ទោះបីជាមានការរិះគន់របស់សម្ព័ន្ធអារ៉ាប់ ក៏ក្រុមចម្រុះលោកខាងលិចនិយាយថា ខ្លួនទទួលបានជោគជ័យក្នុងការអនុវត្តនាថ្ងៃទី២០ មីនា នូវតំបន់ហាមហោះហើរអាកាសនៅលីប៊ីដែរ ។ បទឈប់បាញ់គ្នាមួយត្រូវបានប្រកាសនាថ្ងៃទី២០ មីនា នោះ ដោយកងទ័ពលីប៊ី ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានបដិសេធមិនទទួលស្គាល់ ហើយបន្ទាប់ពីនេះបន្តិចមក នៅទីក្រុងទ្រីប៉ូលី និងក្រុងបេនហ្គាហ្ស៊ី ស្នូរបាញ់ប្រហារ និងការផ្ទុះទាំងឡាយត្រូវបានស្តាប់ឮ ។
ការវាយប្រហារតាមអាកាសរបស់បារាំងនៅភាគខាងកើតលីប៊ី បណ្តាលឱ្យបណ្តាកងវរសេនាតូចស្មោះត្រង់នឹងលោកមូអាម៉ា កាដាហ្វី រត់គេចចេញពីច្រកចូលទាំងឡាយទៅកាន់ក្រុងបេនហ្គាហ្ស៊ី ជាទីតាំងបង្អែករបស់ពួកបះបោរ ។ ពួកបះបោរបានលើកឆ្ពោះទៅកាន់ទីក្រុង AJDABIAH ដែលពួកគេស្ថិតនៅមិនដល់១០គីឡូម៉ែត្រទៀតផង ពីទីក្រុងនេះ ។ ក៏ប៉ុន្តែបណ្តាកងរថក្រោះរបស់កងទ័ពរៀបរយលីប៊ី បានលុកចូលកណ្តាលទីក្រុង MISTRATA ដែលជាទីក្រុងដ៏ធំមួយ កាន់កាប់ដោយពួកបះបោរនៅភាគខាងលិចនៃឈូងសមុទ្រ SYRTE ។ ការដណ្តើមត្រួតត្រាទីក្រុងនេះជាកម្មវត្ថុនៃការប្រយុទ្ធគ្នាយ៉ាងសាហាវនាថ្ងៃទី២០ មីនា ។ យោងតាមអ្នកនាំពាក្យម្នាក់របស់ពួកបះបោរថា លោកកាដាហ្វី បានប្រើប្រាស់យុទ្ធសាស្ត្រដីឆេះ គឺការដុតកម្ទេច និងការបំផ្លាញអ្វីៗទាំងអស់ដែលស្ថិតនៅទើសផ្លូវរបស់ខ្លួន ។
ខាងពួកលោកខាងលិចគឺបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក វិញបានបើកការវាយប្រហារកាលពីថ្ងៃទី១៩ មីនា នៅលីប៊ី ។ ក្រុមចម្រុះតម្រង់គោលដៅវាយប្រហារលើបណ្តាទិសដៅយោធា ពិសេសមូលដ្ឋានអាកាសចរណ៍ និងទីតាំងការពារដែនអាកាស ដើម្បីប៉ុនប៉ងបង្ខំកងទ័ពលោកកាដាហ្វី ឱ្យឈប់ធ្វើការវាយប្រហារប្រឆាំងពួកបះបោរ ។ ក៏ប៉ុន្តែរបបលោកកាដាហ្វីអះអាងថា បណ្តាជនស៊ីវិលជាគោលដៅនៃការវាយប្រហារទាំងនេះ និងថា ជនស៊ីវិល៦៤នាក់ ត្រូវស្លាប់ចាប់ពីថ្ងៃទី១៩ មីនា មក ។
ទោះបីជាឧត្តមនាវី MIKE MULLEN នាយសេនាធិការនៃកងទ័ពចម្រុះអាមេរិកចាត់ទុកថា ប្រតិបត្តិការនេះ នឹងអាចញ៉ាំងឱ្យមានភាពទាល់ច្រកមួយក្តី ក៏ប៉ុន្តែលោករីករាយចំពោះភាពឆាប់រហ័សដែលកងទ័ពចម្រុះអាចបង្កើតបានតំបន់ហាមការហោះហើរ ។ សេនាធិការដ្ឋានកងទ័ពបារាំងអះអាងកាលពីថ្ងៃទី២០ មីនា ថា យន្តហោះប្រដេញរបស់ខ្លួន១៥គ្រឿង បានចូលរួមក្នុងការវាយប្រហារនៅលីប៊ី ។ បណ្តាអ្នកកាសែតនៅនឹងកន្លែងបានរៀបរាប់ពីការបាញ់កាំភ្លើងការពារអាកាស កាលពីយប់ថ្ងៃទី២០ មីនា នៅក្រុងទ្រីប៉ូលី ជាកន្លែងដែលការផ្ទុះយ៉ាងខ្លាំងមួយកើតមាននៅជិតនិវេសនដ្ឋានរបស់លោកកាដាហ្វី បណ្តាលឱ្យមានផ្សែងហុយឡើង ។
ប្រទេសអេស្ប៉ាញ បែលហ្ស៊ិក ដាណឺម៉ាក់ និងកាតា បានបញ្ជូនយន្តហោះមកចូលរួមជាមួយបារាំង អាមេរិក អង់គ្លេស កាណាដា និងអ៊ីតាលីដែរ នៅលីប៊ី ។ សម្ព័ន្ធអារ៉ាប់ និងរុស្ស៊ីបានសម្តែងការរិះគន់ចំពោះប្រតិបត្តិការទាំងឡាយដែលកំពុងធ្វើដោយរិះគន់ថា ការវាយប្រហារទាំងនេះគឺធ្វើហួសពីអាណត្តិរបស់ អ.ស.ប ។ ការវាយប្រហារទាំងឡាយសំដៅពុំត្រឹមតែកម្ទេចរថក្រោះនានាដែលកំពុងធ្វើចលនានៅក្បែរទីក្រុងបេនហ្គាហ្ស៊ីប៉ុណ្ណោះទេ ក៏ប៉ុន្តែរថយន្តយោធាមួយខ្សែបានត្រូវកម្ទេចប្រហែលជាដោយសារកងយន្តហោះបារាំង រួចបណ្តាទីបញ្ជាការដ្ឋាន និងមូលដ្ឋានអាកាសចរណ៍ទាំងឡាយជាគោលដៅនៃការបាញ់មីស៊ីលនាពេលរាត្រី ។
- អ្នកកាសែត៣នាក់បាត់ខ្លួននៅលីប៊ី
ទីភ្នាក់ងារព័ត៌មានបារាំង AFP រាយការណ៍កាលពីថ្ងៃទី២០ មីនា ថា អ្នកកាសែត៣នាក់ ដោយ២នាក់ជាអ្នកកាសែតរបស់ AFP និងអ្នកថតរូបភាពម្នាក់នៃទីភ្នាក់ងារ GETTY IMAGES បានបាត់ខ្លួនចាប់តាំងពីយប់ថ្ងៃទី១៨ មីនា មក នៅភាគខាងកើតលីប៊ី ។ AFP និយាយថា បានបាត់ដំណឹងពីអ្នកយកព័ត៌មានរបស់ខ្លួន លោក DAVE CLERT និងអ្នកថតរូបលោក ROBERT SCHRIDT ព្រមទាំងសហសេវិកម្នាក់របស់ GETTY IMAGES លោក JOE RAEDE ដែលនៅជាមួយគ្នា ។ អ្នកកាសែត៤នាក់របស់កាសែតញូវយ៉កថែម ត្រូវចាប់ខ្លួនដោយកងទ័ពលីប៊ី ប៉ុន្មានថ្ងៃមកហើយ ពេលពួកគេទៅយកព័ត៌មាននៅភាគខាងកើតប្រទេសនេះ ។
- យប់ថ្ងៃទី១៩ មក២០ មីនា បាញ់មីស៊ីល១១២គ្រាប់
នាយប់ថ្ងៃទី១៩ មក២០ មីនា មីស៊ីលដល់ទៅ១១២គ្រាប់ របស់ពួកលោកខាងលិចត្រូវបានបាញ់ចេញប្រឆាំងនឹងទីតាំងលីប៊ី២០កន្លែង ជាពិសេសទីតាំងការពារអាកាស ដោយបណ្តានាវាមុជទឹក និងកងនាវាចម្បាំងអាមេរិក និងអង់គ្លេស ។ បណ្តាយន្តហោះប្រដេញទម្លាក់គ្រាប់បែកអង់គ្លេសធុន TORNADO បានធ្វើការវាយឆ្មក់តាមអាកាស ។ មីស៊ីលដែលបាញ់ដាក់លីប៊ី ធុន TOMAHAWK ។ អ្នកនាំពាក្យម្នាក់របស់មន្ទីរប៉ង់តាហ្គោននិយាយថា ការវាយប្រហារទាំងនេះមានប្រសិទ្ធភាពបំផុតប្រឆាំងនឹងបណ្តាមីស៊ីលដី-អាកាសលីប៊ី ។ កងយន្តហោះអាមេរិកក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន B-2 ជាច្រើនគ្រឿងផង បានបន្តវាយប្រហារនាព្រឹកព្រលឹមថ្ងៃទី២០ មីនា ដោយប្រើប្រាស់គ្រាប់បែករត់រកគោលដៅ ។ ការវាយប្រហាររបស់កងយន្តហោះធ្វើជាពិសេសនៅតំបន់បេនហ្គាហ្ស៊ី ដែលជាប់ការឡោមព័ទ្ធរបស់កងកម្លាំងលោកកាដាហ្វី ។
- ពួកបះបោរលីប៊ីស្លាប់ដល់ជាង8.000នាក់
អ្នកនាំពាក្យម្នាក់របស់ពួកបះបោរលីប៊ីថ្លែងកាលពីថ្ងៃទី២០ មីនា តាមទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ាថា ពលរដ្ឋលីប៊ីជាង៨.០០០នាក់ដែលតស៊ូក្នុងជួរពួកបះបោរបានត្រូវស្លាប់តាំងពីចាប់ផ្តើមបដិវត្តន៍ប្រឆាំងរបបលោកមូអាម៉ា កាដាហ្វីមក។ អ្នកនាំពាក្យរូបនេះ លោកអាប់ដែល ហាហ្វីសហ្គោហ្គា និយាយថា យើងជំរឿនឃើញមនុស្សរបស់យើងស្លាប់ជាង៨.០០០នាក់។ ម្យ៉ាងទៀតអ្នកនាំពាក្យរូបនេះបានរិះគន់អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោកអាមរ៍មូសាដែលបានសំដែងការប្រឆាំងចំពោះអន្តរាគមន៍តាមអាកាស និងតាមដែនសមុទ្ររបស់ពួកលោកខាងលិចនៅលីប៊ី។ លោកអាមរ៍ មូសាមានប្រសាសន៍ថា អ្វីដែលកើតមាននៅលីប៊ីវាខុសនឹងទិសដៅបង្កើតតំបន់ហាមការហោះហើរមួយពីលើប្រទេសលីប៊ី ហើយអ្វីដែលយើងចង់បាននោះ គឺការពារជនស៊ីវិល ពុំមែនការទំលាក់គ្រាប់បែកថែមទៀតលើជនស៊ីវិលនោះឡើយ។ អ្នកនាំពាក្យរបស់ពួកបះបោរបានតបចំពោះពាក្យទាំងនោះវិញថា ការពោលបែបនោះរបស់លោកអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើល ។
- លោកកាដាហ្វី សច្ចាថានឹងធ្វើសង្គ្រាមយូរអង្វែងមួយ
មេដឹកនាំផ្តាច់ការលីប៊ីវរសេនីយ៍ឯកមូអាម៉ា កាដាហ្វី កាលពីថ្ងៃទី២១ មីនា បានសច្ចាថា នឹងធ្វើសង្គ្រាមរយៈពេលវែងប្រឆាំងកងទ័ពអន្តរជាតិដែលបើកការវាយប្រហារពីលើអាកាស និងពីសមុទ្រប្រឆាំងកងទ័ពរបស់លោកធ្វើឱ្យកក្រើកទីក្រុងទ្រីប៉ូលី កាលពីថ្ងៃទី២០ មីនា កន្លងមក ។ ថ្លែងតាមទូរទស្សន៍ទៅកាន់ពលរដ្ឋ លោកកាដាហ្វី អះអាងថា រូបលោកនឹងមិនបោះបង់ចោលទីក្រុងដែលកាន់កាប់ដោយពួកឧទ្ទាមឡើយ ហើយនិយាយជាថ្មីម្តងទៀតថា រដ្ឋាភិបាលរបស់លោកបានបើកឃ្លាំងស្តុកសព្វាវុធរួចហើយ និងបានបំពាក់អាវុធដល់ពលរដ្ឋមួយចំនួនធំរួចហើយដែរ ។
ទូរទស្សន៍រដ្ឋលីប៊ីនិយាយថា ពួកអ្នកគាំទ្រលោកកាដាហ្វី ក្នុងចំនួនដ៏ច្រើនបានប្រមូលផ្តុំគ្នានៅតាមព្រលានយន្តហោះនានាដើម្បីធ្វើជាខែលមនុស្ស ។ លោកកាដាហ្វី ថ្លែងថា «យើងសន្យាចំពោះអ្នកថា នឹងធ្វើសង្គ្រាមយូរអង្វែង ។ គឺយើងមិនអាចអនុញ្ញាតឱ្យកងទ័ពសម្ព័ន្ធមិត្តបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក កាន់កាប់ប្រេងរបស់យើងបានឡើយ» ។ លោកមូអាម៉ា កាដាហ្វី ដែលកាន់អំណាចអស់រយៈពេល៤១ឆ្នាំមកហើយ ថ្លែងថា ចំណាត់ការរបស់អន្តរជាតិប្រឆាំងកងទ័ពរបស់លោកជារឿងអយុត្តិធម៌ ។ បើទោះបីជារងការវាយប្រហារពីលើអាកាស និងពីសមុទ្រដោយមីស៊ីលក៏ដោយ ក៏មេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី នៅតែមិនចុះញ៉មឡើយ ហើយបានសច្ចាថានឹងសងសឹកវិញ។ កាលពីថ្ងៃទី២០ មីនា កន្លងមក លោកកាដាហ្វី សច្ចាថា កងទ័ពស្ម័គ្រស្លាប់របស់លោកនឹងវាយយកឈ្នះកងទ័ពពួកលោកខាងលិច ហើយលោកកាដាហ្វី បានហៅការវាយប្រហាររបស់ពួកលោកខាងលិចប្រឆាំងលីប៊ីថាជា «សង្គ្រាមសាសនា» ប្រឆាំងពលរដ្ឋលីប៊ី ។
លោកកាដាហ្វី ថ្លែងថា «យើងនឹងមិនចាកចេញទុកឱ្យប្រទេសលោកខាងលិចកាន់កាប់ប្រេងរបស់លីប៊ីឡើយ» ហើយលោកអះអាងថា ពួកសម្ព័ន្ធមិត្តចម្រុះដែលបើកការវាយប្រហារប្រឆាំងកងទ័ពរបស់លោកនឹងទទួលបរាជ័យនៅទីបញ្ចប់ ព្រោះរដ្ឋាភិបាលលីប៊ី បានបើកឃ្លាំងស្តុកអាវុធ យកអាវុធបំពាក់ដល់ពលរដ្ឋលីប៊ីទាំងអស់ ដើម្បីតទល់ជាមួយកងទ័ពលោកខាងលិច ។ លោកកាដាហ្វី ថ្លែងក្នុងសារខ្លីមួយចេញផ្សាយតាមទូរទស្សន៍ផ្លូវការលីប៊ីថា «អាវុធកំពុងត្រូវផ្តល់ទៅឱ្យពលរដ្ឋទាំងអស់» ។
លោកវរសេនីយ៍ឯកកាដាហ្វី បានអះអាងដូច្នេះក្រោយពីពួកមហាអំណាចពិភពលោកមានប្រទេសបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក បើកការវាយប្រហារយ៉ាងចាស់ដៃពីលើអាកាស និងពីសមុទ្រប្រឆាំងគោលដៅកងទ័ពរបស់លោកកាដាហ្វី ក្រោយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចអនុម័តលើដំណោះស្រាយមួយបង្កើតតំបន់ហាមហោះហើរឆ្លងកាត់ និងដើម្បីការពារជនស៊ីវិលនៅក្នុងប្រទេសលីប៊ី ។ ក្នុងការវាយប្រហារនោះប្រទេសបារាំងបានបើកការវាយប្រហារមុនគ។
- ប្រទេសលោកខាងលិចត្រៀមបើកការវាយប្រហារប្រឆាំងលោកកាដាហ្វីមួយឈុតថ្មីទៀត
កងទ័ពសម្ព័ន្ធមិត្តមានប្រទេសបារាំង អង់គេស និងសហរដ្ឋអាមេរិក ពេលនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកការវាយប្រហារមួយឈុតថ្មីទៀត ប្រឆាំងមេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី ដើម្បីអនុវត្ត និងពង្រឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សំដៅរារាំងលោកកាដាហ្វី កុំឱ្យវាយប្រហារប្រឆាំងជនស៊ីវិល ។
ការវាយប្រហារមួយឈុតដំបូងពីលើអាកាស និងពីក្នុងសមុទ្រដោយប្រទេសមហាអំណាចពិភពលោកចំនួន៣ប្រឆាំងលីប៊ីធ្វើឱ្យមេដឹកនាំប្រទេសនេះព្រមានពីការកើតមានសង្គ្រាមរយៈពេលវែងនៅសមរភូមិសមុទ្រមេឌីទែរ៉ាណេ។
យន្តហោះចម្បាំងអារ៉ាប់ និងយន្តហោះចម្បាំងរបស់ប្រទេសលោកខាងលិចកំពុងប្រមូលផ្តុំគ្នានៅមូលដ្ឋានទ័ពអាកាសរបស់ប្រទេសអ៊ីតាលីត្រៀមចូលរួមយុទ្ធនាការជាអន្តរជាតិប្រឆាំងលីប៊ី ។
រដ្ឋមន្ត្រីការពារប្រទេសអ៊ីតាលីលោក Ignazio La Russa ថ្លែងថា ក្រុងរ៉ូមបានត្រៀមយន្តហោះចម្បាំង៨គ្រឿងសម្រាប់ប្រតិបត្តិការសឹកប្រឆាំងលីប៊ី ហើយយន្តហោះទាំងនេះអាចប្រើប្រាស់នៅពេលណាក៏បាន ។ ការវាយប្រហារដោយមីស៊ីលរបស់ប្រទេសមហាអំណាចពិភពលោក បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ មីនា កន្លងមក បានបំផ្លាញស្ទើរតែទាំងស្រុងនូវមូលដ្ឋានយ៉ាងរឹងមាំមួយដែលគេជឿថាជារបស់លោកកាដាហ្វី ។
- ពួកសម្ព័ន្ធមិត្តធ្វើការវាយឆ្មក់តាមអាកាសលើកទី2ប្រឆាំងលីប៊ី
ពួកលោកខាងលិចបានធ្វើកាលពីយប់ថ្ងៃទី២០ មក២១ មីនា នូវការវាយប្រហារតាមអាកាសលើកទី២លើលីប៊ី បន្ទាប់ពីមុននេះបានបញ្ឈប់កងទ័ពលោកកាដាហ្វី មិនឱ្យរុលចូលក្រុងបេនហ្គាហ្ស៊ី ហើយធ្វើឱ្យខូចខាតដល់ផ្នែកការពារអាកាសលីប៊ី។ សហរដ្ឋអាមេរិកដែលធ្វើការវាយប្រហារតាមអាកាសជាមួយអង់គ្លេស បារាំង អ៊ីតាលី កាណាដា និងប្រទេសដទៃៗទៀតនិយាយថា យុទ្ធនាការផ្តល់ផ្លែផ្កា និងថា ប្រតិបត្តិការមានលក្ខណៈល្អប្រសើរបំផុតនាថ្ងៃទីមួយ។ នៅទីក្រុងទ្រីប៉ូលីមានការផ្ទុះយ៉ាងខ្លាំងបំផុតមួយត្រូវបានលាន់ឮ ហើយអាជ្ញាធរប្រកាសថា អគារមួយនៃប្លុកអគារនិវេសនដ្ឋានលោកកាដាហ្វីបានត្រូវកំទេចដោយគ្រាប់មីស៊ីល ៕

















ចែករំលែកព័តមាននេះ