។ ៤-សាលាបាលី១ខ្នង មាន៦បន្ទប់ កសាងអស់ទឹកប្រាក់៨០.០០០ដុល្លារ កុដិថ្មី១ខ្នង មាន១០បន្ទប់ កសាងអស់ទឹកប្រាក់២៩.៧២៧,០៨ដុល្លារ សរុបប្រាក់ដែលបានកសាងទាំងអស់ចំនួន៦៤.៥០០ដុល្លារ ។
បន្ទាប់មកព្រះទេពសត្ថា ឃី វណ្ណរតនា ព្រះសកលវិទ្យាធិការរងសាកលវិទ្យាល័យព្រះ សីហនុរាជ មានថេរដីកាថា ការនិមន្តមកកាន់វត្តចង្វានាពេលនេះ ដោយឃើញនូវសមិទ្ធផលជាច្រើនបានកកើតឡើង មិនមានអាទិទេពណាមួយមកជប់ឱ្យកើតនោះទេ ។ ជាក់ស្តែងដូចជា ខ្លោងទ្វារវត្តផ្នែកខាងលិចត្រូវបានលោកជំទាវឧកញ៉ា យីន ផាន្នី គណៈអភិបាលសារព័ត៌មានកោះសន្តិភាព បានជួយកសាងឧទ្ទិសកុសលជូនមាតាបិតា ដោយមានក្បូរក្បាច់រចនាល្អ ដែលសមិទ្ធផលទាំងនេះគឺកើតឡើងដោយសារការសាមគ្គីគ្នាដែលរួមចំណែកក្នុងព្រះពុទ្ធសាសនា ។ ក្រោយឆ្នាំ១៩៧៩ បន្តរហូតមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្តេចទាំង៣រួមមាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរគ្រាន់តែវត្តនៅទូទាំងប្រទេសមាន៤.៣៩២វត្ត និងព្រះសង្ឃជាង៥ម៉ឺងអង្គ ។
ជាបន្ទាប់មក លោកជំទាវសាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានថ្លែងឱ្យដឹងថា ពិធីបុណ្យពុទ្ធាភិសេកដែលកំពុងតែធ្វើឡើងនៅវត្តចង្វានេះ មានចំនួន១០១រោង ដើម្បីឆ្លងខ្លោងទ្វារ និងសមិទ្ធផលផ្សេងៗទៀត ដែលកើតឡើងដោយសទ្ធាជ្រះថ្លារបស់ប្រជាជនយើង ។ ក្នុងនាមលោកជំទាវផ្ទាល់ជាប្រធានគណៈពង្រឹងមូលដ្ឋានចុះជួយដល់ឃុំគងជ័យ មានក្តីរំភើបដោយបានឃើញមានសាលាបាលី ពុទ្ធិកវិទ្យាល័យអូរាំងឪ ដែលមានសារសំខាន់ក្នុងការបង្រៀនដល់ព្រះសង្ឃ ។ លោកជំទាវរីករាយនិងគាំទ្រចំពោះការរីកចំរើនលើគ្រប់វិស័យនៃស្រុកអូរាំងឪនេះ ។
លោកជំទាវរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានរំលឹកថា កាលពីនៅកុមារភាពរូបលោកជំទាវផ្ទាល់ធ្លាប់បានរៀនសូត្រនៅវត្តចំនួន៣ឆ្នាំផងដែរ ។ ដោយសារតែស្រឡាញ់នូវព្រះពុទ្ធសាសនានោះ លោកជំទាវបានឱ្យកូនប្រុសម្នាក់បួសជាសង្ឃ ហើយម្យ៉ាងទៀតលោកជំទាវបានកាន់សីល៥ តែងតែប្រតិបត្តិទៀងទាត់ទៅតាមគន្លងព្រះពុទ្ធ ។ លោកជំទាវថ្លែងថា ផ្អែកតាមការស្រាវជ្រាវលើផ្ទាំងសិលាចារឹកនានា បានបង្ហាញថា ប្រទេសកម្ពុជាយើងបានទទួលឥទ្ធិពលនិងការគោរពសាសនាព្រះពុទ្ធមានតាំងតែពីចុងសតវត្សទី១ម៉្លេះ នាសម័យនគរភ្នំ ។ លោកជំទាវបានថ្លែងថា លោកជំទាវនឹងចុះមកជួយដោះស្រាយរាល់ការលំបាកនានានៅឃុំគងជ័យ រួមចំណែកជាមួយរដ្ឋអំណាច ជាមួយប្រជាជនទូទាំងឃុំ ដើម្បីឱ្យឃុំគងជ័យមានការរីកចម្រើនទាំងជីវភាព និងសុវត្ថិភាពសង្គម ក្រោមការដឹកនាំរបស់សម្តេចទាំង៣ និងបក្សប្រជាជនកម្ពុជា យើង។ លោកជំទាវសំដែងក្តីរំភើបរីករាយណាស់ ដែលបានឃើញការរីកចម្រើននៃទីអារាមចង្វាបុប្ផារាម ដែលសង្ឃឹមថា អនាគតកាន់តែមានការរីកចម្រើនបន្តទៀតមិនខាន ។
នៅចុងបញ្ចប់នៃកម្មវិធី លោកជំទាវសាន្ត អរុណ រួមជាមួយប្រតិភូអមដំណើរមានលោកជំទាវឧកញ៉ា យីន ផាន្នី លោកជំទាវឧកញ៉ា ភាព ហៀក បានចែកជូនកំណាត់ស ចំនួន៧០ដុំ ជូនលោកតាលោកយាយ ក្នុងម្នាក់ៗទទួលបាន១ដុំ និងប្រាក់៥ពាន់រៀល ។ នំចំនួន៤កេសធំ ចែកជូនដោយផ្ទាល់ដៃ ។ ឧបត្ថម្ភរោងទាំង១០១រោង នូវប្រេងឆាក្នុង១រោង ១ដប និងប្រាក់២ម៉ឺនរៀល ។ លោកជំទាវសាន្ត អរុណ និងក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំគងជ័យបានចូលរួមពិធីបុណ្យនូវថវិកាមួយចំនួន ។ លោកជំទាវឧកញ៉ា ភាព ហៀក ប្រគេនបច្ច័យសំរាប់ពិធីបុណ្យចំនួន២លាន៦សែនរៀល ។ លោកជំទាវឧកញ៉ាយីន ផាន្នី ប្រគេនបច្ច័យចូលរួមពិធីបុណ្យចំនួន១លាន៦សែនរៀល ប្រគេនព្រះចៅអធិការទុកសំរាប់បំពេញការខ្វះខាតចំនួន២លានរៀល ។ ក្នុងពិធីនេះដែរ លោកជំទាវឧកញ៉ាយីន ផាន្នី និងលោកជំទាវឧកញ៉ាភាព ហៀក បានជួបសំណេះសំណាលជាមួយសមាគមនារី ស្រុកអូរាំងឪ ដោយបានជួយឧបត្ថម្ភភ្លេងបុរាណខ្មែរចំនួន១.៥០០ដុល្លារ និងសារុងពុម្ពចំនួន១០០ព្រមទាំងប្រាក់២០ម៉ឺនរៀល សំរាប់ទិវានារីអន្តរជាតិ ៨មីនាផងដែរ ៕



ចែករំលែកព័តមាននេះ