ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អូស្ត្រាលី​​ប្រគល់​វត្ថុ​​បុរាណ​​យុគ​សម័យ​លោហៈ​​មក​ឱ្យ​កម្ពុជាវិញ

15 ឆ្នាំ មុន

យោងតាម​ព័ត៌មាន​មួយ​ចេញផ្សាយ​​​ដោយ​គេហទំព័រ​​មួយរបស់​ប្រទេស​អូស្ត្រាលី​​នៅថ្ងៃទី​​១០ មីនា ​​ឱ្យ​​ដឹង​ថា ​រដ្ឋាភិបាល​អូស្ត្រាលី​​កាលពី​​ថ្ងៃទី​​១០ មីនា ​បានប្រគល់​​វត្ថុបុរាណ​ដែលជា​​គ្រឿង​​តុបតែង​​លំអ​​ផលិត​នៅ​​យុគ​សម័យ​​លោ​ហៈ (Iron Age) ហើយត្រូវ​បានជន​អគតិ​​លួច​ពី​​ផ្នូរ​បុរាណ​​មក​ឱ្យ​​ប្រទេស​កម្ពុជាវិញ​ ។ វត្ថុ​បុរាណ​​ទាំងនោះត្រូវ​បាន​គេ​អះអាង​ថា លួច​ពី​ផ្នូរ​បុរាណ​​នៅក្នុង​ប្រទេស​មួយនៅ​តំបន់​​អាស៊ី​​គឺ​ប្រទេស​កម្ពុជា ។ ពិធីប្រគល់​វត្ថុ​​បុរាណដ៏​មាន​តម្លៃ​​ទាំងនោះដែល​ត្រូវ​បានធ្វើឡើង​​​នៅ​ស្ថានទូត​​​កម្ពុជា ប្រចាំប្រទេសអូស្ត្រាលី​​​ស្ថិត​​ក្នុង​ទីក្រុង​​កង់​​បេរ៉ា រដ្ឋធានី​របស់​ប្រទេស​នេះ មាន​ការ​អញ្ជើញ​​​​ចូល​រួមដោយ​​​ឯក​អគ្គ​រាជ​ទូត​​កម្ពុជា​ប្រចាំ​​ប្រទេស​អូស្ត្រាលី​ផងដែរ ។​

ក្នុង​ឱកាសនោះ​ដែរ លោក Dougald O’Reilly នាយក​​ក្រុម​ឃ្លាំ​មើល​​​កេរមរតក​​ និង​វត្ថុ​បុរាណ​​របស់ប្រទេស​អូស្ត្រាលី​​មានប្រសាសន៍​ថា ​រូប​លោកមានក្តីរីក​រាយ​​ណាស់ដែល​​នៅ​ថ្ងៃ​នេះ​ទី​១០ មីនា ​ជា​​​ឱកាស​​ដ៏ពិសេស​​​ ហើយ​​មាន​​សារ​សំខាន់​មួយ ដើម្បី​​​ធ្វើជា​សាក្សីក្នុង​​ពិធី​ប្រគល់​​​វត្ថុបុរាណ​ដែលត្រូវ​​រត់​ពន្ធ​​​​ដោយខុស​ច្បាប់​ទៅ​ឱ្យ​​ប្រទេស​កម្ពុជាវិញ ​ហើយរដ្ឋាភិ​បាល​​​អូស្ត្រាលី​​មាន​ភាពត្រេកអរ​យ៉ាង​ខ្លាំង​​​ដែល​ពិធីនេះ​មាន​​ការអញ្ជើញ​​ចូលរួម​​ដោយ​ឯកអគ្គ​រាជទូត​​កម្ពុជា​ប្រចាំ​​ប្រទេស​អូស្ត្រា​លី ​។ លោក Dougald មានប្រសាសន៍​​ថា​ វត្ថុ​បុរាណ​​ដែល​ផលិត​​ពី​សំរឹទ្ធិ​នៅចំពោះ​មុខ​យើង​​ទាំង​នេះ​​ជា​របស់​​​ដែលត្រូវ​បាននាំចេញដើម្បី​​ដាក់​លក់​​នៅ​តាម​ហាង​លក់វត្ថុបុរាណ​​នៅអាស៊ី​​និង​នៅ​លើ​​ពិភព​លោក ។ វត្ថុបុរាណ​​ទាំងនេះ​​សុទ្ធតែ​​ជា​របស់​​មានតម្លៃ​បំផុត ។​

វត្ថុ​​បុរាណ​​ទាំង​នេះ​មានតាំង​ពី​យុគ​សម័យ​​​លោហៈ​របស់កម្ពុជា ។​ លោក​ Dougald O’ Reilly បាន​មាន​ប្រសាសន៍​​​ទៀត​ថា ​«វាជា​​កិត្តិយស​​មួយសម្រាប់​ប្រទេស​អូស្ត្រាលី​​​ក៏ដូចជា​រដ្ឋាភិបាល​​អូស្ត្រាលី​​ក្នុងការ​​ធ្វើពិធីប្រគល់​វត្ថុបុរាណ​​វប្បធម៌ទាំង​នេះ ទៅ​​ឱ្យ​​ពលរដ្ឋ​កម្ពុជា​​វិញ ហើយ​​ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​​យ៉ាង​​​ជ្រាលជ្រៅ​​ចំពោះ​រដ្ឋាភិបាល​ដែល​​​ខិតខំប្រឹងប្រែង​​ធ្វើ​ឱ្យ​វត្ថុ​បុរាណ​​ទាំងនេះ​​​រួចផុតពី​កណ្តាប់ដៃ​ឈ្មួញ​​ទុច្ច​រិត​​ហើយខ្ញុំ​មាន​ក្តីរីករាយ​​ណាស់ ដែល​​ក្រុម​ឃ្លាំ​មើល​​​​កេរមរតក​​ និង​វត្ថុបុរាណ​​​ចូលរួមក្នុងបញ្ហានេះ ខណៈ​ពេល​​យើង​បាន​និង​កំពុងធ្វើ​កា​រអស់​រយៈ​ពេល​​ជិត​​១ទសវត្ស​​​​មកហើយ ដើម្បី​​កាត់បន្ថយ​​ការ​ធ្វើ​​ពាណិជ្ជ​កម្ម​វត្ថុបុរាណ​។​

រដ្ឋ​​មន្ត្រី​​ក្រសួងវប្បធម៌​ និងវិចិត្រ​សិល្បៈ អូស្ត្រាលី​​លោក​ស៊ីម៉ុន​ គ្រីន (Simon Crean) ថ្លែង​ថា ​វត្ថុ​បុរាណ​ទាំងនេះនឹង​ត្រូវប្រគល់​​​ទៅ​ឱ្យ​ក្រសួង​​វប្បធម៌​​ និង​វិចិត្រ​សិល្បៈ​​កម្ពុជា​ដើម្បី​​រក្សា​ទុក​​​ប្រកប​​សុវត្ថិភាព ។ លោកស៊ី​ម៉ុន ​គ្រីន ថ្លែង​​ទៀត​ថា ​វត្ថុបុរាណ​​ដែលត្រូវប្រគល់​​ឱ្យ​កម្ពុជា​នេះ​មានដូចជា​ក្រវិល កង​ដៃ និង​​កង​ជើង​ច្នៃពីសំរឹទ្ធិជាច្រើនទៀត មាន​មក​តាំង​ពី​យុគ​សម័យ​​លោហៈ​​ ហើយត្រូវ​​បានជន​ទុច្ច​រិត​​នាំ យក​​​មកប្រទេស​អូស្ត្រាលី​​ដើម្បី​ដាក់​លក់​តាម​អ៊ីន​ធើរណេត ។​

តាមការ​​ស្រាវជ្រាវ​​របស់ក្រុមឃ្លាំមើល​​​កេរ​មរតក​​ និងវត្ថុ​​បុរាណអូស្ត្រាលី​​បានរកឃើញ​ថា ​វត្ថុ​បុរាណ​​ទាំងនេះត្រូវ​​បានលួច​ពីផ្នូរបុរាណ​​នៅ​ក្នុង​​ប្រទេស​កម្ពុជា ដែលជា​​ការ​រំលោភបំពាន​ច្បាប់​​កេរមរតក​វប្បធម៌​របស់​ប្រទេស​កម្ពុជា ។​ ​លោករដ្ឋមន្ត្រី​​ស៊ីម៉ុន គ្រីន ​ថ្លែង​ថា ​រដ្ឋាភិ​បាលអូស្ត្រាលី​មានវិធានការ​​យ៉ាង​តឹង​រ៉ឹង​​ដើម្បី​ការពារ​​ប្រឆាំង​​ការរត់ពន្ធ​​​ និងជួញដូរ​​​វត្ថុ​​បុរាណ​ និង​សម្បត្តិ​​​វប្បធម៌​ដោយខុសច្បាប់ ។​

ពិធីប្រគល់​វត្ថុបុរាណ​​នោះត្រូវបានធ្វើឡើង​​រួមគ្នា​ដោយ​ស្ថានទូត​​ព្រះរាជាណាចក្រ​កម្ពុជា ​​ប្រចាំ​អូស្ត្រាលី និង​ខុទ្ទកាល័យ​​​វិចិត្រ​សិល្បៈ​របស់​នាយករ​ដ្ឋមន្ត្រី​​​ និង​​គណៈរដ្ឋ​មន្ត្រី​​អូស្ត្រាលី ។ ក្នុង​ឱកាស​​នោះ​ លោកជុំ ស៊ុន​រី ឯកអគ្គ​​រាជ​​ទូត​​កម្ពុជា​​ប្រចាំ​​​ប្រទេស​អូស្ត្រាលី​​បានថ្លែង​អំណរ​គុណ​​យ៉ាងជ្រាលជ្រៅ​​ចំពោះការិយាល័យ​​វិចិត្រ​សិល្បៈ ​​និង​ក្រុមឃ្លាំមើល​​​​កេរមរតក​​​ និង​វត្ថុ​បុរាណ​​​​អូស្ត្រាលី ដែល​បានធ្វើ​​​ការងារ​យ៉ាង​​លំបាក ​ដើម្បី​​​ជួយសង្គ្រោះ​​វត្ថុបុរាណ​​របស់កម្ពុជា​។​

លោកជុំ ស៊ុនរី​ មានប្រសាសន៍​ថា «ជំនួស​មុខ​ឱ្យ​រដ្ឋាភិបាល​​កម្ពុជា​ ខ្ញុំ​សូម​​​ថ្លែង​អំណរគុណ​​​យ៉ាងជ្រាលជ្រៅ​​​ចំពោះរដ្ឋាភិបាល​​អូស្ត្រាលី ​សម្រាប់វត្ថុ​បុរាណទាំងនេះ ។ ​ការ​ប្រគល់​វត្ថុ​បុរាណ​​ទាំងនេះ​របស់អូស្ត្រាលី​​មក​ឱ្យ​កម្ពុជា​វិញ​ បង្ហាញ​​យ៉ាង​ច្បាស់​​ពី​កិច្ច​សហប្រតិ​បត្តិការ​​​ និងការយោគយល់​គ្នា​រវាង​កម្ពុជា និង​ អូស្ត្រាលី ​ក្នុងការការពារ​កេរមរតក​វប្បធម៌ និង​ប្រយុទ្ធប្រឆាំង​​ការធ្វើ​ពាណិជ្ជកម្ម​​សម្បត្តិ​វប្បធម៌ដោយខុស​ច្បាប់» ៕​