រ៉ាមសារ (Ramsar) គឺជាអនុសញ្ញាពិភពលោកមួយដែលតាក់តែងនិងអនុម័តដោយពហុរដ្ឋាភិបាលកាលពីឆ្នាំ ១៩៧១ នៅប្រទេសអ៊ីរ៉ង់ ។ សន្ធិសញ្ញានេះបានផ្តល់ជាក្របខណ្ឌសម្រាប់សកម្មភាពជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអភិរក្ស និងប្រើប្រាស់ធនធានដីសើម និងធនធានធម្មជាតិនានាប្រកបដោយនិរន្តរភាព ។ ប្រទេសកម្ពុជាបានចូលជាសមាជិកតំបន់រ៉ាមសារនេះតាំងពីឆ្នាំ១៩៩៩ ។ កម្ពុជាយើងមានតំបន់ដីសើម ឬតំបន់រ៉ាមសារនេះចំនួន៣ គឺនៅទន្លេមេគង្គខាងលើ ឬខាងជើងនៃខេត្តស្ទឹងត្រែង បឹងទន្លេឆ្មារ និងនៅកោះកាប៉ិះនៃតំបន់សមុទ្រ ។ តើតំបន់រ៉ាមសារនេះបានជួយដល់ភូមិកោះខនឌិនយ៉ាងណា ?
ភូមិកោះខនឌិន ជាភូមិមួយស្ថិតតាមដងទន្លេមេគង្គលើក្នុងឃុំសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានចម្ងាយពីទីរួមខេត្តជាង១០គីឡូម៉ែត្រ ហើយក៏ជាភូមិមួយស្ថិតនៅក្នុងតំបន់ដីសើម (រ៉ាមសារ) ដែរ ។ ប្រជាពលរដ្ឋនៅតំបន់នោះប្រកបរបរធ្វើស្រែចម្ការ នេសាទ និងមុខរបរបន្ទាប់បន្សំផ្សេងៗទៀតដូចជា ចិញ្ចឹមសត្វ ដាំបន្លែជាដើម ។
លោកព្រំ សាវ៉ាត អាយុ២៣ឆ្នាំ ជាគ្រូបង្រៀន និងជាអ្នកភូមិកោះខនឌិននេះ បានមានប្រសាសន៍ថា «ខ្ញុំមានមោទនភាពណាស់ដែលបានរស់នៅលើទឹកដីដែលសម្បូរទៅដោយធនធានធម្មជាតិនេះ » ។ លោកឈប់បន្តិច រួចបន្តជាមួយនឹងការប្តូរពីទឹកមុខពីញញឹមមកជាស្រងូតស្រងាត់វិញថា «ពិតមែនតែសម្បូរ តែធនធានធម្មជាតិទាំងនោះវាមិនស្ថិតស្ថិរដូចពីមុនទេ ។ ធនធានទាំងនោះ រងនូវការបំផ្លាញជាច្រើនដូចជា ការនេសាទនៅរដូវត្រីពង ការកាប់ព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ការរំខានពីមនុស្សដោយសកម្មភាពផ្សេងៗ និងការប្រែប្រួលអាកាសធាតុ ដែលនាំឱ្យលក្ខខណ្ឌបន្តពូជរបស់ភាវរស់មានការប្រែប្រួលខុសធម្មតា» ។
លោកសាវ៉ាត បន្តទៀតថា កត្តាខ្វះការយល់ដឹងរបស់ប្រជាជនពីសារសំខាន់ និងការប្រើប្រាស់ធនធានឱ្យមានស្ថិរភាព ក៏ជាកត្តាមួយរួមចំណែកក្នុងការធ្វើឱ្យធនធានធម្មជាតិបាត់បង់ដែរ ព្រោះនៅពេលដែលមានដំណើរការនៃសេចក្តីត្រូវការរបស់ទីផ្សារ ក៏ដូចជាការប្រើប្រាស់ផ្ទាល់ខ្លួន ប្រជាពលរដ្ឋម្នាក់ៗគឺប្រឹងប្រែងប្រមូលផលពីធនធានធម្មជាតិយកទៅបំពេញតម្រូវការផ្ទាល់ខ្លួនឬលក់ឱ្យទាន់តម្រូវការទីផ្សារ។
តែទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាគ្រូបង្រៀនម្នាក់ លោកនឹងជួយអប់រំដល់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ ឱ្យបានយល់ពីតម្លៃនៃការប្រើប្រាស់ និងថែរក្សាឱ្យបានយូរអង្វែង ហើយពេលទំនេរខ្លះលោកក៏បានដើរដាក់ស្លាកសញ្ញាជាបម្រាមនានានៅតាមតំបន់អភិរក្ស ក្នុងគោលបំណងដើម្បីថែរក្សាធនធានទាំងនោះឱ្យនៅគង់វង្សយូរអង្វែងផងដែរ ។
លោកម៉ៅ សារ៉េត ប្រធានគណៈកម្មការសហគមន៍នេសាទនៃអន្លង់កោះកាង ក្នុងភូមិកោះខនឌិន បានមានប្រសាសន៍ថា ទន្លេមេគង្គលើដែលនៅក្នុងតំបន់ភូមិសាស្ត្រនេះសម្បូរទៅដោយអន្លង់ជាច្រើន និងអំណោយផលផ្នែកជីវចម្រុះជាច្រើនដូចជា ត្រីមេពូជគ្រប់ប្រភេទ ព្រៃលិចទឹក សត្វស្លាប ល្មួន ។ល។ វាក៏ជាជម្រកត្រីដូចជាអាងថ្ម ឬរូងថ្មផងដែរ ។ អន្លង់ដែលកំណត់ជាតំបន់អភិរក្សនៅសហគមន៍របស់គាត់គឺអន្លង់កោះកាង ដែលក្នុងនោះមានអន្លង់៤តូចៗទៀតគឺ អន្លង់កោះកាង អន្លង់កោះពោធិ៍ អន្លង់កោះយាយជឹម និងអន្លង់កោះតាគុ ។
គម្រោងអភិរក្សនៅសហគមន៍អន្លង់កោះកាងបានរៀបចំផែនការរយៈពេល៣ឆ្នាំ(២០១០ដល់២០១៣) ដោយមានការចូលរួម និងសម្របសម្រួលដោយអង្គការ CEPA នាយកដ្ឋានជលផល ប៉ុស្តិ៍រដ្ឋបាលភូមិ និងឃុំ ដើម្បីការពារ និងអភិរក្សធនធានដែលមាននៅក្នុងតំបន់នេះ ។
តាមការអង្កេតរបស់លោកឃើញថា ចាប់តាំងពីឆ្នាំ២០១០ ដល់ចុងឆ្នាំ២០១១នេះ ធនធានត្រីមានការកើនឡើងប្រហែលជា៣០% (វាយតម្លៃតាមការសាកល្បងដាក់មងរយៈពេល១ម៉ោងនៅតំបន់អភិរក្ស) ហើយសត្វស្លាប ពពួកល្មូន និងប្រភេទផ្សេងៗទៀតក៏ឃើញមានការកើនឡើងខុសប្លែកជាងឆ្នាំទៅខ្លះៗដែរ ។
លោកសារ៉េត ក៏បានបញ្ជាក់ដែរថា ការកើនឡើងនេះដោយសារការចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋនៅក្នុងភូមិ ។ លោកបេ្តជ្ញាថា បន្តការផ្សព្វផ្សាយនិងអប់រំបន្តទៅដល់ប្រជាជនបន្ថែមទៀតពីសារប្រយោជន៍នៃការអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយស្ថិរភាព ។ តែទោះជាយ៉ាងណាក៏ដោយ នៅមានជនខូចខិលប្រហែលជា១០% ហើយលោកនឹងសហការជាមួយសហគមន៍ ផ្នែកជលផល និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតដើម្បីធ្វើការអប់រំដល់ពួកគេ ។ លោកបានសំណូមពរដល់រដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលជួយជាឧបករណ៍សម្រាប់ធ្វើការល្បាតការពារតំបន់អភិរក្ស ដូចជាទូកម៉ាស៊ីនជាដើម។
អ្នកស្រីហ៊ីម ប៊ុនណូ អាយុ៦១ឆ្នាំ អ្នកភូមិនេះ និងមានមុខរបរលក់បន្លែបានបន្តប្រសាសន៍របស់ប្រធានសហគមន៍នេសាទ កោះកាង ហើយអ្នកស្រីបញ្ជាក់ថា មានតែប្រជាជន៣ទៅ៤គ្រួសារ និងជនមកពីក្រៅភូមិប៉ុណ្ណោះដែលធ្វើការរុករាននៅតំបន់នោះ ។
លោកហាក់ វិមាន អនុប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងជានាយកតំបន់អភិរក្សដីសើម «រ៉ាមសារ» មានប្រសាសន៍ថា តំបន់ដីសើម(រ៉ាមសារ) ជាតំបន់មួយដែលស្ថិតនៅក្នុងស្ថាប័នអេកូឡូស៊ីនៅលើពិភពលោក ហើយមានសារប្រយោជន៍ជាអន្តរជាតិ ។ តំបន់នេះផ្តល់សារប្រយោជន៍ដូចជា ដីដ៏មានជីជាតិ មច្ឆជាតិគ្រប់ប្រភេទ គុណភាពទឹក អនុផលព្រៃឈើ រួមទាំងព្រៃលិចទឹកដែលជាប្រយោជន៍សម្រាប់ជាជម្រកសត្វគ្រប់ប្រភេទ និងជាសារប្រយោជន៍ផ្សេងៗដល់ប្រជាជនដែលរស់នៅពឹងអាស្រ័យលើតំបន់នោះ ។ លោកបានបញ្ជាក់ថា ត្រីមេពូជជាច្រើនប្រភេទតែងតែឡើងទៅពងនៅតំបន់នោះ បន្ទាប់មកកូនត្រីក៏បានធ្វើដំណើរចែកចាយទៅតាមទន្លេមេគង្គក្រោមនិងទន្លេសាបផងដែរ ។
លោកវិមាន បានជម្រាបថា ការកំណត់ដាក់ជាតំបន់អភិរក្ស គឺមានភាពងាយស្រួលក្នុងការគ្រប់គ្រង ងាយស្រួលក្នុងការចាត់ចែងប្រើប្រាស់ដោយនិរន្តរភាព ហើយជាពិសេសគឺធ្វើឱ្យជីវភាពប្រជាជនដែលពឹងលើធនធានធម្មជាតិ និងផលិតភាពកសិកម្មមានស្ថិរភាព និងភាពប្រសើរឡើង ។ លោកបញ្ជាក់ថា សព្វថ្ងៃដោយការសហការជាមួយគ្នានៃមន្ទីរបរិស្ថានខេត្ត នាយកដ្ឋានជលផល អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ លោកបានរៀបចំឱ្យមានអ្នកយាមល្បាតចំនួន១៥នាក់ នៅលើតំបន់អភិរក្សដីសើម (រ៉ាមសារ) និងការសហការចូលរួមពីសហគមន៍មូលដ្ឋានផងដែរ ។ លោកបានបន្តទៀតថា ដើម្បីឱ្យតំបន់អភិរក្សដីសើម (រ៉ាមសារ) នេះមានការរីកចម្រើន និងទាញសារសំខាន់ក្នុងរយៈពេលយូរអង្វែងនៅតំបន់ដីសើម នៅខេត្តស្ទឹងត្រែងផ្ទាល់ គឺត្រូវធ្វើការអនុវត្តលើមធ្យោបាយយុទ្ធសាស្ត្រដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់ជីវភាពប្រជាជន ការពង្រឹងផ្នែកច្បាប់ និងការសហការក្នុងភាពជាដៃគូជាមួយស្ថាប័នដែលពាក់ព័ន្ធជាដើម ។
លោកហាក់ វិមាន ក៏បានបញ្ជាក់ផងដែរថា រាល់ការអភិរក្សទាំងអស់គឺត្រូវតែមានការគិតគូរពីការអភិវឌ្ឍផង ព្រោះថាកត្តាទាំងពីរនេះ ទើបជាការជំរុញឱ្យជីវភាពប្រជាជនមានភាពប្រសើរឡើង និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន៕
តាមព្រឹត្តបត្រធម្មជាតិនិងជីវិតខែកញ្ញា-តុលា ២០១១
ចែករំលែកព័តមាននេះ