ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ូលិសចម្រុះមកពី៣ខេត្តបានព័ទ្ធចាប់ខ្លួនកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី២៩ ធ្នូ ក្នុងភូមិផ្សារកណ្តាលសង្កាត់ប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនេះ ប៉ូលិសមិនផ្តល់ព័ត៌មានឱ្យអ្នកកាសែតទេ ប៉ុន្តែតាមប្រេភពដែលជឿជាក់គឺជនសង្ស័យដែលត្រូវចាប់ខ្លួននេះ គឺជាក្រុមចោរប្លន់អ្នកលក់មាស ។ មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងប៉ូលិសមកពីខេត្តកំពង់ចាម និងបាត់ដំបងបាននាំខ្លួនជនសង្ស័យម្នាក់មកក្រុងប៉ោយប៉ែត បន្ទាប់មកក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។ ជនសង្ស័យខាងលើពុំត្រូវបានគេបញ្ចេញឱ្យស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែបើតាមប្រភបថា ជននេះ ទើបតែមកជួលផ្ទះរស់នៅក្រុងប៉ោយប៉ែត បាន២ខែ ក្នុងភូមិគីឡូម៉ែត្រលេខ៤ ហើយខណៈសមត្ថកិច្ចចុះទៅឃាត់ខ្លួននេះ គឺជនសង្ស័យកំពុងសាងសង់ផ្ទះផ្ទាល់ខ្លួនយ៉ាងធំមួយនៅភូមិផ្សារកណ្តាលនោះដែរ ។
ក្នុងពេលប្រតិបត្តិការចាប់ខ្លួនជនសង្ស័យក៏មានការផ្ទុះអាវុធ២ទៅ៣គ្រាប់ដែរ ហើយសមត្ថកិច្ចជានាយផ្នែកម្នាក់បានរងរបួសក្បាលដេរ២ទៅ៣ផងដែរ ព្រោះតែរត់ទាក់បន្លាលួសក្នុងពេលប្រតិបត្តិការនោះ ។ ជនសង្ស័យត្រូវបានគេបញ្ជូនពីក្រុងប៉ោយប៉ែត នាវេលាយប់ក្នុងថ្ងៃដដែលនោះ ។
ទោះបីមិនមានព័ត៌មានលម្អិតណាមួយពីចំណុចឡោមព័ទ្ធចាប់ខ្លួននៅក្រុងប៉ោយប៉ែត តែបើយោងតាមប្រភពពីខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យត្រូវបានតាមប្រមាញ់ដល់ក្រុងប៉ោយប៉ែតនាភាគខាងលិចប្រទេស គឺជាក្រុមចោរប្លន់អ្នកលក់មាស ប្តូរប្រាក់នៅផ្សារមេមត់ កាលពីវេលាល្ងាចថ្ងៃទី៣០ វិច្ឆិកា នៅមុខផ្សារក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ក្រុងមេមត់ ខេត្តកំពង់ចាម ដែលអំពើប្លន់នោះក្រុមចោរក៏បានបាញ់ឱ្យរបួសបុរសជាប្តីផងដែរ ។
ប្រភពព័ត៌មានឱ្យដឹងថា ការឈានដល់ការចាប់ខ្លួនជនសង្ស័យនៅក្រុងប៉ោយប៉ែតនេះសមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត នៅខេត្តកំពង់ធំផងដែរ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនប្តី ប្រពន្ធជាមេខ្លោងក្រោយពេលដែលស្ត្រីជាប្រពន្ធ និងបងស្រីរបស់ខ្លួនម្នាក់ទៀតបានយកគ្រឿងអលង្ការ ដែលប្លន់បានទៅលក់។ ព័ត៌មានពីខេត្តកំពង់ចាមបានឱ្យដឹងថា នៅថ្ងៃទី២៩ ធ្នូ ពិតជាមានការចាប់ខ្លួនពួកជនសង្ស័យ២នាក់ គឺឈ្មោះមឿង យាត ហៅយក្ស ហៅឪអាចូច អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ត្រូវបានចាប់ខ្លួននៅវេលាម៉ោ១០ព្រឹកថ្ងៃទី២៩ ធ្នូ ២០១១ ក្នុងភូមិព្រៃចំការ ឃុំអន្លង់ក្រាញ ស្រុកស្ទោង ខេត្តកំពង់ធំ ខណៈជនសង្ស័យម្នាក់នេះ ទៅសម្ងំលាក់ខ្លួននៅក្នុងចំការមួយ ។ ក្រោយពេលសួរនាំជននេះរួចប៉ូលិសបានរាយការណ៍ទៅបណ្តាញសមត្ថកិច្ចផ្សេងៗទៀត សហការគ្នាឈានទៅចាប់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះឈាង អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម ដែលស្ថិតនៅក្រុងប៉ោយប៉ែត គឺបានចាប់ខ្លួន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៩ ធ្នូ ២០១១ ។
មន្ត្រីប៉ូលិសបានឱ្យដឹងថា ក្រុមជនសង្ស័យទាំងនេះគឺជាក្រុមមេចោរស ម៉ារ៉ា ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងពន្ធនាគារ ។ មេចោរ ស ម៉ារ៉ា គឺល្បីឈ្មោះខ្លាំងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ត្រីឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា មិនមែនជាការងាយពេកនោះទេ សម្រាប់ការព្យាយាមសម្ងំលាក់ខ្លួនរបស់ក្រុមចោរទាំងឡាយនោះ ជាក់ស្តែងដូចជនជាប់សង្ស័យខាងលើនេះអញ្ចឹង ពួកគេគេចមិនផុតពីសំណាញ់ច្បាប់ឡើយ ពោលគឺសមត្ថកិច្ចនៅតែពង្រឹងការបង្ក្រាបទប់ស្កាត់ និងស្រាវជ្រាវរកមុខសញ្ញាចោរប្លន់នេះ ទីបំផុតការតាមប្រមាញ់រយៈពេល៣០ថ្ងៃ ក៏ឈានទៅដល់ការច្បាមចាប់ពួកចោរទាំងនោះបាន។
សូមបញ្ជាក់ថា កាលពី២១ថ្ងៃ ស្ត្រីសង្ស័យ២នាក់ដែលម្នាក់ត្រូវជាប្រពន្ធរបស់ក្រុមចោរប្លន់ និងម្នាក់ទៀតត្រូវជាបងស្រី ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួន កាលពីថ្ងៃទី៨ ធ្នូ ២០១១ ខណៈពួកគេយកគ្រឿងអលង្ការទៅលក់នៅឯខេត្ត ភាគខាងលិច។ ពេលបែកការណ៍មេចោរម្នាក់ និងស្ត្រីជាប្រពន្ធបានព្យាយាមខេត្តកំពង់ចាម ហើយក៏ធ្លាក់ក្នុងអន្ទាក់ប៉ូលិសនៅស្រុកចំការលើ ។
ស្ត្រីសង្ស័យជាប្រពន្ធឈ្មោះប្រសឺត សិទ្ធី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលមិនពិតប្រាកដជាមួយបងស្រីរបស់ខ្លួនឈ្មោះសឺត សារឿប ។ សមត្ថកិច្ចឱ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួន សមត្ថកិច្ចបានស្រាវជ្រាវឈ្មោះសឺត សារឿប ធ្លាប់ស្នាក់នៅផ្ទះជួលក្នុងក្រុងកំពង់ចាម ប៉ុន្តែពេលចុះទៅដល់ផ្ទះជួលមួយនោះ ស្រាប់តែជនសង្ស័យទាំងពីរបានគេចខ្លួនបាត់ ។ ប៉ុន្តែសមត្ថកិច្ចនៅតែស្រាវជ្រាវឥតដកថយរហូតដឹងថា នារីសង្ស័យទាំងពីរនាក់នេះ បានផ្លាស់ប្តូរទីកន្លែងទៅស្នាក់នៅជាមួយគ្នានៅផ្ទះជួលមួយកន្លែងផ្សេងទៀត ក្នុងភូមិបឹងកុក១ ក្រុងកំពង់ចាម ។
ចំណែកនាងប្រសឺត សិទ្ធី ជាប្រពន្ធរបស់មេចោរប្លន់ ក្រោយពីលក់គ្រឿងអលង្ការអស់មួយចំនួនហើយ ក៏បានចាកចេញពីក្រុងកំពង់ចាម ជាមួយប្តីក្នុងបំណងទៅកាន់ខេត្តបាត់ដំបង ដោយជិះម៉ូតូម៉ាកហ្វ៊ីណូ ត្រូវចូលអន្ទាក់ប៉ូលិសតាមផ្លូវ ប៉ុន្តែបុរសជាប្តីមេចោរប្លន់បានលោតចុះពីលើម៉ូតូរត់ចូលព្រៃគេចខ្លួនបាត់ ប៉ូលិសចាប់បានតែប្រពន្ធទេ ។ ពេលសួរនាំប្រពន្ធចោរ និងតាមទាន់មុខសញ្ញាហើយ កម្លាំងនគរបាលបានសុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីដឹកនាំចុះឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅថ្ងៃទី៨ ធ្នូ ២០១១ គឺស្ត្រីឈ្មោះសឺត សារឿប ។
គួររំលឹកថា កាលពីចុងខែវិច្ឆិកា ២០១១ ចោរ២នាក់បានប្លន់អាជីវករលក់មាស ប្តូរប្រាក់នៅផ្សារមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម ដល់មុខផ្ទះ ដោយក្រុមចោរមានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងអាកាស្វាយបត់១ដើម បាញ់គំរាម៣គ្រាប់ បណ្តាលឱ្យត្រូវម្ចាស់ទ្រព្យបញ្ឆិតត្រចៀករងរបួសស្រាលបង្កឱ្យមានការភ្ញាក់ផ្អើលយា៉ងខ្លាំង និងភ្លាមៗនោះត្រូវបានគេរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកធ្វើអន្តរាគមន៍ ខណៈចោរបានគេចខ្លួនបាត់អស់ ។
បើតាមស្ត្រីជាប្រពន្ធប្រាប់ថា ទ្រព្យសម្បត្តិដែលបាត់បង់គិតជាទឹកប្រាក់គឺប្រហែលពី៥ទៅ៦មឺុនដុល្លារត្រូវក្រុមចោរយកទៅបាត់ ៕
អរុណ+ចាន់ថេត
ចែករំលែកព័តមាននេះ