ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួនជន​សង្ស័យ​ជួញដូរថ្នាំ​ញៀន​​ប្រុស-ស្រី​​២នាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្លាំង​អធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​ដូនពេញ បានឃាត់ខ្លួន​​ជនសង្ស័យ​ជួញ​ដូរថ្នាំញៀន​ប្រុស​-​ស្រី​​២នាក់ ​នៅ​ចំណុច​​ប្លុក​​បឹងកក់ជាប់​របង​វិហារ​ចាមខាងជើង ស្ថិត​​ក្នុង​ភូមិ​​ទី​២២ ​សង្កាត់ស្រះចក ​ខណ្ឌដូនពេញ ​កាលពី​វេលាម៉ោង​​១១​យប់ថ្ងៃទី​​​២៧ កុម្ភៈ ២០១១ ។​

ជនសង្ស័យ​​ជួញដូរថ្នាំញៀន​ដែលនគរបាល​​​ឃាត់ខ្លួន​មាន​​១-​ឈ្មោះ​គង់ កាក់ ភេទប្រុស អាយុ​​២៥​ឆ្នាំ ​ស្នាក់នៅ​​ផ្ទះជួលប្លុក​បឹង​កក់ សង្កាត់​​ស្រះចក ខណ្ឌដូនពេញ ​និង​២-​ឈ្មោះ​​ផន ស្រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់នៅ​មិនពិតប្រាកដ ។ មន្ត្រីនគ​រ​បាល​ផ្នែក​ព្រហ្មទណ្ឌ​​ខណ្ឌ​ដូនពេញ បាន​​និយាយ​ថា កាលពីថ្ងៃទី​២៧ កុម្ភៈ វេលាម៉ោង​​​១១​យប់​​​កម្លាំង​​នគរបាលផ្នែក​​ព្រហ្មទណ្ឌខណ្ឌ​​ដូនពេញ ​បានល្បាត​នៅ​ចំណុខាង​ជើង​វិហារ​ចាម ប្លុក​បឹងកក់ ស្ថិតក្នុង​​សង្កាត់ស្រះចក ​ប្រទះឃើញ​​ជនសង្ស័យ​​ឈ្មោះគង់ កាក់ ហើយ​ឃាត់ខ្លួន​​ និង​ធ្វើ​ការឆែក​ឆេរ​​ដក​ហូត​​បានថ្នាំញៀន​ប្រភេទ​​​ក្រាម ពណ៌​​សថ្លា (ម៉ាទឹកកក) ចំនួន​​មួយ​កញ្ចប់​​​តូច ។

ក្រោយពី​ឃាត់ខ្លួន​​ជន​នេះ​បានសារ​ភាពពី​ការ​​ទិញ និង​ចែក​​ចាយថ្នាំញៀន​​ពី​កន្លែង​​​ផ្សេងៗ​ទើប​​ឈានទៅ​​ចាប់​​ខ្លួន​ស្ត្រី​ម្នាក់ទៀត​​ឈ្មោះ​ផន ​ស្រី ដែល​មាន​ទីលំនៅ​ខាង​ជើង​​វិហារ​ចាម រួច​ដក​ហូត​បានថ្នាំញៀន​យ៉ាម៉ាមួយគ្រាប់​​ផងដែរ។ ជនសង្ស័យ​​ទាំង​២​នាក់ខាងលើ​​ត្រូវបាន​​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​​នគរបាល​ខណ្ឌ​ដូនពេញ​​ដើម្បី​​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​​រាជធានីភ្នំពេញ ពីបទ​ជួញដូរថ្នាំ​ញៀន ៕​