ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជាប់​ពាក្យ​ជា​មួយ​បុរស​ខ្មែរ បែរ​ជា​ប៉ង​រៀប​ការ​ជាមួយ​បុរស​សៀម

12 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ រោង​ពិធី​​មួយដែល​ស្ថិត​ក្នុង​​​ភាព​​​អាថ៌​កំបាំង​​​ដែល​​អ្នកខ្លះ​​​ សង្ស័យ​​ថា ជា​រោង​​​​ការ និង​​អ្នកខ្លះ​​ថា ជា​​​ការ​ភ្ជាប់ពាក្យ​រវាង​​នាង​ក្រមុំ​ខ្មែរម្នាក់​ជាមួយ​បុរស​​ជនជាតិ​ថៃ ស្ថិត​ក្នុង​​ភូមិ​​បាលិលេយ្យ​​​​២ សង្កាត់​​​​ប៉ោយប៉ែត ដែល​រោង​នោះ​​​គេ​ធ្វើ​ឡើង​​នៅ​ថ្ងៃទី​​​​៥ ​ធ្នូ ត្រូវ​បាន​​រុះ​​រើ​វិញ​យ៉ាង​តក់​ក្រហល់​នៅ​វេលាទៀប​ភ្លឺ​​​ព្រឹកថ្ងៃទី​​​៦ ​​វិច្ឆិកា ។​

ក្រុងប៉ោយប៉ែត ៖ រោង​ពិធី​​មួយដែល​ស្ថិត​ក្នុង​​​ភាព​​​អាថ៌​កំបាំង​​​ដែល​​អ្នកខ្លះ​​​សង្ស័យ​​ថា ជា​រោង​​​​ការ និង​​អ្នកខ្លះ​​ថា ជា​​​ការ​ភ្ជាប់ពាក្យ​រវាង​​នាង​ក្រមុំ​ខ្មែរម្នាក់​ជាមួយ​បុរស​​ជនជាតិ​ថៃ ស្ថិត​ក្នុង​​ភូមិ​​បាលិលេយ្យ​​​​២ សង្កាត់​​​​ប៉ោយប៉ែត ដែល​រោង​នោះ​​​គេ​ធ្វើ​ឡើង​​នៅ​ថ្ងៃទី​​​​៥ ​ធ្នូ ត្រូវ​បាន​​រុះ​​រើ​វិញ​យ៉ាង​តក់​ក្រហល់​នៅ​វេលាទៀប​ភ្លឺ​​​ព្រឹកថ្ងៃទី​​​៦ ​​វិច្ឆិកា ។

តាម​​ប្រភព​​​ព័ត៌​មានថា ​​​ដោយ​​​​សារ​គ្រួសារ​​ខាង​នាង​ក្រមុំ​​បាន​ក្បត់​​​កិច្ច​​​សន្យា​​​​ភ្ជាប់​ពាក្យ​​កាលពី​​​​ជាង​​១​ឆ្នាំ​មុន ​បែរ​ជា​​​​ប៉ុនប៉ង​​​​រៀបមង្គ​​ល​ការ​​​ជាមួយ​​​អ្នក​ផ្សេងហើយ​​ត្រូវ​បាន​​ភាគី​បុរស​​ដែល​​​ភ្ជាប់ពាក្យ​​​​​រួចហើយ ​ប្តឹង​ទាមទារ​​​រក​យុត្តិ​ធម៌ ទើប​​រោង​​ការ​ត្រូវ​​​​បានរុះ​​រើ​ចេញវិញ​មុន​ព្រះ​អាទិត្យ​រះ​​។ គ្រួសារដែល​​​រៀបចំពិធី​​មង្គ​ល​ការ​​​​ក្នុង​ភាព​​អាថ៌​កំបាំង​​ខាងលើ​​​​ ប្តី​​ឈ្មោះចន ​ញ៉ា មុខ​ងារ​​ជា​អនុប្រធានភូមិ​​ ប្រពន្ធឈ្មោះ​ឡាច ​​រស់ ។ ​កូនស្រីដែល​​គេ​ចោទ​ថា ក្បត់​​ប៉ុនប៉ង​​​​រៀប​ការ​ជាមួយ​​អ្នកថ្មីនេះ​​ឈ្មោះ​ចន គន្ធន អាយុ​​​២០​ឆ្នាំ ។

តាម​​ប្រភពព័ត៌មាន​​​​បាន​ឱ្យដឹង​ថា នាង​ក្រមុំ​​​ខាងលើ​​​​កាលពី​ឆ្នាំមុន​​គឺ​​​នៅចុងខែ​​​មករា​ ឆ្នាំ​​​​២០១០ ​បានភ្ជាប់ពាក្យ​​ជាមួយ​គ្រួសារ​​មួយ​រួច​ហើយ​ ដែលភាគី​​​ខាង​ប្រុស​​​​ឈ្មោះ​ហ៊ន់ ​គីម​ហុង ​អាយុ​​២១​ឆ្នាំ ឪពុក​​​ឈ្មោះអេង អឿន អាយុ​​​​​​៤៨ឆ្នាំ ​​រស់នៅ​​សហរដ្ឋអាមេរិក​​ ។ ម្តាយឈ្មោះ​​ញ៉ាន ស៊ីវ​ហ៊ាង អាយុ​​៤៤​ឆ្នាំ ​​ទីលំនៅ​​​បច្ចុប្បន្ន​នៅ​ភូមិ​​ក្បាល​ស្ពាន​​២​។ ​ប្រភព​បន្ត​ថា ​កាលពី​​អំឡុង​ភ្ជាប់ពាក្យ​​រវាង​ឈ្មោះ​ហ៊ន់ គីមហុង ​និង​នាង​ក្រមុំ​​ខាងលើ​គឺ​មានធ្វើ​កម្មវិធី​ហែជំនូន​ និង​មាន​​ការ​ចូលរួម​ពីសាច់ញាតិ​​ទាំង​សង​ខាង​យ៉ាង​គគ្រឹកគគ្រេង​ និងថែមទាំង​​​មានពិធី​ជប់​លៀង​ជា​ច្រើន​​​​តុ​ រហូត​មាន​​​លោកជំទាវ​​​ភរិយា​​​ឯកឧត្តម​ខ្លះ​​​​បាន​ចូល​រួម​​ទៀត​ផង​។

ក្រោយ​ពី​​​​ការភ្ជាប់​ពាក្យ​​ ភាគី​ទាំង​​​២​បាន​​​​​កំណត់​​​រៀប​ការ​ក្នុងខែ​​​មិថុនា ឆ្នាំ​​២០១១ ព្រោះ​​ជឿ​តាម​​​គ្រូទស្សន៍ទាយ​ លុះ​​ដល់ថ្ងៃ​ទី៥ ធ្នូ ​២០១១ បែរ​ជា​មានព័ត៌មានថា ​នាង​ក្រមុំ​ខាង​លើ​​​​ធ្វើ​ពិធី​មួយទៀត​ ដែលអ្នកស្រុក​​​​គ្រប់​គ្នា​​​សង្ស័យ​ថា ​ជា​ការ​រៀប​​​អាពាហ៍ពិពាហ៍ និង​ខ្លះ​​យល់​ថា ​ជា​ការ​ភ្ជាប់​​ពាក្យ​​​​ជាមួយ​បុរស​ជនជាតិ​​ថៃ​។ បើ​តាម​​ការ​​ឱ្យដឹង​​​ពី​​អ្នកស្រី​​ញ៉ាន ស៊ីវ​ហ៊ាង ​ត្រូវ​ជា​ម្តាយ​​របស់​អនាគត​​​កូនកំលោះ​ហ៊ន់ គីមហុង ដែលជា​​តួ​ឯកប្រុស​​​ទី​១ ​បាន​ភ្ជាប់ពាក្យ​​​​​​រួច​ហើយ​​នោះ ​​បាន​ប្រាប់​តាមទូរស័ព្ទ​​​ថា ​គ្រួសារ​គូ​ដណ្តឹង​​​​កូន​គាត់​​​កំពុងរៀប​ចំ​​អាពាហ៍ពិពាហ៍ថ្មី​មិន​មែនជា​​​ការ​ភ្ជាប់ពាក្យ​​​អ្វីនោះ​​​​ទេ ដោយ​គាត់​បន្ត​ថា ​គាត់​បាន​​​​ឱ្យ​​បណ្តាញ​​ទៅចូលរួមក្នុង​​កម្ម​វិធីនោះ ហើយ​ប្រាប់​​គាត់​ថា ​ឃើញនាង​​​អនាគត​កូន​ប្រសា​​របស់​គាត់​​​ត្រូវគេ​​ឱ្យអង្គុយ​​​ផ្ទឹម​​​បាច​ផ្កា​ស្លា​​មានទាំង​​​កួច​ចំណង​ដៃ និង​មាន​​ពិធីសូត្រ​​មន្ត​ទៀត​​ផង ។

ទោះបីជា​​បែបណា គ្រួសារ​​​​ដែល​រៀប​ចំ​ធ្វើ​ពិធី​​​​បែប​អាថ៌​កំបាំង​​នេះត្រូវ​បានប៉ូលិស​​អធិ​ការ​​ដ្ឋាននគរបាល​​ក្រុង​​​​ធ្វើ​លិខិត​​​កោះហៅ​សួ​រនាំ​នៅ​ព្រឹក​​ថ្ងៃទី​​​៦ វិច្ឆិកា ​។​
អ្នកស្រី​​​​ឡាច រស់ អាយុ​​​៤៧​ឆ្នាំ ដែលជា​ម្តាយ​​នាង​​ក្រមុំ​ខាងលើ បានប្រាប់​កោះសន្តិភាព​​​នៅ​អធិការ​​ដ្ឋាននគរបាល​​​ក្រុង​ថា ​​គាត់​ធ្វើ​​ពិធី​ភ្ជាប់​ពាក្យ​កូន​​ស្រីគាត់ជាមួយ​​បុរស​ជនជាតិ​​​​ថៃ មិន​មែន​ជា​ពិធីរៀបអាពាហ៍ពិពាហ៍​ទេ​។ អ្នកស្រី​​​ទទួល​ស្គាល់​ថា ​កូនស្រីរបស់គាត់​​​កន្លង​មក​​​ធ្លាប់​​​ភ្ជាប់ពាក្យ​​ជាមួយ​​ប្រុស​ម្នាក់ឈ្មោះ​​ហ៊ន់ គីមហុង មែន ប៉ុន្តែ​​​​ដោយសារ​ក្រោយ​​ការ​​ភ្ជាប់​ពាក្យ​ ភាគី​ខាង​ប្រុស​​មិនទាន់​ឱ្យ​លុយ​​បណ្ណាការ​​​ និង​ថ្លៃ​ទឹក​ដោះ ។ ម្យ៉ាង​​​ភាគី​កូនប្រុស​នោះ​​​ងក់​ងចេញពី​ផ្ទះ​​​គាត់ទៅ​បាត់ ហើយ​​​​គាត់​​សុំ​ផ្តាច់​​​ពាក្យ​វិញ ។ អ្នក​ស្រី​​ជា​ម្តាយ​​នាង​ក្រមុំ​​​បានប្រាប់​ថា កា​រសុំ​ផ្តាច់​ពាក្យ​​នេះគឺ​​និយាយ​តាមទូរស័ព្ទ​​​ម្តង​​​​តែប៉ុណ្ណោះ​​ ហើយ​​​ត្រូវ​បាន​បុរស​​ថៃស្រឡាញ់​​​កូនគាត់​គេ​ចូល​តាមច្បាប់ ​ទើបគាត់​ធ្វើ​ពិធីភ្ជាប់ពាក្យ​​តែ​ម្តង​។

ក្នុង​វិវាទ​ដែល​កម្រ​​នឹង​កើត​មាន​​នេះ ​​​មន្ត្រី​ប៉ូលិស​​​​បាន​សុំ​​ឱ្យ​​ផ្អាកពិធី​​​នោះវិញ ព្រោះ​តែ​គ្មាន​​​ច្បាប់​ ម្យ៉ាង​​ជាមួយជន​​បរទេស​​ទៀត​ផង ​​។ អ្នកស្រី​ម្តាយនាង​​​ចន គន្ធន ​បានប្រាប់​ថា ​ការ​រៀប​​ចំ​កម្មវិធី​ភ្ជាប់ពាក្យ​​​នេះគាត់​បាន​​សួរ​​មេ​ភូមិ​​​ដែរ ពី​​​ច្បាប់ទម្លាប់​​​ ប៉ុន្តែ​ដោយ​សារ​មេ​ភូមិប្រាប់​ថា ​ត្រឹម​ពិធី​​ភ្ជាប់​ពាក្យ​​មិន​បញ្ហា​ទេ ​​ទើប​ពួក​​គាត់​​​ហ៊ាន​​​​ធ្វើ​។

បុរស​ជនជាតិ​​ថៃដែលជា​​​តួឯក​ទី​២ ក្នុង​ការ​​ភ្ជាប់​ពាក្យ​ជាមួយ​​​នាង​ចន គន្ធន ​ពុំត្រូវបាន​គេ​ឱ្យស្គាល់​​​​អត្តសញ្ញាណ​​នោះទេ ​​។ ​តាម​​ប្រភព​​ខ្លះ​​ប្រាប់​ថា ​​ក្រោយ​​​​ពេលបែក​​ធ្លាយ​​មានការ​តវ៉ា​​ត្រូវគេ​​ឱ្យចេញ​​​ទៅប្រទេស​​​ថៃ​វិញទាំង​យប់​។ អ្នកស្រី​​ជាម្តាយ​​​​តួឯក​ទី​​១ បានប្រាប់​តាម​ទូរស័ព្ទ​​​ថា ​​ធាតុពិត​​កូនរបស់​គាត់ និង​​នាង​ចន គន្ធន ​នោះ​នឹង​ត្រូវ​​​រៀបចំ​​នៅខែ​មិថុនា ឆ្នាំ២០១១ ​​ហើយ​ ដល់​ថ្ងៃ​​ការទើបគិតគូ​គ្នាថ្លៃ​ទឹកដោះ​មិន​ក្រោម​ពី១ម៉ឺន​ដុល្លារ​អាេមរិកនោះទេ ​ប៉ុន្តែ​​​បែរ​ជា​​​ដល់​ខែ​កំណត់​​​រៀបការ​ក៏​ភាគី​ខាង​ស្រី​​ប្រើវិធី​​​ដោះសារ​ចាំ​ថ្ងៃ​នេះថ្ងៃនោះរហូត​ទើប​​ខកខាន​​រហូតមកដល់ពេលនេះ ​រហូត​គេលួច​រៀបការ​កូន​ជាមួយ​ប្រុស​ថៃ​ក្បត់ការភ្ជាប់ពាក្យជាមួយ​កូន​ប្រុស​គាត់ទៀត ។​​​ ពេលនេះ​​គាត់បាន​ដាក់​ពាក្យ​បណ្តឹង​​ពីគ្រួសារ​​ខាងលើហើយ នៅ​អធិ​ការដ្ឋាន​​នគរបាលក្រុងប៉ោយប៉ែត ​ដើម្បីសង​ថ្លៃ​​​ពិធីភ្ជាប់​ពាក្យ​ លុប​លាង​​កិត្តិយស​គ្រួសារ​​របស់គាត់ ។

លោកអ៊ុំ ​សុផល ​អធិការ​នគរបាលក្រុង​ប៉ោយ​ប៉ែត​​​បានប្រាប់តាមទូរស័ព្ទ​​​នៅរសៀល​ថ្ងៃ​​ទី៦ ធ្នូ ថា ​​កម្មវិធី​របស់គ្រួសារ​​ក្មេងស្រី​ជាពិធី​​​រៀបអាពាហ៍ពិពាហ៍​​ពិតប្រាកដ ​មិនមែន​​​ជាពិធី​​ភ្ជាប់ពាក្យទេ ​​​ដោយមានទាំងការ​​ក្រាបផ្ទឹម​​​បាច​ផ្កា​ស្លាទៀតផង ។ ម្យ៉ាង​​​ពិធីមង្គល​ការ​ជាមួយ​ជនបរទេស​​​ និងគ្មាន​ច្បាប់ទម្លាប់​​​ ហើយ​លួច​​រៀបការ​​​ជាមួយអ្នកថ្មី​​​ មិនទាន់ផ្តាច់ការ​​ភ្ជាប់​ពាក្យ​​​ជាមួយ​គូភ្ជាប់ពាក្យ​ទី១​ផង ទើបលោក​ឱ្យ​រើ​រោង​​ចេញ​វិញ​យ៉ាងឆាប់នៅពេលនេះ ៕