ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញឈើធ្វើស្ពាននិងផ្លូវដឹកជញ្ជូនឈើប្រណីត

12 ឆ្នាំ មុន

​ខេត្ត​រតនគិរី ៖ ឈើ​ប្រណីត​​ប្រភេទ​ធ្នង់​​ ​​ដែល​​មាន​មុខ​​កាត់​​ធំៗ កំពុង​​ត្រូវ​​​ឈ្មួញ​​​​​ដឹក​ជញ្ជូន​​​​យ៉ាង​​​អនាធិបតេយ្យ​​​​តាម​រថយន្ត​ ​​​ធុនធំ​​ (រថយន្ត​​អារ៉េវ)​ និង​គោយន្ត​​​ច្នៃ​​​​សម្រុក​​​ចូល​មក​​ស្រុក​អណ្តូង​​​​មាស​និង​​មួយ​ចំនួន ​​​​ទៀត​លួច​លាក់​​​ដឹក​ទៅ​​ប្រទេស​​​​​វៀត​ណាម​​។ ​​ឈើ​ប្រណីត​​​ដែល​គេ​​​​សំរុក​​​ដឹក​នេះ​ ត្រូវ​គេ​​កា.ប់​​ផ្តួល​​រំលំ​​​​ពាស​ពេញ​​ព្រៃ​ស្ថិត​​ក្នុង​ឃុំ​​​​​ម៉ាលិច ​ ​ឃុំ​​តាឡាវ ​​និង​ឃុំ​​ញ៉ាង ក្នុង​ស្រុក​អណ្តូង​​មាស​​​

ខេត្ត​រតនគិរី ៖ ឈើ​ប្រណីត​​ប្រភេទ​ធ្នង់​​ ​​ដែល​​មាន​មុខ​​កាត់​​ធំៗ កំពុង​​ត្រូវ​​​ឈ្មួញ​​​​​ដឹក​ជញ្ជូន​​​​យ៉ាង​​​អនាធិបតេយ្យ​​​​តាម​រថយន្ត​​​​ធុនធំ​​ (រថយន្ត​​អារ៉េវ)​ និង​គោយន្ត​​​ច្នៃ​​​​សម្រុក​​​ចូល​មក​​ស្រុក​អណ្តូង​​​​មាស​និង​​មួយ​ចំនួន​​​​ទៀត​លួច​លាក់​​​ដឹក​ទៅ​​ប្រទេស​​​​​វៀត​ណាម​​។  ​​ឈើ​ប្រណីត​​​ដែល​គេ​​​​សំរុក​​​ដឹក​នេះ​ ត្រូវ​គេ​​កាប់​​ផ្តួល​​រំលំ​​​​ពាស​ពេញ​​ព្រៃ​ស្ថិត​​ក្នុង​ឃុំ​​​​​ម៉ាលិច​ ​ឃុំ​​តាឡាវ ​​និង​ឃុំ​​ញ៉ាង ក្នុង​ស្រុក​អណ្តូង​​មាស​​​ដោយ​​​ពុំ​មាន​ការ​​បង្ក្រាប​ទេ  ។ ជាង​នេះ​ទៅ​​ទៀតតំបន់​​ខ្លះ​​កំពុង​​តែ​​ត្រួស​ត្រាយ​​​​ផ្លូវ​​និង​ធ្វើ​​ស្ពាន​​​​ឆ្លង​​អូរ​ដើម្បី​​ចូល​​ទៅ​​ដឹក​ជញ្ជូន​​ឈើ​ប្រណីត​​​​ទាំងនោះផងដែរ ។

បើ​តាម​​​ប្រភព​​ពី​ស្រុក​​អណ្តូង​​មាស​បង្ហើប​​​ឱ្យ​​ដឹង​ថា ​មេឈ្មួញ​​ធំៗ​មិន​​​ក្រោម​​ពី១៥​​នាក់ឡើយ​​ដែល​ធ្លាប់​​​កាប់​​ឈើ​​ប្រណីត​ប្រភេទ​​​​ធ្នង់​​យ៉ាង​​រង្គាល​​​​នៅ​​ត្រើយ​ម្ខាង​​ទន្លេ​​សេសាន​​ ក្នុង​ឃុំ​​ញ៉ាង​ ហើយ​​​​ត្រូវ​​សមត្ថ​កិច្ច​​​​​​ចម្រុះ​​របស់​​ខេត្ត​​​​រឹប​អូស​​បាន​​​ឈើ​ប្រណីត​​​ជាង​៩០០​​​ម៉ែត្រ​​​គូប ។ កន្លង​ទៅ​ថ្មីៗ​​​​រហូតមក​ដល់​ពេល​​​​នេះ​ឈ្មួញ​មួយ​ចំនួន​កំពុង​​​​រត់​គេច​​​​​ខ្លួន​​ ​ឯមួយ​ចំនួន​ទៀត​​​បង្វែរ​​ទិសទៅ​​សម្រុក​​ចូល​​ទៅ​​​​កាប់​​និង​​ដឹក​ជញ្ជូន​​​ឈើ​​​នៅ​តំបន់​​ដែល​​មិន​​​​ចាំ​បាច់​​​​ឆ្លង​​ទន្លេ​​​សេសានវិញ គឺ​​នៅ​​ក្នុង​​ឃុំ​​ម៉ាលិច​និង​ឃុំ​​​តាឡាវ ។

សកម្មភាព​​ជាក់​ស្តែង​​​​​ ជា​រៀងរាល់​​​​ថ្ងៃ​​ឈើ​​ប្រណីត​​​​​ប្រភេទ​​​​ធ្នង់​ដែល​​​​កំពុង​​សំរុក​​ដឹក​ជញ្ជូន​​​​ខ្លាំង គឺ​​ឃុំ​​តាឡាវ ដែល​ឈ្មួញ​​​​ដឹកជញ្ជូន​​នៅពេល​​យប់​​​ចាប់​ពី​​​​ម៉ោង​​​៩​រហូត​ដល់​​​​ម៉ោង​​១២អធ្រាត្រ​​​ ​។ រថយន្ត​​​​មួយគ្រឿង​​​​អាច​​ផ្ទុក​​​បាន​​ឈើ​​​​ចាប់​ពី​​៥​ម៉ែត្រ​​​គូប​ទៅ​​​៨​ម៉ែត្រ​​​​គូប ហើយ​​​ក្នុង​មួយ​​​យប់​​​មាន​រថយន្ត​​​​​ដឹក​ជញ្ជូន​​​​ចាប់​​ពី​៤​​​​ទៅ​៨​​​គ្រឿង ​​។ ​​ក្នុងរថយន្ត​​​​មួយ​គ្រឿង​ត្រូវ​​​​ម្ចាស់​​​​ប្រាប់​ថា បង់​ជូន​​សមត្ថកិច្ច​​​​​ចំនួន​២០​ម៉ឺន​​​រៀល​​ ក្នុង​មួយ​​ស្ថាប័ន​​​​ហើយ​​មាន​​​ស្ថាប័ន​​​ខ្លះ​​ប្រាប់​ថា  ​​កុំ​ឱ្យ​​​ដឹក​ពេល​​ថ្ងៃ​​ គឺ​ចាំ​ពេល​​​​​​​យប់​​​ជ្រៅ​​​ចាំ​​ដឹកជញ្ជូន​​ ។ ឈើ​ប្រណីត​​​​​ដែល​​កាប់​រាយ​ប៉ាយ​​​មាន​​នៅ​តាម​បណ្តា​​​ចំណុច​​​មួយ​ចំនួន​​​​ដូច​ជា​នៅក្នុង​​ភូមិ​រោង ភូមិ​កាក់ ភូមិ​អុីន​ ភូមិ​ណាកធំ ភូមិ​កាណាកតូច និង​​ឃុំ​​តាឡាវ​​ និង​ភូមិ​​លោម ឃុំ​​ម៉ាលិច ។ ​​ពេល​​បច្ចុប្បន្ន​​​​​ចំណុច​ដែល​​​ជា​ច្រក​​ដឹក​ជញ្ជូន​គឺ​​តាម​​​ផ្លូវ​​លំ​​កាត់ ព្រៃ​​ជ្រៅ​​ដែល​​​​គេ​​​ហៅ​ថា​​​​ច្រក​ទ្វារ​​​អូរតាម៉ូ ក្នុងភូមិ​កាណាកធំ ក្នុង​ឃុំ​តាឡាវ ស្រុក​អណ្តូង​មាស​ ​។ 

សហគមន៍​ជនជាតិ​​​​ភាគ​តិច​​ដែល​​ប្រចាំ​ការ​នៅ​​ទីនោះ​​ក៏​​ចាំអង្គុយ​​​​យក​ប្រាក់​​​ជារៀងរាល់​​ថ្ងៃ​​ដែរ ។  តំណាង​សហគមន៍​​​ប្រាប់​ថា ​ ពួកគាត់​​​ចាំ​យក​ប្រាក់​​ពីរថយន្ត​ដឹក​ឈើ​​​​ប្រណីត​​​​ប្រភេទ ​​​​​ធ្នង់ក្នុង​​​រថយន្ត​​​មួយគ្រឿង​២០​ម៉ឺន​​រៀល ​ដោយ​មាន​​​ដាក់​​របាំង​​ឈើ​​ធ្វើ​ជា​កុងត្រូល​​បើ​ពុំ​​បង់​​ប្រាក់​ ឱ្យពួកគាត់​​​ទេ ពុំ​អនុញ្ញាត​​​ឱ្យ​​​ដឹក​ជញ្ជូន​​ចេញ​ឡើយ ។

តំណាង​សហគមន៍​​នៅទីនោះបន្តទៀត​ថា ​​ឈ្មួញ​​ដឹកឈើ​មានច្រើន​ណាស់ ប៉ុន្តែ​​​​​ពួកគាត់​​​ស្គាល់តែ​ឈ្មោះ​​តាអ៊ី ​​ម្នាក់​ប៉ុណ្ណោះ ​​​ដែលធំជាង​គេ​ក្នុង​​​តំបន់​នោះ ។ ​​គាត់ជា​​​ជនជាតិ​វៀតណាម ​អាយុប្រហែល​​ជាង​​៥០​ឆ្នាំ ​​រស់នៅ​ក្រុងបានលុង​។  ពួក​ឈ្មួញ​​​ដឹកជញ្ជូនឈើ​បានប្រាប់​ពួកគាត់​ថា ​ឈើ​នៅ​​ក្នុងព្រៃ​​​ដែលត្រូវ​​ដឹក​ជញ្ជូន​ឆ្លង​កាត់​​អូរ​តា​​ម៉ូ​នោះ​ពួកគេ​​នឹង​ដឹកជញ្ជូន​​​​​​រហូត​ដល់​​​​ខែ​មករា ​ឆ្នាំ​​​២០១២ ​ទើប​ឈប់​ដឹក​​​ ហើយ​​​​ថៅកែ​ឈ្មោះ​​តាអុី បង់​ប្រាក់​ចំនួន​២លានរៀល ​​ក្នុង​ចំនួន​​​១០ជើង​​​បង់​ម្តង​។

តាម​​ប្រភព​​​​ថា ​ឈើ​​តាអ៊ី ​​​នឹង​លែង​​ដឹកជញ្ជូន​​តាមផ្លូវ​​​អូរ​​​​តាម៉ូ​ទៀតហើយ គឺគាត់​កំពុង​​​​​ត្រួស​ត្រាយ​ផ្លូវ​​​ថ្មី ដោយមិនបាច់​​​​បង់​ប្រាក់​​ដល់សហ​គមន៍​​គឺកំពុងធ្វើស្ពាន​​​ថ្មី​មិនទាន់​​​បានឆ្លង​​​នៅឡើយ ​​​ដែល​​​គេហៅ​ថា ​ចំណុច​អូរថ្ម​។

តាអ៊ី ​និយាយ​ថា ​​គាត់ដឹក​ឈើ​​នេះ​គឺមិន​​មាន​ភាព​​​អត្តនោម័ត​​​​ដោយខ្លួនឯង​​ទេ គឺ​មាន​​​មេ​មាន​កោយ​របស់​គាត់ ។​
ទាក់ទិននឹង​​​ភាពអនាធិបតេយ្យ​​​ដឹកជញ្ជូន​​​ឈើប្រណីត​​នេះ​​ពុំអាច​​​សុំការបំភ្លឺ​ពី​​​សមត្ថកិច្ច​​​នៅក្នុងស្រុក​​​​អណ្តូងមាស​បានឡើយ ​​ព្រោះ​​​​​ហាក់​ដូច​​ជាមាន​ការ​​ស៊ីសង្វាក់​​​ជាប្រព័ន្ធ​​​ទៅ​ហើយ៕