ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ឃាត់​ខ្លួន​​បុរស​ម្នាក់​ពី​បទ​លាក់​ទុក​អាវុធ​​អាកា​​កាត់​ស្វាយ​​ខុស​ច្បាប់

15 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ប៉ូលិសបាន​ឃាត់ខ្លួន​បុរស​ម្នាក់​​ពី​បទ​លាក់​ទុក​អាវុធ​ខុសច្បាប់ ខ​ណៈ​​ពេល​​​ចុះ​ឆែក​ឆេរ​ក្នុង​លំនៅ​ឋាន​ក៏​ប្រទះ​ឃើញ​មាន​លាក់​ទុក​​​កាំភ្លើង​​​អាកា​កាត់​ស្វាយ​មួយ​​ដើម​។ ការ​ចុះ​ឆែក​ឆេររ​ក​ឃើញ​អាវុធ​ខុសច្បាប់​​ដោយ​កម្លាំង​​នគរបាល​ស្រុក​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មីនា នៅ​លើ​ផ្ទះ​ចាំចំការ​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​គីឡូ​ម៉ែ​ត្រ​លេខ​២២ ខាងក្រោយ​ភូមិ​ព្រែក​ប្រសព្វ ឃុំ​ព្រែក​ស្រ​ព្វ ស្រុក​ប្រែក​សឮ​ប្រសព្វ ព្រមទាំង​​បាន​ឃាត់​ខ្លួន​​​​បុរស​ម្នាក់​ឈ្មោះ​ប៊ុ​ន កុយ​ជាន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​អាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ដែល​បច្ចុប្បន្ន​មក​ធ្វើ​ចំការ​នៅ​ចំណុច​ខាងលើ​។

 លោក​វរសេនីយ៍ត្រី ស៊ុម សុ​ឃី​ម អធិការ​នគរ​បាល​​ស្រុក​ព្រែក​ប្រសព្វ​បានឱ្យ​ដឹង​ថា ដោយ​អនុវត្ដ​​គោល​នយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិ​​ភាព និង​បន្ទាប់​ពី​មានការ​យល់​ដឹង​ច្រើន​​​នូវ​គោ​លន​យោ​បាយ​នេះ ប្រជាពល​រដ្ឋ​បាន​ផ្ដល់​ព័​ត៌​មាន​ជា​សំងាត់​មក​កាន់​នគរបាល​​ពី​​សកម្មភាព​លាក់​ទុក​អាវុធ​ខុសច្បាប់​របស់​បុរស​រូប​នេះ​។ ក្រោយ​ពី​ទទួល​​​បាន​ព័ត៌​មាន​នេះ​ កម្លាំង​​នគរ​បាល​ស្រុក បាន​ចុះ​ទៅ​ដល់​ផ្ទះ​បុរស​ខាង​លើ និង​បាន​​ឆែកឆេរ​រក​ឃើញ​អាវុធ​​អាកា​កាត់​ស្វាយ​​មួយ​ដើម​ផលិត​នៅ​ប្រទេស​ហុង​គ្រី មាន​គ្រាប់​ចំនួន​២៤​គ្រាប់ ដែល​នៅ​សល់​គុណភាព​ប្រើ​ប្រាស់​៧០​ភាគរយ ហើយ​កាំភ្លើង​មួយ​ដើម​នេះ គឺ​បុរស​ជាប់ចោទ​បាន​​​លាក់​ទុក​នៅ​ក្រោម​ហិប​ខោ​អាវ​លើ​ផ្ទះ ដោយ​មាន​រុំកំណាត់ ដូច​តាម​ការ​ផ្ដល់​ព​័ត៌​មាន​ពី​ប្រជាពលរដ្ឋ​មែន​។

​ចំណែក​បុរស​ជាប់ចោទ​​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាំភ្លើង​មួយ​ដើម​នេះ​គឺ​គេ​បាន​ទិញ​ពី​ជន​ម្នាក់​តាំងពី​ឆ្នាំ​២០០៤​មក​ម៉្លេះ ក្នុង​តំលៃ​១៦​ម៉ឺន​រៀល ដើម្បី​ទុក​គ្រាន់​ការ​ពារ​ខ្លួន​ព្រោះ​គេ​ឧស្សាហ៍​ចេញចូល​ទៅ​ប្រកប​របរ​រកស៊ី​ក្នុង​ព្រៃ។ លោក​អធិការ​ស្រុក​បាន​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ជា​ម្ចាស់​កាំភ្លើង​ដែល​​បាន​លក់​​ឱ្យ​ជនជាប់​ចោទ ដើម្បី​មាន​វិធាន​ការ​​បន្ដ៕