ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ថ្លែងការណ៍​រួម​របស់​វេទិកា​និពន្ធនាយក​​សារព័ត៌មាន​កម្ពុជា​លើកទី8

12 ឆ្នាំ មុន

ក្លឹប​​អ្នកកាសែត​​​កម្ពុជា​ដោយមានការ​​ឧបត្ថម្ភ​របស់​មូល​និធិ​ខុន​​រ៉ាដ​​អាល្លឺម៉ង់​​​បានរៀបចំ​​​ធ្វើ​កាល​ពី​​ថ្ងៃទី២៦ ​និង​២៧ វិច្ឆិកា ​​ក្នុង​ខេត្តកែប ​នូវ​វេទិកា​​​និពន្ធនាយក​សារព័ត៌មាន​​​កម្ពុជា​លើកទី៨​ដោយ​​មាន​ការចូលរួមរបស់​និពន្ធនាយក​ និង​តំណាង​​​សារព័ត៌មាន​​​គ្រប់​​ផ្នែក​​ចំនួន​៣​រូប ។ ​ក្រោយការ​ពិភាក្សា​គ្នា​អស់រយៈ​ពេល២​ថ្ងៃ​មក ​​ដូចវេទិកា​​បែបនេះលើកមុន​

ក្លឹប​​អ្នកកាសែត​​​កម្ពុជា​ដោយមានការ​​ឧបត្ថម្ភ​របស់​មូល​និធិ​ខុន​​រ៉ាដ​​អាល្លឺម៉ង់​​​បានរៀបចំ​​​ធ្វើ​កាល​ពី​​ថ្ងៃទី២៦ ​និង​២៧ វិច្ឆិកា ​​ក្នុង​ខេត្តកែប ​នូវ​វេទិកា​​​និពន្ធនាយក​សារព័ត៌មាន​​​កម្ពុជា​លើកទី៨​ដោយ​​មាន​ការចូលរួមរបស់​និពន្ធនាយក​ និង​តំណាង​​​សារព័ត៌មាន​​​គ្រប់​​ផ្នែក​​ចំនួន​៣​រូប ។ ​ក្រោយការ​ពិភាក្សា​គ្នា​អស់រយៈ​ពេល២​ថ្ងៃ​មក ​​ដូចវេទិកា​​បែបនេះលើកមុន​ដែរ វេទិកា​​​នោះ​បានចេញ​​​សេចក្តី​ថ្លែង​​​ការ​រួម​មួយស្តីពី​​«​ការ​រាយ​ការណ៍​​ព័ត៌មាន​អំពីបញ្ហា​ជម្លោះ​​​ និង​​ការ​ទទួល​ខុសត្រូវ​​របស់សារព័ត៌មាន​» ។

សេចក្តី​ថ្លែង​ការណ៍​រួមនោះមានខ្លឹម​សារ​ទាំង​ស្រុង​​​ដូច​ខាង​ក្រោមនេះ ៖
សេចក្តី​​​ថ្លែង​ការណ៍​រួមរបស់​វេទិកា​និពន្ធនាយក​សារព័ត៌មាន​​កម្ពុជា​លើក​ទី៨
ធ្វើនៅ​ខេត្តកែបថ្ងៃទី២៦-២៧ វិច្ឆិកា ឆ្នាំ ២០១១
«ការរាយការណ៍​ព័ត៌មាន​​អំពី​បញ្ហា​​​ជម្លោះ​ និង​ការ​ទទួល​ខុសត្រូវ​របស់សារ​ព័ត៌មាន»

យើង​ទាំងអស់គ្នា​​ជានិពន្ធ​នាយក និងជា​​តំណាង​សារ​ព័ត៌មានគ្រប់​ផ្នែកមាន​ចំនួន​៣២​រូប បានជួប​ជុំគ្នាក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌​មាន​​កម្ពុជា (វ.ន.ស.​ក) លើក​ទី​៨ រយ:​ពេល​​២ថ្ងៃ​ចាប់​ពីថ្ងៃទី​២៦​​ដល់​២៧ វិច្ឆិកា ដើម្បី​​ពិភាក្សា​​គ្នាពី​ប្រធាន​បទ​​ស្តីពី «ការរាយ​ការណ៍ព័ត៌​មាន​លើ​បញ្ហា​ជម្លោះ និងការ​ទទួល​ខុសត្រូវ​របស់​សារ​ព័ត៌​មាន» ។
ឆ្លងតាម​ការពិភាក្សា​លើ​ប្រធាន​បទ​នេះ វ.ន.​ស.​ក បាន​សរុប​បញ្ហា​ទស្សនវិស័យ​បទ​​ពិសោធន៍ និង​អនុសាសន៍​ជាច្រើនដែល​ក្នុង​នោះ វ.ន.ស.ក បាន​ឯកភាព​គ្នា​ថា៖

ក-សេចក្តី​រាយការណ៍​លើជម្លោះ​នៅ​ក្នុង​​ប្រទេស
ក.១.នៅ​ពេលដែល​កម្ពុជាកំពុង​តែមានការ​​អភិវឌ្ឍន៍​បញ្ហាជា​ច្រើនដូច​ជាវិវាទ​ដីធ្លីជា​ដើមមាន​លេច​ឡើង ។ វ.ន.ស.ក យល់​ឃើញ​ថា ខណ:​ដែលសារ​ព័ត៌មាន​មានសេរី​ភាព​នៅ​​ក្នុង​​ការធ្វើ​សេចក្តី​​រាយការណ៍​ព័ត៌មាន​នោះ​​សេចក្តី​រាយ​ការណ៍​ទាំងអស់​នោះ ត្រូវផ្តល់​យុត្តិធម៌​ដល់​ភាគី​ទាំងសង​ខាងនៃ​ទំនាស់។
ក.២.​ជាការពិត​ទំនាស់​មួយអាច​កើតមាន​​ឡើងដោយ​សារការ​យល់ច្រឡំ ឬក៏​ការបង្ក​​ហេតុ​ពី​ភាគីម្ខាង​នៃ​ទំនាស់។ ហេតុនេះ​​និពន្ធ​​នាយក និងអ្នក​កែសម្រួល​អត្ថបទ​ត្រូវ​ប្រកាន់​យក​​ការ​ពិត និងផ្អែក​លើប្រភព​ដែលគួរ​ឱ្យ​ទុក​ចិត្ត ហើយ​បង្ហាញ​ព័ត៌មាន​ជូនសាធា​រណ​ជន​​ដោយ​ស្មោះ​ត្រង់។

ក.៣.​និពន្ធ​នាយក និង​អ្នកកែ​សម្រួល​អត្ថ​បទ​​ត្រូវ​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​មុនចេញ​​ផ្សាយ​​សម្រង់សំដី​ដែលបង្ហាញ​ពីការចោទ​ប្រកាន់ និង​ការបដិ​សេធដើម្បី​ចៀស​វាង​ភាព​អយុត្តិ​ធម៌ដល់​​ភាគីម្ខាង​នៃ​ជម្លោះ។
ក.៤.ដោយ​ពិនិត្យ​ឃើញ​ថា កន្លងមក​មាន​បុគ្គល​ខ្លះអះអាង​ថា ខ្លួនជា​ជនរងគ្រោះ​តែ​ធាតុ​​ពិត ខ្លួនជា​អ្នកបង្ក​បញ្ហាទៅ​វិញនោះ​និពន្ធ​​នាយក និងអ្នក​កែ​សម្រួល​អត្ថបទ​ត្រូវផ្តល់​សំឡេង​ប្រកប​ដោយ​តុល្យភាព​មាន​ហេតុផល និងមាន​សាក្សី​​ច្បាស់​លាស់​ឱ្យបាន​ច្រើនតាម​ដែលអាច​ធ្វើទៅ​បាន ។

ក.៥.និពន្ធ​នាយក និងអ្នក​កែសម្រួល​អត្ថ​បទ​ត្រូវធ្វើ​ការផ្ទៀង​ផ្ទាត់នូវ​រាល់អត្ថ​បទ​ដែល
មាន​លក្ខណៈ​បែបញុះ​ញង់បញ្ឆេះ​កំហឹងអុជ​​អាល ដែល​នាំឲ្យ​ជម្លោះ​កាន់តែរីក​ធំក្នុង​ចំណោម​ភាគីជម្លោះ ។
ក.៦.អត្ថបទ​ព័ត៌មាន​ទាក់ទិន​នឹងរឿង​​ទំនាស់​​នានា​ទាំ​ង​ករណី​រដ្ឋប្ប​វេណី និង​ក​រណី​ព្រហ្ម​ទណ្ឌ និពន្ធ​នាយក និង​អ្នកកែ​សម្រួល​អត្ថបទ​​ត្រូវ​បង្ហាញ​ពីឯករាជ្យ​ភាព​ដោយ​មិន​ត្រូវ​ទទួល​​ប្រយោជន៍ និង​លាភ​សក្ការ​ពីការ​ផ្សាយ​អត្ថប​ទ​​ព័ត៌មាន​នោះ​ឡើយ។

ក.៧.​និពន្ធ​នាយក និងអ្នក​កែសម្រួល​អត្ថ​បទ​​ត្រូវប្រុង​ប្រយ័ត្នក្នុង​ការបង្ហាញ​អត្ត​សញ្ញាណ ឬរូប​ថតរបស់​បុគ្គល​ណា​ម្នាក់ ដែលត្រូវ​បាន​​សមត្ថកិច្ច​ចាប់​ខ្លួន ឬតុលា​ការឃុំ​ខ្លួន​បណ្តោះ​​អាសន្ន​ពីបទ​ចោទ​ប្រកាន់​ណា​មួយ ។ អត្ត​​សញ្ញាណ ឬរូបថត​បុគ្គល​នោះត្រូវ​តែបាន​​ផ្សាយ​ឡើង​វិញនៅ​ពេលដែល​រូបគេ​ត្រូវបាន​ដោះ​លែង បន្ទាប់​ពីរក​ឃើញ​ថា​មិន​មាន​កំហុស ដើម្បី​ជាការ​​ផ្តល់ភាព​យុត្តិធម៌ និង​កិត្តយស​ដល់​បុគ្គលរូប​​នោះ។

ក.៨.​រាល់អត្ថ​បទ​បញ្ចេញ​ទស្សនៈលើ​បញ្ហា​​ទំនាស់ ជម្លោះ និងការ​វិវាទ​នានា​និពន្ធ​នាយក និងអ្នក​កែ​សម្រួល​អត្ថបទ​ត្រូវផ្អែក​លើការ​ពិត និង​មាន​ភស្តុតាង​គ្រប់​គ្រាន់​មិន​លម្អៀង ដើម្បី​​ចៀស​វាង​ការ​ភាន់​ច្រឡំ។
ក.៩.​ទន្ទឹម​នឹងនេះ​ វ.ន.ស.ក ទទូច​ឱ្យ​មន្រ្តី​មាន​សមត្ថកិច្ច​ដែលពាក់​ព័ន្ធនឹង​ការងារទំនាស់​នានា​ក៏ដូចជា​​បុគ្គល និង​ស្ថាប័ន​ដែល​មាន​​ទំនាស់​ត្រូវ​បង្ហាញ​ដោយ​ភាព​ស្មោះ​ត្រង់ពី​សាវតារ​ពិត​ប្រាកដ​នៃ​ទំនាស់​ដល់សារ​ព័ត៌មាន​ដើម្បី​ឱ្យសារ​ព័ត៌មាន​បង្ហាញ​ការ​ពិត និងមិន​លម្អៀង​​ដល់​​សាធា​​រណ​ជន។
ខ-សេច​ក្តីរាយ​ការណ៍​ពី​ជម្លោះ​រវាង​កម្ពុជា និង​ប្រទេស​ជិត​ខាងដោយ​មាន​បទ​ពិសោធន៍​ខ្លះៗ ចាប់តាំង​ពី​ពាក់​​កណ្តាល​ឆ្នាំ​២០០៨ រហូតមក​ដល់ពាក់​​កណ្តាល​ឆ្នាំ​២០១១ ជា​ពេល​​វេលា​ដែល​ប្រទេស​​កម្ពុជា​មាន​ជម្លោះ​នយោ​បាយ និង​យោធា​ជា​មួយ​​ប្រទេស​ថៃ និពន្ធ​នាយក​ និងអ្នក​កែ​សម្រួល​​អត្ថបទ​ត្រូវ​ពង្រឹង​វិជ្ជាជីវៈ​បន្ថែម​របស់​ខ្លួន​ដើម្បី៖

ខ.១.ចៀស​វាងអត្ថ​បទដែល​នាំឱ្យ​បញ្ឆេះ​​កំហឹង​​ជាតិ​សាសន៍ និង​សាសនា​ឱ្យ​កាន់​តែធ្ងន់​​ធ្ងរ ។
ខ.២.​ចៀសវាង​ធ្វើឱ្យ​ទំនាក់​ទំនង​ការទូត​​នៃ​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​នឹងគ្នា​ត្រូវអន្ត​រាយ ដោយ​សារការ​វិភាគ​ព័ត៌មាន​តាម​ការ​ស្រមើស្រមៃ និង​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់។
ខ.៣.​ចៀសវាង​បង្កភាព​គ្រោះថ្នាក់​ដល់​ពល​​រដ្ឋ​កម្ពុជា និងពល​រដ្ឋនៃ​ប្រទេស​ដែលជា​ភាគី​​ជម្លោះ​ជាមួយ​កម្ពុជា​ដែលរស់​នៅតាម​តំបន់​ព្រំ​ដែនក៏​ដូចជា​ពលរដ្ឋ​ដែលកំពុង​បំពេញ​ការ​ងារ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​រួម​ទាំង​អ្នក​ទេស​ចរផង​ដែរ ។

ខ.៤.​ចៀសវាង​រាយ​ការណ៍​ព័ត៌មាន​ពី​បញ្ហា​ជម្លោះ​ដោយ​សំ​អាង​លើ​ប្រភព​មិន​ច្បាស់​លាស់ និងមិន​មានការ​ទទួល​ខុសត្រូវ​ដែលនាំ​ឱ្យ​ជម្លោះ​​កាន់តែ​តាន​តឹង។
ខ.៥.​រាល់បញ្ហា​រសើប​ត្រូវ​ប្រមូល​ការ​ពិត​​តាម​រយៈ​ការ​បង្កើត​កិច្ច​សម្ភាសន៍ ការ​ស្រាវ​​ជ្រាវ ការ​ពិនិត្យ​លើ​សា​វតារ និងមាន​រូប​ថត រូប​វី​ដេ​អូ ឬមាន​ការថត​សំឡេង ដើម្បី​ជា​ភស្តុ​​តាង​​រឹង​មាំ​​សម្រាប់​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​របស់​ខ្លួន។

ខ.៦.​ការប្រើ​ប្រាស់​ពាក្យ​ពេចន៍​ក្នុងបទ​អត្ថា​ធិ​ប្បាយទៅ​លើមេដឹក​នាំរបស់​ប្រទេស​ដែល​ជា​គូជម្លោះ​ជាមួយ​ប្រទេស​កម្ពុជា​ត្រូវតែ​សម​រម្យ ដើម្បី​បង្ហាញពី​សីលធម៌​ខ្ពស់​ប្រកប​ដោយ​​វិជ្ជា​​ជីវៈរបស់​អ្នក​សារ​ព័ត៌​មាន។
ខ.៧.​ទោះបី​និពន្ធ​នាយក និង​អ្នកកែ​សម្រួល​​អត្ថបទ​នៅក្នុង​ប្រទេស​ដែលមាន​ជម្លោះ​នឹងគ្នា​មាន​និន្នា​ការ ទស្សនៈនយោ​បាយ និង​សាសនា​​ខុសៗ​គ្នា ព្រម​ទាំងមាន​ចិត្ត​ស្រឡាញ់​ជាតិ​​សាសន៍​​រៀងៗ​ខ្លួនក៏​ដោយ ក៏ត្រូវ​តែគិត​ឱ្យបាន​ល្អិត​ល្អន់ មុន​ផ្សាយ​អត្ថបទ​ព័ត៌មាន​ស្តីពី​ជម្លោះ ដើម្បី​​ចៀស​​វាងការ​យល់ច្រឡំ​គ្នាកាន់​តែធំ និង​ពង្រីក​​ជម្លោះ​កាន់​តែ​ខ្លំាង​ឡើង។

ខ.៨.នៅក្នុង​ជម្លោះ​លើបញ្ហា​ព្រំដែន​បញ្ហា​ការ​​ទូតបញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​សង្គម​រវាង​រដ្ឋា​ភិ​បាលនៃ​ប្រទេស​ដែលកំពុង​មាន​ជម្លោះ​ព័ត៌​មាន​មួយចំនួន​ត្រូវបាន​រដ្ឋាភិ​បាល​រក្សា​ជា​ការ​​សម្ងាត់ ។ ប៉ុន្តែ​រដ្ឋាភិ​បាលទាំង​ពីរត្រូវ​ផ្តល់ព័ត៌​​មាន​​បច្ចុប្បន្ន​ភាពឱ្យ​បានទាន់​ពេលដល់​អ្នក​សារ​​ព័ត៌មាន​នៅក្នុង​ប្រទេស​ទៅតាម​សមត្ថ​កិច្ចរបស់​​ខ្លួន។
ខ.៩សារ​ព័ត៌មានត្រូ​វ​ធ្វើសេច​ក្តីរាយ​ការណ៍​​ព័ត៌មាន​ដែលមាន​ចរិតជួយ​ជ្រោមជ្រែង​ឱ្យមាន​​សន្តិភាព​ជាជាង​ដុត​ជម្លោះ​រវាង​ប្រទេស​មួយ​ជាមួយ​ប្រទេស​មួយ​ទៀត ។ ការធ្វើ​ដូច្នេះ​​ដើម្បី​​ធានា​ថាសារ​ព័ត៌មាន​បាន​បំពេញ​កាតព្វ​កិច្ចរបស់​​ខ្លួននៅ​ក្នុងការ​បម្រើផល​ប្រយោជន៍​​សាធារណ:​​ដែលជា​តួនាទី​ច​ម្បង​របស់​សារព័ត៌​មាន។

ខ.១០.​ទន្ទឹមនឹ​ង​នេះ​ វ.ន.ស.ក សូមអំពាវ​​នាវដោយ​ទទូច​ដល់​និពន្ធ​នាយក និងអ្នក​កែ​​សម្រួល​អត្ថបទ​នៃ​ប្រទេស​ជិតខាង​ត្រូវ​ប្រកាន់យកជំហរ​ដូចគ្នា​នៅពេល​ដែល​ប្រទេស​​របស់ខ្លួន​​មាន​ជម្លោះ​នានាជា​មួយនឹង​ប្រទេស​កម្ពុជា ។
ខ.១១.​វ.ន.ស.ក ប្រាថ្នា​ចង់ឱ្យ​និពន្ធ​នាយក និងអ្នក​កែ​សម្រួល​អត្ថបទ​កម្ពុជា​បានជួប​​ជាមួយ​​សមភាគី​នៃ​ប្រទេស​ជិត​ខាង ក៏ដូចជា​​នៅក្នុង​​តំបន់ ពិសេស​ប្រទេស​ក្នុងសមា​គម​ប្រជា​​ជាតិ​​អាស៊ី​​អាគ្នេយ៍ (អាស៊ាន) នៅក្នុង​វេទិកា​និពន្ធ​​នាយក​​រួមគ្នាជា​ញឹកញាប់​ទាំងទ្វេ​ភាគី​​និងពហុ​​ភាគី ដើម្បី​បង្កើន​ការយល់​គ្នាទៅ​វិញទៅ​មក​និងជួយ​សម្រាល​ភាព​តាន​តឹង​ក្នុង​ករណី​​ដែល​​ប្រទេស​របស់ខ្លួន​មាន​ជម្លោះ​ជាមួយ​គ្នា។

​ធ្វើនៅខេត្តកែបថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១១