ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​​ម្រេច​​មាន​អាយុ​កាល​វែង​ដល់​ទៅជាង​ម្ភៃ​ឆ្នាំ

12 ឆ្នាំ មុន

ខេត្តកែប ៖ ​​បច្ចុ​ប្បន្ន​​ប្រជា​ពលរដ្ឋ​​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កែប ​កំពុង​យក​ចិត្ត​ទុកដាក់​​ដាំ​ដំណាំ​​ម្រេច​ជា​ច្រើន​កន្លែង​ដូច​ជា​នៅភូមិ​អភិ​វឌ្ឍន៍​​ចម្ការ​​បី​​ភ្នំ​វល្លិ ​ស្ថិត​ក្នុង​ឃុំ​ពង​ទឹក​ ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែបជាដើម ។ យុវជន​​ឈ្មោះ​សែម ភាព…

ខេត្តកែប ៖ ​​បច្ចុ​ប្បន្ន​​ប្រជា​ពលរដ្ឋ​​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កែប ​កំពុង​យក​ចិត្ត​ទុកដាក់​​ដាំ​ដំណាំ​​ម្រេច​ជា​ច្រើន​កន្លែង​ដូច​ជា​នៅភូមិ​អភិ​វឌ្ឍន៍​​ចម្ការ​​បី​​ភ្នំ​វល្លិ ​ស្ថិត​ក្នុង​ឃុំ​ពង​ទឹក​ ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែបជាដើម ។

យុវជន​​ឈ្មោះ​សែម ភាព ​អាយុ​ជាង​​២០​​ឆ្នាំ ​ជា​អ្នក​ថែទាំ​ចម្ការ​ម្រេច​​មួយ​​នៅ​ក្នុងភូមិ​​អភិ​វឌ្ឍ​ចម្ការ​បីភ្នំ​វល្លិ ខេត្ត​កែប បាន​រៀបរាប់​ពី​ការ​ដាំ​ដុះ​ម្រេច និង​​ការ​ទទួល​ផល​ពី​ដំណាំ​ម្រេច​ក្នុង​ដី​​ចម្ការ​​ដែល​ប្អូន​កំពុង​មើល​ថែ​​ទាំង​នេះ មាន​ទំហំ​ពីរ​ហិកតា​​​ប្រាំបី​អា​​ ក្នុង​ទំហំ​ដី​ជាង​២​ហិកតា នេះ ​ម្ចាស់​ចម្ការ​ដែល​ជា​ឪពុក​ធំ​មិន​មាន​ដាំ​តែ​ដំណាំ​ម្រេច​មួយ​មុខ​ប៉ុណ្ណោះ​ទេ ​គឺ​គាត់​មាន​ដាំ ដើម​ឈើ​ហូប​ផ្លែ​ជា​ច្រើន​មុខ​ផង​ដែរ ដូច​ជា​​ទុរេន ​សាវ​ម៉ាវ មង្ឃុត ​ស្វាយ​កែវ ល្មុត ​ចេក ខ្នុរ ល្ហុង ហើយ​និង​ម្រេច ។ ​ប​៉ុន្តែ​​ដំណាំ​ឈើ​ហូប​ផ្លែទាំង​អស់​នោះ​ គាត់​គ្រាន់តែ​ដាំ​ឱ្យ​ពេញ​ផ្ទៃ​ដី​​កុំ​ឱ្យ​សល់​​ដី​ទំនេរ និង​ដើម្បី​សម្រាប់​ភ្ញៀវ​ បង​ប្អូន និង​មិត្តភក្តិ​​ដែល​មក​កម្សាន្ត​លេង​ក្នុង​​ចម្ការ​​ទស្សនា​កម្សាន្ត និង​បាន​ហូប​ផ្លែ​ឈើ​​ទាំង​នោះ​តាម​​រដូវ​កាល​ ។

ចំពោះ​​ដំណាំ​ម្រេច​វិញ​​គាត់​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​មើល​ថែទាំ​ខ្លាំង​ជាង​ដំណាំ​នានា​នៅ​​ក្នុង​ចម្ការ​នេះ​​ ពីព្រោះ​ដំណាំ​​ម្រេច​គេ​ត្រូវ​ការ​​មើល​ថៃ ​ទឹក​ជី ​និង​​រង​របស់​វា ពីព្រោះ​​ម្រេច​វា​ត្រូវ​ការ​ទទួល​ដី​ឆៅ (ដីថ្មី) ធ្វើ​ជាំ​រង ។ ​ប្អូន​ប្រុស​បន្ត​ទៀត​ថា ​ម្ចាស់​ចម្ការ​​ដែល​​ត្រូវ​​ជា​ឪពុក​​ធំ​របស់​ប្អូន​ឈ្មោះ​ឌី ឡាំថល់ ​អាយុ​៦២​ឆ្នាំ គាត់​ជា​អនិក​ជន​​ខ្មែរ​រស់​នៅ​ប្រទេស​បារាំង​ ហើយ​ដោយ​មាន​បង​ប្អូន​នៅ​ស្រុក​ខ្មែរ​រូប​គាត់​​បាន​​ទិញ​ដី​ចម្ការ​មួយ​កន្លែង​នេះ ​ដាំ​ដំណាំ​គ្រប់​មុខ និង​​ម្រេច​នេះ​ឱ្យ​បង​ប្អូន​របស់​គាត់​មើល​ថែ​ ប៉ុន្តែ​សេវា​ការ​ចំណាយ​ផ្សេងៗ​គឺ​រូបគាត់​បានាផ្តល់​សម្រាប់​ការ​ថែទាំ​ចម្ការ​នេះ ។ ​សែម ភាព ក៏​បាន​រៀប​រាប់​ឱ្យ​ដឹង​​ផង​ដែរ​ថា អំពី​ការ​ដាំ ម្រេច​ការ​ទទួល​​ផល​តម្លៃ​ម្រេច​​ក្នុង​ទី​ផ្សារ​ ក៏​ដូចជា​ការ​ខ្ទប់​​ជា​កញ្ចប់​ដាក់​តាំង​លក់​ក្នុង​ចម្ការ​នេះ​​នឹង​និយយា​អំពីអាយុ​កាល​រ​បស់​​ម្រេច​ផង​ដែរ ។

ការ​ដាំ​ម្រេច​មុន​ដំបូង​គេ​ពូន​ជា​រង​វែង​ៗ រីឯ​រង​នោះ​សោត​គឺ​គេ​យក​ដី​ឆៅ (ដី​ពណ៌​ក្រហម) ​រួច​គេ​ដោត​ចន្លុង​ឈើ​ប្រវែង​៣​ម៉ែត្រ​កន្លះ​​ទៅ​បួន​​​ម៉ែត្រ រួច​កប់​មែក​ម្រេច​​ក្នុង​រណ្តៅ​ក្បែរ​​ជន្លុង​ឈើ​ដែល​គេ​ជីក​រួច​ដាក់​ជី ហើយ​​ជា​ស្រេច​នោះ ប៉ុន្តែ​​នៅគល់​​ម្រេច​​គេ​ត្រូវ​ចង​ដើម​ម្រេច​ជាប់​​ជា​​ជន្លុង​​នោះ​គេ​​​ធ្វើ​ជា​កំផែង​តូច​ល្មម​សម្រាប់​ចាក់​ទឹក​ឱ្យ​ទឹក​ដក់​ក្នុង​គលក់​​កុំ​ឱ្យ​​ពេល​ចាក់​ទឹក ហើយ​ត្រូវ​ទឹក​ហូរ​ចេញ​ពីគល់​​វា ។ ការ​ដាំ​ម្រេច​​មាន​អាយុ​បាន​មួយ​ឆ្នាំ។ ​រីឯ​ផ្លែ​​ និង​ផ្កា​របស់​ម្រេច បើ​ម្រេច​ទើប​តែ​មាន​អាយុ​បាន​​មួយ​ឆ្នាំ ហើយ​មាន​ផ្លែ​ផ្កា​ច្រើន​​ពេក គេ​ត្រូវ​បេះ​វា​ចេញខ្លះ ទុក​តែ​ពាក់​កណ្តាល ឬ​ក្រោម​ពាក់​កណ្តាល ដើម្បី​ការពារ​នូវ​​កម្លាំង​របស់​វា​ដែល​ទើប​នឹង​ចាក់​ឫស​កុំ​ឱ្យ​ម្រេច​នោះ​ខ្សោយ​កម្លាំង​ ឬ ងាប់​​ដើម ។ ​មូល​ហេតុ​ម្រេច​​ដែល​ដាំ ហើយ​ពុំ​​ទាន់​​លូត​លាស់​ល្អ​ពេញ​ជន្លុង​​ឈើ​ផង ហើយ​ឆាប់​មាន​ផ្លែ​ផ្កា​នោះ​ គឺ​មកពី​​ម្រេច​គេ​ដាំ​ទង​ចាស់​ដែល​គេ​​កំពុង​ទទួល​ផល ហើយ​មុន​នឹង​គេ​កាត់​យក​មក​ដាំ​ដីថ្មី ។ ដូច្នេះ​ហើយ​​ទើប​គេ​កំណត់​អាយុ​របស់​វា​នូវ​ពេល​ទទួល​ផល​ផ្លែ ។

តាម​ការ​ឱ្យ​​ដឹងពី​ប្អូន សែម ភាព ចំពោះ​ការ​ទទួល​ផល​ក្នុង​ម្រេច​មួយ​គុម្ពៗ​​ក្នុង​ម្រេច​ដែល​មាន​អាយុ​កាល​ចាប់​ពី​ប្រាំ​ឆ្នាំ​ឡើង​ទៅ វា​អាច​ផ្លែ​ក្នុង​មួយ​​គុម្ព​គិត​ជា​មធ្យម​ចាប់​ពី​២​គីឡូ​ក្រាម​ទៅ​៣​គីឡូក្រាម ។ បើ​មាន​អាយុ​ពី​១០​ឆ្នាំ​ឡើង​ទៅ គេអាច​ទទួល​ផល​​ក្នុង​មួយ​គុម្ព​ពី​២​គីឡូ​ក្រាម​កន្លះ​ទៅ​៤​គីឡូ​ក្រាម​ ហើយ​ផ្លែ​របស់​កាល​ណា​មាន​អយាុ​កាល​កាន់​តែ​ច្រើន​គុណ​ភាព​កាន់​តែ​ល្អ ​ប៉ុន្តែ​ចំពោះ​ការថែ​បំប៉ន​​ត្រូវចាក់​ដី​ឆៅ​ថ្មី​បន្ថែម​​នៅ​គល់ និង​រង​របួស​វា​ ព្រមទាំង​ជីក​រណ្តៅ​ក្បែរ​​គល់​រួច​ដាក់​ជី​ដី​ភ្នំ​អាំចម៌​​​ប្រចៀវ​​នៅ​នឹង​គល់​របស់​វា ទើប​ដើម​វា​កាត់​ទែ​មាន​ការ​លួត​លាស់​​មែក​ថ្មី​បន្ថែម​ទៀត ។

នៅ​ក្នុង​ភូមិ​អភិ​​វឌ្ឍន៍​​ចម្ការ​បី​នេះ​មាន​ប្រជា​ពល​រដ្ឋ​ដាំ​ម្រេចចំនួន​ប្រាំ​កន្លែង ហើយ​កំពុង​ទទួល​​ប្រហាក់​ប្រហែល​​នឹង​ប្អូន​ដែរ ។ ​ផ្លែ​ម្រេច​​ក្នុង​មួយ​គុម្ព​មាន​បី​ប្រភេទ គឺពណ៌ខ្មៅ ពណ៌ស និង​ពណ៌​ក្រហម ​រីឯ​តម្លៃ​​គឺ​មួយ​គីឡូ​ក្រាម​២៥​ដុល្លារ ។ បច្ចុ​ប្បន្ន​ប្អូន​បាន​វេច​ខ្ទប់​ដាក់​តាំង​លក់​នៅ​ក្នុង​ខ្ចុះ​​សម្រាប់​ទទួល​ភ្ញៀវ​មក​ទស្សនសា​កម្សាន្ត​ក្នុង​ចម្ការ​ម្រេច​នេះ​ផង​ដែរ៕