ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំដោះ​តំណាង​ក្នុង​តុលាការ​ អ្នកភូមិ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច

12 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​ក្រុមប្រជាកសិករ​ប្រហែល​ជាង៥០នាក់ បានផ្លោះរបងដែក​សម្រុក​ចូលក្នុងបរិវេណតុលាការ​ខេត្តកាល​ពី​ វេលាម៉ោង៦ល្ងាចថ្ងៃទី១៩ ធ្នូ ដើម្បីរំដោះ​តំណាង​ពួកគេពីរនាក់ចេញពីក្នុងរថយន្ត សមត្ថ​កិច្ច​ ខណៈបំរុង​នាំ​ខ្លួនទៅឃុំខ្លួនក្នុងពន្ធនាគារ ក្រោយពីបញ្ចប់ការសួរនាំរបស់លោកចៅក្រម​ ស៊ើបសួរដែលពាក់ព័ន្ធក្នុងសំណុំរឿងដីធ្លីមួយ

ខេត្តបាត់ដំបង ៖ ​ក្រុមប្រជាកសិករ​ប្រហែល​ជាង៥០នាក់ បានផ្លោះរបងដែក​សម្រុក​ចូលក្នុងបរិវេណតុលាការ​ខេត្តកាល​ពី​វេលាម៉ោង៦ល្ងាចថ្ងៃទី១៩ ធ្នូ ដើម្បីរំដោះ​តំណាង​ពួកគេពីរនាក់ចេញពីក្នុងរថយន្ត សមត្ថ​កិច្ច​ ខណៈបំរុង​នាំ​ខ្លួនទៅឃុំខ្លួនក្នុងពន្ធនាគារ ក្រោយពីបញ្ចប់ការសួរនាំរបស់លោកចៅក្រម​ស៊ើបសួរដែលពាក់ព័ន្ធក្នុងសំណុំរឿងដីធ្លីមួយ
កន្លែងនៅក្នុងឃុំត្រែង ស្រុករតនមណ្ឌលជា​មួយ​មន្រ្តីយោធាថ្នាក់ឧត្តមសេនីយ៍ម្នាក់។

ក្រុមប្រជាពលរដ្ឋបានប៉ះទង្កិចជាមួយកម្លាំង​សមត្ថកិច្ចនៅពេលព្យាយាមរំដោះតំណាងពួកគេ​ចេញពីក្នុងរថយន្តដែលនាំឱ្យមានមនុស្សមួយចំនួនរងរបួសរាប់ទាំងសមត្ថកិច្ចផង ។ មន្រ្តីនគរ​បាលនិយាយ​ថា តំណាងប្រជាពលរដ្ឋចំនួន​ពីរ​នាក់​ត្រូវ​បាន​ចៅក្រមស៊ើបសួរលោកយាប់ មេត្តា សម្រេច​ចេញ​ដីកាឱ្យសមត្ថកិច្ចនាំទៅឃុំខ្លួន​ជាបណ្ដោះអាសន្នក្នុងពន្ធនាគារក្រោយពីបញ្ចប់​ការសួរនាំដែលពាក់ព័ន្ធក្នុងសំណុំរឿងដីធ្លី ខណៈដែល​ក្រុមអ្នកស្រុកជាង៥០នាក់កំពុង​រង់​ចាំតំណាងពួកគេយ៉ាងអន្ទះសានៅខាងមុខតុលា​ការ។ 

សមត្ថ​កិច្ចបញ្ជាក់ថា នៅពេល​កម្លាំងសមត្ថ​កិច្ចនាំតំណាងពួកគេទាំងពីរនាក់ចូលក្នុង​រថយន្ត ស្រាប់តែក្រុមប្រជាពលរដ្ឋទាំង​ប្រុសទាំង​ស្រី​នាំគ្នាផ្លោះរបងសម្រុកចូលក្នុងបរិវេណ​តុលា​ការបើកទ្វាររថយន្តទាញតំណាងពួកគេ​ចេញ​ពីក្នុងរថយន្តដែលជាហេតុនាំឱ្យមានការប្រទាញ​​ប្រទង់គ្នាយ៉ាងតឹងតែងយកឈ្នះចាញ់ជា​មួយសមត្ថកិច្ច ។ ក្រុម​អ្នកតវ៉ាបាន​អូសដៃ​តំណាងពួកគេចេញពីក្នុងរថ​យន្តដោយ​អូស​ទៅជាមួយនូវជនសង្ស័យបង្ករបួស​ស្នាម​ដាច់ដោយឡែកមួយករណីទៀតដែល​ដាក់​ខ្នោះដៃជាប់គ្នានៅក្នុងរថយន្ត ហើយ​រត់​រួច​បាត់​ទាំងខ្នោះជាប់ដៃ។
សាក្សីដែលឃើញផ្ទាល់ភ្នែកបាននិយា​យ​​ថា ក្នុងគ្រាសមត្ថកិច្ចកំពុង​ប្រវាយប្រតប់​គ្នា​ជាមួយប្រជាពលរដ្ឋដណ្ដើមអ្នកទោសដីធ្លី​នៅក្នុងបរិវេណតុលាការ ។ នៅ​ខាងក្រៅរបង​ខាងមុខតុលាការឯណោះវិញ ក្រុម​សមត្ថ​កិច្ច​រាប់សិបនាក់ ក៏កំពុងប្រយុទ្ធគ្នាយ៉ាងស្វិត​ស្វាញ​ផងដែរ ដែលមើលទៅស្ថិត​ក្នុងស្ថាន​ភាព​ដ៏​អាក្រក់មើលបំផុត ។  ភាគីប្រជាពលរដ្ឋមួយ​ចំនួនបានរងរបួស ឯ​ភាគីសមត្ថកិច្ចវិញ​ក៏រង​របួសខ្លះដែរ ប៉ុន្តែ​ក្រោយ​ពីក្រុមបាតុករ​វាយ​ដណ្ដើមបានតំណាងពួកគេទាំង​ពីរនាក់​នោះ​រួចមក ក្រុមសមត្ថកិច្ចក៏បាន​ចាប់​ខ្លួន​ប្រជាពល​រដ្ឋបានម្នាក់វិញ ក្នុងគ្រាប៉ះទង្គិចគ្នាដែល​សមត្ថ​កិច្ចបានចោទថា បុរស​នោះបានប្រើកណ្ដាប់​ដៃ​វាយ​គ្មានប្រណីទៅលើក​ពួកខ្លួន ។

ការប្រទូស្តរ៉ាយគ្នារវាងសមត្ថកិច្ច និង​ក្រុម​ប្រជាពលរដ្ឋនេះ ត្រូវគេនិយាយថា មាន​រយៈ​ពេលជិតមួយម៉ោង ទើបស្ងប់បន្តិចដោយ​សារ​តែមានការសម្របសម្រួល​ពី​លោក​នួន សាន តំណាងអយ្យការអមសាលាដំបូងខេត្ត និង​លោក​នៅ យ៉ារ័ត្ន ប្រធានតុលាការខេត្ត។ លោក​នួន សាន និងលោកនៅ យ៉ារ័ត្ន បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅ​ឋាន​សិន​ហើយ​លោកក៏ប្រាប់ដល់ក្រុមអ្នកភូមិដែរថា នឹងដោះស្រាយគ្នានៅថ្ងៃទី២០ ធ្នូ ទៀត ប៉ុន្តែ​តម្រូវ​​ឱ្យក្រុមប្រជាពលរដ្ឋដាក់ពាក្យធានា​តាម​ផ្លូវច្បាប់ ដើម្បីសុំធានាពលរដ្ឋម្នាក់ដែលសមត្ថ​កិច្ចចាប់ខ្លួននោះឱ្យមានសេរីភាពវិញ។

តំណាងប្រជាពលរដ្ឋចំនួន៤នាក់ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួននោះរួមមាន១-ឈ្មោះសឿង ពិសី ភេទប្រុស អាយុ៣៩ឆ្នាំ ២-ឈ្មោះស្រី ណាន់ ភេទប្រុស អាយុ៣១ឆ្នាំ ៣-​ឈ្មោះយ៉ន គឹមអុន ភេទប្រុស អាយុ៤២ឆ្នាំ និង៤-ឈ្មោះអីុវ ឃាង ភេទស្រី អាយុ៤៧ឆ្នាំ ប៉ុន្តែមានតែឈ្មោះយ៉ន គឹម អុន និង​ឈ្មោះ​អីុវឃាង ពីរ​នាក់ប៉ុណ្ណោះ ដែលទើបបានចូល​ទៅបំភ្លឺជូន​ចៅក្រមស៊ើបសួរ ហើយក៏ត្រូវ​ឃុំ​ខ្លួនតែម្ដងដែល​ពួកគេទាំង៤​នាក់​ត្រូវ​បានចោទពីបទ​«រំលោភ​អចលនវត្ថុអ្នកដទៃ»។ ដោយឡែកប្រជាពលរដ្ឋម្នាក់ដែលត្រូវសមត្ថ
កិច្ចចាប់ខ្លួនពេលប៉ះទង្គិចគ្នានោះឈ្មោះភឿន សុខេន ភេទ​ប្រុស អាយុ៣២ឆ្នាំ។

ជនសង្ស័យទាំង៤នាក់នេះតំណាងឱ្យប្រជាកសិករចំនួន៤៣គ្រួសាររស់នៅភូមិគីឡូ៣៨ ឃុំ​ត្រែង ស្រុករតនមណ្ឌល បានរងការចោទ​ប្រកាន់ពីដើមបណ្ដឹងឈ្មោះកែវ សារ៉ាន់ ជា​មន្រ្តីយោធាថ្នាក់ឧត្ដមសេនីយ៍ ប៉ុន្តែ​ជំនួស​មុខ​មន្រ្តីនេះដោយបុរសម្នាក់ឈ្មោះហ៊ុន សារ៉េត ។ បើយោងតាមបណ្ដឹងរបស់​មន្រ្តី​យោធានោះ​ថា ក្រុមប្រជាពលរដ្ឋបាន​រំលោភ​យកដី​របស់​ខ្លួនអស់ចំនួន១៣០ហិកតានៅចំណុចភ្នំតាទ្រូ ក្នុងភូមិគីឡូ៣៨ ឃុំត្រែងដែល​បាន​ប្រព្រឹត្ត​ក្នុង​អំឡុងឆ្នាំ២០០៦ ប៉ុន្តែ​ដើមបណ្ដឹងរូបនេះ ទើបតែដាក់ពាក្យប្ដឹង​ចោទ​ប្រកាន់ប្រជាពល​រដ្ឋនៅក្នុងខែកក្កដា ឆ្នាំ​២០១១ នេះ ។ មិនអាច​ទំនាក់ទំនងសុំការបំភ្លឺ​បន្ថែមពីភាគីដើម​បណ្ដឹង​បានទេ នៅព្រឹក​ថ្ងៃទី​២០ ធ្នូ ប៉ុន្តែលោកនួន សាន តំណាង​អយ្យ​ការបានពន្យល់អំពីបញ្ហាដី​នេះប្រាប់​ប្រជាពលរដ្ឋថា នៅក្នុងបណ្ដឹងនេះ​គឺភាគី​ដើមបណ្ដឹងមានឯកសារស្របច្បាប់​ក្នុង​ការកាន់កាប់​ដីនោះ។

មន្រ្តីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្ស អាដហុកខេត្តបាត់ដំបង លោកយិន ម៉េងលី ប្រាប់កោះសន្តិភាពកាលពីព្រឹកថ្ងៃទី២០ ធ្នូ​ថា ភាគីដើមបណ្ដឹងមិនមានឯកសារ​គ្រប់គ្រាន់​ក្នុងការកាន់កាប់ដីនោះទេ ពិតមែនតែភាគីប្រជា​ពលរដ្ឋគ្មានឯកសារពាក់ព័ន្ធនឹងដីនោះក្ដី។ ដើម​បណ្ដឹងមានតែពាក្យ​ស្នើសុំ​កាន់កាប់ និងប្រើ​ប្រាស់ដីនោះប៉ុណ្ណោះ​ ដែល​ដាក់​ជូនតុលាការ ឯភាគីប្រជាពលរដ្ឋជាអ្នក​កាន់កាប់ និងបង្ក​បង្កើន​ផលដីនោះតាំងពីអំឡុង​ឆ្នាំ១៩៩៧​រហូតមក ខណៈដែលភាគីដើម​បណ្ដឹង​មិនដែល​ប៉ះពាល់លើដីនោះសោះ ។ ដូច្នេះ​តុលា​ការមិន​គប្បីទទួលចាត់ការលើករណីនេះពីបទព្រហ្ម​ទណ្ឌ​ឡើយ ដែលគួរតែរកឱ្យឃើញថា តើ​អ្នកណាជាម្ចាស់កម្មសិទ្ធិដីនេះពិតប្រាកដសិន ដោយបានបន្ថែមថា គោលការណ៍ច្បាប់លោក​ចៅក្រមត្រូវតែអង្កេតទាំងដោះបន្ទុក ទាំងដាក់​បន្ទុកមិនគប្បីប្រញាប់ពេកទេ​ ក្នុងការចាប់​ប្រជាពលរដ្ឋដាក់គុក គួរតែផ្ដល់លទ្ធភាព​ឱ្យ​ពួកគាត់បង្ហាញសាក្សី និងភស្ដុតាង​ដែល​ពាក់​ព័ន្ធលើករណីដីធ្លីនេះសិន ទើបប្រសើរ ពីព្រោះ​ពួកគាត់មានសាក្សីជាច្រើនចាំបំភ្លឺ។

ករណីវិវាទដីធ្លីនៅក្នុងខេត្តបាត់ដំបងបានស្ងប់ស្ងាត់មួយរយៈកន្លងមក ប៉ុន្តែជម្លោះនេះ​ហាក់​​ដូចជាកំពុងផ្ទុះឡើងវិញនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១១នេះ ។ បើគ្រាន់តែរយៈពេលជាង​កន្លះ​ខែកន្លងមកនេះ មានការផ្ទុះរឿងដីធ្លីធំៗចំនួន៤​លើកផ្ទួនៗគ្នា ដែលជម្លោះ​នេះ​ឈាន​ដល់​ការ​ប្រើប្រាស់កាំភ្លើងបាញ់របួសមនុស្សទៀត​ផង  ។

ការផ្ទុះជម្លោះដីធ្លីដំបូងសម្រាប់ខែនេះនៅថ្ងៃទី៦ ធ្នូ នៅក្នុងភូមិបឹងក្រឡ ឃុំអំពិលប្រាំដើម ស្រុកបវេល រវាងប្រជាពលរដ្ឋ​និងកម្លាំង​សមត្ថ​កិច្ចដែលចុះការពារគ្រឿងចក្រឈូសផ្លូវក្នុងដី
សម្បទានសង្គមកិច្ចរបស់រដ្ឋ។ ការ​ប៉ះ​ទង្គិច​នោះបណ្ដាលឱ្យប្រជាពលរដ្ឋម្នាក់ និងមន្រ្តី​ប៉េអឹមម្នាក់រងរបួស ហើយប្រជាពលរដ្ឋ​បាន​វាយរឹបអូសយកកាំភ្លើងវែងខ្លីពីកម្លាំង
ប៉េ​អឹម​បានចំនួនបីដើម កម្ទេចគ្រឿងចក្រពីរ​គ្រឿង រថយន្តពីរគ្រឿង និងសម្ភារមួយចំនួន​ទៀត ។

ការផ្ទុះលើកទីពីរនៅថ្ងៃទី៩ ធ្នូ នៅភូមិ​អូរ​គគីរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន រវាង​ប្រជា​ពលរដ្ឋ និងក្រុមហ៊ុនសួនមានសម្បត្តិ ដែល​សមត្ថកិច្ចការពារដីក្រុមហ៊ុននេះចាប់​ប្រជា​ពល​រដ្ឋចំនួនពីរនាក់យកទៅវាយដំឡើងទ្រមខ្លួន ។

ការផ្ទុះលើកទីបីនៅថ្ងៃទី១២ ធ្នូ នៅ​ភូមិ​បុស្ស​ស្អំ ឃុំចក្រី ស្រុកភ្នំព្រឹក រវាងក្រុម​ប្រជា​ពលរដ្ឋនិងក្រុមហ៊ុនសួនមានសម្បត្តិ​ដដែលទៀត ដែលកម្លាំងប្រដាប់អាវុធការពារដីឱ្យក្រុមហ៊ុន​នេះបានប្រើប្រាស់កាំភ្លើងអាកាបាញ់ទៅលើអ្នក​ភូមិបណ្ដាលឱ្យរងរបួស៣នាក់ ក្នុងគ្រាដែល​ក្រុមអ្នកភូមិលើកគ្នាទៅរារាំងគ្រឿងចក្ររបស់​ក្រុមហ៊ុនដែលពួកគាត់អះអាងថា ឈូស​រំលោភ​យកដីរបស់ពួកគាត់។

ដោយឡែកក្នុង​ករណី​លើកទី៤នេះ ផ្ទុះ​ជម្លោះនៅខាងមុខតុលា​ការ​ខេត្តតែម្ដង​នៅ​ល្ងាចថ្ងៃទី១៩ ធ្នូ រវាង​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋដោយសារ​តែ​តុលា​ការសម្រេច​ឃុំខ្លួនតំណាងពួកគេចំនួនពីរនាក់​ពាក់​ព័ន្ធ​ក្នុងសំណុំរឿងដីធ្លីដែរ ។ ទោះបីជា​បែប​ណា​​ក្តី បើគិតត្រឹមម៉ោង១២ថ្ងៃត្រង់​ថ្ងៃទី​២០ ធ្នូ​ ក្រុម​កសិករដែលតវ៉ានៅមិនទាន់​ចាក​ចេញពី​ខាង​មុខតុលាការនៅឡើយទេ ព្រោះ​ពួក​គេទាមទារ​ឱ្យដោះលែងពលរដ្ឋម្នាក់ដែលបានចាប់ខ្លួន​ក្នុងគ្រាដែលប៉ះទង្គិចជាមួយសមត្ថកិច្ច​កាល​ពីយប់ ៕