ក្រុងប៉ោយប៉ែត ៖ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលជាច្រកសេដ្ឋកិច្ចធំមួយជាមួយប្រទេសថៃ ឈ្មួញបាននាំត្រីទឹកសាបទៅលក់នៅប្រទេសថៃពី២០ទៅ៣០តោននៅខែកុម្ភៈកន្លងមកខុសពីខែធ្នូ ឆ្នាំ២០១០ និងខែមករា កន្លងទៅមានពី៤០ទៅ៥០តោន។
មន្ត្រីសង្កាត់រដ្ឋបាលជលផលក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតទោះជាសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងណាក៏ដោយ ក៏ផ្នែកសេដ្ឋកិច្ចនៅតែដំណើរការដោយមានការដោះដូរទំនិញជាធម្មតា។ ជាក់ស្តែងបើនិយាយពីត្រីសាច់ដែលនាំចូលទៅលក់នៅប្រទេសថៃ រាល់ថ្ងៃនេះ មានចំនួន៥ក្រុមហ៊ុន គឺ១-ក្រុមហ៊ុនហ៊ុតជ្រា, ២-គឹម ស្រ៊ាង, ៣-ប៊ុត ចាន់ធូ, ៤-ញឹម ហៀង និង៥-រដ្ឋ ដូរ៉េ ។ មន្ត្រីដដែលបន្តថាត្រីដែលនាំចូលទៅប្រទេសថៃ មានតាមរដូវគឺនៅខែធ្នូ និងខែមករា ក្នុង១ខែមានពី៤០ទៅ៥០តោន ដោយឡែកនៅខែកុម្ភៈក្នុង១ខែពី២០ទៅ៣០តោន ក្នុងនោះត្រីរស់ ក្នុង១ថ្ងៃជិត១តោន។ ត្រីដែលនាំចេញជាប្រភេទត្រីរ៉ស់ ត្រីតាឱន ត្រីអណ្តែង ត្រីកែស ត្រីឆ្លូញ ត្រីប្រមា ត្រី ចង្វាពោត ដែលឈ្មួញទិញពីខេត្តជុំវិញបឹងទន្លេសាប មានខេត្តសៀមរាប កំពង់ធំកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ។
មន្ត្រីសង្កាត់រដ្ឋបាលជលផលបានបន្តទៀតថា ក្រៅពីត្រីដែលនាំចូលនៅប្រទេសថៃ ក្រុមហ៊ុនទាំង៥បាននាំចូលពីថៃមកកម្ពុជាវិញ នូវត្រីក្លាស្សេទឹកកកមានត្រីប្រា ត្រីឆ្ពិន និងត្រីកាម៉ុងក្នុង១ខែពី៥ទៅ១០តោន ៕
ចែករំលែកព័តមាននេះ