ខេត្តបន្ទាយមានជ័យ ៖ ផ្ទះស្បូវមួយខ្នងទំហំបណ្តោយ៦ម៉ែត្រ និងទទឹង៤ម៉ែត្រ បានក្លាយទៅជាចំណីព្រះអគ្គីទាំងព្រលឹមអុរ រួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះត្រូវភ្លើងឆេះអស់គ្មានសល់។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០១១ នៅភូមិអូរ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ។
តាមប្រភពព័ត៌មានពីលោកអនុសេនីយ៍ទោ ប៊ុត ជឿន នាយប៉ុស្តិ៍ទានកាំ បានឱ្យដឹងថា ម្ចាស់ផ្ទះដែលរងនូវអគ្គីភ័យឆាបឆេះនេះឈ្មោះទេព យ៉េង ជាបុរសពោះម៉ាយ អាយុ៥៩ឆ្នាំ នៅភូមិអូរ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ។ ប្រភពបន្តថា មុនពេលកើតហេតុនៅព្រឹកនោះម្ចាស់បានដុតភ្លើងកំដៅខ្លួននៅក្បែរផ្ទះ ព្រោះតែរងា ក្រោយពីកំដៅខ្លួនរួច ម្ចាស់ឈ្មោះទេព យ៉េង បានដើរចេញដោយពុំបានពន្លត់ភ្លើងឱ្យរលត់ទេ គឺដើរទៅមើលសន្ទូចដែលដាក់នៅក្រៅភូមិ ស្របពេលនោះ មានខ្យល់បក់បោកខ្លាំង ធ្វើឱ្យផ្កាភ្លើងរសាត់ទៅប៉ះនឹងជញ្ជាំងស្បូវក៏បណ្តាលឱ្យឆាបឆេះផ្ទះអស់មួយខ្នង រួមទាំងសំភារប្រើប្រាស់ និងប្រាក់ចំនួន២០ម៉ឺនរៀល អង្ករ១០០គីឡូក្រាម និងមុង ភួយ រួមទាំងចានឆ្នាំង អស់គ្មានសល់។
លោកអនុសេនីយ៍ឯក កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ទាក់ទិនហេតុការណ៍កើតមានអគ្គីភ័យនេះ គឺបណ្តាលមកពីម្ចាស់ផ្ទះមានការធ្វេសប្រហែស នេះសំណាងល្អ ហើយដែលអណ្តាតភ្លើងមិនឆ្លងទៅប៉ះពាល់ដល់ផ្ទះអ្នកជិតខាងនោះ។ លោកបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសុំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការដុតភ្លើង ព្រោះរដូវនេះជារដូវហួតហែង ហើយមួយរយៈនេះមានធ្លាក់ខ្យល់ផង វាងាយនឹងកើតមានអគ្គីភ័យណាស់ ប្រសិនជាខ្វះការប្រុងប្រយ័ត្ននោះ ។ ពិសេសការដុតភ្លើងទៀន ធូបនាពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ មុនពេលដើរកំសាន្តទៅណាមកណា ពន្លត់ភ្លើងទៀន-ធូប និងភ្លើងចង្ក្រានឱ្យរលត់អស់ជាមុនសិន ទើបជាការប្រសើរចៀសវាងភយន្តរាយកើតឡើងជាយថាហេតុ ៕
ចែករំលែកព័តមាននេះ