ខេត្តកណ្តាល ៖ រថយន្តមួយគ្រឿងដឹកខ្សែកាបធ្ងន់លើសចំណុះ ខណៈពេលព្យាយាមបើកឡើងចំណោតមិនរួចក៏រអិលថយក្រោយក្រឡាប់ផ្ញារជើងទ្រមេឃសង្កត់ម៉ូតូដែលជិះពីក្រោយ ប៉ុន្តែសំណាងល្អម្ចាស់ម៉ូតូគ្រាន់តែរងរបួសស្រាល។ អ្នកបើកបររថយន្តដែលរងរបួសស្រាល ក្រោយកើតហេតុបានគេចខ្លួនបាត់។
ហេតុការណ៍ក្រឡាប់រថយន្តជើងទ្រមេឃកើតឡើងកាលពីវេលាម៉ោង២និង៥០រសៀល ថ្ងៃទី៧ មីនា នៅក្នុងព្រែកវត្តកោះខែល ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ រថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-3003 ដឹកដុំកងខ្សែកាបដែលនៅក្បាលរថយន្តបិទឡូហ្គោ HUY ជាសញ្ញាសំគាល់របស់ក្រុមហ៊ុន។
សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា រថយន្តបើកពីត្បូងទៅជើង គឺពីស្រុកកោះធំសំដៅទៅភ្នំពេញ លើផ្លូវជាតិលេខ២១B ដឹកដុំកងខ្សែកាប។ ពេលទៅដល់ស្ពានលេខ២៧ រថយន្តបើកតាមផ្លូវវាង ព្រោះស្ពានកំពុងធ្វើថ្មី ហើយឡើងចំណោតព្រែកមិនរួចក៏រអិលថយក្រោយមកវិញក្រឡាប់តែម្តង។
សាក្សីបន្តទៀតថា ស្របពេលនោះបុរសម្នាក់បើកម៉ូតូម៉ាកស្មាស់រេវ៉ូ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពីក្រោយ ពេលឃើញសភាពការណ៍មិនស្រួលបានផ្តួលម៉ូតូចោលរួចផុតពីគ្រោះថ្នាក់។ រថយន្តនោះបានក្រឡាប់សង្កត់លើម៉ូតូកៀបជាប់បណ្តាលឱ្យក្រពឹតខូចខាតស្ទើរទាំងស្រុង។ ម្ចាស់ម៉ូតូភ័យព្រលឹងចុងសក់ ព្រោះរថយន្តក្រឡាប់ស្ទើរតែសង្កត់ខ្លួនជាមួយម៉ូតូដែរ គឺបានគេចផុតតែបន្តិចប៉ុណ្ណោះ។
ម្ចាស់ម៉ូតូឈ្មោះអ៊ឹម វ៉ូចនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រពើហា សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ រងរបួសស្រាល។ ចំណែករថយន្តនោះខូចខាតក្រពឹតទ្រុង និងផ្នែកខាងមុខ។ តំណាងម្ចាស់រថយន្តបានចេញមុខដោះស្រាយជាមួយម្ចាស់ម៉ូតូគឺសង២០០ដុល្លារ ដើម្បីបញ្ចប់រឿង៕



ចែករំលែកព័តមាននេះ