កាសែតឌឹណេស្សិនរបស់ថៃ ផ្សាយជាភាសាអង់គ្លេសនៅថ្ងៃទី២ មីនា ឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១ មីនា កន្លងមក បានសម្រេចអនុម័តលើទឹកប្រាក់ជាង២ពាន់លានបាត ដែលប្រាក់ក្នុងចំនួនដ៏ច្រើននេះត្រូវបានប្រភពមួយឱ្យដឹងថា ជាប្រាក់សម្ងាត់ ដើម្បីបង្កើតកងពលថ្មីចំនួន២គឺកងពលទ័ពថ្មើរជើង និងកងពលទ័ពសេះ ដើម្បីការពារនៅតំបន់ខាងជើង និងតំបន់ភាគឦសានប្រទេស ។
ប្រភពព័ត៌មានពីកាសែតឌឹណេស្សិនឱ្យដឹងទៀតថា កងពលទ័ពសេះរថក្រោះនឹងត្រូវដាក់ឱ្យឈរជើងនៅខេត្តខនកេនភាគឦសានថៃ។ ការបង្កើតកងពលទ័ពសេះនេះជម្រុញដោយលោកឧត្តមសេនីយ៍ Prem Tinsulanonda ប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលធ្លាប់ជាកងទ័ពសេះមួយរូបផងដែរ ។ ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា កងពលទ័ពសេះមានរថក្រោះនេះនឹងជាអង្គភាពមួយសម្រាប់យោធភូមិភាគទី២របស់ថៃ ដែលឈរជើងនៅតាមបណ្តោយព្រំដែនភាគឦសានជាមួយប្រទេសកម្ពុជា និងប្រទេសឡាវ ។
កាសែតឌឹណេស្សិនបានដកស្រង់សម្តីលោក Prawit Wongsuwan រដ្ឋមន្ត្រីការពារប្រទេសថៃ ដែលថ្លែងប្រាប់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១ មីនា ថា យោធាត្រូវការថវិកា៣០០លានបាត សម្រាប់កងទ័ពសេះ ហើយនឹងស្នើដល់រដ្ឋាភិបាលឱ្យបម្រុងប្រាក់យ៉ាងហោចណាស់៧០ពាន់លានបាត ដើម្បីបំពាក់សព្វាវុធដល់អង្គការថ្មីសម្រាប់រយៈពេលជាង១០ឆ្នាំ ។
ផែនការបង្កើតកងពលទ័ពសេះថ្មីនេះរបស់ថៃ ផ្តួចផ្តើមឡើងដោយអតីតបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍អនុពង្ស ផាវចិន្តា មុនពេលមានជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ។
គណៈរដ្ឋមន្ត្រីថៃក៏បានអនុម័តទឹកប្រាក់២ពាន់លានបាត សម្រាប់កងទ័ពថ្មើរជើងទី៧ ដើម្បីត្រួតពិនិត្យបញ្ហាសន្តិសុខនៅតំបន់ភាគខាងជើងប្រទេសតាមបណ្តោយព្រំដែនជាមួយប្រទេសភូមា ។
លោក Prawit Wongsuwang ថ្លែងប្រាប់អ្នកកាសែតថា អង្គភាពកងទ័ពជើងគោកថ្មីគឺត្រូវការចាំបាច់សម្រាប់តំបន់ភាគខាងជើងប្រទេស ដែលមានអង្គភាពកងទ័ពជើងគោកតែមួយប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ