រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានបើកវគ្គបណ្តុះបណ្តាលក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌សម្រាប់បទល្មើសចរាចរណ៍រយៈពេលបីថ្ងៃដោយមានការអញ្ជើញចូលរួមជាអធិបតីលោកឧត្តមសេនីយ៍ឯកយ៉ុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ លោកគឹម សន្តិភាព អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងយុត្តិធម៌ លោកឧត្តមសេនីយ៍ត្រីហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ និងមានការចូលរួមពីសិក្ខាកាមចំនួន៧០នាក់មកពីរាជធានី-ខេត្ត ទាំង២៤ ។
លោកឧត្តមសេនីយ៍ត្រីហ៊ឹម យ៉ាន ប្រធាន នាយកដ្ឋានសណ្ដាប់ធ្នាប់ក្រសួងមហាផ្ទៃបានថ្លែងថា ដោយអនុលោមតាមច្បាប់ស្តីពីចរា ចរណ៍ផ្លូវគោកតាមប្រការរួមលេខ២៩៣ប្រក ចុះថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០០៩ ស្តីពីការបង្កើតក្រុមការងាររៀបចំប្រកាសរួមស្តីពីបែបបទនៃការពិនិត្យអង្កេតកត់ត្រាបទល្មើស និងបញ្ជូនសំណុំឯកសារគ្រោះថ្នាក់ចរាចរណ៍ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងយុត្តិធម៌តាក់តែងបែបបទនៃក្បួននីតិវិធីចំនួន៣៦គំរូ ហើយត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ចេញប្រកាសរួមដាក់អោយប្រើប្រាស់នៅថ្ងៃទី២១ ធ្នូ ២០១០ ។ ដើម្បីធានាដល់ការយល់ដឹង និងអនុវត្តតាមក្បួននីតិវិធីនេះអោយបានត្រឹមត្រូវ អគ្គស្នងការដ្ឋាននគរបាលជាតិដោយមានកិច្ចសហការពីក្រសួងយុត្តិធម៌បានដំណើរការបើកវគ្គបណ្ដុះបណ្ដាលក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌សំរាប់បទល្មើសចរាចរណ៍នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដល់សិក្ខាកាមសរុបចំនួន៧០នាក់ ជាមន្រ្តីដឹកនាំនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងការិយាល័យចំណុះចំនួន២២នាក់ ថ្នាក់ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់សាធារណៈ និងនាយការិយ៉ាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៤ ចំនួន៤៨នាក់ ។
វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើការសិក្សាលំអិតអំពីបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ចរាចរណ៍បណ្ដាបញ្ហាដែលបានផ្តើមស្នើធ្វើវិសោធនកម្ម ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌សម្រាប់បទល្មើសចរាចរណ៍ ៕


ចែករំលែកព័តមាននេះ