រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុសិ៍្តព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ចាប់ខ្លួនកាលពីវេលាទៀបភ្លឺ ថ្ងៃទី៩ មីនា នៅចំណុចភូមិតាព្រហ្ម សង្កាត់ព្រែកឯង បន្ទាប់ពីជនរូបនេះ និងបក្សពួកផ្សេងទៀត ជិះម៉ូតូកញ្ចាស់មួយគ្រឿងដើរដាក់ថ្នាំបំពុលឆ្កែ ងាប់អស់២ក្បាលក្នុងមួយយប់ ។ ជនដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះ ឈ្មោះហ៊ឹម ស៊ីណា អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុសិ៍្តព្រែកឯងបានឱ្យដឹងថា ឈ្មោះហ៊ឹម ស៊ីណា និងបក្ស ពួកម្នាក់ផ្សេងទៀតបានយកថ្នាំពុលធ្វើសកម្មភាពដាក់បំពុលឆ្កែប្រជាពលរដ្ឋងាប់អស់២ក្បាលនៅយប់ដែលត្រូវចាប់ខ្លួន ។ លើសពីនេះទៅទៀត ជារឿយៗសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរស់នៅតាមបណ្តាភូមិនានាក្នុងសង្កាត់ព្រែកឯង អំពីការបំពុលឆ្កែរបស់ពួកគាត់ងាប់ជាបន្តបន្ទាប់រកមុខមិនឃើញសោះ ។
ផ្តើមចេញពីបញ្ហានេះ នៅយប់ថ្ងៃទី៨ ឈានចូលទី៩ មីនា នគរបាលប៉ុស្តិ៍ព្រែកឯងបានដាក់កម្លាំងតាមចាប់ជនសង្ស័យនានាដែលចេញចូលបំពុលឆ្កែពេលយប់អធ្រាត្រ ។ តាមការឃ្លាំមើលរបស់ក្រុមសមត្ថកិច្ចទើបនៅវេលាទៀបភ្លឺថ្ងៃទី៨ មីនា បានឃាត់ខ្លួនបុរសឈ្មោះហ៊ឹម ស៊ីណា នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះហ៊ឹម ស៊ីណា បាននិយាយថា ខ្លួនត្រូវបក្សពួកម្នាក់ផ្សេងទៀតឈ្មោះធា បបួលឱ្យជិះម៉ូតូជាមួយដើម្បីដើរដាក់ថ្នាំបំពុលឆ្កែឱ្យងាប់ ហើយរើសយកមកលក់ នៅភ្នំពេញ ។ ឈ្មោះហ៊ឹម ស៊ីណា បាននិយាយបន្តទៀតថា មុនពេលចេញធ្វើសកម្មភាពបំពុលឆ្កែ ពួកខ្លួនបាននាំគ្នា៤នាក់ផឹកស្រាថ្នាំ ស្រវឹងហើយក៏បែកគំនិតដើរបំពុលឆ្កែឱ្យងាប់ហើយយកមកលក់ ដើម្បីបានលុយទិញស្រាផឹកបន្ត ។ ចំពោះការឃាត់ខ្លួនឈ្មោះហ៊ឹម ស៊ីណា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ