ខេត្តតាកែវ ៖ បុរស២នាក់ជាឪពុកនិងកូនត្រូវបានប៉ូលិសស្រុកបាទីឃាត់ខ្លួនរួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការទៅតាមច្បាប់ ក្រោមការចោទប្រកាន់ពីបទញុះញង់ និងគំរាមសម្លាប់អ្នកដទៃ ខណៈពេលជនរងគ្រោះចូលទៅបេះផ្លែស្វាយចន្ទី កាលពីថ្ងៃទី១៩ មីនា វេលាម៉ោង១០និង៣០នាទីព្រឹកនៅភូមិទួលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។
លោកយុក សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ជនសង្ស័យ២នាក់ឪពុកកូនដែលប៉ូលិសឃាត់ខ្លួនទៅតាមពាក្យបណ្តឹងជនរងគ្រោះនោះឈ្មោះស៊ិន ស្រេង អាយុ៤៩ឆ្នាំ ជាឪពុក និងកូនឈ្មោះស្រេង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ។ ជនសង្ស័យទាំង២នាក់នេះត្រូវប៉ូលិសឃាត់ខ្លួននៅថ្ងៃទី២២ មីនា វេលាម៉ោង៨ព្រឹក ឯជនរងគ្រោះដែលរងការគំរាមកំហែងនោះឈ្មោះរី ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិព្រាល ឃុំសោម ។
លោកអធិការស្រុកបានបន្តទៀតថា មុនពេលកើតហេតុឈ្មោះរី ពៅ បានសម្រាកនៅក្នុងចំការមនសហគមន៍ព្រៃឈើ ពេលនោះក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូចំនួន៤គ្រឿងមានគ្នា៨នាក់ ចូលទៅចំការមននោះ ។ ពេលទៅដល់ជនសង្ស័យឈ្មោះស្រេង វាសនា បានស្រែកគំរាមខ្លាំងៗទៅលើជនរងគ្រោះដោយចោទប្រកាន់ឈ្មោះរី ពៅ ថាបាននាំក្រុមគ្រួសារចូលទៅលួចបេះផ្លែស្វាយចន្ទី និងយកដីរបស់គេ រួចហើយពួកគេក៏ជិះម៉ូតូចេញទៅក្រៅវិញ។ លុះដល់វេលាម៉ោង១០និង១១នាទីយប់ថ្ងៃដដែល ក្រុមជនសង្ស័យបានជិះម៉ូតូប្រហែលជា១០គ្រឿង ចុះឡើងទៅមកកន្លែងចំការមនក្នុងសហគមន៍ព្រៃឈើនោះទៀត ធ្វើឱ្យឈ្មោះរី ពៅ ភ័យខ្លាចក៏បានរាយការណ៍ដល់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសោម ធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យទាំង២នាក់ឪពុកកូនតែម្តង ។
នៅមុខសមត្ថកិច្ចប៉ូលិស ជនសង្ស័យ២នាក់ ឪពុកកូនបាននិយាយថា ឈ្មោះរី ពៅ នេះពិតជាបានចូលទៅបេះផ្លែស្វាយចន្ទីរបស់ពួកគេមែន ហើយពួកគេមិនបាននិយាយគំរាមកំហែងអ្វីទេ ។ លោកយ៉ុង ញីវ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា យើងបានកសាងសំណុំរឿងគ្រប់គ្រាន់មានទាំងវត្ថុតាងត្រឹមត្រូវ ទោះបីជាជនសង្ស័យមិនព្រមសារភាពទទួលកំហុសក៏ដោយ ក៏នៅថ្ងៃទី២៣ មីនា យើងនឹងបញ្ជូនពួកគេទៅសាលាដំបូងខេត្តចាត់ការទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ