រាជធានីភ្នំពេញ ៖ តារាកំប្លែងស្រីដែលបាត់មុខមួយរយៈ ហើយល្បីកើតរឿងអាស្រូវ ជំពាក់ប្រាក់គេរុំកោះ និងឆបោករថយន្តពីមនុស្សច្រើននាក់ នាងជួន ចន្ទរតនា ហៅក្អយ កំពុងត្រូវបានព្រះរាជអាជ្ញារង លោកគ្រី សុខអ៊ី ចេញដីកាកោះហៅឱ្យចូលខ្លួនបំភ្លឺករណីរំលោភសេចក្តីទុកចិត្ត ឆបោករថយន្តទំនើប៥គ្រឿងពីបុរសម្នាក់នៅថ្ងៃទី៤ មេសា ២០១១ ខាងមុខនេះ បន្ទាប់ពីមុននេះត្រូវប៉ូលិសក្រសួងមហាផ្ទៃនាំខ្លួនទៅសាកសួរតាំងពីព្រឹករហូតដល់យប់ និងត្រូវដោះលែងវិញនៅជិតពាក់កណ្តាលអធ្រាត្រក្រោយសម្របសម្រួលជាមួយដើមបណ្តឹងម្នាក់ផ្សេងទៀតបានចប់សព្វគ្រប់ ។
លោកព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ គ្រី សុខអ៊ី បានឱ្យដឹងថា ការកោះហៅនាងក្អយ ឱ្យចូលបំភ្លឺនេះគឺដោះស្រាយលើបណ្តឹងចោទប្រកាន់ពីបទរំលោភសេចក្តីទុកចិត្តតាមរូបភាពជួលរថយន្ត៥គ្រឿងយកទៅជិះ រួចគេចខ្លួនបាត់សូន្យឈឹង ហើយពេលនេះយើងកំពុងចាត់ការជាបន្តបន្ទាប់តាមនីតិវិធី ដោយយើងបានចេញដីកាកោះហៅដើមបណ្តឹងចូលបំភ្លឺរួចរាល់ហើយ និងចេញដីកាកោះហៅចុងចោទនាងក្អយនេះឱ្យចូលបំភ្លឺជាបន្តបន្ទាប់ ។ ក្នុងពាក្យបណ្តឹងចុះថ្ងៃទី១៤ កុម្ភៈ ២០១១ លោកគាំ ច័ន្ទមុនី អាយុ៤៤ឆ្នាំ ទីលំនៅផ្ទះលេខ៨៥៨ ផ្លូវលេខ៣៥៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ឈ្មោះជួន ចន្ទរតនា ហៅនាងក្អយ អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ៦៨ ផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានជួលរថយន្តរបស់គាត់ជាបន្តបន្ទាប់ចំនួន៥គ្រឿង ។ ដំបូងឡើយ នាងក្អយបានជួលរថយន្តម៉ាក LX 300 ចំនួន២គ្រឿង និងរថយន្តម៉ាកកាមរីចំនួន៣គ្រឿង ។ ប៉ុន្តែក្រោយការចុះកិច្ចសន្យាជួលត្រឹមត្រូវហើយក៏យករថយន្តនោះទៅបាត់ និងពុំឃើញនាងក្អយមកជួបដើម្បីបង់ប្រាក់ឈ្នួលរថយន្តទាំងនោះទេ គឺគេចខ្លួនបាត់ថែមទៀតផង ។
គួររំលឹកថា កាលពីថ្ងៃទី២១ មីនា ២០១១ នាងក្អយ ត្រូវបានសមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនយកទៅធ្វើការសាកសួរតាមពាក្យបណ្តឹងរបស់ឈ្មោះទី សុធីតា ដោយចោទប្រកាន់ពីបទជួលរថយន្ត២គ្រឿងយកទៅជិះ រួចយកទៅបញ្ចាំបាត់ ។
នៅដំណាក់កាលប៉ូលិស ដើមបណ្តឹង និងនាងក្អយ បានធ្វើការសម្របសម្រួលគ្នាតាមរបៀបដើមបណ្តឹងចេញប្រាក់ចំនួន១៥.០០០ដុល្លារអាមេរិក ដើម្បីយកទៅលោះរថយន្តវិញ ហើយនាងក្អយសុខចិត្តប្រគល់ប្លង់ដីមួយដុំឱ្យដើមបណ្តឹង ។ ក្រៅពីនោះដើមបណ្តឹងត្រូវចំណាយបន្ថែមចំនួន១.០០០ដុល្លារ អាមេរិកទៀត ដើម្បីរត់ការក្នុងការដោះស្រាយ ។ ទម្រាំតែបានរថយន្តមកវិញ នាងក្អយ បានទាក់ទងខ្សែបណ្តាញលិច-កើត ប្រើសុទ្ធតែពាក្យសម្តីម៉ូដឺប៉ាស កុំម៉ង់ម្ចាស់បំណុល (ម្ចាស់រថយន្ត) ឱ្យទៅយករថយន្ត១គ្រឿងនៅក្បែរភោជនីយដ្ឋានឡឺប្រេស៊ីដង់ និង១គ្រឿងទៀតនៅម្តុំភ្លើងស្តុបបូកគោ…ករណីនេះ សូម្បីម្ចាស់រថយន្តដែលមានប៉ូលិសអម២នាក់ទៅហើយ នៅតែសំណូមពរឱ្យនាងក្អយយករថយន្តមកប្រគល់ឱ្យនៅវិមានឯករាជ្យក៏មិនបានផង…មិនដឹងថា នាងក្អយរូបនេះមានខ្សែទុយោអ្នកនៅពីក្រោយខ្នងធំប៉ុនណាទេ?
បន្ទាប់ពីទទួលបានរថយន្ត២គ្រឿងវិញ ហើយ ដើមបណ្តឹងបានដកពាក្យឈប់ប្តឹង ដើម្បីបើកច្រកឱ្យសមត្ថកិច្ចដោះលែងនាងក្អយវិញ នៅជិតពាក់កណ្តាលអធ្រាត្រថ្ងៃទី២២ មីនា ២០១១ ។ ឥឡូវម្ចាស់រថយន្ត និងម្ចាស់បំណុលច្រើននាក់ទៀតកំពុងចាត់ការនាងក្អយ តាមផ្លូវច្បាប់ជាបន្តបន្ទាប់ ហើយសង្ឃឹមថា អ្នកនៅពីក្រោយខ្នងរហ័សដកខ្លួនចេញពីអ្វីដែលហៅថា ភាពសង្គមងងឹត ចៀសវាងពាក់ព័ន្ធបាត់បង់តំណែង ៕
ចែករំលែកព័តមាននេះ