ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​អន្ធ​ពាល​ខឹង​មេ​ភូមិ​និង​មេ​ប៉ុស្តិ៍​ចាប់​ខ្លួន​​រឿង​លួច​មាន់​ជាប់​គុក​​ជាង​១ឆ្នាំ​ ចេញ​មក​វិញ​លួច​កាំភ្លើង​ប្រុង​បាញ់​សម្លាប់​សង​សឹក​​ត្រូវ​ចាប់​ខ្លួន​ម្តង​ទៀត

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​អន្ធ​ពាល​ម្នាក់​ជាប់​គុក​រយៈ​ពេល​១៣​ខែ​ពី​បទ​លួច​មាន់​​អ្នក​​ស្រុក ទើប​ចេញ​មក​វិញ​បាន​រយៈ​ពេល​១៦​ថ្ងៃ ដោយ​សារ​​មាន​គំនុំ​ជា​មួយ​មេ​ភូមិ ដោយ​ចោទ​ថា ជា​អ្នក​​រា​យ​ការណ៍​ឱ្យ​ប៉ូលិស​ចាប់​ខ្លួន និង​ខឹង​លោក​មេ​ប៉ុស្តិ៍​​ចាប់​ខ្លួន​​គេ​ដាក់​គុក​កាល​ពី​១​ឆ្នាំ​មុន​ ​បាន​​​ធ្វើ​សកម្ម​ភាព​​លួច​យក​កាំភ្លើង​​ចេញ​ពី​ប៉ុស្តិ៍​​ប៉ូលិស​​​ឃុំ​ដំណាក់​អំពិល ២​ដើម​​ក្នុង​គោល​បំណង​​បាញ់​សម្លាប់​​មេ​ភូមិ​ និង​មេ​ប៉ុស្តិ៍​​ និង​ធ្វើ​សកម្ម​ភាព​ផ្សេង​ៗ​ទៀត​។ តែ​គំនិត​​ទុរយស​នេះ​​អស់​លក្ខណ៍​ត្រូវ​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ស្រុក​អង្គ​ស្នួល​​ចាប់ខ្លួន​ និង​រក​​ឃើញ​ទាំង​​កាំភ្លើង​​ដែល​លួច និង​កាំភ្លើង​១​ដើម​ផ្សេង​ទៀត​​ដែល​ប៉ូលិស​សង្ស័យ​ថា ​គេ​លាក់​ទុក​យូរ​មក​ហើយ ។

​ជន​នោះ​​ត្រូវ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ស្រុក​អង្គ​ស្នួល ​និង​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ដំណាក់​អំពិល​ចាប់ខ្លួន​បាន​​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១៦ មីនា ​នៅ​តាម​ផ្លូវ​លំ​​ក្នុង​ភូមិ​ពង​ទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នួល ​ខេត្ត​កណ្តាល ។ ជន​អន្ធ​ពាល​រូប​នោះ​ឈ្មោះ​​ស៊ឹម ​ជីម ហៅ​មាំង អាយុ​​២៦​ឆ្នាំ ។ ​មន្ត្រី​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​ស្រុក​អង្គ​ស្នួល​បាន​ឱ្យ​ដឹង​ថា ​ជន​នោះ​មាន​គំនុំ​ជា​មួយ​មេ​ភូមិ​ពង​ទឹក ដែល​កាល​ពី​ជាង​១​ឆ្នាំ​មុន​ជ​ន​នេះ​បាន​ធ្វើ​សកម្ម​ភាព​លួច​មាន់​ប្រជា​ពល​រដ្ឋ​ ហើយ​​ត្រូវ​កម្លាំង​ប៉ូលិស​ចាប់​ខ្លួន​បញ្ជូន​ទៅតុលា​ការ​ផ្តន្ទា​ទោស​​ដាក់គុក​រយៈ​ពេល​១៣​ ខែ​ ហើយ​​ជន​នោះ​បាន​​ចោទ​ប្រកាន់​​លោក​មេ​ភូមិ​ថា ជា​អ្នក​រាយ​ការណ៍​ឱ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ និង​​លោក​មេ​ប៉ុស្តិ៍​​ជា​អ្នក​ចាប់​​រូប​គេ​ដាក់​គុក និង​បាន​និយាយ​គំរាម​​ថា ​ពេល​​រូប​គេ​​ចេញ​មក​វិញ​នឹង​សម្លាប់​​ចោល​​ហើយ។

​ប្រភព​ដដែល​បាន​បន្ត​ថា ​បន្ទាប់​ពី​ជាប់​គុក​​​​​អស់​ជាង​​១​ឆ្នាំ​ ជន​នោះ​ទើប​ត្រូវ​បាន​​ដោះ​លែង​កាល​ពី​​១៦​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ ។ លុះ​ដល់​​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៥ មីនា ជន​នោះ​រួម​ជា​មួយ​បក្ស​ពួក​ម្នាក់​ទៀត​​ឈ្មោះ​ម៉ន ផាន់​ណា អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​​ម្តុំ​ផ្សារ​ថ្មី បាន​ចូល​​លួច​យក​កាំភ្លើង​ AK ប៉ូលិស​​ប៉ុស្តិ៍​បាន​ចំនួន​២​ដើម យក​ទៅ​លាក់​​ទុក​ក្បែរ​ទ្រុង​មាន់​ក្រោយ​ផ្ទះរបស់​ខ្លួន ។ ​

ប្រភព​ដដែល​បាន​បន្ត​ថា ​កាំភ្លើង AK ទាំង​ពីរ​ដើម​នោះ ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ដំណាក់​អំពិល ​ទុក​ក្នុង​​ទូ​១​ដើម និង​ទុក​នៅ​លើ​ធ្នើរ​​១​ដើម ហើយ​​ជន​សង្ស័យ​​បាន​បើក​បង្អួច​ចូល​លួច​ ខណៈ​ពេល​ដែល​ប៉ូលិស​ចេញ​ល្បាត​អស់ ។ ចំណែក​ឯ​​ប៉ូលិស​​ក្រោយ​ពេល​​ល្បាត​​​ចប់​ចូល​មក​​ដល់​ប៉ុស្តិ៍​វិញ​ឃើញ​​បាត់​កាំភ្លើង​​ក៏​មាន​​ការ​ភ្ញាក់​ផ្អើល និង​រាយ​ការណ៍​ប្រាប់​ទៅ​ថ្នាក់​លើ​របស់​ខ្លួន​ ហើយ​លោក​ទិត្យ វង្ស អធិការ​​ប៉ូលិស​ស្រុក និង​លោក​មាន​ សំណាង អធិ​ការ​​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ​បាន​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​សហ​ការ​ជា​មួយ​លោក​មេ​ប៉ុស្តិ៍​​ដំណាក់​អំពិល ធ្វើ​ការ​​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​ និង​កំណត់​មុខ​សញ្ញា​​ទៅ​លើ​ជន​ឈ្មោះ​​ស៊ឹម ​ជីម ហៅ​មាំង​នោះ​ រួច​ក៏​​ធ្វើ​ការ​តាម​ដាន​ជាប់​រហូត ។ ​

ប្រភព​ដ​ដែល​បាន​បន្ត​​ទៀត​ថា ​លុះ​ដល់​ព្រឹក​ឡើង​​ថ្ងៃ​ទី​១៦ មីនា ​​ជន​នោះ​បាន​បាញ់​សាក​កាំភ្លើង​​ដែល​លួច​បាន​នោះ​នៅ​ខាង​ក្រោយ​ផ្ទះ​របស់ខ្លួន បណ្តាល​ឱ្យ​ផ្ទុះ​លាន់​កក្រើក​ភូមិ​បង្ក​​ការ​​​ភ្ញាក់​ផ្អើល​​ដល់​ប្រជា​ពល​រដ្ឋ​ទៀត​ផង។ បន្ទាប់​ពី​បាញ់​​សាក​​​កាំភ្លើង​រួច ​ជន​នោះ​បាន​យក​កាំភ្លើង​ទុក​ក្នុ​ងបាវ​​លាក់​ក្បែរ​​ទ្រុង​​មាន់ បន្ទាប់​មក​​គេ​បាន​ជិះ​ម៉ូតូ​​ចេញ​ពី​ផ្ទះ​ប្រុង​គេច​ខ្លួន​ ​ក៏​ត្រូវ​កម្លាំង​ប៉ូលិស​ចាប់​ខ្លួន​តែ​ម្តង ។

​ប្រភព​ដ​ដែល​​បាន​បន្ត​ទៀត​ថា ​ក្រោយ​ពេល​​ចាប់​ខ្លួន ​​​ប៉ូលិស​បាន​​នាំ​ជន​នោះ​ទៅ​យក​កាំភ្លើង​​ដែល​លួច​បាន​ ហើយ​​បាន​ប្រទះ​ឃើញ​មាន​កាំភ្លើង​​១​​ដើម​ផ្សេង​ទៀត​ម៉ាក AK ដែរ ប៉ុន្តែ​​​កាត់​កាណុង​ដែល​ជន​នោះ​លាក់​ទុក​យូរ​មក​ហើយ​ទុក​សម្រាប់​ធ្វើ​សកម្ម​ភាព​ផ្សេងៗ ។

ក្រោយ​​ពេល​ចាប់​ខ្លួន​ជន​នោះ​បាន​សារ​ភាព​ថា ខ្លួន​ធ្វើ​តាម​បញ្ជា​ពូ​របស់​​​ខ្លួន​ឈ្មោះ​ឌី​សារ័ត្ន អាយុ​៣១​ឆ្នាំ ដែល​​កំពុង​ជាប់​គុក​នៅ​​ឡើយ​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត ។ ​កាល​ពី​ខ្លួន​នៅ​ជាប់​គុក​ ពូ​របស់​ខ្លួន​បាន​ប្រាប់​ឱ្យ​ខ្លួន​លួច​កាំភ្លើង​ប៉ូលិស​​ខាង​លើ​យក​ទៅ​​លក់​ ហើយ​ពេល​ចេញ​មក​វិញ​ខ្លួន​ និង​បក្ស​ពួក​ម្នាក់​​ទៀត​ក៏​ធ្វើ​សកម្ម​ភាព​លួច​តែ​ម្តង​ ដោយ​ឈ្មោះ​​ម៉ន ផាន់​ណា ​ជា​អ្នក​​ធានា​យក​ទៅ​ល​ក់ ​ទោះ​បី​ជា​បែប​ណា​ជន​នេះ​មិន​បាន​និយាយ​ថា ប៉ុន​ប៉ង​សម្លាប់​មេ​ភូមិ​ និង​មេ​ប៉ុស្តិ៍​នោះ​ឡើយ។

មន្ត្រី​​ប៉ូលិស​​និយាយ​ថា ការ​ចាប់​ខ្លួន​ជន​នេះ​បាន​គឺ​​ជា​សំណាង​មួយ​ហើយ​ ព្រោះ​ជន​នោះ​មាន​គំនុំ​ក្នុង​ខ្លួន​ប្រុង​​បាញ់​សម្លាប់​មេ​ភូមិ និង​មេ​ប៉ុស្តិ៍​​ឃុំ​ដំណាក់​អំពិល ប៉ុន្តែ​​បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ​ពី​សំណាក់​​​មេ​ប៉ុស្តិ៍​ និង​កម្លាំង​​ប៉ូលិស​​ស្រុក​អស់​ពេញ​១​យប់ ទើប​ព្រឹក​ឡើង​​​ឈាន​ដល់​ការ​ចាប់​ខ្លួន​តែ​ម្តង ហើយ​ពេល​នេះ​ជន​ខាង​លើ​ជាប់​ចោទ​ពី​រ​ករណី​ គឺ​ចោរ​កម្ម​លួច​កាំភ្លើង និង​លាក់​កាំភ្លើង​​ទុក​ខុស​ច្បាប់ ៕