ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី្តពិការ​ក៏​មាន​សិទ្ធិដូច​ជា​ស្ត្រី​ទូទៅដែរ​នៅក្នុង​សង្គម

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្រោមការ​ឧបត្ថម្ភ​ពីក្រុមហ៊ុន​​ Smart Mobile ​ក្រុម​ហ៊ុន​មិត្តហ្វូន​​​និង​ក្រុម​ហ៊ុន​​អឹមហ្វូន អង្គការ​ជនពិការកម្ពុជា​ បាន​រៀបចំ​ទិវា​អន្តរជាតិ​នារី​ខួប​លើក​ទី​១០០​ ​ក្រោម​ប្រធាន​បទ​«លើក​កម្ពស់​​សិទ្ធិស្ត្រី​​ពិការ​ដើម្បី​ចូលរួម​​​ក្នុង​សង្គម​​​ជាតិ» ​កាលពី​ថ្ងៃទី​១៨ មីនា ​នៅ​​ទីស្នាក់​​ការ​អង្គការ​​ជនពិការ​កម្ពុជា ​​ដែល​មាន​ទីតាំង​​​ស្ថិត​នៅ​ក្នុង​បរិវេណ​​វត្ត​ថាន់ ក្រោម​​អធិប​តីភាព​លោកជំទាវ ឃឹម ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​កិច្ច​ការ​នារី ។ លោកជំទាវ​​ឃឹម ចំរើន ​​បាន​​លើកឡើង​​អំពី​ប្រវត្តិ​​តស៊ូ​របស់​នារី​កាលពី​១០០​​ឆ្នាំមុន​ ដែល​ការ​​តស៊ូ​នោះ​ត្រូវ​​បាន​ពិភព​លោក​​​គោរព​​និង​លើក​​​តម្កើង​រហូត​រៀបចំ​ឱ្យ​មាន​ជា​ទិវា​​នេះ​ឡើង ។ លោកជំទាវ​​​បន្ត​ថា នារី​​ពិការ​​ក៏​មិន​ខុសពី​​នារី​ទូទៅ​​ដែរ គេត្រូវ​​តែ​មាន​សិទ្ធិ​ស្មើ​​គ្នា​ទាំង​អស់​នៅ​ចំពោះ​មុខ​ច្បាប់ ។

លោក​​ងិន សៅរ័ត្ន​ នាយ​កប្រតិបត្តិ​​អង្គការ​​ជនពិការ​​កម្ពុជា​បានថ្លែង​​ថា អង្គការ​ជនពិការ​​កម្ពុជា ​មាន​បេសកកម្ម​និង​ទិស​ដៅ​ជំរុញ​​ការ​កែប្រែ​​ទស្សនៈ​​អវិជ្ជ​មាន​របស់​សង្គម​​ចំពោះ​​ជន​ពិការ​​គ្រប់​ប្រភេទ និងគ្រប់​វ័យ ។ ចូល​រួមជួយ​លើក​ស្ទួយ​គាំទ្រ ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​​​របស់​ជនពិការ​​​ដោយ​ការ​ខិតខំ​​ជំរុញ​ឱ្យ​មាន​ការ​​បង្កើត​ជាសមាគម ឬអង្គការ​នៃជន​ពិការ​ផ្សេងៗ​ដើម្បី​ឱ្យពួកគេ​មាន​​លទ្ធភាព​ដោះ​ស្រាយ​​​បញ្ហា​​​សេដ្ឋ​កិច្ច និង​សង្គម​នៅក្នុង​ចំណោម​​សមាជិក​របស់ពួកគេ ។

ដោយ​មើល​ឃើញ​ថា បញ្ហា​ស្ត្រី​ពិការ​​នៅតែ​​ប្រឈមមុខ​នឹង​អំពើ​រំលោភ​បំពាន​​ផ្លូវ​ភេទ​ពី​សំណាក់​ជនខិល​ខូច​មួយ​ចំនួន​ធំ ដែល​​​ជាហេតុ​ធ្វើឱ្យ​​​ស្ត្រីពិការ​​​បាត់​បង់​​នូវ​អនាគត​​និងប៉ះពាល់​​​ដល់​សេដ្ឋ​កិច្ច​​គ្រួសារ​​និង​សង្គម​​ជាតិ​ទាំងមូល  ហេតុ​ដូច្នេះ​ហើយ បាន​ជា​​អង្គការ​ជនពិការ​​កម្ពុជា​​ បាន​រៀបចំ​​ទិវា​អន្តរជាតិ​នារី​នេះ​ឡើង​ក្នុង​គោល​បំណង​​ ១-​លើកកម្ពស់​​ការ​យល់​ដឹង​ តួនាទី និង​​សារសំខាន់​​របស់​ស្ត្រីពិការ ។ ២-​​ជំរុញ​​ឱ្យ​មាន​ការ​ដាក់​បញ្ចូល​​បញ្ហា​​ស្ត្រីពិការទៅក្នុង​វិស័យ​យេនឌ័រ​របស់​​រាជរដ្ឋា​ភិបាល​កម្ពុជា​ ពិសេស​​ក្រសួង​កិច្ច​ការ​នារី​ ។

នៅ​ក្នុង​​ប្រទេស​កម្ពុជា​​​យើង ជនពិការ​មាន​ច្បាប់​​ពិសេស​សម្រាប់​ការពារ​ពួកគេ​​ហើយ​ គឺច្បាប់​ស្តីពី​ការការពារ​និងលើក​កម្ពស់​​សិទ្ធិ​ជន​ពិការ​ដែល​ត្រូវបាន​អនុម័ត​​ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ដោយរាជរដ្ឋា​ភិបាល​​នៃព្រះរាជាណាចក្រ​ កម្ពុជា​។  ម្យ៉ាង​វិញទៀត​ ប្រទេស​កម្ពុជា​​របស់​យើង​​​បាន​ចុះ​​ហត្ថ​លេខា​លើអនុសញ្ញា​ស្តីពីសិទ្ធិ​​​ជន​ពិការ​​​នៅ​ថ្ងៃ​ទី១ ខែតុលា ឆ្នាំ២០០៧ ប៉ុន្តែ​​ប្រទេស​​របស់​យើង​មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​​​ទៅ​លើ​អនុសញ្ញា​​នេះទេ ។ អនុសញ្ញា​​ស្តីពី​​សិទ្ធិ​​ជន​ពិការ​​នៅ​ត្រង់​មាត្រា​​៦ បាន​លើក​ពីសិទ្ធិ​​ស្ត្រីពិការ​​ដែល​បាន​ចែង​ថា ១-រដ្ឋភាគី​​ទទួល​ស្គាល់​​ថា ស្ត្រី​និង​កុមារី​ពិការ​ ងាយ​រង​ការ​រើស​អើង​​ច្រើន​​បែប​យ៉ាង​ ចំពោះ​​បញ្ហា​នេះ ត្រូវ​ចាត់​វិធានការ​​នានា​ ដើម្បី​​ធានាឱ្យ​ពួកគេ​ទទួល​បាន​​ភាព​ស្មើគ្នា​ និង​​ពេញ​លេញ​​នូវ​សិទ្ធិ​​មនុស្ស​និង​សេរី​ភាពជា​សារវន្តទាំង​អស់ ។ ២-​រដ្ឋភាគី​​​ត្រូវ​​ចាត់​រាល់​វិធានការ​​​សមស្រប ដើម្បី​ធានាឱ្យ​​ស្ត្រីទទួល​បាន​ការ​អភិវឌ្ឍ​​និង​ការ​ផ្តល់​​សិទ្ធិ​អំណាច​​​ឱ្យ​បាន​ពេញ​លេញ​ក្នុង​គោល​បំណង​ដើម្បី​​ធានា​​ពួកគេ​​​ឱ្យ​អនុវត្ត​ និងទទួល​បាន​សិទ្ធិ​មនុស្ស​និង​សេរីភាពជា​សារវន្ត​ដូច​មាន​ចែង​ក្នុង​​​អនុសញ្ញា​​នេះ៕