ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោ​រ​អាកា​អស់​លក្ខណ៍ បា.ញ់​ប្លន់​ការបូប​លុយ​ស្រ្តី​អ្នក​លក់​បបរ​ សមត្ថកិច្ច​ប៉ូលិស​តាម​ចាប់​ខ្លួន​បាន​៤នាក់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ប្រកប​​មុខរបរ​លក់​​បបរ​ម្នាក់​ត្រូវ​​​ក្រុមចោរ​កាំភ្លើង​អាកា​​ បា.ញ់​របួស​​ធ្ងន់ធ្ងរ​ដេក​ដួល​ក្នុងថ្លុក​ឈាម ក្នុងសកម្ម​ភាព​​ប្លន់​យក​កាបូបប្រាក់ ។ ​ទោះ​បីជាបែបនេះក្តី ​មិន​បាន​ប៉ុន្មាន​​ម៉ោង​​ផង ​​ចោរ​​មួយក្រុម​ដែល​មាន​​បក្ស​ពួក​​​៤​នាក់​​ត្រូវកម្លាំង​​ប៉ូលិស​​ក្របួច ​​បាន​ទាំង​អស់ ​​រួមទាំង​​ដកហូត​កាំភ្លើង​​​អាកា​ច្នៃ​​ដែលជា​មធ្យោ​

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ប្រកប​​មុខរបរ​លក់​​បបរ​ម្នាក់​ត្រូវ​​​ក្រុមចោរ​កាំភ្លើង​អាកា​​បាញ់​របួស​​ធ្ងន់ធ្ងរ​ដេក​ដួល​ក្នុងថ្លុក​ឈាម ក្នុងសកម្ម​ភាព​​ប្លន់​យក​កាបូបប្រាក់ ។ ​ទោះ​បីជាបែបនេះក្តី ​មិន​បាន​ប៉ុន្មាន​​ម៉ោង​​ផង ​​ចោរ​​មួយក្រុម​ដែល​មាន​​បក្ស​ពួក​​​៤​នាក់​​ត្រូវកម្លាំង​​ប៉ូលិស​​ក្របួច​​បាន​ទាំង​អស់ ​​រួមទាំង​​ដកហូត​កាំភ្លើង​​​អាកា​ច្នៃ​​ដែលជា​មធ្យោ​បាយ​​ធ្វើសកម្មភាព​​ផង​ដែរ ។

ហេតុការណ៍​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​​​ព្រឹក​ថ្ងៃទី​២៥ ធ្នូ នៅ​​​មុខ​យានដ្ឋានលក់រ​ថយន្តជាប់​ផ្សារ​បុរី​​​កីឡា​ថ្មី​ តាម​បណ្តោយ​​ផ្លូវទេព​ផន ស្ថិត​ក្នុង​សង្កាត់​វាល់វង់ ខណ្ឌ​៧មករា ​​។ ជន​សង្ស័យ​​៤នាក់​ដែល​ត្រូវ​​ចាប់ខ្លួន​​យ៉ាងទាន់ហន់ រួម​មាន​ ​១-ឈ្មោះ​ឡឹង សុខលី ​ហៅ​តឿ ភេទប្រុស អាយុ​៣២​ឆ្នាំ ​ស្នាក់នៅផ្ទះ​លេខ​​៥០៥ ផ្លូវជាតិ​លេខ៥ ​សង្កាត់​ច្រាំង​ចំរេះទី១ ខណ្ឌ​ប្ញស្សីកែវ ។ ជន​នេះ​ធ្លាប់​ជាប់​ពន្ធ​នា​គារ​​រយៈ​ពេល​១​ឆ្នាំ​កន្លះ ពីបទ​​ចោរកម្ម​ហើយ ​ទើប​តែ​ចេញ​បាន​​២​​  ទៅ​៣​ខែប៉ុណ្ណោះ ។

២-ឈ្មោះ​ឃុត ​ភារម្យ ​​ភេទប្រុស ​អាយុ​៣៨​​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ប្លុក​តាន់ប៉ា ​ផ្សារ​តាប៉ាង ​សង្កាត់​ផ្សារ​ថ្មីទី៣ ​ខណ្ឌដូនពេញ ​​មុខ​របរ​លក់​ពងទាកូន ។
៣-ឈ្មោះប៊ុន ញ៉ិល ​ហៅ​​ស្វិត​ ភេទប្រុស ​​អាយុ​​៤១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​​៣៣ សង្កាត់​​ព្រៃ​វែង​​​ ខណ្ឌដង្កោ ​​រាជ​ធានីភ្នំពេញ ​។
៤-​ឈ្មោះ​សុខ ផល្លា ​ហៅ​យ៉ុង ភេទប្រុស ​អាយុ​៤៣​ឆ្នាំ ​​ស្នាក់នៅផ្ទះ​លេខ២២ ផ្លូវលេខ​១៤៨ សង្កាត់​ផ្សារ​កណ្តាលទី១ ខណ្ឌដូនពេញ ។
ក្នុង​ប្រតិបត្តិការ​​​ក្រសោប​​ក្រុម​ជន​សង្ស័យ​ទាំង​៤​នាក់នេះ​ ក៏​មាន​ការ​ឃាត់​​​​ខ្លួននារីម្នាក់​​​ឈ្មោះ​ជ្រុយ ស្រី ​​​អាយុ​២៨​ឆ្នាំ ដែល​ជា​ប្រពន្ធ​ជន​សង្ស័យ ​​តែ​ស្ត្រី​​រូប​នេះ​​ទំនង​គ្មាន​ពាក់ព័ន្ធ​​ជាមួយ​ក្រុម​ចោរ​​កាំភ្លើង​​អាកានេះ​ទេ ។

ដោយឡែក​ជនរងគ្រោះ​​​ឈ្មោះ​​សួន ម៉ាលីស ភេទស្រី ​អាយុ​៤១ឆ្នាំ ស្នាក់​នៅ​​ផ្ទះ​លេខ​៩៧C ផ្លូវ​លេខ២០៤ សង្កាត់​ទឹក​ល្អក់ទី៣ ​​ខណ្ឌទួលគោក ​ត្រូវចោរ​បាញ់​​១គ្រាប់ដោយ​កាំ​ភ្លើង​អាកា​កាត់​ស្វាយត្រូវ​​ចំពោះខាងស្តាំ​​ធ្លាយទៅ​ឆ្វេង និង​កំពុង​សង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យ​កាល់ម៉ែត ​។

ទាក់ទិន​​នឹង​ករណី​ប្លន់​​​​ប្រដាប់​ដោយ​​​កាំភ្លើង​​​អាកា​គួរឱ្យ​ភ្ញាក់ផ្អើលនៅ​កណ្តាលភ្នំពេញលើ​ស្ត្រី​អ្នក​លក់​​បបរ​​​ត្រូវ​បាន​លោកអ៊ុង ​សំណាង មន្ត្រី​​​នគរបាល​ប៉ុស្តិ៍​​​រដ្ឋបាល​​សង្កាត់​ផ្សារ​ដេប៉ូទី១ ​ខណ្ឌទួលគោក ​រៀប​រាប់​ឱ្យ​ដឹង​ថា ​មុនពេល​កើត​ហេតុ ​វេលា​​​ទៀបភ្លឺ​​លោកបាន​ដើរ​ល្បាត​ក្នុងមូល​ដ្ឋាន​​ដែលជា​តំបន់​ជាប់នឹង​ទឹកដី​​សង្កាត់វាលវង់ ខណ្ឌ៧​មករាដែរ ។ ​​លុះនៅ​​​​វេលាម៉ោង​៥ភ្លឺ លោក​​បាន​ចូល​​ទៅ​ដល់​​​​​ស្នាក់​ការ​ប៉ុស្តិ៍​​ពេលនោះ​មាន​អ្នក​រត់ម៉ូតូឌុប​​ម្នាក់បាន​ជិះ​ម៉ូតូទៅ​ប្រាប់​លោក​​ថា ​​មានស្ត្រី​ម្នាក់​ដេ​កដួល​ក្នុងថ្លុក​ឈាម​ក្បែរ​​មន្ទីរ​​​សាធារណការ ​​​​និងដឹកជញ្ជូន​​រា​ជ​​​ធា​នី​ភ្នំពេញ​​​ តាម​ផ្លូវ​​លេខ១៨២ ​​​​​ដោយ​ក្រុម​ចោរ​បាញ់ តែ​ជនល្មើស​បាន​រត់​​គេច​ខ្លួន​​​បាត់​អស់​ទៅហើយ ។

គ្រាន់តែ​អ្នក​​​​ម៉ូតូឌុប​ប្រាប់​ភ្លាម លោក​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ​​​​ឃើញស្ត្រី​​ម្នាក់​កំពុង​ស្រែក​ទ្រហោយំ​ទាំង​ក្តី​ឈឺចាប់ និងមាន​មុខ​​​របួស​នៅលើ​ផ្លូវថ្នល ់ក៏បាន​ទូរស័ព្ទ​​​ទាក់​ទង​ទៅ​រថយន្ត​សាមុយ​​​មកដឹក​​ជន​រង​គ្រោះ​​ទៅ​កាន់​មន្ទីរពេទ្យ​​កាល់ម៉ែតជាបន្ទាន់ ។ ​ឆ្លៀត​ឱកាស​នោះ ​លោកក៏បានទូរស័ព្ទ​​​​ទាក់ទង​ទៅ​​នគរ​បាល​ប៉ុស្តិ៍​​​វាលវង់​​ ខណ្ឌ៧មករា ​​ឱ្យបាន​ជ្រាប​​​​​ពីករណី​ប្លន់​​នេះ ។ មួយសន្ទុះក្រោយ​មក​​នគរ​បាល​ប៉ុស្តិ៍​​​​វាលវង់​​ ក៏ទៅ​ដល់ ហើយ​​ម្នីម្នា​​​រក​​ប៊ិច និង​ក្រដាស​​​​​​​​សាកសួរ​​​កត់ត្រា​​​ធ្វើកំណត់​ហេតុ។

សាក្សី​មួយចំនួន​បាន​ប្រាប់នគរបាល​​ប៉ុស្តិ៍​​​​ថា គេបានឃើញ​​ជនរង​គ្រោះជិះម៉ូតូ C125 ពណ៌​ខ្មៅ ស៊េរីឆ្នាំ ២០១១ តែម្នាក់ឯង​​ មាន​ស្ពាយ​កាបូប​ប្រាក់ពី​​ចំហៀងខ្លួន​១ និង​កាបូប​​ធំមួយ​ទៀត​ដាក់​នៅលើ​​តួម៉ូតូ​ ទំនង​​​ដូច​មាន​​ប្រាក់​​ច្រើន​ណាស់។ លុះ​មកដល់ចំណុចខាង​លើ​​​ ស្រាប់តែ​​​​មាន​​​ជន​៤​នាក់​​​​​ជិះម៉ូតូ២គ្រឿង​ធ្វើ​សកម្មភាព​​កៀរ​ម៉ូតូ​ជនរងគ្រោះ​​ឱ្យឈប់​​ ហើយជនម្នាក់បាន​ចុះទៅ​ភ្ជង់​​ដោយកាំភ្លើង​អាកា​ច្នៃ​​​ និងម្នាក់​ស្ទុះ​ទៅ​ទាញ​យក​​​កាបូប​ដែល​ជន​រងគ្រោះ​​ស្ពាយ​ជាប់ខ្លួន​ដណ្តើមយក​​កាបូបនោះ​ និង​​ទារ​យក​សោ​ម៉ូតូ​ទៀត ។ ដោយសារ​ជនរងគ្រោះ​​មិន​ប្រគល់​​​​សោឱ្យ មាន​ការ​ប្រទូស្តរ៉ាយផងនោះ​​ក្រុម​ ចោរ​ក៏​បានបាញ់​ស្ត្រី​រូបនេះ​​១គ្រាប់​បណ្តាលឱ្យ​ដួល​​ទើប​យកកាបូប​លុយរួច​នាំគ្នា​រត់​ឡើង​​ជិះម៉ូតូ​គេចខ្លួន​អស់ទៅ ។ ​ចំណែក​​ម៉ូតូ​​ចោរ​អត់​យកទេ ​ព្រោះ​វា​​ប្រញាប់​ពេក ។

តែ​​​ភ្លាមនោះដែរ​ ​នៅសល់​​បក្សពួក​ម្នាក់​ឈ្មោះ​ប៊ុន ញ៉ិល ​ហៅ​ស្វិត ​​​ឡើងម៉ូតូ​មិនទាន់​គេ ក៏​រត់​កាត់មុខ​អធិ​ការដ្ឋាន​នគរបាល​​ខណ្ឌ​៧មករា​​​ដើម្បី​ទៅ​លាក់ខ្លួន​ក្នុងសំណង់​អនាធិប​តេយ្យ​​បុរីកីឡា ។ ​​ពេល​ទទួល​បានព័ត៌មាន​​នេះ​​​​​នគរ​បាល​ខណ្ឌ និង​ក​ង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ខ្នះ​ខ្នែង​​ទៅ​តាម​ចាប់​​បាននាំទៅសាកសួរ ​។ ពីដំបូង​​ជននេះ​មិនទទួល​​ស្គាល់ថា ខ្លួន​​ជាចោរ​ទេ ​តែអះអាង​​ថា ខ្លួនបាន​ស្គាល់​ក្រុមប្លន់​​​នោះ​ ។ ដូច្នេះ​​ហើយ​ទើបសមត្ថកិច្ច​បានឱ្យឈ្មោះ​ស្វិត​​អន្ទង​ក្រុម​គេ​ ដើម្បី​ចាប់ខ្លួន ។ ​​ប្រតិបត្តិការតាម​​ប្រមាញ់​ចោរ​ប្លន់នេះ​​មានការ​ចូលរួម​​សហការ​ជា​មួយ​កម្លាំង​​​​ជំនាញ​​នៃការិយាល័យ​នគរ​បាល​​​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​​​​រាជធានីភ្នំពេញ​​​ផង​ដែរ ។

ពេលស​មត្ថ​កិច្ច​​​ឱ្យ​ឈ្មោះ​ស្វិត​ ​ទាក់ទង​​ទៅ​​បក្សពួក ពេលនោះ​បានជួបឈ្មោះ​​​ឡឹង សុខលី ហៅតឿ ​និងបាន​ណាត់គ្នា​ឱ្យទៅ​ជួប​​នៅម្តុំ​​ប្លុក​​តាន់ប៉ា ​ក្បែរ​ផ្សារ​​តាប៉ាង ​ដែលឈ្មោះ ឡឹង សុខលី ​​​​និង​ឈ្មោះ​ឃុត ភារម្យ ​កំពុង​រៀបចំ​បង្វេច ដើម្បី​​គេច​ខ្លួន ។ នគរបាល​​​​ និងកង​រាជអាវុធហត្ថ​ខណ្ឌ​៧មករា ​បានសហការ​គ្នា​ធ្វើកិច្ច​​​ការ​នេះ​ដោយ​បាននាំ​ខ្លួនជនសង្ស័យ​ឈ្មោះ ​ប៊ុន ញ៉ិល ហៅ​ស្វិត​​ឱ្យទៅ​ជួប​បក្សពួក ​ដើម្បី​​ចាប់ខ្លួន និង​មាន​ការ​ចូលរួម​​ពីកម្លាំង​​​នគរបាល​​ព្រហ្ម​ទណ្ឌ​កម្រិត​​​​ធ្ងន់​រាជ​ធានី​មួយក្រុម​​ដឹកនាំ​ដោយ​​លោកវរ​សេនីយ៍ត្រីអេង សោភា ​អនុ​ប្រធាន​​ការិយា​ល័យ ​​និងក្រោមការ​​​បញ្ជា​ផ្ទាល់​​​ពីលោក​​វរ​សេនីយ៍​ទោ ជូន ណារិន្ទ ថែម​ទាំង​​មាន​ការ​ចង្អុលបង្ហាញ​​ពី​លោកឧត្តមសេ​នី​យ៍​​ត្រីប៉ុល ​ភិធេយ្យ ​ស្នងការ​រង​​ផង​ដែរ ​ទើបឈាន​​​ដល់​កិច្ចសហការ​គ្នា​​ក្រសោប​ក្រុម​ចោរ​​ទាំងនេះ ។

ការ​ណាត់​​ជួបរវាង​ក្រុមជនល្មើស​​ និងការ​ត្រៀម​​លក្ខណៈ​​​​ជាស្រេច​​ដែលជា​​អន្ទាក់​របស់​សមត្ថកិច្ច​​​ នៅផ្លូវ​មួយ​ខាងកើត​​ប្លុក​តាន់ប៉ា ​​ជន​សង្ស័យ​២នាក់​ គឺ​ឈ្មោះ​ឡឹង សុខលី ​ហៅតឿ ​និង​ឈ្មោះ​ឃុត ភារម្យ បានចេញ​​មកជួប​ឈ្មោះ​​ស្វិត ​មែន ដើម្បី​ចែក​ប្រាក់គ្នា។ គ្រាន់​តែចេញ​​មកដល់ផ្លូវថ្នល់ ​​កម្លាំង​នគរបាល​​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​​​មាន​រហស្ស​នាម​​រាត្រី​៨១ និងរាត្រី២១ ​បានហក់​ទៅ​ក្រៀក​ឈ្មោះ​តឿ កាច់ផ្តួល​ទៅ​ក្រោយ​​​ឱ្យ​ដួល​លើ​ផ្លូវ​​ដោយ​ជាន់​​សង្កត់ចាប់​​​ដាក់​ខ្នោះដៃ​​​ ។ ព្រោះពេល​នោះ​មិនទាន់​សន្និដ្ឋាន​បាន​ថា ​ពួកជនទាំងនេះ​​​មាន​កាំភ្លើង​​​ ឬក៏​អត់នោះ​ទេ ។ ពេល​​កាច់ផ្តួល​​​ម្នាក់​បានហើយ ​ស្រាប់តែ​​​​ម្នាក់​ទៀត​​​ឈ្មោះឃុត ភារម្យ ​​បានរត់បម្រុង​​​យក​រួចខ្លួន តែ​រត់​បាន​ចម្ងាយប្រហែល​​​ជា​ជិត​១០០​ម៉ែត្រ ​ក្បែរ​​​ភ្លើង​ស្តុប​មុខរោង​​ភាពយន្ត​​លុច្ស ក៏​ត្រូវ​​នគរបាល​ព្រហ្មទណ្ឌ​​​ដឹកនាំ​ដោយ​លោកអេង ​​សោភា ​​ដែលសហការ​​​ជាមួយនគរបាល​​ខណ្ឌ​៧​មករា​ឃាត់​ខ្លួនបានទៀត ។

ក្នុងខណៈ​ពេលដែល​សមត្ថកិច្ច​កំពុង​បើកកិច្ច​ប្រតិបត្តិការ​​បង្ក្រាប​ក្រុម​ចោរ​ប្លន់​​​នេះ​មាន​ស្ត្រីម្នាក់​បាន​ចេញមុខ​ទៅ​រារាំង​​ និង​អះ​អាង​ថា ​​ជាប្រពន្ធ​​ជនសង្ស័យ ក៏ត្រូវ​សមត្ថកិច្ច​​​​​ឃាត់​ខ្លួន​​ដែរ ។ ពួកគេ​​ត្រូវបាន​​​នាំទៅ​កាន់អធិការ​​ដ្ឋាន​នគរបាល​​ខណ្ឌ៧មករា​​ទាំងអស់ ។ ជាមួយ​​គ្នា​នោះ ​កាំភ្លើង​​​អាកា​១ដើម​ដែលជាមធ្យោបាយ​​​​​ធ្វើសកម្មភាព​​ត្រូវពួកគេ​យកទៅបោះ​ចោល​​​នៅ​ខាងក្រោយ​​​អគារ​មួយ​ ក៏ត្រូវ​​បានប្រជាពលរដ្ឋ​​​​​រើសយកទៅ​ប្រគល់​​ឱ្យនគរបាល​ប៉ុស្តិ៍​​​​វាលវង់​ដែរ ។

បន្ទាប់ពីចាប់បាន​​ជនសង្ស័យ​ទាំង៣នាក់​នេះ​ហើយ នៅ​វេលា​ម៉ោងប្រមាណជិត៩ព្រឹក ​ក្រោយ​ពី​ទទួល​បាន​ចម្លើយ​​សារភាព​រួចមក​ ទើប​​​សមត្ថកិច្ច​​​ឈាន​ទៅ​​ចាប់ខ្លួន​ជន​ម្នាក់ទៀត​​​ឈ្មោះសុខ ផល្លា ហៅ​យ៉ុង ​នៅ​ផ្ទះ​ជួលម្តុំ​ផ្សារ៧មករា  ខណ្ឌទួលគោក ។ ​​ដូច្នេះ​​ក្រុមចោរ​​​កាំភ្លើង​អាកា​បាញ់​ប្លន់​​យក​​កាបូប​ពីស្ត្រី​​​អ្នក​លក់​បបរ​ត្រូវ​​សមត្ថកិច្ច​ក្រសោប​បាន​ទាំង​អស់​ ។

យោងតាមចម្លើយ​​របស់​ក្រុមជនអស់លក្ខណ៍​​សារភាព​ថា ​កន្លងមក​ពួក​ខ្លួន​ធ្លាប់ប្លន់​នៅ​ខណ្ឌ​ទួល​គោក ​​​១​លើក និងប្លន់នៅ​ខណ្ឌ​ប្ញស្សីកែវ​​១លើក ​និងខ្លះ​ធ្លាប់ជាប់គុក​ទើបនឹង​ចេញ​ ។ មានការ​កត់​សម្គាល់​​​​ថា ​​ចោរ​ប្រើកាំភ្លើង​​អាកា​មួយ​​​ក្រុម​នេះហាក់ដូចជា​​ព្រហើន​ណាស់ ហ៊ាន​​បាញ់​ប្លន់​​នៅក្បែរ​អធិការ​ដ្ឋាននគរបាល​ខណ្ឌ​៧មករា។​មិន​តែប៉ុណ្ណោះ ពេលរត់ឡើង​ជិះម៉ូតូ​ទៅជាមួយ​គ្នា​មិនទាន់​​ ក៏រត់កាត់មុខ​ប៉ូលិស​ទៀត បើ​កុំ​បាន​​​ប្រជាពលរដ្ឋ​​ និងអ្នក​រត់​ម៉ូតូឌុប​រាយ​ការណ៍​​ ម្ល៉េះសម​ក្រុម​ចោរ​ត្រូវ​រត់រួច​​ទាំងអស់ ។

សូមប​ញ្ជាក់​ថា តាមការអះអាង​​របស់​សាច់​ញាតិ​​​ជនរងគ្រោះ​ថា កាបូប​​ដែលចោរប្លន់​ទៅនោះ មានលុយខ្មែរ​តែ១ម៉ឺនរៀលប៉ុណ្ណោះ ក្រៅពីនេះ ​សុទ្ធតែគ្រឿង​សំអាង ។ គេ​មិនទាន់​​ដឹង​ថា ស្ត្រី​ដែលរងរបួស​ដោយចោរបាញ់​នោះ​មាន​​ស្ថានភាព​បែបណា​ទេ ព្រោះ​កំពុង​ទទួលការ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​កាល់ម៉ែត​នៅឡើយ៕     ប៊ុនណាក់