ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រនាំអង្ករចេញ កំណត់យកឆ្នាំ២០១៥ ត្រូវផលិតអង្ករនាំចេញឱ្យបានជាង១លានតោន

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ទិស​ដៅ​ជា​យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋា​ភិបាល​បាន​កំណត់​យក​ឆ្នាំ​២០១៥ ត្រូវ​ផលិត​ស្រូវ​អោយ​បាន​ច្រើន​ជាង​៤​លាន​តោន ក្នុង​នោះ​បរិ​មាណ​អង្ករ​សំរាប់​នាំ​ចេញ​សំរេច​អោយ​បាន​ជាង​១​លាន​តោន និង​ធ្វើ​អោយ​អង្ករ​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​បែប​នេះ

រាជ​ធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ទិស​ដៅ​ជា​យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋា​ភិបាល​បាន​កំណត់​យក​ឆ្នាំ​២០១៥ ត្រូវ​ផលិត​ស្រូវ​អោយ​បាន​ច្រើន​ជាង​៤​លាន​តោន ក្នុង​នោះ​បរិ​មាណ​អង្ករ​សំរាប់​នាំ​ចេញ​សំរេច​អោយ​បាន​ជាង​១​លាន​តោន និង​ធ្វើ​អោយ​អង្ករ​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​បែប​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ សីហា​ ឆ្នាំ​២០១០ នៅ​វិមាន​រដ្ឋា​ភិបាល​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិ​បតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ “ឯក​សារ​គោល​នយោ​បាយ​ស្តីពី​ការ​ជំរុញ​ផលិត​កម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ” សំដៅ​ធានា​ក្តាប់​អោយ​ជាប់​នូវ​កាលានុ​វត្ត​ភាព​ដ៏​កម្រ​មួយ​ទៀត​​សំរាប់​ការ​អភិ​វឌ្ឍ​កម្ពុជា​នៅ​ក្នុង​ដំណាក់​កាល​ក្រោយ​វិបត្តិ​ហិរញ្ញ​វត្ថុ និង​សេដ្ឋ​កិច្ច​សាកល។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ក្នុង​ការ​អនុ​វត្ត​គំនិត​ផ្តួច​ផ្តើម​នេះ រាជ​រដ្ឋា​ភិបាល​នឹង​គោរព​ប្រតិ​បត្តិ​គោល​ការណ៍​សំខាន់ៗ​មួយ​ចំនួន​ដូច​តទៅ៖

១-​ប្រកាន់​យក​គោល​ការណ៍​ទីផ្សារ​ដោយ​រក្សា​ការ​ប្រកួត​ប្រជែង​ក្នុង​គោល​ដៅ​ជំរុញ​ការ​នាំ​ចេញ​អោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ផង ធានា​ផល​ប្រយោជន៍​របស់​កសិ​ករ​តាម​រយៈ​ការ​បង្កើន​ប្រាក់​ចំណូល និង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ពួក​គាត់​ផង និង​រក្សា​បាន​នូវ​សន្តិ​សុខ​ស្បៀង ។

២-​លើក​ទឹក​ចិត្ត​ ​និង​គាំទ្រ​ការ​ចូល​រួម​ពីសំណាក់​កសិ​ករ​ និង​សហ​គមន៍​កសិ​ករ និង​ការ​ពារ​ផល​ប្រយោជន៍​របស់​ពួក​គាត់ តាម​រយៈ​ការ​បង្កើត​ឡើង​នូវ​បរិ​ស្ថាន​អំណោយ​ផល​ និង​ភាព​ងាយ​ស្រួល​សំរាប់​ការ​បង្កើន​ផលិត​កម្ម និង​ការ​ផ្គត់​ផ្គង់​ស្រូវ​-អង្ករ​ប្រកប​ដោយ​គុណ​ភាព ។

៣-​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​ភាព​ជា​ដៃគូ​រវាង​រាជ​រដ្ឋា​ភិបាល និង​ដៃគូ​អភិ​វឌ្ឍន៍​សង្គម​ស៊ីវិល ព្រម​ទាំង​វិស័យ​ឯក​ជន​ដូច​ជាផលិត​ករ​ស្រូវ​-អាជីវ​ករ​ម៉ាស៊ីន​កិន​ស្រូវពាណិជ្ជ​ករ និង​អ្នក​ដឹក​ជញ្ជូន​ក្នុង​ការ​អនុ​វត្ត​គោល​នយោ​បាន​ជំរុញ​ផលិត​កម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ ។

ទន្ទឹម​នេះសម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​គូស​បញ្ជាក់​ថា ភាព​ចាំ​បាច់​ក្នុង​ការ​ជំរុញ​អនុ​វត្ត​វិធាន​ការ​រយៈ​ពេល​បន្ទាន់ និង​ផ្តល់​ផល​ភ្លាមៗ​ដោយ​មិន​បង្អែ​បង្អង់​សំដៅធ្វើ​អោយ​សំរេច​បាន​ជា​លទ្ធ​ផល​ជាក់​ស្តែង​​នៅ​ក្នុង​ឆ្នាំ២០១០-២០១១នេះ ។​ ក្នុង​នោះ​ការ​យក​ចិត្តុ​ទុក​ដាក់​ពិសេស​ត្រូវ​ប្រមូល​ផ្តុំ​លើ​វិធាន​ការ​ជា​គន្លឹះ​មួយ​ចំនួន ៖

-​ការ​បង្កើន​ផលិត​ភាព​ក្នុង​ការ​ផលិត​ស្រូវ​ ដោយ​ប្រើ​ប្រាស់​ពូជ​ដែល​ផ្តល់​ទិន្ន​ផល​ខ្ពស់ ហើយ​ឆ្លើយ​តប​ទៅ​នឹង​តំរូវ​ការ​ទីផ្សារ និង​ការ​ធ្វើ​ស្រែ​តាម​ក្បួន​ខ្នាត​បច្ចេក​ទេស​ត្រឹម​ត្រូវ ។
-​ការ​លើក​ស្ទួយ​ការ​ចូល​រួម​របស់​វិស័យ​ឯក​ជន ក្នុង​ការ​វិនិ​យោគ​កែច្នៃ​ និង​នាំ​ចេញ​អង្ករ​តាម​រយៈ​ការ​ជំរុញ​អនុ​វត្ត​ច្បាប់​វិនិ​យោគ​ច្បាប់​ស្តីពី​ការ​កែ​តំរូវ​នៃ​ច្បាប់​ហិរញ្ញ​វត្ថុ ។
-​ការ​ជំរុញ​ផ្តល់​ហិរញ្ញ​ប្បទាន​សំរាប់​ការ​ប្រមូល​ទិញ និង​កែ​ច្នៃ​ស្រូវ​តាម​រយៈ​ការ​រៀប​ចំ​ និង​ការ​ងារ​ដាក់​អោយ​ប្រើ​ប្រាស់​យន្ត​ការ​ហិរញ្ញ​ប្បទាន​ចាំ​បាច់​នានា​ដោយ​រួម​បញ្ចូល​ទាំង​យន្ត​ការ​ចែក​រំលែក​ហានិ​ភ័យ និង​ការ​ផ្តល់​ឥណ​ទាន​កម្ចី​ដែល​មាន​ការ​ធានា​ពី​រដ្ឋ​ផង​ដែរ ដើម្បី​អោយ​សហ​គមន៍​កសិ​កម្ម​ រោង​ម៉ាស៊ីនកិន​ស្រូវ​ និង​ក្រុម​ហ៊ុន​នាំ​ចេញ មាន​លទ្ធ​ភាព​ខ្ចី​ឥណ​ទាន​ពី​ធនា​គារ​ពាណិជ្ជ ។
-​ជំរុញ​ការ​ងារ​សំរប​សំរួល​ពាណិជ្ជ​កម្ម​ និង​ការ​កាត់​បន្ថយ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ រួម​ទាំង​ការ​លុប​បំបាត់​កុង​ត្រូវ​ជជុះ​ផង​ដែរ ។
-​ការ​ដោះ​ស្រាយ​បញ្ហា​ស្តង់​ដាចំណាត់​ថ្នាក់ និង​គុណ​ភាព អោយ​ស្រប​តាម​ស្តង់​ដាអន្តរ​ជាតិ​ ដោយ​រួម​បញ្ចូល​​នូវ​ការ​ពង្រឹង​សមត្ថ​ភាព​ស្ថាប័ន​ជំនាញ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​កំណត់​ស្តង់​ដា​គុណ​ភាពអង្ករ​នៅ​កម្ពុជា និង​ការ​បង្កើត​ប្រព័ន្ធ​វិញ្ញា​បន​កម្ម​ឯក​រាជ្យ ឬ​លើក​ទឹក​ចិត្ត​ដល់​ស្ថាប័ន​វិញ្ញា​បន​កម្ម​ឯក​ជន​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ជា​អន្តរ​ជាតិ ដើម្បី​ចេញ​វិញ្ញា​បន​បត្រ​បញ្ជាក់​គុណ​ភាព និង​ចំណាត់​ថ្នាក់​តាម​ស្តង់​ដា​មួយ​ដែល​អនុ​លោម​ទៅ​តាម​​ការ​តំរូវ​របស់​ប្រទេស​នាំ​ចូល ។
-ការ​បើក​យុទ្ធ​នា​ការ​​ការទូត ដើម្បី​ស្វែង​រក​ឱកាស​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​តំបន់​ និង​ពិភព​លោក ពិសេស​តាម​រយៈ​ការ​រៀប​ចំ​ដំណើរ​ទស្សន​កិច្ច​នៃ​គណៈ​ប្រតិភូ​ចំរុះ​រវាង​តំណាង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯក​ជន​ទៅ​កាន់​គោល​ដៅ​នៃ​ទីផ្សារ​អង្ករ​សំខាន់ៗ ។

រាជ​រដ្ឋា​ភិបាល​មាន​បំណង​ពង្រឹង​តួនាទី​របស់​សមា​គម​ម៉ាស៊ីន​កិន​ស្រូវ ដោយ​ផ្តល់​ប្រព្រឹត្តិ​កម្ម​​ពិសេស​ជូន​ដល់​សមា​គម​នេះ​ដូច​គ្នា​នឹង​សមា​គម​ក្នុង​វិស័យ​កាត់​ដេរ​ដែរ ក្នុង​នោះ​រួម​មាន​ការ​លើក​ដម្កើង​សារ​សំខាន់​នៃ​តួនាទី​របស់​សមា​គម​នេះ ក្នុង​ការ​ស្វែង​រក​ទីផ្សារ និង​ការ​ការ​ពារ​ផល​ប្រយោជន៍​កសិ​ករ ព្រម​ទាំង​ការ​លើក​កំពស់​សមត្ថ​ភាព​កែ​ច្នៃ​ស្រូវ​​ដើម្បី​បង្កើន​តំលៃ​បន្ថែម​ពី​លើ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា ។ ប៉ុ​ន្តែ​ដើម្បី​បំពេញ​តួនាទី​នេះ​ស្រប​តាម​ការ​រំពឹង​ចង់​បាន សមា​គម​ខ្លួន​ឯង​ក៏​ត្រូវ​មាន​កាតព្វ​កិច្ច​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ជាពិសេស​ទៅ​លើ​ការ​កសាង​សមត្ថ​ភាព​របស់​ខ្លួន​ផង​ដែរ ដើម្បី​អាច​ដើរ​តួ​ជា​ដៃគូ​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ និង​ជា​តំណាង​អោយ​សហ​គមន៍​អ្នក​នាំ​ចេញ​អង្ករ ក៏​ដូច​ជា​តំណាង​អោយ​ប្រជា​កសិ​ករ​​ប្រកប​ដោយ​ប្រសិទ្ធ​ភាពខ្ពស់ ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​គូស​បញ្ជាក់​ថា ឯក​សារ​គោល​នយោ​បាយ​ដែល​រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​មក​នេះ មាន​កំណត់​យ៉ាង​ច្បាស់​លាស់​រួច​ហើយ នូវ​យន្ត​ការ​ស្ថាប័ន​សំរាប់​ដឹកនាំ​សំរប​សំរួល​ការ​អនុ​វត្ត​ និង​តាម​ដាន​ការ​អនុ​វត្ត ។ យ៉ាង​ណាក៏​ដោយ ការ​ឆ្លុះ​បញ្ចាំង​ត្រឡប់​មក​វិញ​ពី​ប្រតិ​បត្តិ​ករ​វិស័យ​ឯក​ជន​ ដែល​ជា​អ្នក​ទទួល​ផល​ផ្ទាល់​ពី​ការ​អនុ​វត្ត​គោល​នយោ​បាយ​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សំរាប់​ការ​វាយ​តំលៃ​អំពី​ភាព​ត្រឹម​ត្រូវ​ និង​ជោគ​ជ័យ​នៃ​ការ​អនុ​វត្ត​គោល​នយោ​បាន​នេះ ។

រាជ​រដ្ឋា​​ភិបាល​អំពាវ​នាវ​អោយ​ដៃ​គូ​អភិ​វឌ្ឍន៍​ដែល​មាន​ការ​ពាក់​ព័ន្ធ​ទាំង​អស់​ ទាំង​ដៃ​គូ​សហ​ប្រតិ​បត្តិ​ការ​អភិ​វឌ្ឍន៍ ទាំង​ដៃគូ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល សូម​ចូល​​រួម​ផ្តល់​ការ​គាំទ្រ ចាំ​បាច់​នានា​គ្រប់​ផ្នែក ទាំង​ផ្នែក​ហិរញ្ញ​វត្ថុ សំភារ និង​បច្ចេក​ទេស​ដល់​ក្រសួង​ ស្ថាប័ននៃ​រាជ​រដ្ឋា​ភិបាល​ ប្រតិ​បត្តិ​ករ​វិស័យ​ឯក​ជន​ និង​ប្រជា​កសិ​ករ​កម្ពុជា ដើម្បី​ធានា​ជោគ​ជ័យ​ក្នុង​ការ​អនុ​វត្ត​គោល​នយោ​បាយ​ដ៏​មាន​សារ​សំខាន់​នេះ ដែល​នឹង​ចូល​រួម​ផ្តល់​ជា​វិភាគ​ទាន​មិន​អាច​កាត់់​ថ្លៃ​បាន ដល់​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ការ​លើក​ស្ទួយ​កំរិត​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន និង​ដល់​ការ​អភិ​វឌ្ឍ​កម្ពុជា​ប្រកប​ដោយ​ចីរ​ភាព​និយាយ​ជារួម ។

ក្នុង​សុន្ទរកថា លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ គាត​ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ប្រធាន​គណៈ​កម្មា​ធិការ​គោល​នយោ​បាយ​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​មាន​ប្រសាសន៍​ថា “ឯក​សារ​គោល​នយោ​បាយ​ស្តីពី​ការ​ជំរុញ​ផលិត​​កម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ” នេះ​មាន​បំណង​ជំរុញ​ការ​អភិ​វឌ្ឍ​វិស័យ​​កសិ​កម្ម​ក្នុង​សន្ទុះ និង​ទំហំ​ថ្មី​មួយ​ដើម្បី​ពង្រីក និង​ពង្រឹង​មូល​ដ្ឋាន​កំណើន​សេដ្ឋ​កិច្ច​ផង ព្រម​ទាំង​បង្កើន​ល្បឿន​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​លើក​តម្កើង​កំរិត​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន​ផង​ ។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា គោល​ដៅ​ចំបង​នៃ​ឯក​សារ​គោល​នយោ​បាយ​នេះ គឺ​សំដៅ​ជំរុញ​ផលិត​កម្ម​ និង​ការ​នាំ​ចេញ​អង្ករ​មួយ​មុខ​សិន​ប៉ុណ្ណោះ ។ នេះ​គឺ​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​សំរាប់​ជំរុញ​ផលិត​កម្ម​​ និង​ការ​នាំ​ចេញ​កសិ​ផល​ដទៃ​ទៀត ។ រាជ​រដ្ឋា​ភិបាល​រំពឹង​ថា ជោគ​ជ័យ​នៃ​ការ​អនុ​វត្ត​គោល​នយោ​បាន​ជំរុញ​ផលិត​​កម្ម​ស្រូវ​ និង​ការ​នាំចេញ​អង្ករ​នេះ នឹង​ក្លាយ​ជា​សារ​នយោ​បាយ​មួយ​ដ៏​ខ្លាំង​ក្លា​ដែល​លើក​ទឹក​ចិត្ត​ និង​បើក​ផ្លូវ​សំរាប់​ជំរុញ​ការ​ផលិត​ និង​ការ​នាំ​ចេញ​កសិ​ផល​ដទៃ​ទៀត​រួម​មាន កៅស៊ូ ស្វាយ​ចន្ទី សណ្តែក​សៀង ដោយ​មិន​ទាន់​រាប់​បញ្ចូល​នូវ​អនុ​វិស័យ​កសិ​កម្ម​ដទៃ​ទៀត​មាន​វារី​វប្ប​កម្មជា​ដើម​ផង ដែល​ទាំង​អស់​នោះ​គឺ​ជា​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​ដ៏​មុត​ថ្លា និង​ភ្លឺ​ស្វាង​របស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ សំរាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ គាត ឈន់ គូស​បញ្ជាក់​ថា គោល​ដៅ​ជំរុញ​ផលិត​កម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ជា​ស្នូល​នេះ ទាម​ទារ​អោយ​តួអង្គ​ទាំង​អស់​នៃ​ខ្សែ​សង្វាក់​តំលៃ​តាំង​ពី​ការ​ជ្រើស​រើស​ពូជ​ស្រូវ​ដល់​ការ​នាំ​ចេញ​ផេះ​អង្កាម​ជា​ដើម និង​ចង្កោម​សកម្ម​ភាព មាន​ការ​បង្ហូរ​ទឹក​ចូល​ស្រែ ការ​សាង​សង់​ និង​ថែ​ទាំ​ផ្លូវ​ជន​បទ​ និង​ផ្លូវ​ជាតិ​​ ដល់​ការ​បំបាត់​កុង​ត្រូល​ជជុះ​ជា​ដើម ដូច​មាន​នៅ​ក្នុង​​តារាង​ឧប​សម្ព័ន្ធ​ ទី២នៃ​ឯក​សារ​គោល​នយោ​បាយ​ស្តីពី​ការ​ជំរុញ​ផលិត​កម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​ត្រូវ​តែ​ស៊ី​សង្វាក់​គ្នា​ ៕