ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​រង​​គ្រោះ​ដោយ​ទឹក​ជំនន់​ទទួល​ជំនួយ​សង្គ្រោះពី​អង្គការ​ IOM

12 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ អង្គការ​​អន្តរជាតិ​ទេសន្តរ​ប្រវេសន៍​ (IOM) គឺ​ជា​អង្គការ​មួយ​ក្នុងចំណោម​​អង្គការ​ជា​ច្រើន​ដែល​ជា​ដៃ​គូ​​របស់​រាជ​ រដ្ឋា​ភិ​បាល​ និង​កំ​ពុង​អនុ​វត្ត​គម្រោង​ជំ​នួយ​​សង្គ្រោះ​​បន្ទាន់​ ដោយ​សហការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ និង​គណៈ​កម្មាធិ​កា​រ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​ព្រៃ​វែង​ ខេត្ត​ស្វាយ​រៀង​ និង​ខេត្ត​កំពង់​ចាម​ ក្រោម​ការ​ឧ​បត្ថម្ភ​ថវិកាពី​មូលនិធិ​

ខេត្ត​ព្រៃ​វែង​ ៖ អង្គការ​​អន្តរជាតិ​ទេសន្តរ​ប្រវេសន៍​ (IOM) គឺ​ជា​អង្គការ​មួយ​ក្នុងចំណោម​​អង្គការ​ជា​ច្រើន​ដែល​ជា​ដៃ​គូ​​របស់​រាជ​រដ្ឋា​ភិ​បាល​ និង​កំ​ពុង​អនុ​វត្ត​គម្រោង​ជំ​នួយ​​សង្គ្រោះ​​បន្ទាន់​ ដោយ​សហការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ និង​គណៈ​កម្មាធិ​កា​រ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​ព្រៃ​វែង​ ខេត្ត​ស្វាយ​រៀង​ និង​ខេត្ត​កំពង់​ចាម​ ក្រោម​ការ​ឧ​បត្ថម្ភ​ថវិកាពី​មូលនិធិ​ឆ្លើយ​តប​គ្រោះមហន្ត​រាយ​ជា​បន្ទាន់​របស់​អង្គការ​សហប្រជា​​ជាតិ​ ។

សម្រាប់​ខេត្ត​ស្វាយ​រៀង​ អង្គ​ការ​នេះ​បាន​ផ្តល់ដល់ប្រ​ជា​ពល​រដ្ឋ ​ក្នុង​ស្រុក​ស្វាយ​ជ្រំ​ ចំនួន​ ១.៤០០គ្រួសារ ខេត្ត​ព្រៃ​វែង ​ក្នុង​ស្រុក​ពាម​រក៍៨០០​គ្រួសារ​ ស្រុកកំ​ពង់​លាវ ១.០០០​គ្រួសារ​​ និង​ខេត្ត​កំ​​ពង់​ចាម​ ក្នុង​ស្រុក​កង​មាស​ និង​ស្រុក​ស្រី​សន្ធរ​ចំនួន១.៨០០គ្រួសារ​ សរុប​ចំនួន ៥.០០០​គ្រួសារ​ ដែល​ក្នុង​មួយ​គ្រួសារ​ៗទទួល​បាន​ តង់​ដំ​បូល​១ តង់​ក្រាល​ដី​១ កូន​ឈើ​៣​ដើម ខ្សែ​មួយ​ដុំ កាំ​បិត​ផ្គាក់​១ កូន​កាំ​បិត​មួយ​ ចប​កាប់​១  ចប​ជីក​១ រណា​រដៃ​១ ញញួរ​១ ពូ​ថៅ​មួយ​ និង​ចង្ក្រានដី​១​ ។

ដោយ​ឡែក​នៅស្រុក​ពាម​រក៍ ខេត្ត​ព្រៃ​វែងនា​ថ្ងៃ​ទី​១៣ ​ធ្នូ​ នៅ​ក្នុង​បរិ​វេណ​វត្តឧត្តម​ខេម​រា​រាម​ ហៅ​វត្ត​ឧត្តម​សមា​គម​ ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ “ក” គឺ​ជា​ថ្ងៃ​ទី​​៣​ហើយ​ ដែល​អង្គការ​អន្តរ​ជាតិ​ទេសន្ត​រប្រ​វេស​ន៍​ បាននាំ​យក​ជំនួយ​សង្គ្រោះ​បន្ទាន់​ទាំ​ង​នោះ​ទៅ​ធ្វើ​ការ​ចែក​ជូ​ន​បង​ប្អូន​ជា​ជន​រង​គ្រោះ​ ​ដោយ​ទឹ​ក​ជំ​នន់​កន្លង​មក​ចំ​នួន​ ៤១០​គ្រួសារ​ មក​ពី​ឃុំ​៤​ គឺ​ឃុំ​អ្នក​លឿង​ ឃុំ​ព្រែក​ខ្សាយ”ក” ឃុំ​ព្រែក​ខ្សាយ​”ខ” និង​ឃុំ​បន្លិច​ប្រា​សាទ​ ។ ចូល​រួម​ក្នុងពិ​ធីនោះមាន​លោក ម៉ុក​​ ធា​រី​ អភិ​បាល​រង​ខេត្ត​ លោក សៅ​ ប្រ​សិដ្ឋ អភិ​បាល​ស្រុក​​ពាម​រក៍ លោក ប្រ៊ុយ​ណូ ម៉ាតូ​នី ប្រធា​ន​អង្គការ​ IOM និង​សហការីជា​ច្រើនរូប​ទៀត ក្រុម​​ប្រឹក្សា​ស្រុក គ​ណៈ​អ​ភិ​បាល​​ស្រុក​​ មន្ត្រី​សាលា​ស្រុក លោក​មេ​ឃុំ​ ក្រុម​ប្រឹក្សាឃុំ មេ​ភូមិ​ កង​កម្លាំង​ប៉ុស្តិ៍​រដ្ឋ​បាល​មូល​ដ្ឋាន​ និង​បង​ប្អូ​ន​ពលរដ្ឋ​រង​គ្រោះ​ចំនួន ៤១០​គ្រួសារ​ ។

លោក​ សៅ​ ប្រសិដ្ឋ បាន​​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ និ​ងថ្លែង​អំ​ណរ​គុណ​លោក​​អភិ​បាល​រង​ខេត្ត​ ដែល​បាន​អនុញ្ញាត​ឱ្យ​អង្គការ​IOM ចូល​មក​ជួយ​ដល់​ស្រុក​ពាម​រក៍ដែល​ជា​ស្រុក​មួយ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ទឹក​ជំ​នន់​កន្លង​មក ។ លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ា​ង​ជ្រាល​ជ្រៅ​អង្គការ IOM ​ដែ​ល​បាន​ខិត​ខំ​ស្វះ​ស្វែង​រក​ជំ​នួយ​ពី​សប្បុរស​ជន​នានា​នៅ​ក្រៅ​ប្រ​ទេស​មក​ជួយ​ដល់​ស្រុក​ពាម​រក៍​ ដើម្បី​ជា​ការ​ឆ្លើយ​តប​បន្ទាន់​នូវ​សេច​ក្តី​ត្រូវ​ការ​របស់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​យើង​​ ។ ​លោក​បាន​បញ្ជាក់​​ថា រហួត​មក​ដល់​ថ្ងៃ​ទី​១៣ ធ្នូ​ ២០១១​​ ស្រុក​ពាម​រក៍​បាន​ទទួល​អំ​ណោយ​​និង​ធ្វើ​ការ​​ចែកជ​ូន​ដល់​ដៃ​​ប្រជាពលរដ្ឋ​បានចំនួន​ ១២.៩៩៤​គ្រួសារ​ហើយ ក្នុង​ចំ​ណោម​គ្រួសារ​រួម​​ចំ​នួន​ជាង​ ១៤.០០០​គ្រួសារ​ ហើយ​ក្នុង​នោះ​អំ​ណោយ​បាន​ទទួល​ពី​អង្គ​ការ​ទាំង​ក្នុងនិង​ក្រៅ​រដ្ឋា​ភិ​បាល​មា​ន​ចំ​នួន​ជាង​ ៥.០០០​គ្រួសារ​ ​មាន​ដូច​ជា​អង្គការ World​​​ ​​Food,​ ADRA, IOM, ស្រឡាញ់​កម្ពុជា​,​​​​​​វិទ្យុ​ ABC, WOMEN, កាក​បាទ​ក្រហម​កម្ពុជា​, សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កាក​បាទក្រ​ហម​ និង​អឌ្ឍ​ច័ន្ទ​ក្រហមជា​ដើម​ ។

លោក​ ប្រ៊ុយណូ​ មា៉​តូ​នី បាន​សម្តែ​ង​ក្តី​សប្បាយ​​រីក​រាយ​ ដោយ​ឃើញ​បង​ប្អូ​ន​ដែល​ជា​គ្រួសារ​រង​គ្រោះបាន​មក​ទទួលយក​ជំ​នួយ​សង្គ្រោះ​បន្ទាន់​ផ្ទាល់​ដៃ​ពី​អង្គការ​របស់លោក​ តាម​រយៈ​ការ​ពិនិត្យ​ជ្រើស​រើស​ពី​អា​ជ្ញា​ធរ​មូល​ដ្ឋាន​ ដោយ​ពុំ​​មាន​រើស​អើង​និន្នាការ​នយោ​បាយ​ ពូជ​សាសន៍​ បក្ស​ពួក​និយម​ គ្រួសារ​និយម​ឡើយ​ ។​ ​លោក​ក៏​មាន​កា​រ​សប្បាយ​​ចិត្ត​ ដោយ​ឃើញ​មានការ​ចូលរួម​សហការយ៉ា​ង​សស្រាក់​សស្រាំ​ និង​ជិត​ស្និទ្ធ​បំ​ផុត​ពី​អា​ជ្ញា​ធរ​គ្រប់ជាន់​ថ្នាក់​ កម្លាំ​ង​ប្រដាប់​អា​វុធ​ ព្រម​ទាំង​មាន​ការ​រៀប​រយ​ល្អ​សម​រម្យទៅ​តាម​ស្ថាន​ភាព​ជាក់ស្តែង​របស់​មូលដ្ឋាន ។

លោក​ ប្រ៊ុយណូ​ មា៉​តូ​នី បានបន្តទៀត​ថា ​ព្រៃ​​វែង​គឺ​ជា​​ខេត្ត​ស្ថិតក្នុង​លំដាប់ទី​១​ ជាមួយ​នឹង​ខេត្ត​កំពង់​ធំ​ដែរ​ ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំ​នន់​ធ្ងន់​ធ្ងរ​ជាង​គេ​ ។ ដោយ​ឡែក​មាន​ស្រុក​២​ គឺ​ស្រុក​ពាម​រក៍ និងស្រុក​កំពង់លាវ ដែល​លោក​​មាន​ការ​ចាប់​អារម្មណ៍ខ្លាំង​​ ហើយ​លោក​បាន​ធ្វើ​គម្រោង​ស្នើ​សុំ​ទៅ​មូល​និធិ​ឆ្លើយ​តប​គ្រោះ​មហន្ត​រាយ​ជា​បន្ទាន​់​របស់​អង្គការ​សហ​ប្រជាជាតិ​ (CERF) ដើម្បី​ទិញ​សម្ភារ​ទាំង​អស់​នេះ​មក​ចែក​ជូន​ដល់​បង​ប្អូន​ ។ ទោះ​បី​សម្ភារ​ទាំង​នេះ​ ជា​សម្ភារ​សម្រាប់ជាជម្រក​ក្នុង​ការ​រស់នៅ​លើទួលសុវត្ថិភាព​ពេលទឹក​ជំនន់​នោះ​ក្តី​ ប៉ុន្តែ​ពេល​នេះ គឺ​ទឹក​បាន​ស្រក​ផុត​ទៅ​ហើយ​ ទើប​​យើង​បាន​ធ្វើ​ការ​ចែក​ចាយ​ ទោះ​បីជា​យ៉ាង​ណា​​សម្ភារ​ទាំង​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​បំផុត​សម្រាប់​យើង​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ និង​ប្រើ​ប្រាស់​ស្រប​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ ។

លោក ម៉ុក​ ធារី​ អភិ​បាល​រងខេត្ត​ បាន​កោត​សសើរ​ចំពោះសកម្មភាព​របស់​អង្គ​ការ IOM និង​សហ​ការី​ទាំង​ម្ចាស់​ ព្រម​ទាំង​អស់​ជំ​នួយ​​ ដែល​បាន​ចំ​ណាយ​ធន​ធា​ន​ ថវិកា​យ៉ាង​ច្រើន​ដើ​ម្បី​ជួយ​ដល់​អ្នក​រង​គ្រោះនៅ​ខេត្តព្រៃ​វែង​នា​ពេល​នេះ​ ។ សកម្មភាព​ទាំង​នេះ គឺ​ជា​ការ​ចូលរួម​​រំលែក​ទុក្ខ​លំ​បាក​របស់​រាជ​រដ្ឋា​ភិ​បាល​ ក៏​ដូច​ជា​ខេត្ត ស្រុក​​ ហើយ​នេះ​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​សាម​គ្គី​ភាព​ ពី​ការ​ចូលរួមចែក​រំ​លែក​ និង​ជា​កា​រ​ឆ្លើយ​តប​​តាម​​តម្រូ​វ​ការ​ ក្នុងនាម​ជា​ដៃ​គូ​ដ៏​ល្អ​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល។ ​​លោក​ក៏​បាន​ស្នើ​សុំ​ឱ្យ​អង្គការ IOM ជួយ​បន្ត​សកម្ម​ភាព​របស់ខ្លួន​ និង​ពង្រី​ក​ទៅ​តាម​បណ្តា​ស្រុក​មួយ​ចំ​នួន​ទៀត​ក្នុង​ខេត្ត ៕