ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កសាង​ផ្លូវ​មាន​គោល​ដៅ​ប្រែ​ក្លាយ​ពី​តំបន់​​អតីត​សមរ​ភូមិ​​ប្រយុទ្ធ​ឱ្យទៅ​ជា​តំបន់​អភិវឌ្ឍន៍

15 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​មានប្រសាសន៍​​ថា សមិទ្ធ​ផល​ផ្លូវ​នេះ​បម្រើ​​ទៅ​ដល់​គោល​ដៅ​នយោ​បាយ​គឺ​គោល​ដៅ​ប្រែក្លាយ​តំបន់​អតីត​សមរ​ភូមិ​ប្រយុទ្ធ​ឱ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍ​ន៍​ និង​ប្រែ​ក្លាយ​តំបន់​ព្រំ​ប្រទល់​ដែន​ទាំង​អស់​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ឱ្យ​ទៅ​​ជា​តំបន់​ដែល​មាន​សុខ​សន្តិ​ភាព​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​ជា​ទី​ផ្សារ​។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ​​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​ស្ថាប​នា​ផ្លូវ​ជាតិ​លេខ​៥៧B ​មាន​ចម្ងាយ១៧៦,៣៥គីឡូ​ម៉ែត្រ​ ដោយ​​មាន​ការ​អញ្ជើញ​ចូល​រួមផង​ដែរ​​ពី​លោក​ផាន គ័ង​ស៊ា ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សាធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​ប្រចាំ​នៅ​កម្ពុជា​។ ការ​ស្ថាប​នា​ផ្លូវ​ជាតិ​លេខ​៥៧Bនេះ​ធ្វើ​ឡើង​​ក្រោម​ឥណ​ទាន​កម្ចី​សម្ប​ទាន​របស់​សាធា​រណ​រដ្ឋ​ប្រជា​មា​និត​​ចិន​ និង​ថវិកា​​បដិ​ភាគ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ហើយ​ពិធី​បើក​ការ​ដ្ឋាន​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​បរិ​វេណ​អនុ​វិទ្យាល័យ​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង​ ស្រុក​ថ្ម​គោល ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា សន្តិ​ភាព និង​​ការ​ប​ង្រួប​បង្រួម​ជាតិ​ដែល​យើង​រក​បាន​​ទាំង​លំបាក ​​តំបន់​ដែល​ជាអតីត​សមរ​ភូមិ​ប្រយុទ្ធ​ក្តៅ​គគុក​បាន​បញ្ចប់​ ហើយ​ត្រូវ​ប្រែក​្លាយ​តំបន់​ទាំង​នោះ​ឱ្យ​ទៅ​ជា​តំបន់​អភិ​វឌ្ឍ​​ន៍​ទាំង​អស់​។​ ដូច្នេះ​ហើយ​ក្នុង​ស្មារតី​បង្រួប​បង្រួម​ជាតិ​ ការ​រក្សា​បាន​សន្តិ​ភាព និង​ស្ថិរ​ភាព​នយោ​បាយ​ជា​លក្ខ​ខណ្ឌ​​មិន​អាច​ខ្វះ​បាន​សំរាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ និង​សង្គម​។ ជា​ពិសេស​ ផ្លូវ​នេះ​មិន​ត្រឹម​តែ​ជា​សក្ខី​ភាព​នៃ​ការ​រឹត​ចំណង​មិត្ត​ភាព និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ និង​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា ជាមួយ​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ជា​វិភាគ​ទាន​គន្លឹះ និង​ប្រកប​ដោយ​សក្តា​នុ​ពល​សំរាប់​ទ្រទ្រង់​ដល់​ដំណើរ​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋ​កិច្ច​ក្នុងគោល​បំណង​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទៀត​ផង​។

សម្តេច​តេជោ​មាន​ប្រសាសន៍​ទៀត​ថា ផ្លូវ​នេះ​គឺ​ជា​បណ្តាញ​ផ្លូវ​ដែល​មាន​ប្រវត្តិ​ និង​ភូមិ​សាស្ត្រ​ទាក់​ទង​​​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ និង​ប្រទាក់​ក្រឡា​បំពេញ​ទៅ​ដោយ​សក្តា​នុពល​ទៅ​វិញ​ទៅ​មក​ជាមួយ​ផ្លូវ​ជាតិ​លេខ​៥៧​។ ដូច្នេះ​ផ្លូវ​ជាតិ​លេខ​៥៧B គឺ​ជា​ការ​បន្ថែម​នូវ​ធាតុ​ចូល​ថ្មី​មួយ​ទៀត​សំរាប់​ជួយ​​ដល់​ការ​កែ​ប្រែ​ជីវ​ភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​នេះ​។ សមិទ្ធ​ផល​នេះ​គឺ​ជា​ផ្លែ​ផ្កា​នៃ​ការ​អនុវត្ត​ដោយ​ជោគ​ជ័យ​នូវ​នយោ​បាយ​ឈ្នះ​=ឈ្នះ​របស់​រាជ​រដ្ឋា​ភិ​បាល​ដែល​បាន​បញ្ចប់​ជា​ស្ថាពរ​នូវ​អង្គ​ការ​ចាត់​តាំង​នយោ​បាយ​​ និង​យោធា​របស់​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត​ និង​កសាង​បាន​នូវ​ការ​ឯក​ភាព​ជាតិ​ទាំង​មូល​។

សម្តេច​តេជោ​មាន​ប្រសាសន៍​​បន្ត​ថា សរ​សៃ​ឈាម​សេដ្ឋ​កិច្ច​​ដែល​ប្រទាក់​ក្រឡា​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ប្រកប​ដោយ​សក្តា​នុពល​ទាំង​នេះ​ពិត​ជា​រួម​ចំណែក​ប្រែ​ក្លាយ​តំបន់​ដាច់​ស្រយាល​ និង​តំបន់​ព្រំ​ដែន​នេះ​ឱ្យ​ទៅ​ជា​តំបន់​ដែល​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ ព្រោះ​វា​​នឹង​ជួយ​ឱ្យ​បង​ប្អូន​ប្រជាពល​រដ្ឋ​​យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រកបរបរ​​រក​ចំណូល​សំរាប់​ផ្គត់​ផ្គង់​ និង​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​ដោយ​ការ​នាំ​ផលិត​ផល​ទំនិញ​ទៅ​ផ្លាស់​ប្តូរ​នៅ​តាម​ច្រក​ព្រំ​ដែន​។ ការ​ត​ភ្ជាប់​ប្រទាក់​ក្រឡា​គ្នា​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​នេះ​ អាចសម្រេច​​បាន​ការ​ធ្វើ​ចរា​ចរណ៍​​ដឹក​ជញ្ជូន​​ទៅ​​កាន់​ទី​រួម​ខេត្ត​បាត់​ដំបង​ និង​បន្ត​ទៅ​ទី​រួម​ខេត្ត​ប៉ៃ​លិន​ បន្ត​តាម​ផ្លូវ​ជាតិ​​លេខ​៥៧​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​កម្ពុជា​-ថៃ​ត្រង់​ច្រក​ផ្សារ​ព្រំ​។ ​ដូច្នេះ​ខេត្ត​បាត់​ដំបង​នៅ​តែ​ជា​ជង្រុក​ស្រូវដែល​ ដីបង្ក​បង្កើន​ផល​សំរាប់​ដាំ​ដុះ​មាន​ជាង​២២​ម៉ឺន​​៥​ពាន់​ហិកតា​ និង​​នៅ​តែ​ជា​មជ្ឈ​មណ្ឌល​កសិ​កម្ម​ ហើយ​ទៅ​ខាង​មុខ​អាច​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​កសិ​-ឧស្សាហ​កម្ម​ ព្រោះ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​បាន​សរសើរ​អង្ករ​បាត់​ដំបង ដំឡូង​ជាង​១​លាន​តោន​​ពោត​មាន​ជាង​កន្លះ​លាន​តោន​។

ការ​ងើប​ឡើង​វិញ​បន្តិច​ម្តងៗ​មក​ដល់​ដំណាក់​កាល​នេះ ពី​ការ​ខ្វះ​ស្រូវ​ អង្ករ​ទៅ​កាន់​ប្រទេស​មួយ​ក្នុង​ឋានៈ​ជា​អ្នក​នាំ​ចេញ​អង្ករ​ ទោះ​បី​នាំ​ចេញ​ដោយ​ផ្ទាល់​ខ្លួន​ឯង​មិន​បាន​ច្រើន​ក៏​ដោយ​ មូល​ហេតុ​ដោយ​មាន​កង្វះ​ម៉ា​សីុន​កិន​ស្រូវ ខ្វះ​ថវិកា​ប្រមូល​ទិញ ខ្វះ​ឡ​សម្ងួត​ ឃ្លាំង​ស្តុក ។ ការ​បាត់​បង់​ការ​ងារ​ធ្វើ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដោយ​សារ​កង្វះ​ដូច​រៀប​រាប់​ខាង​លើ​ ប្រជា​ពល​រដ្ឋ​បាត់​តម្លៃ​បន្ថែម​ បើ​សិន​ជា​មាន​កម្ពុជា​អាច​នៅ​សល់​កន្ទក់​ អង្កាម​ ចុង​អង្ករ​ក៏​នៅ​សល់​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា កម្ពុជា​ប្រែ​ក្លាយ​​ពី​ប្រទេស​ដែល​ខ្វះ​អង្ករ​ទៅ​ជា​ប្រទេស​មួយ​នាំ​ចេញ​អង្ករ​។

លោក​ត្រាំ​ អ៊ីវ​តឹក រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​បាន​ថ្លែង​ឱ្យ​ដឹង​ថា ​ផ្លូវ​ជាតិ​លេខ​៥៧​Bនេះ​មាន​ប្រវែង​សរុប​១៧៦,៣៥គីឡូ​ម៉ែត្រ​ ទទឹង​១១​ម៉ែត្រ​ ចំណុច​ចាប់​ផ្តើម​ពី​ថ្ម​គោល​ដែល​បែក​ចេញ​ជា​ផ្លូវ​ខ្នែង​មាន​៣​កំណាត់​ឆ្ពោះ​ទៅ​ព្រំ​ដែន​ថៃ​ទាំង​អស់​។ កំណាត់​​ទី​១​ពី​ថ្ម​គោល​-បវេល-សំពៅ​លូន​ប្រវែង​​៩០,២០​គីឡូ​ម៉ែត្រ​។ កំណាត់​ទី​២ ពី បវេល​-ភូមិ​សាម​សិប-​ភ្នំព្រឹក​ ប្រវែង​៦៩,៧៥​គីឡូ​ម៉ែត្រ​ និងកំណាត់​​ទី​៣ ពី ភូមិ​សាប​សិប-កំរៀង-អូរ​ដា​មាន​ប្រវែង​១៦,៤០​គីឡូ​ម៉ែត្រ​។

ផ្លូវ​ជាតិ​លេខ​៥៧​B នេះ​​សាង​សង់​ឡើង​តាម​ស្តង់​ដា​ផ្លូវ​ថ្នល់​កំរិត​ទី​៣​ ជា​ប្រភេទ​ផ្លូវ​ក្រាល​ថ្ម​ចាក់​កៅ​ស៊ូ​២​ជាន់​ DBST ដែល​ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ​​៨៩.៩៨០.០០០​ដុល្លារ​អាមេរិក​ និង​ថវិកា​របស់​រាជ​រដ្ឋា​ភិ​បាល​ដែល​ការ​​កសាងមាន​​រយៈ​ពេល​៤៨​ខែ​ គ្រោង​នឹង​បញ្ចប់​នៅ​​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៤​។ ផ្លូវ​ជាតិ​លេខ​៥៧​Bនេះ ​គឺ​ជា​ផ្លូវ​យុទ្ធ​សាស្ត្រ​សំខាន់​ត​ភ្ជាប់​ទៅ​នឹង​តំបន់​ដែលសំបូរ​ដោយ​ដី​មាន​ជី​ជាតិ​ និង​ជា​តំបន់​សមា​ហរណ​កម្ម​ដែល​ទើប​អភិវឌ្ឍ​ថ្មី​របស់​ខេត្ត​បាត់​ដំបង​ដូច​ជា​សំពៅ​លូន ភ្នំព្រឹក​ និង​សំឡូត​។ល។​

លោក​ផាន គ័ង​ស៊ា ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សាធា​រណ​រដ្ឋ​ប្រជា​មា​និត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា «ខ្ញុំ​សង្ឃឹម​ថា ក្រុម​ហ៊ុន​សាជីវ​កម្ម​ផ្លូវ​ និង​ស្ពាន​ប្រទេស​ចិន​ដែល​ទទួល​​អនុវត្ត​ស្ថាប​នា​ផ្លូវ​ជាតិ​លេខ​៥៧​Bនេះ​នឹង​អនុវត្ត​ការ​ងារ​ដោយ​ផ្ចិត​ផ្ចង់​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រជា​ជន​ និង​ជាមួយ​អាជ្ញា​ធរ​ដែន​ដី​សំរាប់​ការ​ងារកសាង​នេះ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ ​ធ្វើ​វិភាគ​ទាន​ជួយ​ដល់ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ប្រទេស​កម្ពុជា​។ លោក​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​បញ្ជាក់​ថា ខេត្ត​បាត់​ដំបង​ជា​ជង្រុកស្រូវ​របស់​ប្រទេស​កម្ពុជា​ អង្ករ​ក្នុង​ខេត្ត​នេះ​មាន​​ទិន្ន​ផល​ខ្ពស់​តែ​សមត្ថ​ភាព​កែ​ច្នៃ​មាន​កំរិត ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា អង្ករ​បាត់​ដំបង​អាច​លើ​ក​កម្ពស់​គុណ​ភាព ហើយ​ពង្រីក​ការ​នាំ​ចេញ​ដែល​អង្ករ​បាត់​ដំបង​អាច​ល្បី​ទូទាំង​ពិភព​លោក។​ ការ​អភិវឌ្ឍ​កសិកម្ម​ គឺ​ជា​វិស័យ​មួយ​ក្នុង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​របស់​ប្រទេស​កម្ពុជា​។ រដ្ឋា​ភិ​បាល​ចិន​ យល់​ព្រម​បន្ត​ផ្តល់​ជំនួយ​នានា​ក្នុង​វិស័យ​កសិ​កម្ម​របស់​ប្រទេស​កម្ពុជា ៕