ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក្តានុពលខេត្តរតនគិរីទឹកដីនៃជនជាតិដើមភាគតិចច្រើនសំបូរបែប (តពីមុន)

13 ឆ្នាំ មុន

ចរន្តទឹកធ្លាក់ ។ នៅ​ចំណុច​​ខាង​ក្រោម​នេះ ​មាន​ដើមឈើ​ធំៗ​ដែល​អាច​ផ្តល់​​ជា​ម្លប់​​ដល់ការ​​សំរាក​លេង ឬ​ហូប​ចុក​​ចំណី​​អាហារ។ ចំណែក​នៅ​ផ្នែក​​ខាងលើ​​ក្បែរ​ចំណុច​​​ទឹកធ្លាក់​ មាន​​កន្លែង​​លក់​ដូរ​ចំណី​អាហារ ​ភេសជ្ជៈ​ រួមទាំង​វត្ថុ​​អនុ​ស្សាវ​រីយ៍​​​​ផ្សេងៗ​សំរាប់​​អ្នក​ទេសចរ​​​ដែល​ទៅ​កំសាន្ត​​ទីនោះ។
៤-​រមណីយដ្ឋាន​ទឹក​ជ្រោះ​​​​កាទៀង​ ៖ ៥-​រមណីយដ្ឋាន​​ទឹកជ្រោះ​​អូរ​ស៊ិន​លែរ៍ ៖ ៦-រមណីយ​ដ្ឋាន​​ឥសី​បតមៈ (ភ្នំ​ស្វាយ) ៖ ៧-រមណីយ​ដ្ឋាន​​បឹង​​លំកុដ ៖

ចរន្តទឹកធ្លាក់ ។ នៅ​ចំណុច​​ខាង​ក្រោម​នេះ ​មាន​ដើមឈើ​ធំៗ​ដែល​អាច​ផ្តល់​​ជា​ម្លប់​​ដល់ការ​​សំរាក​លេង ឬ​ហូប​ចុក​​ចំណី​​អាហារ។ ចំណែក​នៅ​ផ្នែក​​ខាងលើ​​ក្បែរ​ចំណុច​​​ទឹកធ្លាក់​ មាន​​កន្លែង​​លក់​ដូរ​ចំណី​អាហារ ​ភេសជ្ជៈ​ រួមទាំង​វត្ថុ​​អនុ​ស្សាវ​រីយ៍​​​​ផ្សេងៗ​សំរាប់​​អ្នក​ទេសចរ​​​ដែល​ទៅ​កំសាន្ត​​ទីនោះ។

៤-​រមណីយដ្ឋាន​ទឹក​ជ្រោះ​​​​កាទៀង​ ៖
ទឹក​ជ្រោះ​​កាទៀង ​ស្ថិត​នៅ​ក្នុងភូមិ​​កាទៀង ឃុំ​ល្បាំង២ ស្រុក​​លំផាត់ មានចំងាយ​ប្រមាណ​​៩គីឡូម៉ែត្រ ​ពី​ក្រុង​បានលុង ខេត្ត​រតន​គិរី។ មុន​នឹង​​ធ្វើដំណើរ​​ទៅ​ដល់​រមណីយដ្ឋាន​​ទឹកជ្រោះ​​កាចាញ​ មានផ្លូវ​​លំបែក​​ទៅ​ស្តាំ​ដៃ​តាមរបង​​រោង​ចក្រ​កៅស៊ី​​ក្រែបឆាយ​​សេង ​ទៅ​ខាង​ត្បូង​ គឺជា​​ផ្លូវ​ទៅកាន់​​រមណីយដ្ឋាន​​ទឹកជ្រោះ​​កាទៀង ដែល​មាន​ចំងាយ​​ប្រមាណ​​ជា​៣គីឡូម៉ែត្រប៉ុណ្ណោះ ​នឹង​​ទៅ​​ដល់​រមណីយដ្ឋាន​​នេះ ។ ទឹកជ្រោះ​​កាទៀង​ ​ស្ថិត​នៅ​កណ្តាលព្រៃ​​ភ្នំ​​មាន​​​ដើម​ឈើ​ធំៗ​​ដែល​អាច​​​ផ្តល់ជា​ម្លប់យ៉ាង​ត្រជាក់​​ត្រឈឹង​​​ត្រឈៃ​ដល់​អ្នក​ទេសចរ​​ទាំង​ឡាយ ។ ដើម្បី​​គយ​គន់ទេស​ភាព​​​ដ៏​ស្រស់​ត្រកាល​នៃទឹក​ធ្លាក់នេះ​ឱ្យ​កាន់តែ​​ប្លែក គឺត្រូវ​ចុះ​តាម​ជណ្តើរ​​​ឈើជា​ច្រើន​​កាំ​​ទៅ​ក្រោម។ ​នៅខាង​ក្រោយ​​ខ្សែ​​ទឹកធ្លាក់​នោះ​​មាន​រូងថ្ម​​ដ៏ធំ​​អាច​ឱ្យ​ភ្ញៀវ​​ចូលទៅ​ក្នុងបាន ហើយ​អាច​មើល​ឃើញ​​ទេស​​ភាពល្អ​ៗ​ប្លែកៗ​​ពីធម្មជាតិកាត់​តាមខ្សែ​ទឹក​ដែល​កំពុង​​ធ្លាក់​យ៉ាង​ត្របាញ់​នោះ ។ ​ចំណែក​​នៅ​ខាងលើក្បែរ​​​ចំណុច​​ទឹក​​ធ្លាក់​​ មាន​​កន្លែង​ជិះ​ដំរី​សំរាប់​​​ការដើរ​កំសាន្ត​​តាម​​ព្រៃ​​ជុំវិញ​​ទីនោះ ។​ នៅទីនោះ​​ មាន​ផលិត​​ផល​​ផលិត​ពី​ដៃ​ដោយ​ជន​​ជាតិគ្រឹង​ជាច្រើនមុខ​​ដាក់តាំង​លក់​​ដូចជា ឃ្លោក ស្នា គង ក្រណាត់ប៉ឹង សំពត់​តាម​បែប​ប្រពៃណី​​​ជនជាតិ​​ដើម​ភាគ​តិចជា​ដើម ។

៥-​រមណីយដ្ឋាន​​ទឹកជ្រោះ​​អូរ​ស៊ិន​លែរ៍ ៖
ទឹកជ្រោះ​​អូរ​ស៊ិនលែរ៍ ស្ថិតនៅក្នុង​​ភូមិ​សាស្ត្រ​​ទឹកដី​ ស្រុក​​លំផាត់​​ មានចំងាយ​​ប្រមាណ​៣០​គីឡូ​ម៉ែត្រ ពី​ក្រុង​បាន​លុង ​គឺ​ជា​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ធម្ម​ជាតិ​​ដ៏​ស្រស់​បំព្រង​មួយ​ដែល​​តែង​​តែ​ផ្តល់​​នូវ​​​ភាព​សប្បាយ​រីក​រាយ​ជក់​​ចិត្ត​​ដិត​​អារម្មណ៍​ដល់​អ្នក​ទេស​ចរ​គ្រប់​ៗ​រូប ។ រមណីយ​ដ្ឋាន​នេះ​គ្រប​ដណ្តប់​​ដោយ​ព្រៃ​ស្រោង​ពណ៌​បៃតង ដែល​ហ៊ុម​ព័ទ្ធ​ជុំ​ជិត​ដោយ​ជួរ​ភ្នំ និង​ខ្ពង់​រាប​ប្រកប​ដោយ​ភាព​សុខដុម​រមនា​ពី​ធម្ម​ជាតិ​សំរាប់​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ និង​​​ឮ​​តែ​សំលេង​ខ្ញៀវ​ខ្ញារ​នៃ​សត្វ​បក្សា​បក្សី ។ រមណីយ​ដ្ឋាន​ទឹក​​ធ្លាក់​នេះ​ ធ្លាប់​តែ​លាក់​ខ្លួន​​នៅ​កណ្តាល​ទ្រូង​ព្រៃ​ជា​យូរ​មក​ហើយ ទើប​​តែ​ពេល​ថ្មីៗ​នេះ​ទេ ដែល​បណ្តាញ​ផ្លូវ​​​គមនាគមន៍​ត្រូវ​បាន​អភិ​វឌ្ឍ​​​តភ្ជាប់​ទៅ​ដល់​តំបន់​ទឹក​​ធ្លាក់​​ដ៏​អស្ចារ្យ​មួយ​នេះ​បាន​ងាយ​​ស្រួល ។ អ្នក​ទេស​ចរ​អាច​ទៅ​ដល់​ទី​នោះ​តាម​រយៈ​រថយន្ត​​ធុន​ខ្ពស់ៗ​​ ឯ​​​អ្នក​បើក​បរ​ក៏​ត្រូវ​តែ​ប្រកប​ដោយ​ទេព​​កោសល្យ​ផង​ដែរ ​ក្នុង​ការ​បញ្ជា​យាន​យន្ត​តាម​ផ្លូវ​​ក្នុង​ព្រៃ​បត់​បែន​ដូច​ពស់​លូន ហើយ​កន្លែង​ខ្លះ​​ត្រូវ​ឆ្លង​កាត់​អូរ​តូចៗ​ទៀត​​ផង​។ ដំណើរ​កំសាន្ត​​ទៅ​​កាន់​ទី​នោះ​ គឺ​អាច​ចំណាយ​​ពេល​ពេញ​មួយ​​ថ្ងៃ និង​ត្រូវ​ត្រៀម​រៀប​ចំ​​​កញ្ចប់​ម្ហូប​អាហារ និង​ភេស​ជ្ជៈ​ផងដែរ ព្រោះ​នៅ​ទី នោះ​គ្មាន​អ្វី​លក់​ដូរ​ទាំង​អស់​​គឺ​ធម្ម​ជាតិ​ពិតៗ ។ ទឹក​ធ្លាក់​​នោះ​មាន​៧​ជាន់ ដែល​ទស្សនីយ​ភាព​ដ៏​ស្រស់​ស្អាត​នេះ ស្ថិត​នៅ​​កណ្តាល​ព្រៃ​​​ និង​មាន​ការ​​អភិ​រក្ស​​ថែរក្សា​​យ៉ាង​ល្អ​ ​ហើយ​កន្លែង​ខ្លះ​សូម្បី​តែ​ពន្លឺ​ព្រះ​អាទិត្យ ក៏​ពិបាក​​នឹង​ចាំ​​​​ង​​​កាំរស្មី​ចូលដល់​ផង ។ នៅរដូវ​ប្រាំង ​ចរន្ត​ទឹក​ហូរ​​មាន​សភាព​យឺត​ល្មម​ដែល​អាច​ឱ្យ​យើង​ហែល​លេង​បាន​យា៉ង​ស្រួល ។ រីឯ​នៅ​រដូវ​ភ្លៀង​ ចរន្ត​ទឹក​ហូរ​ខ្លាំង​លឿន កួច​ខ្មួល​ខ្មាញ់ និង​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​មុជ​កំសាន្ត​​ណាស់ ។ រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​អូរ​ស៊ីន​លែរ៍ មិន​ត្រឹម​តែ​ផ្តល់​​ភាព​ស្រស់​ស្អាត​សំរាប់​​​ដំណើរ​​កំសាន្ត​​ក្នុង​ព្រៃ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​វា​​​ហាក់​បី​ដូច​ជា​​​ការ​ស្រាវ​​ជ្រាវ​អំពី​សំរស់​ធម្ម​ជាតិ​ផ្សេងៗ​រួម​ទាំង​ទឹក​ធ្លាក់​​ដទៃ​ទៀត​នៅ​ជុំ​វិញ​ទី​​នោះ​ផង​ដែរ ។

៦-រមណីយ​ដ្ឋាន​​ឥសី​បតមៈ (ភ្នំ​ស្វាយ) ៖
ទី​កន្លែង​​ស័ក្តិ​សិទ្ធិ​​ឥសី​បតមៈ តាំង​នៅ​លើ​កំពូល​​ភ្នំ​ស្វាយ មាន​ចំងាយ​ប្រហែល​​ពីរ​​គីឡូ​ម៉ែត្រ ខាង​លិច​ក្រុង​បាន​លុង ។ បច្ចុ​ប្បន្ន​​ទី​កន្លែង​ដ៏​ពិសិដ្ឋ​នេះ បាន​ក្លាយ​ជា​កន្លែង​ទស្សនា​ថ្ងៃ​​រះ​​ដ៏​ល្អ​នៅ​ពេល​ព្រឹក​ព្រហាម និង​ខណៈ​ពេល​ថ្ងៃ​រះ​ឡើង​ផុត​ព្រៃ​ភ្នំ​ពី​លើ​ក្រុង​បាន​លុង ។ ទី​កន្លែង​នេះ​ក៏​ផ្តល់​​ទិដ្ឋ​ភាព​គួរ​ឱ្យ​គយ​គន់ ម្យ៉ាង​ទៀត​គឺ​នៅ​ពេល​ថ្ងៃ​​ធម្ម​តា ភ្ញៀវ​ទេស​ចរ​អាច​ចោល​ភ្នែក​​គយ​គន់​ជុំ​វិញ​ពី​លើ​កំពូង​ភ្នំ​នោះ ដែល​លំអ​​ដោយ​ទេស​ភាព​​​ពណ៌​បៃតង​ជា​និច្ច នៅ​តាម​ទី វាល​ជំរាល​ជ្រលង​ភ្នំ​ រួច​បន្ត​ដោយ​ជួរ​​ភ្នំ​នៅ​ឯ​នាយ​ជាប់​នឹង​ជើង​មេឃ ។ ឥសីបតមៈ​ ជា​ឈ្មោះ​​​អ្នក​តា​​​ភ្នំ​ពី​បុរាណ​ដែល​បាន​ថែរក្សា​​តំបន់​នេះ​ក្នុង​សម័យ​​កាល​យូរ​លង់​ណាស់​មក​ហើយ ។ ឥសី ជា​នាម​សំរាប់​​សំគាល់​អ្នក​បួស ឬ​អ្នក​ប្រកាន់​សច្ច​​ធម៌​នៅ​ក្នុង​សាសនា​​ព្រាហ្ម​ណ៍ ប៉ុន្តែ​​បន្ទាប់​ពី​មាន​ការ​​កសាង​ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​មួយ​មាន​​ប្រវែង​​៥​ម៉ែត្រ ​កាល​ពី​ដើម​ទស​វត្ស ​ឆ្នាំ១៩៦០ មក​​ ទី​កន្លែង​នេះ​គ្រាន់​តែ​រក្សា​ឈ្មោះ​ដើម «ឥសីបតមៈ» ​ហើយ​ប្រជា​ជន​ភាគ​ច្រើន​គោរព​​​បូជា​​ព្រះ​ពុទ្ធ​សាសនា ឯ​ព្រហ្ម​ញ្ញសាសនា​គោរព​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ សព្វ​ថ្ងៃ​នេះ ​ទី​កន្លែង​ដ៏​ស័ក្តិ​សិទ្ធិ​នេះ ប្រជា​ជន​​ទៅ គោរព​​បូជា​ ដើម្បី​សុំ​លាភ​សំណាង ជោគ​ជតា​រាសី និង​សុំ​ក្តី​សុខ​សប្បាយ ។ ឥសី​បតមៈ​​ ជា​រមណីយ​ដ្ឋាន​សក្ការ​​បូជា​ស័ក្តិ​សិទ្ធិ​បំផុត សំរាប់​​ប្រជា​ជន​​ដែល​រស់​នៅ​ខេត្ត​រតន​គិរី និង​អ្នក​​ទេស​ចរ​ជាតិ​ដែល​ធ្វើ​ដំណើរ​​​នៅ​កំសាន្ត​​នៅ​ទឹក​ដី​ខេត្ត​នេះ ។

៧-រមណីយ​ដ្ឋាន​​បឹង​​លំកុដ ៖
លំកុដ ​ជា​បឹង​ធម្ម​ជាតិ​​ដែល​មាត់​បឹង​នេះ​មាន​សណ្ឋាន​ដូច​រូប​បេះដូង​មនុស្ស ។ ​បឹង​នេះ​មាន​ទំហំ​​២៥​ហិកតា ​ជំរៅ​ប្រមាណ​ជា​៦០​ម៉ែត្រ ហើយ​មាន​លក្ខណៈ​អេកូឡូ​ហ្ស៊ីដូច​បឹង​យក្ស​ឡោម​ដែរ វា​កើត​​ឡើង​ពី​​បន្ទុះ​ភ្នំ​ភ្លើង​កាល​​​ពី​សម័យ​ដើម​ដូច​គ្នា ។ ​ស្ថិត​នៅ​លើ​តំបន់​ខ្ពង់​រាប​​ និង​​ជួរ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ត្រូពិច ពណ៌​បៃតង​​ជានិច្ច​​បឹង​លំកុដ​មាន​ដើម​ឈើ​ទ្រេត​ជា​ច្រើន ហាក់​បី​ដូច​ជា​ចង់​ដួល​រលំ​​ទៅ​លើ​ផ្ទៃ​ទឹក​បឹង​ដ៏​ថ្លា​ពណ៌​ខៀវ​ស្រងាត់ ហើយ​ជា​ធម្ម​តា​ទឹក​មាន​ភាព​ត្រជាក់​​ស្រេង​​ជាង​ទឹក​បឹង​ផ្សេងៗ ។ ​ហ៊ុម​ទ័ព្ធ​ជុំ​វិញ​ដោយ​ដុំ​ថ្ម​ក្រោម​​ម្លប់​នៃ​ដើម​ឈើ​ធំ​ៗ​ បឹង​ដែល​កើត​​ឡើង​ពី​បន្ទុះ​ភ្នំ​ភ្លើង​​បុរាណ​​នេះ បាន​ផ្តល់​ជា​​សំបុក​មច្ឆ​ជាតិ​តូច​ធំ​ជា​ច្រើន​​ប្រភេទ​រស់​នៅ​បន្ត​ពូជ​ពង្ស ហើយ​វា​ក៏​ជា​ធ្នាក់​​ទាក់​ទាញ​សត្វ​បក្សា​បក្សី​សីុ​ត្រី​ជា​អាហារ និង​បក្សា​បក្សី​​ជា​ច្រើន​ទៀត​រស់​នៅ​​ជុំ​វិញ​មាត់​បឹង​នេះ​ជា​អចិ​ន្ត្រៃយ៍ ។ នៅ​ឆ្ងាយ​បន្តិច​ពី​មាត់​បឹង​លំកុដ គឺ​​ជា​កន្លែង​​រស់​នៅ​​ដ៏​សុខ​សាន្ត​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន ព្នង និង​ជន​ជាតិ​ឡាវ ។ ប្រជា​ជន​ទាំង​នោះ​ជា​កសិ​ករ​ដែល​មាន​ជីវ​ភាព​រស់​​នៅ​ពឹង​ផ្អែក​​ទៅ​លើ​ដំណាំ​ដាំ​ដុះ​​​​ចំការ​​ស្រែ និង​អនុ​ផល​ព្រៃ​ឈើ ។ បឹង​លំកុដ ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​​ឃុំ​សេដា ស្រុក​លំផាត់ ដែល​អ្នក​ទេស​ចរ​​អាច​ទៅ​កាន់​​​​ទី​នោះ​តាម​​ផ្លូវ​ជាតិ​លេខ​៧៨A មាន​ចំងាយ​​ប្រហែល​៥៤​គីឡូ​ម៉ែត្រ ​ពី​ក្រុង​​បាន​លុង។ នៅ​រដូវ​ប្រាំង​ រថយន្ត​​ភាគ​​ច្រើន​​អាច​បើក​បរ​ទៅ​កាន់​ទី​នោះ​បាន ចំណែក​នៅ​រដូវ​វស្សា​វិញ មាន​តែ​រថយន្ត​ប្រភេទ​ខ្ពស់ៗ​ទេ ទើប​អាច​ទៅ​មក​បាន​ងាយ​ស្រួល ។
មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​អ្នក​លក់​ដូរ​អ្វី​ឡើយ ​សូម្បី​តែ​លក់​ភេស​ជ្ជៈ​ ឬក៏​អាហារ​​នៅ​ទី​នោះ​ក៏​ពុំ​មាន​ដែរ ។ ​អ្នក​ទេស​ចរ​​ទាំង​អស់​ត្រូវ​រៀប​ចំ​ប្រដាប់​ប្រដា​​ស្បៀង​​អាហារ​គ្រប់​​យ៉ាង​ ពី​ទី​រួម​ស្រុក​បកែវ ឬ​ពី​ក្រុង​​បាន​លុង ​ទៅ​ទើប​ជា​ការ​ប្រសើរ​​សំរាប់​ដំណើរ​​កំសាន្ត​​ទៅ​កាន់​បឹង​ធម្ម​ជាតិ​ដ៏​ស្រស់​បំព្រង​មួយ​នេះ ។ (នៅមានត)