រាជធានីភ្នំពេញ ៖ ណាហ្គាខប បាត់បង់ឱកាសឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រយកលេខ១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទាល់តែបាន បន្ទាប់ពីត្រូវក្រុមព្រះខ័នរាជ្យ លត់ ៤-០ នៅវគ្គប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ ទី៥ មីនា កន្លងមកនេះ។ ការជួបគ្នារវាងក្រុមទាំង២នៅពហុកីឡដ្ឋានជាតិកាលពីរសៀលថ្ងៃសៅរ៍ នោះ ក្រុមណាហ្គាខប ធ្វើឱ្យអ្នកទស្សនាភាគច្រើននឹកស្មានមិនដល់ទាល់តែសោះ ព្រោះថា មិនគួរណាមកចាញ់ក្រុមព្រះខ័នរាជ្យ ងើបមុខមិនរួចបែបនេះឡើយ។ ប្រកួតបាន២នាទីដំបូង កីឡាករសំអែល ណាសា ពាក់អាវលេខ៩ របស់ក្រុមព្រះខ័នរាជ្យ បណ្តើរបាល់គេចផុតពីខ្សែការពាររបស់ក្រុមណាហ្គាខប ជាច្រើននាក់ ហើយនាំយកទៅស៊ុតបញ្ចូលទីបានយ៉ាងងាយស្រួលបំផុត។ ចំណែកឯកីឡាករសុក រិទ្ធី ពាក់អាវលេខ៥ ត្រូវមិត្តរួមក្រុមរបស់គេបោះបាល់ពីចំងាយយ៉ាងលឿនមកឱ្យ ហើយតែតបាល់បញ្ចូលទីបានយ៉ាងល្អឥតខ្ចោះ។
ក្រុមណាហ្គាខបប្រឹងវាយបកវិញយ៉ាងរហ័សនៅតង់ទី២ តែរាល់លើកដែលនាំបាល់ទៅដល់មុខទីរបស់ក្រុមព្រះខ័នរាជ្យ សុទ្ធតែត្រូវរំខានដោយខ្សែការពាររបស់ក្រុមព្រះខ័នរាជ្យ បណ្តាលឱ្យខូចការទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងតង់ទី២នេះ ក្រុមព្រះខ័នរាជ្យ មានឱកាសទាត់បាល់បំប៉ោងសំណាញ់បាន២គ្រាប់បន្ថែមទៀតយ៉ាងងាយបំផុត។ នៅនាទីទី៦៧ កីឡាករឃួន ឡាបូរ៉ាវី ពាក់អាវលេខ១១ បានអូសបាល់ពីចំងាយម្នាក់ឯងវ៉ាដាច់ខ្សែការពាររបស់ក្រុមណាហ្គាខប ហើយបញ្ឆោតអ្នកចាំទីម្នាក់ទៀត និងស៊ុតបាល់បញ្ចូលទីបានយ៉ាងងាយស្រួល។ រីឯគ្រាប់បាល់ទី៤ រកបានដោយកីឡាករឃួន ឡាបូរ៉ាវី ដដែលនៅនាទីទី៨០។ ការបរាជ័យរបស់ក្រុមណាហ្គាខបលើកនេះ ធ្វើឱ្យអ្នកទស្សនាភាគច្រើនស្មានមិនដល់ ហើយមិនអស់ចិត្តថែមទៀតផង ព្រោះត្រូវក្រុមព្រះខ័នរាជ្យស៊ីស្រួលពេក៕
ចែករំលែកព័តមាននេះ