តាមប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូឱ្យដឹងថា មានការផ្ទុះថ្មីមួយទៀតនៅរោងចក្រថាមពលនុយក្លេអ៊ែររបស់ជប៉ុនកាលពីព្រឹកថ្ងៃទី១៤ មីនា ខណៈពេលជប៉ុនកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងម៉ាស៊ីនរេអាក់ទ័រកំដៅ២នៅរោងចក្រនុយក្លេអ៊ែរនោះ ដែលចាស់ទៅហើយនៅហ៊្វូគូស៊ីម៉ា ក្រោយពីប្រព័ន្ធត្រជាក់នៅរោងចក្រនេះត្រូវបំផ្លាញដោយសាររញ្ជួយដីកាលពីថ្ងៃទី១១ មីនា កន្លងមក ។
អ្នកធ្វើប្រតិបត្តិម្នាក់នៅរោងចក្រនុយក្លេអ៊ែររងការផ្ទុះលើកចុងក្រោយនោះនិយាយថា មនុស្ស៦នាក់រងរបួសក្នុងការផ្ទុះនេះដែលអាជ្ញាធរនិយាយថា ប្រហែលជាការផ្ទុះអ៊ីដ្រូហ្សែន ។ ទោះបីជាបែបណា អ្នកនាំពាក្យរដ្ឋាភិបាលសំខាន់មួយរូប លោក Yukio Edano និយាយថា ក្នុងការផ្ទុះនោះប្រហែលជាមិនបង្កឱ្យខូចខាតដល់ម៉ាស៊ីនរេអាក់ទ័រ ហើយលទ្ធភាពនៃការលិចធ្លាយវិទ្យុសកម្មមានកម្រិតតិចតួចបំផុត នៅរោងចក្រនេះមានចំងាយ២៥០គីឡូម៉ែត្រ ភាគឦសានក្រុងតូក្យូ ។
តាមក្រុមហ៊ុនវិភាគពីគ្រោះហានិភ័យនាំមុខគេមួយថា ការរញ្ជួយដីដ៏ខ្លាំងកម្រិត៩រីស្ទ័រ តែមួយធ្វើឱ្យប្រទេសជប៉ុនខាតបង់ផ្នែកសេដ្ឋកិច្ច គិតជាប្រាក់ចំនួនចន្លោះពី១៤,៥ពាន់លានដុល្លារ ទៅ៣៤,៦ពាន់លានដុល្លារអាេមរិក ដោយមិនគិតពីផលប៉ះពាល់ដោយរលកស៊ូណាមីទេ ៕
ចែករំលែកព័តមាននេះ