ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់រថយន្តបុកកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៨ មីនា តាមបណ្តោយវិថីឯករាជ្យ ត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែក ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ូលិសចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឃឿន ដារដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ជាកម្មករ មានទីលំនៅក្រុមទី១១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាម្ចាស់ម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ 1A-4898 ក្រុងព្រះសីហនុ រីឯអ្នកបើកបររថយន្តឈ្មោះវ៉ាន់ ផាត់ ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនCCPG (ក្រុមហ៊ុនអគ្គិសនី )មានទីលំនៅក្រុមទី៣ ភូមិ៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាម្ចាស់រថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Q-1211 ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុរថយន្តឡិចស៊ីសខាងលើបើកបរតាមបណ្តោយវិថីឯករាជ្យក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកក៏បានបុកម៉ូតូដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង និងអូសចម្ងាយប្រហែល១០ម៉ែត្រ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ចំពោះរថយន្តបង្កហេតុត្រូវបានកម្លាំងប៉ូលិសចរាចរស្ទាក់ចាប់បាននៅក្បែរសង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ដោយឡែក តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ពេលរូបគាត់នៅកន្លែងប៉ះកង់ក្បែរកន្លែងកើតហេតុ បានឃើញម៉ូតូបើកចេញពីម្តុំក្រោយភ្នំមាស ក្នុងទិសដៅពីជើងទៅត្បូងរហូតដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត១គ្រឿងដែលបើកក្នុងទិសដៅពីលិចទៅកើត មកបុកម៉ូតូផ្នែកខាងមុខពេញទំហឹងតែម្តង ។
យោងតាមសម្តីអ្នកបើកបររថយន្តនោះបានឱ្យដឹងថា ខ្លួនរស់នៅភ្នំពេញមកក្រុងព្រះសីហនុដើម្បីកំសាន្ត ។ នៅយប់នោះខ្លួនបានចូលលេងក្លឹបកំសាន្ត LV បន្ទាប់ពីផឹកស៊ីរួចខ្លួនបានបើករថយន្តចេញដោយមានស្ត្រីម្នាក់មកជាមួយដើម្បីរកកន្លែងសម្រាក ។ ពេលចេញពីក្លឹបកំសាន្តនោះបានបន្តិច ក៏មានម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវចំពីមុខរថយន្ត ខណៈនោះខ្លួនជាន់ហ្វ្រាំងមិនទាន់ក៏បុកតែម្តងទៅ ។ បន្ទាប់មកដោយភ័យពេកខ្លួនក៏បានបើករថយន្តរត់គេចតែត្រូវប៉ូលិសស្ទាក់ចាប់បានតែប៉ុន្មាននាទីក្រោយកើតហេតុ ៕
ចែករំលែកព័តមាននេះ