ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​ដូរ​បាយ ៖ សកម្ម​ភាព​បក្ស​ប្រឆាំង​ និងអង្គ​ការ​មាន​និន្នា​ការ​ប្រឆាំង​បង្កើត​ជំនួញ​នយោបាយ

12 ឆ្នាំ មុន

មតិជាតិ-អន្តរជាតិភាគច្រើនមានការខ្មាស​អៀន​ជំនួសគណបក្សនយោបាយប្រឆាំង និង​អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ដែល​បានដណ្តើមគ្នាចង់ជួបដើម្បីយកចិត្តគាប់គួរ​ដល់​អ្នកតំណាងអង្គការបរទេស ជាពិសេសក្នុងខណៈ​ពេលដែលលោកសុរិយា ស៊ូប៊េឌី អ្នករាយ​ការណ៍​ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុក​សិទិ្ធមនុស្ស

មតិជាតិ-អន្តរជាតិភាគច្រើនមានការខ្មាស​អៀន​ជំនួសគណបក្សនយោបាយប្រឆាំង និង​អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ដែល​បានដណ្តើមគ្នាចង់ជួបដើម្បីយកចិត្តគាប់គួរ​ដល់​អ្នកតំណាងអង្គការបរទេស ជាពិសេសក្នុងខណៈ​ពេលដែលលោកសុរិយា ស៊ូប៊េឌី អ្នករាយ​ការណ៍​ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុក​សិទិ្ធមនុស្ស មកស្នាក់នៅក្នុងប្រទេសកម្ពុជាចំនួន​​មួយសប្តាហ៍។

ក្រុមគណបក្សប្រឆាំង និងតំណាង​អង្គការ​មិនមែនរដ្ឋាភិបាលទាំងនោះ បាននិងកំពុង​តែ​ត្រៀមឯកសារអវិជ្ជមានមួយចំនួនដែល​រាជ​រដ្ឋាភិបាលខ្វះចន្លោះយកមករាយការណ៍ដោយ​ក្រុមគេទាំងនោះបានយល់ថា លោកសុរិយា​ស៊ូប៊េឌី ជាអ្នកអាចជួយពួកក្រុម​ទាំង​នោះ​ដោយ​សុច្ឆន្ទៈ ដើម្បីធ្វើរបាយការណ៍ទៅ​ទីក្រុង​ហ្សឺ​ណែវប្រទេសស្វីសនៅខែកញ្ញា ឆ្នាំ២០១២ ខាងមុខ ប៉ុន្តែពួកក្រុមគណបក្សប្រឆាំង និង​តំណាងអង្គការដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលមួយក្រុមនោះ បានភ្លេចខ្លួនថា​ខ្លួន​ជាខ្មែរ គឺមានតែខ្មែរទេដែលស្គាល់ចិត្តខ្មែរ  មាន​តែខ្មែរទេដែលចេះជួយខ្មែរ គ្មានបរទេស​ណាស្រលាញ់ប្រទេសខ្មែរជាងខ្មែរស្រលាញ់​ប្រទេសខ្មែរនោះឡើយ។

តាមការពិតលោកសុរិយា ស៊ូប៊េឌី មក​ទស្សន​កិច្ចនៅកម្ពុជាគ្រាន់តែមកស្នាក់នៅ​សណ្ឋា​គារលំដាប់ថ្នាក់ផ្កាយប្រាំ ហើយពិសាអា​ហារ​តម្លៃមិនធម្មតាដូចជាថ្លើមក្ងាន ពិសាស្រាតម្លៃ​មិន​ធម្មតា ដូចជាស្រាក្រហមប៉េត្រូស មកកម្ពុជា​ដើម្បីឱ្យបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។

កាលពីថ្ងៃទី៦ ធ្នូ ឆ្នាំ២០១១ តាមរយៈ​វិទ្យុ​បរទេសនិយាយខេមរភាសា លោកកឹម សុខា បាននិយាយថា «លោកសុរិយា ស៊ូប៊េឌី ក៏បាន​សន្យានឹងជម្រាបទៅមន្ត្រីរដ្ឋាភិបាលអំពីការ
រំលោភសិទ្ធិនយោបាយរបស់សកម្មជនសិទ្ធិមនុស្ស និងលោក កឹម សុខា បានត្អូញត្អែរ​អំពី​សុវត្ថិ​ភាពផ្ទាល់ខ្លួនគាត់តែប៉ុណ្ណោះ» ហើយ​វិទ្យុដដែលនោះបានផ្សាយបន្ថែមថា លោក សុរិយា ស៊ូប៊េឌី មកបំពេញទស្សន​កិច្ចផ្លូវការ​នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែធ្នូ ដើម្បី​សិក្សាលើប្រព័ន្ធបោះឆ្នោត និងស្ថានភាព​សិទ្ធិ​មនុស្ស ។ លោកក៏គ្រោងនឹងជួបពិភាក្សា​ការ​ងារជាមួយអាជ្ញាធររដ្ឋាភិបាល អង្គការសង្គម​ស៊ីវិល គណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ។

ក្រុមអ្នកវិភាគឯករាជ្យមួយចំនួនបានមើល​ឃើញថា សកម្មភាពគណបក្សប្រឆាំង និងអង្គ​ការដែលមាននិន្នាការប្រឆាំងទាំងនោះ មើល​ទៅវាទាស់ភ្នែកណាស់ រកអ្វីមកថ្លែងពុំដូចឡើយ ហើយសង្កៀរត្រចៀកខ្លាំងណាស់ ពីព្រោះ​សម័យនេះទៅហើយ បែរជានៅសល់មនុស្ស​អគតិច្រើនអីយ៉ាងនេះ?ដើម្បីឱ្យខ្លួន និងក្រុម​ខ្លួនរស់មិនគិតគូរពិចារណាដល់អ្នកដទៃ ដោយ​បង្កើតជំនួញនយោបាយអសីលធម៌បែបនេះ។ សួរតាមត្រង់ចុះ បើក្រុមលោកជា​អ្នកដឹកនាំ​ប្រទេសវិញ នៅពេលដែលខិតខំធ្វើការ​អភិ​វឌ្ឍគ្រប់កន្លែង គ្មានពេលទំនេរខិតខំរក​ជំនួយ​មកកសាងប្រទេស ទប់ទល់ដោយជោគជ័យ និងប្រកបដោយមោទនភាពជាតិខ្ពស់ប្រឆាំងនឹង​ការ​ឈ្លានពាន និងការវាយប្រហារដោយយោធា​ពីសំណាក់រដ្ឋាភិបាលអាប់ភីស៊ីត និងជួយ​ប្រជា​ពលរដ្ឋក្នុងគ្រាទឹកជំនន់ប៉ុណ្ណឹងហើយ​នៅតែមិន​សរសើរ ថែមទាំងតិះដៀល​និងជេរប្រមាថ​ដល់អាយុជីវិតម្រមុខរាជរដ្ឋាភិបាលទៅទៀត ​តើអស់លោកមានអារម្មណ៍យ៉ាងម៉េចដែរ?អស់​លោកយល់ថា អស់លោកជាមនុស្សអសីល​ធម៌ឬទេ? ។ ដូចពាក្យចាស់បុរាណាចារ្យ​បាន​ពោលទុកមកថា «ពិបាកពន្យល់មនុស្ស​ចេះ​ហើយធ្វើមិនចេះ ដឹងខុសហើយមិនទទួលថាខុស សូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គប្រោសមិនបានដែរ»។ ដោយសារមហិច្ឆតាលោភលន់ចង់​បាន​អំណាចខ្លាំងពេក លោកកឹម សុខា បានប្រឌិត​រឿងថា ឱ្យលោកសុរិយា ស៊ូប៊េឌី ជួយការ​ពារអំពីសុវត្ថិភាពផ្ទាល់ខ្លួន ត្រង់ចំណុចនេះ​សួរ​ថា តើលោកកឹម សុខា បានដើរឃោសនាខុស​រដូវ​ដោយមិនគិតពីរដូវបោះឆ្នោត ឬក៏មិន​បោះ​ឆ្នោតក៏លោកកឹម សុខា មិនបានឈប់សម្រាក​ផង ពី​ព្រោះតាមតែយើងដឹង គឺលោកមាន​ជំងឺលើស​ឈាមប្រចាំកាយ និងជំងឺល្អក់ខួរក្បាល ម្ល៉ោះហើយត្រូវតែចុះទៅជួបប្រជាពលរដ្ឋ​ដើម្បីបន្ធូរ​អារម្មណ៍ ពីព្រោះមានប្រជាពលរដ្ឋ​មួយ​ចំនួនតូច​ចេះបញ្ជោរ ចេះសរសើរ វាប្រសើរ​ជាងអង្គុយ​នៅ​ផ្ទះធ្វើឱ្យជំងឺរួមរឹត ។

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យកនូវគោលការណ៍ប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញ ដែល​ឈរលើមូលដ្ឋានពហុបក្ស ធ្វើនយោបាយ​ដោយសេរី និងគាំទ្រដល់សមាគម អង្គការសង្គម​ស៊ីវិល ដូចជាកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន​លើកសរសើរដល់អង្គការសង្គមស៊ីវិលមួយចំនួន​ដូចជាអង្គការសេដាក អង្គការ Caritas និងអង្គ ការមួយចំនួនទៀតថា ពួកគេអត់ខ្វល់ពីអ្វីទេ ដឹងតែចុះទៅចែកជូនប្រជាពលរដ្ឋជាមួយអាជ្ញា ធរ និងកាកបាទក្រហមតាមមូលដ្ឋានផ្ទាល់ ដោយមិនខ្វាយខ្វល់ពីការអំពាវនាវរកជំនួយពីបរទេសនោះទេ ហើយសម្តេចតេជោសែន ក៏​បាន​មានប្រសាសន៍បន្ថែមទៀតថា អង្គការ​ទាំងនោះទើបជាអ្នកអនុវត្តសិទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ពីព្រោះពេលដែលជួយប្រជាពលរដ្ឋ ទាន់ពេលវេលានោះហើយ គឺជាការបានអនុវត្ត នូវសិទិ្ធរស់រានមានជីវិត ។

ផ្ទុយទៅវិញ មន្រ្តីអង្គការមួយចំនួន​ដែល​ជាប់សាច់ញាតិជាបងប្អូនរបស់តំណាងរាស្រ្តខេត្តកណ្តាលនៃគណបក្សសិទ្ធិមនុស្ស ខិតខំធ្វើ​វេទិកា​ជួយឃោសនានៅពីក្រោយខ្នងគណបក្ស សិទ្ធិមនុស្សដើម្បីជួយបងប្រុសរបស់ខ្លួនឯង ហើយម្យ៉ាងទៀតក្រុមនេះដើរតួជាអង្គការ ប៉ុន្តែ ពីមួយថ្ងៃទៅមួយថ្ងៃខិតខំបំភ្លៃព័ត៌មានដោយ ញុងញង់ដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋដើម្បីទាញ យកតែប្រាក់ជំនួយពីបរទេសតែប៉ុណ្ណោះ។

សរុបសេចក្តីមក គណបក្សនយោបាយ និង អង្គការដែលមាននិន្នាការប្រឆាំងមួយចំនួនបាន និងកំពុងខំប្រឹងដើរប៉្រូដើម្បីតែការធ្វើជំនួញដូរ
បាយចិញ្ចឹមក្រុម និងបក្សពួករបស់ខ្លួន ដើម្បីតែ​ប្រយោជន៍ឆ្នាំងតែប៉ុណ្ណោះ គឺពុំបានចូលរួម​សកម្មភាពណាមួយជួយអភិវឌ្ឍប្រទេសជាតិ
ជាមួយរាជរដ្ឋាភិបាលបន្តិចសោះឡើយ ៕

    ដោយ​លោកស្រី​​ សិលា អ្នកស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ