ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទពិសោធន៍ធ្វើជីជីវៈផ្សំពីស្រូវដំណើបរបស់កសិករ ប្រាក់ វឿត

13 ឆ្នាំ មុន

លោក​ពូ ប្រាក់ វឿត អាយុ​៥០​ឆ្នាំ ជា​កសិ​ករ​ធ្វើ​ស្រែ​ចំការ​រស់​នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តាគី ស្រុក​ថ្ម​គោល ខេត្ត​បាត់​ដំបង ។ គាត់​​មាន​បទ​​ពិសោធន៍​ធ្វើ​​ជី​មី​ក្រូ​សរី​រាង្គ​អស់​រយៈ​ពេល​២​ឆ្នាំ​មក​ ហើយ ដែល​បទ​ពិសោធន៍​នេះ គាត់​បាន​ចេះ​តាម​រយៈ​ការ​អាន​ទស្សនា​វដ្តី​កសិ​ករ និង​ស្តាប់​វិទ្យុ ។ ជី​នេះ​គាត់​ប្រើ​ទៅ​លើ​ដំណាំ​ស្រូវ បន្លែ ឈើ​​ហូប​ផ្លែ មាន​ប្រសិទ្ធ​ភាព​​ធ្វើ​ឱ្យ​ដំណាំ​លូត​លាស់​ល្អ ។ ក្នុង​នោះ​មានកសិ​ករ​ចំនួន​៤​គ្រួសារ បាន​យក​ទៅ​អនុ​វត្ត​តាម​ ហើយ​ក៏​ទទួល​បាន​ជោគ​ជ័យ​ដែរ ចំពោះ​បទ​​ពិសោធន៍​​នៃ​ការ​ធ្វើ​ជី​មីក្រូសរី​រាង្គ​នេះ​មាន​បង្ហាញ​ជូន​ដូច ​ខាង​ក្រោម ៖
១-ធាតុ​ផ្សំ ៖
-ស្រូវ​ដំណើប​ស្ងួត ២​គីឡូ​ក្រាម
-ស្ករ​ត្នោត ៣​គីឡូ​ក្រាម
-ដី​ព្រៃ ឬ​ដី​ដំបូក ១​គីឡូ​ក្រាម
-ទឹក​ ១០​លីត្រ
-ផ្លែ​​ចាមរី (អំពិល​​បារាំង) ។

លោក​ពូ ប្រាក់ វឿត អាយុ​៥០​ឆ្នាំ ជា​កសិ​ករ​ធ្វើ​ស្រែ​ចំការ​រស់​នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តាគី ស្រុក​ថ្ម​គោល ខេត្ត​បាត់​ដំបង ។ គាត់​​មាន​បទ​​ពិសោធន៍​ធ្វើ​​ជី​មី​ក្រូ​សរី​រាង្គ​អស់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ ដែល​បទ​ពិសោធន៍​នេះ គាត់​បាន​ចេះ​តាម​រយៈ​ការ​អាន​ទស្សនា​វដ្តី​កសិ​ករ និង​ស្តាប់​វិទ្យុ ។ ជី​នេះ​គាត់​ប្រើ​ទៅ​លើ​ដំណាំ​ស្រូវ បន្លែ ឈើ​​ហូប​ផ្លែ មាន​ប្រសិទ្ធ​ភាព​​ធ្វើ​ឱ្យ​ដំណាំ​លូត​លាស់​ល្អ ។ ក្នុង​នោះ​មានកសិ​ករ​ចំនួន​៤​គ្រួសារ បាន​យក​ទៅ​អនុ​វត្ត​តាម​ ហើយ​ក៏​ទទួល​បាន​ជោគ​ជ័យ​ដែរ ចំពោះ​បទ​​ពិសោធន៍​​នៃ​ការ​ធ្វើ​ជី​មីក្រូសរី​រាង្គ​នេះ​មាន​បង្ហាញ​ជូន​ដូច​ខាង​ក្រោម ៖
១-ធាតុ​ផ្សំ ៖
-ស្រូវ​ដំណើប​ស្ងួត ២​គីឡូ​ក្រាម
-ស្ករ​ត្នោត ៣​គីឡូ​ក្រាម
-ដី​ព្រៃ ឬ​ដី​ដំបូក ១​គីឡូ​ក្រាម
-ទឹក​ ១០​លីត្រ
-ផ្លែ​​ចាមរី (អំពិល​​បារាំង) ។
២-របៀប​ធ្វើ ៖
-ស្រូវ​ដំណើប​ស្ងួត យក​ទៅ​កិន​ឱ្យ​បែក​គ្រាប់ បន្ទាប់​មក​យក​ទៅ​បុក​នឹង​ត្បាល់​ឱ្យ​ខ្ទេច​គ្រាប់
-ស្ករ​ត្នោត យក​ទៅ លាយ​ជា​មួយ​ទឹក​១០​លីត្រ
-បន្ទាប់​​មក​យក​ស្រូវដំណើប​ និង​ដី​ព្រៃ​មក​លាយ​ទឹក​ស្ករ​នេះ ដោយ​គ្រាន់​តែ​លាយ​បន្សើម​វា​ត្រឹម​តែ​អាច​ពូត​វា​ជា​ដុំ​ឱ្យ​មាន​ស្រក់​ទឹក​បន្តិច​​បន្តួច​ប៉ុណ្ណោះ ។
-បន្ទាប់​មក​យក​ស្បៃ (ស្បៃ​នីឡុង ឬ​ស្បៃ​អ៊ុយ) មក​ក្រសោប​ដាក់​ល្បាយ​នេះ​ទាំង​អស់ ដោយ​ចង​ឱ្យ​ជាប់រួច​ដាក់​វា​ចូល​ទៅ​ក្នុង​ធុង​ទឹក​ស្ករ​​ដែល​នៅ​​សល់​នោះ បិទ​ឱ្យ​ជិត​ និង​រក្សា​ទុក​កន្លែង​ត្រជាក់​មិន​ឱ្យ​ប៉ះ​កំដៅ​ថ្ងៃ​ឡើយ (ធុង​ដែល​ត្រូវ​យក​មក​ធ្វើ​ជី​ជា​ធុង​ជ័រ)
-ក្នុង​រយៈ​ពេល​នៃ​ការ​ផ្អាប់​ទុក​នេះ ​ត្រូវ​កូរ​យ៉ាង​តិច​ឱ្យ​បាន​១​ថ្ងៃ​ម្តង ដើម្បី​ឱ្យ​ជី​​ឆាប់​កាច់ ហើយ​រក្សា​​ទុក​រហូត​ដល់​រយៈ​ពេល​៣​ខែ ទើប​អាច​យក​ទៅ​ប្រើ​ស្រោច​ទៅ​លើ​ដំណាំ​បាន ។
៣-របៀប​ប្រើ​ ៖
-នៅ​ពេល​ប្រើ​ត្រូវ​យក​ទឹក​ជី​១​លីត្រ លាយ​ជា​មួយ​ទឹក​១០​លីត្រ ហើយ​ស្រោច​ទៅ​លើដំណាំ​នៅ​ពេល​ព្រឹក​ព្រលឹម និង​ពេល​ល្ងាច​ត្រជាក់​
-ចំពោះ​បទ​ពិសោធន៍​​ក្នុង​ការ​ប្រើ​លើ​ដំណាំ​ស្រូវ​គឺ ត្រូវ​ប្រើ​៣​ដង ក្នុង​មួយ​រដូវ​ដាំ​ដុះ​ដោយ​ក្នុង​១​ដង​២០​លីត្រ លាយ​ជា​​មួយ​ទឹក​២០០​លីត្រ ស្រោច​នៅ​ពេល​ស្រូវ​លូត​លាស់​កន្ទុយ​មាន់ ឬ​ស្រូវ​មាន​អាយុ​ពី​៤៥​ថ្ងៃ​ទៅ​​៥០​ថ្ងៃ ឬ​ស្រូវ​មាន​អាយុ​ពី​៧០​​ទៅ​៧៥​ថ្ងៃ និង​ពេល​ស្រូវ​ធ្វើ​ខ្លួន​ ឬ​ស្រូវ​មាន​អាយុ​១២៩​ថ្ងៃ ។
៤-ចំណាប់​អារម្មណ៍​របស់​កសិ​ករ ៖
ក្រោយ​​ពី​បាន​សាក​ល្បង​ប្រើ​​ទៅ​លើ​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ​របស់​គាត់​បាន​១​រដូវ រួច​មក​ លោក​ពូ​ឃើញ​ថា ទិន្ន​ផល​ស្រូវ​របស់​គាត់​ខ្ពស់​​ជាង​ការ​ប្រើ​ជី​គីមី​កាល​ពី​ឆ្នាំ​មុន ហើយ​អាច​កាត់​បន្ថយ​ការ​ចំណាយ​​ទិញ​ជី​គីមី​អស់​៦០​ម៉ឺន​​ទៅ​៧០​ម៉ឺន​រៀល ក្នុង​១​​រដូវ​សំរាប់​ផ្ទៃ​ដី​១​ហិកតា ។ រី​ឯ​ជីដែល​​គាត់​បាន​ធ្វើ​ដោយ​ខ្លួន​ឯង ចំណាយ​អស់​​ត្រឹម​តែ​១៨​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ក្រៅ​ពី​នេះ​គាត់​សង្កេត​ឃើញ​ថា ដី​មាន​សភាព​ធូរ​មិន​រឹង​ដូច​មុន។
គាត់​ក៏​បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​ដំណាំ​ផ្សេងៗ​មួយ​ចំនួន​ដូច​ជា​ក្រូច ល្មុត ចេក ដូង ដែល​គាត់​ទទួល​បាន​នូវ​ការ​លូត​លាស់​ល្អ​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ដែរ ។
គាត់​បាន​យក​ចំណេះ​ដឹង​ទាំង​នេះ​ទៅ​បង្រៀន​ដល់​កសិ​ករ​​ក្នុង​ភូមិ​បាន​មួយ​ចំនួន​ធំ ហើយ​ក៏​មាន​អង្គ​ការ​មួយ​ចំនួន​មក​ទស្សន​កិច្ច​នៅ​ផ្ទះ​របស់​គាត់​ជា​ច្រើន​ផង​ដែរ ៕
អ្នក​ស្រី ថោង ថាវ​រិន្ទ នាយិ​កា​​អង្គ​ការ​​អភិ​វឌ្ឍន៍​ស្ត្រី​ ដកស្រង់ពីទស្សនាវដ្តី កសិករ ឆ្នាំទី ១២​លេខ ១៣៧ ខែឧសភា ឆ្នាំ ២០១០