រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ មីនា ឆ្នាំ២០១១ នាយកដ្ឋានផលិតកម្ម និងបសុព្យាបាលដឹកនាំដោយលោកតាន់ ផាន់ណារ៉ា ប្រធានការិយាល័យបសុព្យាបាល លោកពេជ្រ ប៉េដា លោកស សេរីបុត្រ លោកហ៊ុន សារ៉ាត់ និងលោកកាន់ គន្ធា បានឃាត់រថយន្ត២គ្រឿងម៉ាកកាមរីដែលដឹកសត្វពពែរស់ចំនួន៧៤ក្បាលនៅតាមផ្លូវជាតិលេខ៥ក្នុងខណ្ឌសែនសុខដើម្បីត្រួតពិនិត្យ ។
សមត្ថកិច្ចជំនាញត្រួតពិនិត្យឃើញថា ការដឹកសត្វពពែនោះគ្មានច្បាប់អនុញ្ញាត គ្មានវិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ គ្មានប័ណ្ណសោហ៊ុយសេវាកម្មត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ។ ក្រុមសមត្ថកិច្ចមានប្រសាសន៍ថា ការដឹកជញ្ជូនសត្វពពែគ្មានច្បាប់អនុញ្ញាតនេះល្មើសនឹងមាត្រា៩នៃអនុក្រឹត្យលេខ១៦អនក្របស្តីពីការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ។ ដូច្នេះសមត្ថកិច្ចជំនាញសំរេចដកហូតរថយន្ត និងសត្វពពែរស់ទាំង៧៤ក្បាលយកទៅកាន់នាយកដ្ឋានផលិតកម្ម និងបសុព្យាបាលដើម្បីចាត់ការតាមច្បាប់។ លើសពីនេះឈ្មួញបាននាំសត្វពពែពីប្រទេសថៃមកកម្ពុជាដោយដឹកជញ្ជូនខុសនីតិវិធីក្នុងប្រកាសលេខ២២៧ស្តីពីការដឹកជញ្ជូនសត្វតាមលក្ខណៈបច្ចេកទេសរថយន្តដឹក។
សមត្ថកិច្ចបញ្ជាក់ថា សត្វពពែទាំងនោះនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលបានធ្វើរបាយការណ៍ផ្ញើទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីសុំគោលការណ៍ផាកពិន័យ ប៉ុន្តែបើក្នុងករណីសត្វមានជំងឺគឺអនុវត្តវិធានការរបស់ពេទ្យសត្វ។ សត្វពពែទាំងនោះត្រូវបានបញ្ជូនយកទៅលែងនៅកន្លែងបង្ខាំងសត្វទុករបស់នាយកដ្ឋានបសុពេទ្យ(ស្ថានីយចត្តាឡីស័ក) ជាបណ្តោះអាសន្ន។ មន្ត្រីជំនាញបានសំណូមពរដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់ទីកន្លែងឱ្យចូលរួមសហការជាមួយមន្ត្រីជំនាញដើម្បីការពារសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ