ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ការណ៍​យោធា​នៅ​តាមបណ្តោយ​ខ្សែបន្ទាត់​ព្រំ​ដែន​ខ្មែរ-សៀមស្ងប់ស្ងាត់

15 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ពេល​នេះ​ស្ថាន​ការណ៍​យោធា​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​​តំបន់​ប្រាសាទ​ព្រះ​វិហារ​មាន​សភាព​ស្ងប់ស្ងាត់​មិន​មាន​អ្វី​គួរឱ្យ​កត់សំគាល់​ទេ​ ​បន្ទាប់​ពី​មានការ​វាយប្រយុទ្ធ​គ្នា​កាលពី​ដើមខែ​កុ​ម្ភៈ​កន្លង​ទៅ​នេះ ។ តាមសេចក្តី​រាយ​ការណ៍​ឱ្យ​ដឹង​ថា ចាប់​ពី​ចំណុច​ព្រំ​ប្រទល់​​មុំ​បី​រហូត​ដល់​ចំណុច​ប្រាសាទ​តា​មាន់​ធំ​មិន​មាន​បញ្ហា​អ្វី​ទេ ​ដោយ​កងទ័ព​ទាំង​ពីរ​ភាគី​​ឈរ​ជើងនៅលើ​ចំណុចទីតាំងរៀង​ៗខ្លួន ​។

កាលពីព្រឹក​ថ្ងៃ​ទី​២៥ ​មី​នា កន្លង​មក​នេះ ស្ថិត​នៅ​ជើងភ្នំ​ប្រាសាទព្រះវិហារ​លោកនាយ​ឧត្ដម​សេនីយ៍​ផ្កាយ​មាស​៤​គន់ គី​ម​អគ្គមេបញ្ជាកា​ររង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​នាយ​សេនា​ធិការចំរុះ​មាន​ប្រសា​សន៍​ប្រាប់​​អ្នក​យក​ព័​ត៌​មាន​កោះសន្ដិភាព​​ថា ពេល​នេះ​ស្ថាន​ការណ៍យោធា​នៅ​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន​ខ្មែរ-​សៀម ពិសេស​គឺ​នៅ​តំបន់​ប្រាសាទព្រះវិហារ​មិន​មានអ្វី​ប្រែប្រួលគួរ​ឱ្យ​កត់​សំគាល់​ទេ ប៉ុន្ដែ​លោកនាយ​ឧត្ដមសេនីយ៍​បញ្ជាក់​ថា​ ទោះជា​ស្ថាន​ការណ៍​ស្ថិត​ក្នុង​សភាព​ស្ងាត់ស្ងៀម​ក៏ពិតមែន ក្នុង​ស្មារតី​របស់​នាយ​ និង​ពល​ទា​ហាន​ទាំងអស់ក្នុង​កា​តព្វ​កិច្ច​ជា​អ្នក​ការពារ​ជាតិ​ និង​ទឹកដី​គឺ​គ្រប់ពេល​វេលា​តែង​តែ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ក្នុង​ការ​ទប់ទល់​ជាមួយ​ពួក​ប​ច្ចា​​មិត្ដ ​។

​លោកនាយ​ឧត្ដមសេនីយ៍​គន់ គី​ម ​បាន​ឱ្យ​ដឹង​អំពី​ស្ថានភាព រស់នៅ​របស់​កង​ទ័ព​នៅ​លើ​ខ្នងភ្នំ​ដងរែក​នា​រដូវ​នេះ​ថា ពេលថ្ងៃ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ រីឯ​ពេល​យប់​មានខ្យល់​ និង​ត្រជាក់​ខ្លាំង ។ ​ទោះជា​ជួប​អាកាស​ធាតុ​ត្រជាក់ក្តី តែ​កងទ័ព​ខ្មែរ​ពុំ​មានបញ្ហា​សុខ​ភាពអ្វី​ទេ​ដោយសារ​​ទទួលការ​ឧបត្ថម្ភ​​​អាវរ​ងា​​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន និងលោក​ជំទាវ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ ហ៊ុន​សែន ។ ចំណែក​គ្រឿង​ឧបភោគ​បរិភោគ​វិញ​ គឺ​បាន​មក​ពី​ការផ្គត់ផ្គង់​ពី​រាជរដ្ឋាភិបាល ព្រម​ទាំងការ​ជួយ​ឧបត្ថម្ភ​បន្ថែម​ពី​​បណ្ដា​សប្បុ​រសជន​នានា​ធ្វើ​ឱ្យ​ផ្នែក​ជីវភាព​មិន​មាន​ការ​ខ្វះ​ខាត​ទេ ៕