ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​ភ្ញៀវ​ទេសចរកើន​27ភាគរយនាំ​មក​នូវ​ភាព​វិជ្ជមាន​និង​អវិជ្ជមាន​សម្រាប់​រមណីយដ្ឋាន​អង្គរ

12 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ​មន្ដ្រីជាន់ខ្ពស់​រាជ​រដ្ឋាភិ​បាល​បាន​លើក​ឡើង​ថា ​ចំនួន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនានៅ​​រមណីយដ្ឋាន​ធម្ម​ជាតិ​ និង​ប្រវត្ដិសាស្ដ្រ​អង្គរ​ បេតិកភណ្ឌ​ពិភព​លោកនា​រយៈពេល​ចុង​ក្រោយ​នៃឆ្នាំ២០១១នេះ​ បាន​ហក់​ឡើង​រហូត​ដល់២៧ភាគរយ ដែល​តួលេខ​នេះ​​ជាមោទនភាព​បំផុត​មួយ​សម្រាប់​កម្ពុជា ​ប៉ុន្ដែ​​ក៏​មាន​ឥទ្ធិពល​អាក្រក​់ខ្លះ​ៗដែរ​​ មក​លើ​ប្រាង្គ​

ខេត្ត​សៀម​រាប ៖ ​មន្ដ្រីជាន់ខ្ពស់​រាជ​រដ្ឋាភិ​បាល​បាន​លើក​ឡើង​ថា ​ចំនួន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនានៅ​​រមណីយដ្ឋាន​ធម្ម​ជាតិ​ និង​ប្រវត្ដិសាស្ដ្រ​អង្គរ​ បេតិកភណ្ឌ​ពិភព​លោកនា​រយៈពេល​ចុង​ក្រោយ​នៃឆ្នាំ២០១១នេះ​ បាន​ហក់​ឡើង​រហូត​ដល់២៧ភាគរយ ដែល​តួលេខ​នេះ​​ជាមោទនភាព​បំផុត​មួយ​សម្រាប់​កម្ពុជា ​ប៉ុន្ដែ​​ក៏​មាន​ឥទ្ធិពល​អាក្រក់ខ្លះ​ៗដែរ​​ មក​លើ​ប្រាង្គ​ប្រាសាទបុរាណមួយ​ចំនួន​ ដែល​ទាម​ទារ​ឱ្យ​មានការ​គិតគូរ​ទៅ​ដល់​វង់​ទស្សនាចរណ៍​របស់​ភ្ញៀវ​នៅ​ក្នុង​តំបន់​ឧទ្យាន​ដ៏​ប្រសិទ្ធ​ិ៍​នោះ​ឱ្យ​បាន​ប្រាកដ​ប្រជា​ទុកជា​មុន​ ។

ថ្លែង​ទៅ​កាន់​អ្នកជំនាញ​បច្ចេកទេស​ផ្នែក​វប្ប​ធ​ម៌ជាតិ​-​អន្ដរជាតិ​ប្រមាណ​៣០០​នាក់​ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​១៨ នៃ​គណៈ​កម្មា​ធិ​ការ​អន្តរ​ជាតិ​សម្រប​សម្រួល​កិច្ច​​​​គាំ​ពារ​ និង​​អភិវឌ្ឍន៍​តំ​បន់​​រមណី​យ​ដ្ឋាន​​ប្រ​វត្តិ​សាស្ត្រ​​អង្គរ “ICC” កាលពី​ថ្ងៃ​ទី​១៣ ធ្នូ នៅ​ ក្រុង​សៀមរាប លោក​ឧ​ប​នាយ​ក​រដ្ឋមន្ដ្រី​សុខ អាន រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី​មាន​ប្រសាសន៍​ថា ចំនួនភ្ញៀវ​ទេស​ចរចូល​មក​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ​ក្នុង​ឆ្នាំ២០១១នេះ​ បាន​កើនឡើង​រហូត​ដល់​២៧​ភាគ​រយ គឺជា​ការ​ស្ទុះ​ងើបឡើង​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​ ដែល​​នាំ​មក​ទាំង​ភាព​វិជ្ជមាន​ ទាំង​ភាព​អវិជ្ជមាន​ សម្រាប់​រម​ណី​យ​ដ្ឋា​ន​ប្រវត្ដិ​សាស្ដ្រ​អង្គរ បើ​យើង​មិន​បាន​ចាត់វិធានការ​សមរម្យ​ជា​មុន​ ។

លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​មាន​ប្រសាសន៍​បន្ដ​ថា ក្នុង​យុទ្ធសាស្ដ្រ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ហានិភ័យ​ផ្សេង​ៗ​ ដែល​អាច​កើតឡើង​មក​លើ​តំបន់​រម​ណី​យ​ដ្ឋា​ន​អង្គរ យើង​កំពុង​តែ​យក​ចិត្ដ​ទុកដាក់​យ៉ាង​ខ្លាំង​ទៅលើ​បញ្ហា​លំហូរ​ទេសចរ​ដែល​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​​ ដោយ​ទាមទារ​ឱ្យមានការ​រៀបចំ​ប្លង់​វង់​ទស្សនា​គ្រប់​គ្រងច្បាស់លាស់​ជាង​មុន សម្រាប់​ពង្រាយ​ចំនួន​ភ្ញៀវ​ទេសចរឱ្យទៅ កាន់​ប្រាសាទ​បុរាណ​ផ្សេង​ៗ​ទៀត​ ឬ​ទៅ​កាន់​រម​ណី​យ​​ដ្ឋា​ន​ធម្មជាតិ​មួយ​ចំនួន​ទៀត​ ក្នុង​ពេល​ដំណាលគ្នា​ ដែលគម្រោងការ​នេះ​ត្រូវ​​សហប្រតិបត្ដិការ​ជា​លក្ខណៈ​អន្ដរជាតិ​យ៉ាង​ស្អិតរ​មួ​ត​រវាង​ប្រទេស​អូ​ស្ដ្រ​លី ជាមួយ​អាជ្ញាធរ​អប្សរា ព្រមទាំង​ក្រសួង​ទេស​ចរណ៍​​ក៏​ដូច​អាជ្ញាធរ​ខេត្ដសៀមរាប​ ។

ថ្វីបើ​យ៉ាងនេះ​ក្ដី​ ពុំ​មាន​របាយការណ៍​ជាក់​លាក់​ណាមួយ​បង្ហាញ​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនារម​ណី​យ​ដ្ឋា​ន​អង្គរ​នៅឡើយ​ទេ តែ​គេ​ជឿជាក់​ថា​ ទន្ទឹម​​នឹង​ការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរនៅ​ក្នុងតំបន់​អង្គរ​នេះ ចំណូល​ប្រចាំឆ្នាំ​ ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​ក៏​មានការ​កើនឡើងដូច​គ្នា​ ។

ខេត្ដសៀមរាប​ ត្រូវ​បាន​ចាត់ទុកជា​តំបន់​ប៉ូ​ល​នៃ​ទេសចរ​ណ៍​ជាតិ​របស់​ប្រ​ទេស​កម្ពុជា​ ដោយ​សារ​តែ​ខេត្ដ​នេះ​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​បុរាណ​ និង​សម្បូរ​ទៅ​ដោយ​រមណីយ​ដ្ឋាន​វប្ប​ធ​ម៌- ធម្មជាតិ​យ៉ាង​សន្ធឹក​សន្ធាប់​ដូច​ជា​ បឹង​ទន្លេសាបជា​បឹង​ទឹកសាប​ដ៏​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​ពោ​រពេញ​ទៅ​ដោយ​ជីវៈ​ចម្រុះ​ គ្រប់​ប្រភេទ ជា​ពិ​សេសរមណីយដ្ឋាន​ ធ​ម្ម​ជាតិ​វប្ប​ធ​ម៌ប្រវត្ដិសាស្ដ្រ​អង្គរ​បេ​តិកភ​ណ្ឌ​ពិភព​លោក​​បូក​រួម​ទាំង​សន្ដិភាព​ ស្ថិ​រភាព​នៅ​ក្នុង​តំបន់ ធ្វើ​ឱ្យ​កំណើន​ភ្ញៀវ​ទេសចរ​​ជាតិ​-​អន្ដរជាតិ​ មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ ។

ចំណែក​លោក​ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេស​ចរណ៍ បាន​មាន​ប្រសាសន៍​ ទាក់ទិន​ទៅ​នឹង​ចំនួន​ភ្ញៀវទេសចរយ៉ាង​ដូច្នេះ​ថា នៅ​ដំណាច់​ឆ្នាំ២០១១ ខាង​មុខ​នេះ​ កម្ពុជា​រំពឹង​ទុក​ថា​ និង​ទទួល​បាន​ចំនួន​ភ្ញៀវទេសចរ​អន្ដរជាតិ​រហូត​ដល់​ទៅ២,៨លាន​នាក់ គឺ​កើនឡើង២៧​ភាគរយ ខណៈ​មានការ​អះអាង​ថា​ រយៈពេល​១០​ខែ​ចុង​ឆ្នាំ​​នេះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរអន្ដរ​ជាតិ​​ចំនួន​ជាង​២​លាននាក់​​ រួច​ជា​ស្រេច​ ។ ក្នុង​ចំនួ​ន​​នោះ​ ភ្ញៀវ​ទេសចរអន្ដរជាតិ​ប្រមាណ​៥៣ភាគរយ​ បាន​ធ្វើ​ដំណើរ​មក​ទស្សនា​តំបន់​សៀមរាប ហើយនៅ​ឆ្នាំ​២០២០ ខាង​មុខ​ សៀម​រាប​អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរអន្ដរជាតិ ៤លាននាក់​ បូក​រួម​ទាំងភ្ញៀវ​ទេសចរក្នុងស្រុក​ជាង១លាននាក់​ បន្ថែម​ទៀត ដូច្នេះ​យើង​ត្រូវ​តែ​គិត​ពី​ផែនការ​រៀបចំ​វង់​ទស្សន​កិច្ច​ដ៏​មាន​សារ​សំខាន់​នេះ​ជា​មុន ដើម្បី​បញ្ចៀស​បាន​នូវ​ការ​ប៉ះ​​ពាល់​បង្ក​ឡើង​ដោយ​ចំនួន​មនុស្ស​ដ៏​ច្រើន​​ក្នុង​មួយ​ថ្ងៃ​ៗ​ ។

វិ​ស័​យទេសចរ​ណ៍​ត្រូវ​បាន​​ចាត់​ទុក​ថា ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ប៉ុន្ដែ​អាច​ទាញ​យក​ចំណូល​យ៉ាង​ច្រើន​សំបើម​សម្រាប់​បង្កើន​កំណើន​សេ​ដ្ឌ​កិច្ច​ជាតិបាន​យ៉ាង​ល្អ​និង​មានការ​បំពុល​បរិស្ថាន​តិចតួច​បំផុត តាមរយៈ​ការ​ផ្ដល់​ឱកាស​ទីផ្សារ​​ការងារ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង២ ម៉ឺន​នាក់​ឯណោះ​ ។

លោក​រដ្ឋមន្ដ្រី​បាន​បន្ថែម​ទៀត​ថា បើ​តាម​ការប៉ាន់ប្រមាណ​ឃើញ​ថា​ ភ្ញៀវ​ទេសចរ​​បរទេស​ ដែល​មក​ទស្សនា​ប្រទេស​កម្ពុជាបាន​ចំណាយ​ជា​មធ្យម​ ៧០០ដុល្លារ​ ក្នុង​ម្នាក់ ដោយ​មិន​គិត​ពី​សំបុត្រ​យន្ដហោះ និង​ថ្លៃ​ទិ​ដ្ឋា​ការ ដូច្នេះ​បើ​ប្រទេស​កម្ពុជា​ ទទួល​បាន​ភ្ញៀវ​ទេស​​ចរ​បរ​ទេស​ជាង​២​លាន​៨​សែន​នាក់​ ដូច​ការ​រំពឹង​ទុក​របស់​យើង​នោះ​ គឺ​ប្រទេស​កម្ពុជា​អាច​ទទួល​បាន​ចំណូល​ដុល​ពី​ភ្ញៀវ​ទេសចរទាំងនោះ​រហូត​ដល់​ជិត២​ពាន់​លាន​ដុល្លារក្នុង​មួយ​ឆ្នាំ​ ។

រីឯលោកស្រី Anne Lemais​-tre តំណាង​អង្គការ​យូ​ណេ​ស្កូ​ប្រចាំកម្ពុជា​ ​បានលើក​ឡើង​នៅ​ក្នុង​សន្និសីទ​​សារ​ព័ត៌មាន​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​ពេញអង្គ​ ICC លើក​ទី​១៨ ថា «​​ខ្ញុំ​សូម​សម្តែង​នូវ​ការ​ស្វាគមន៍​ និង​ពេញចិត្ដ​ពេញ​ថ្លើម​យ៉ាង​ខ្លាំង​ជាមួយ​កម្ពុជា ចំពោះ​កំណើន​ភ្ញៀវ​ចូលមក​ទស្សនា​​តំបន់​រម​ណី​យ​ដ្ឋា​ន​អង្គរ​ រហូត​ដល់២៧ ភាគរយ​នោះ ប៉ុន្ដែ​ក្នុង​នាម​ជា​អង្គការ​យូ​ណេ​ស្កូ​ ខ្ញុំ​សូម​ស្នើយ៉ាង​ទ​ទូច​ដល់​អា​ជា្ញ​ធរ​អប្សរា អាជ្ញា​ធរ​ខេត្ដសៀមរាប ក៏​ដូច​ជា​ក្រសួងទេសចរណ៍​ គិតគូរ​​ពី​ការ​បែងចែក​ចំនួនភ្ញៀវ​ទេសចរចូល​ ទស្សនា​ប្រាសាទបុរាណ​នេះ ដោយ​រក​តំបន់​ថ្មី​ៗ​ដែល​អាច​ប្តូរ​វេ​ន​គ្នា​ចូល​ទស្សនា​ កុំឱ្យភ្ញៀវ​ដើរ​ជាន់​ប្រាសាទបុរាណ​ច្រើន​លើស​កំណត់​នៅ​ក្នុង​គ្រា​តែ​មួយ ហើយ​យន្ដការ​​នេះ​នៅ​លើ​ពិភព​លោកគេ​អនុវត្ដ​បាន​ជោគជ័យ​រួច​ហើយ​ដែរ ដូច​ជា​នៅ​ប្រាសាទ​មួយ​របស់​ប្រទេស​បារាំង​ ។

ព្រះរាជាណាចក្រ​កម្ពុជា​ ពិតជា​ប្រទេស​អច្ឆរិយៈ នេះ​ជា​ប្រសាសន៍​ លើក​ឡើង​របស់​លោក Herbef Hancock ជា​មហាសេដ្ឋី​ផ្នែក​តូរ្យ​តន្ដ្រី​​របស់​សហរដ្ឋអាមេរិក និង​ជា​ឯក​អគ្គ​រដ្ឋទូត​ស្ម​័គ្រចិត្ដ​ប្រចាំ​អង្គការ​យូ​ណេ​ស្កូ​ពិភព​លោក​​ដែល​បាន​លើក​ឡើង​ កាលពី​ល្ងាច​ថ្ងៃ​ទី ១៣ ធ្នូ នៅ​ក្នុង​ស​ន្និសីទ​សារ​​ព័ត៌មាន​បញ្ចប់​កិច្ចប្រជុំ​ពេញអង្គ​លើ​ក​ទី​១៨ ​ដោយ​លោក​
បញ្ជាក់​ថា «មុន​ពេល​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​ សម្រេច​ធ្វើ​ដំណើ​រ​មក​កម្ពុជា​ ខ្ញុំ​បាន​​​ឮ​ការ​ឃោសនា​តែ​ប្រាសាទ​អង្គរ​មួយ​ប៉ុណ្ណោះ​ដែល​អស្ចារ្យ តែ​ពេល​មក​ដល់​ទើបដឹង​ថា​ពិតជា​ប្រទេស​មួយ​ដ៏​អច្ឆរិយៈផ្នែក​វប្ប​ធ​ម៌គឺ​មាន​ប្រាសាទបុរាណ​រាប់រយ​ទៀត ។

មហាសេដ្ឋី​តូរ្យ​តន្ដ្រី​រូប​នោះ​បាន​បន្ដ​ទៀត​ថា «អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ក៏​ដូច​ភ្ញៀវ​ទេសចរឯទៀត​ ចាំ​មិន​ភ្លេចក្រៅពី​ប្រាសាទ​​ គឺ​ស្នាមញញឹម​ប្រកប​ដោយ​ភាព​រាក់ទាក់របស់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។ ដូច្នេះ​ខ្ញុំ​សូម​សន្យា​ថា​ ក្រោយ​ពី​ខ្ញុំ​ត្រឡប់​ទៅ​វិញ ខ្ញុំ​នឹង​ជួយ​ឃោសនា​អំពី​ប្រទេស​កម្ពុជា​ឱ្យ​គេ​ស្គាល់​ និង​មក​លេង​ឱ្យ​បានច្រើន​បន្ថែម​ទៀត​តាម​រយៈ​ការ​ប្រគំ​តន្ដ្រី​យ៉ា​ត​របស់ខ្ញុំ​» ៕