រាជធានីភ្នំពេញ ៖ លោកគិត សុផា អភិបាលខណ្ឌដង្កោ បានធ្វើការដាស់តឿនជាចំហដោយនិយាយពិតនិយាយត្រង់ដល់មន្ត្រីប៉ូលិសតាមបណ្តាប៉ុស្តិ៍នានាទូទាំងខណ្ឌ ចំពោះអ្នកដែលធ្លាប់មានការពាក់ព័ន្ធជាមួយក្រុមជួញដូរ ឬចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដូចជាការយកលុយកាក់ពីអ្នកទាំងនោះត្រូវតែភ្ញាក់រលឹកឡើង បំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួនជាសមត្ថកិច្ចឡើងវិញ និងបង្ក្រាបក្រុមជនទុច្ចរិតគ្រឿងញៀននោះឱ្យអស់ដើម្បីយកស្នាដៃ។ ប្រសិនបើមិនមានការភ្ញាក់រលឹក ហើយនៅតែបណ្តោយខ្លួនឱ្យមានការពាក់ព័ន្ធនឹងជនខាងលើទៀត នោះនឹងត្រូវចាប់ខ្លួនដោយគ្មានការលើកលែង ដូចជនទាំងនោះដែរ។
លោកគិត សុផា បានមានប្រសាសន៍ដាស់តឿនបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារឆ្នាំ២០១០ និងទិសដៅឆ្នាំ២០១១ របស់រដ្ឋបាលខណ្ឌដង្កោ ដែលបានធ្វើកាលពីល្ងាចថ្ងៃទី៤ មីនា ឆ្នាំ២០១១ នៅសាលប្រជុំធំសាលាខណ្ឌ។ អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនោះមានលោកអភិបាលរងខណ្ឌ មន្ត្រីការិយាល័យជុំវិញខណ្ឌ លោកចៅសង្កាត់ ចៅសង្កាត់រង កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមេភូមិគ្រប់ភូមិក្នុងខណ្ឌ។
នៅក្នុងឱកាសនោះ លោកចៅសង្កាត់ ចៅសង្កាត់រង ព្រមទាំងមន្ត្រីការិយាល័យជំនាញជុំវិញខណ្ឌ បានឡើងធ្វើបទអន្តរាគមន៍លើរបាយការណ៍លទ្ធផលអនុវត្តការងារនៅក្នុងសង្កាត់ និងការិយាល័យរបស់ខ្លួនរាយការណ៍ដល់អង្គប្រជុំទាំងមូលបានដឹង ជាពិសេសលទ្ធផលហេដ្ឋាចរនាសម្ព័ន្ធ និងសន្តិសុខសណ្តាប់ធ្នាប់។ បន្ទាប់ពីចប់បទអន្តរាគមន៍របស់អាជ្ញាធរសង្កាត់ និងមន្ត្រីការិយាល័យនានារួចមក លោកគិត សុផា បានមានមតិបូកសរុបបិទអង្គប្រជុំដោយលើកឡើងពីចំណុចសំខាន់ៗជាច្រើន ក្នុងនោះអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការដាស់តឿនដល់សមត្ថកិច្ចប៉ូលិសដែលធ្លាប់មានការពាក់ព័ន្ធជាមួយក្រុមជួញដូរគ្រឿងញៀន គួរតែឆាប់ភ្ញាក់រលឹក។ មិនតែប៉ុណ្ណោះ លោកបានណែនាំដល់លោកចៅសង្កាត់ រួមជាមួយស្មៀនសង្កាត់ និងមេភូមិទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានហ្មត់ចត់លើការងារអត្រានុកូលដ្ឋាន។
លោកអភិបាលខណ្ឌថ្លែងថា ពេលនេះយុទ្ធនាការបង្ក្រាបក្រុមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានធ្វើឡើងគ្រប់ទីកន្លែងទាំងអស់ ហើយមានការចាប់ខ្លួនជនជាអ្នកប្រព្រឹត្តជាច្រើននាក់។ មិនតែប៉ុណ្ណោះ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនជនទាំងនោះបានឆ្លើយថា មានប៉ូលិសប៉ុស្តិ៍ ឬប៉ូលិសខណ្ឌតែងតែយកលុយពួកគេ ដែលប្រការនេះតុលាការអាចចេញដីកាចាប់ខ្លួនបាន។ ប៉ុន្តែតុលាការបានទុកឱ្យប៉ូលិសទាំងនោះកែខ្លួន ភ្ញាក់រលឹកដោយខ្លួនឯង និងត្រូវតែចាប់បង្ក្រាបក្រុមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនទាំងនោះ ព្រោះបានស្គាល់មុខអស់ហើយ។
លោកអភិបាលខណ្ឌបន្តទៀតថា ដូច្នេះអ្នកជាប់ពាក់ព័ន្ធទាំងឡាយគួរតែភ្ញាក់រលឹក និងបំពេញតួនាទីជាប៉ូលិសឱ្យបានត្រឹមត្រូវ ប្រសិនបើមិនព្រមកែខ្លួនទេនឹងត្រូវចាប់ខ្លួនដូចអ្នកជួញដូរទាំងនោះដែរហើយ។ ដោយឡែកលោកចៅសង្កាត់ ស្មៀន និងមេភូមិទាំងអស់គួរតែពង្រឹងឡើងវិញលើការងារអត្រានុកូលដ្ឋាន ជាពិសេសមុននឹងបញ្ជាក់ពីនរណាម្នាក់នៅលីវឱ្យគេទៅរៀបការត្រូវពិនិត្យតាមដានឱ្យបានហ្មត់ចត់បំផុត ចៀសវាងបញ្ជាក់ខុស។ ថ្មីៗកន្លងមកនេះខុសម្តងហើយ ដោយសារអាជ្ញាធរសង្កាត់កាកាប និងមេភូមិតាងួន បញ្ជាក់ខុសឱ្យបុរសម្នាក់មានកូនដល់ទៅ៣នាក់ ហើយចុះចោលប្រពន្ធ និងកូនមករៀបការប្រពន្ធថ្មីដោយមិនទាន់មានការលែងលះគ្នា ធ្វើឱ្យប្រពន្ធ និងកូនមកតវ៉ាដល់រោងការ និងធ្វើឱ្យកើតមានវិប្បដិសារីខ្លាំងណាស់ ដែលនេះគឺជាការធ្វេសប្រហែសបំផុត ៕
ចែករំលែកព័តមាននេះ