ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្ហាញជំហរថា ​​​បញ្ហាព្រំដែន​​កម្ពុជា-ថៃ ​ងាយ​​ដោះ​ស្រាយ ​​បើគោរព​ឯកសារ​នានា

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្នុង​ជំនួបពិភាក្សា​ការ​ងារ​​ជាមួយលោក​ឧបនាយករដ្ឋមន្ត្រី​​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​​​​ក្រសួង​ការ​បរទេស​ និង​សហប្រតិ​បត្តិការ​អន្តរ​ជាតិ​ នា​រសៀល​​​ថ្ងៃទី​១៤ ខែមីនា នៅទី​ស្តីការ​​​ក្រសួង​​ លោក​ជំទាវ​​ Katja Chris​tina Nordgaard ​ឯកអគ្គ​​រាជ​ទូត​ន័រវែស ​ប្រចាំ​​នៅ​កម្ពុជា​​​ដែល​មាន​និវេសនដ្ឋាន​​នៅទីក្រុង​​​បាង​កក​​ មាន​ប្រសាសន៍​សម្តែង​នូវ​ការ​រីករាយ​ ដែល​​លោក​​ជំទាវ​​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គ​រាជទូត​ន័រវែស​ប្រចាំ​នៅព្រះរាជាណាចក្រ​​កម្ពុជា​ ។

លោក​​ជំទាវ​ជំរាប​​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​​ថា ក្នុង​​អំឡុង​ពេល​បំពេញ​​បេសកកម្ម​​ការទូត​ លោក​ជំទាវ​នឹង​ខិតខំ​​​ធ្វើ​ឱ្យ​​ទំនាក់ទំនង​​កិច្ច​សហ​ប្រតិបត្តិការ​​រវាង​ប្រទេស​ទាំងពីរ​កាន់​តែ​មាន​ការរីកចម្រើន​​និង​រឹងមាំ​​​បន្ថែមទៀត ។​​ លោក​ជំទាវ​​បានបញ្ជាក់​ទៀតថា​ ន័រ​វែស​នឹង​បន្ត​កិច្ច​​សហប្រតិបត្តិការ​​​លើ​វិស័យ​​ដែលន័រវែស​បាន​សន្យា​ជួយដល់​​កម្ពុជា​​កន្លង​មក ​​​ជាពិសេស​​លើ​វិស័យ​ដោះមីន​ ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ ការអភិវឌ្ឍ​ជនបទ សង្គម​​កិច្ច​ និង​សុខាភិបាល ។​

ជាការ​ឆ្លើយ​តប​ លោក​​ឧបនាយករដ្ឋមន្ត្រី​​​ហោ ណាំហុង ​បាន​ស្វាគមន៍​​និងអបអរ​សាទរ​​ដែល​លោក​ជំទាវ​​​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គ​រាជទូត​​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​​ ហើយ​លោក​នឹង​សហការ​​​ធ្វើ​ឱ្យ​​បេសកកម្ម​​ការទូត​របស់​​លោកជំទាវ​​ទទួល​បាន​ជោគជ័យ​នៅព្រះរាជា​ណាចក្រកម្ពុជា​ ។ ​ថ្វិដ្បិត​​​តែលោកជំទាវ​មាន​​និវេសនដ្ឋាន​​​​នៅក្រុង​បាងកកក្តី ​តែលោកឧ​បនាយករដ្ឋ​មន្ត្រី​សូម​ឱ្យ​លោកជំទាវ​ឧស្សាហ៍​មក​ប្រទេស​កម្ពុជា​​ឱ្យ​មើល​ឃើញ​សភាពការណ៍​​​ជាក់​ស្តែង ​ដើម្បី​ធ្វើ​យ៉ាងណា​​ឱ្យ​ប្រទេស​ទាំងពីរ​​​មាន​កិច្ច​សហប្រតិបត្តិ​ការ​​​ល្អ​កាន់​តែ​ខ្លាំង​ក្លា​​ថែម​ទៀត ។

ទាក់ទង​ទៅ​នឹង​​​បញ្ហា​​​ជម្លោះ​​​រវាង​កម្ពុជា​-​ថៃ​ លោកជំទាវ​​ឯកអគ្គ​រាជទូត​ន័រ​វែស​ ​​ក៏​ចង់​ដឹងអំពី​​​បញ្ហា​​នេះដែរ ។ ក្នុង​ឱកាស​នោះ លោក​ឧបនា​យក​​​រដ្ឋ​មន្ត្រី​​​ហោ ណាំ​ហុង បាន​ជម្រាប​ជូន​លោក​​ជំទាវ​ឯកអគ្គ​រាជទូត​ថា​​ តាម​ពិត​​បញ្ហា​ព្រំដែន​​កម្ពុជា-ថៃ​ មាន​លក្ខណៈ​ងាយ​ស្រួល​​ជាង​​បញ្ហា​ព្រំដែន​​​ជាមួយ​ឡាវ​ ជាមួយ​វៀតណាម​ទៅ​ទៀត ព្រោះ​ព្រំដែន​កម្ពុជា​-ថៃ​​មាន​លក្ខណៈ​​​ងាយ​ស្រួល​​​ មានឯកសារ​គ្រប់គ្រាន់​​តាំងពី​​អនុសញ្ញា​​ឆ្នាំ​១៩០៤ សន្ធិ​សញ្ញា​​១៩០៧ ព្រម​ទាំង​​​មាន​ផែន​ទី​ច្បាស់​លាស់​​ ។ អ្វីដែល​​​លំបាក​​គឺ​ថៃ​យក​​ផែនទី​​ឯកតោ​ភាគី​ ។

ទន្ទឹម​នឹង​នេះ ​​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង បាន​បញ្ជាក់​​ទៀត​ថា កម្ពុជា​​​ ក្រោយ​​​ពីខ្លួន​​ទទួល​បាន​​​ឯករាជ្យ​ មួយ​ឆ្នាំ​ក្រោយ​​​មកគឺ​នៅ​ឆ្នាំ​១៩៥៤​ ប្រទេស​ថៃ​បាន​លើកទ័ព​មក​ឈ្លាន​ពាន​កម្ពុជា​តែម្តង ។ នៅពេល​នោះ​កម្ពុជា​បាន​​ដាក់​​​ពាក្យ​ប្តឹង​ទៅតុលាការ​​អន្តរជាតិ​​ទីក្រុង​ឡាអេ​ ហើយ​នៅ​ឆ្នាំ​​​១៩៦២​ តុលាការ​​អន្តរជាតិ​​បាន​កាត់​ក្តី​​ឱ្យ​កម្ពុជា​​​ឈ្នះ​ដោយ​ផ្អែក​លើផែនទី​​បារាំង​-​សៀម​​ធ្វើ​ ប៉ុន្តែ​​​​ថៃ​នៅតែ​ចចេស​ប្រើ​ផែនទី​​ឯកតោភាគី​របស់​ខ្លួន បញ្ហា​នេះ​មាន​ភាព​ស្មុគ​ស្មាញ​​រហូត​មក​​ដល់​បច្ចុប្បន្ន​នេះ ។ កម្ពុជា​គឺជា​​ជនរងគ្រោះ​​ ដោយ​​សារ​​នយោបាយ​​ផ្ទៃ​ក្នុង​របស់​ថៃ ។​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​បាន​ស្នើ​​ឱ្យ​ប្រទេស​ន័រវែស​ ជួយគាំទ្រ​​បេក្ខ​ភាព​​​កម្ពុជា​ ជាសមាជិក​មិន​អចិន្ត្រៃ​​យ៍​​របស់​ក្រុម​ប្រឹក្សា​​​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ សម្រាប់​​អាណត្តិ​ ២០១៣-២០១៤​ដែល​​​នឹង​ធ្វើ​ការ​​បោះ​ឆ្នោត​​នៅ​ឆ្នាំ​​២០១២ ខាង​មុខ​នេះ​ ។ ​មូល​ហេតុ​​​ដែល​សុំ​ឱ្យ​មាន​ការ​គាំទ្រ​ចំពោះ​​បេក្ខភាព​កម្ពុជា​ ជា​សមាជិក​មិន​អចិន្ត្រៃ​យ៍​​នោះ​ ដោយ​​សារ​កម្ពុជា​​​ជា​សមាជិក​អង្គការ​​សហប្រជាជាតិ​​តាំងពី​ឆ្នាំ​១៩៥៥​ ប៉ុន្តែ​កម្ពុជា​មិន​​ដែល​បាន​ទទួល​​តំណែង​​​អ្វីឡើយ ។  ហេតុ​ដែល​​​កម្ពុជា​​ចង់​បាន​​ជាសមាជិក​មិន​អចិន្ត្រៃយ៍​នោះ​ ដោយសារ​កម្ពុជា​​​ឆ្លង​កាត់​​​បទពិសោធន៍​​កន្លងមក​ហើយ​ គឺ​ឆ្លង​កាត់​នៅ​សម័យ​អ៊ុនតាក់​ សម័យ​​​បោះ​ឆ្នោត​ ក្រោយមក​ ដោយសារ​​​នយោ​បាយ​​ឈ្នះ=ឈ្នះ​​របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​បាន​បញ្ចប់​​សង្គ្រាម​​ជាស្ថាពរ​​​នៅ​ឆ្នាំ​​១៩៩៨។ ដូច្នេះ​​កម្ពុជា​​ចង់​រំលែក​បទពិសោធន៍​​​ទាំង​នោះ​ ហើយ​ចូលរួម​​សហការ​ជាមួយ​ឧត្តម​​ក្រុម​ប្រឹក្សា​​​សន្តិសុខ​​ក៏ដូចជា​​ក្រប​ខណ្ឌ​​​សហប្រជា​ជាតិ​ ដើម្បី​បញ្ចប់​​​ទំនាស់​​នានា​នៅ​លើសាកល​លោក​​ ។

លោកជំទាវ​​ឯកអគ្គ​រាជទូត​​ន័រវែស​មាន​ប្រសាសន៍​ថា កម្ពុជា​​​ពិតជា​​ស័ក្តិសម​​​ទៅ​នឹង​តំណែង​នេះ​ ដូច្នេះ​​លោក​ជំទាវ​​នឹង​ពាំនាំ​សំណើ​នេះ​ទៅ​ប្រាប់​​រដ្ឋា​ភិបាល​ន័រវែស​​ដើម្បី​ធ្វើ​ការ​ពិចារណា​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ។​ នៅ​​ល្ងាច​ថ្ងៃដដែល​​នោះដែរ​ ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​​អន្តរជាតិ បាន​រៀបចំ​ពិធី​ Cocktail ពីម៉ោង​​៧​​ដល់​​ម៉ោង​៩ ​​យប់​នៅ​​សណ្ឋាគារសូហ្វីតែល ក្រោម​​អធិបតី​ភាព​​លោក​ឧបនាយក​​រដ្ឋ​មន្ត្រី​​ហោ ណាំហុង រដ្ឋ​មន្ត្រី​​​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​​អន្តរជាតិ និង​លោក​ Christian Connan ឯកអគ្គ​រដ្ឋទូត​បារាំង​​ ប្រចាំ​កម្ពុជា ​និង​មានការ​ចូលរួម​ពី​​ឯកអគ្គរដ្ឋទូត​​ និង​អគ្គ​កុង​​​ស៊ុល​​ នៃ​បណ្តា​​ប្រទេស​​និយាយ​ភាសា​​បារាំង​​ និង​ស្ថាប័ន​​​ជាតិ និង​អន្តរជាតិ មួយ​ចំនួន​នៅ​កម្ពុជា​។​

ពិធីនេះ ត្រូវ​បាន​រៀបចំឡើង ដើម្បី​​រំលឹក​ខួប​​លើកទី៤១​ នៃ​ការ​បង្កើត​អង្គការ​អន្តរជាតិ​ នៃ​បណ្តា​ប្រទេស​និយាយ​ភាសាបារាំង​ ហៅថា ហ្វ្រង់​កូហ្វូនី ​ដែល​បច្ចុប្បន្ន​​ មាន​សមាជិក​​ទាំង​អស់​​​ចំនួន​៧៥​ប្រទេស​ ​​ក្នុង​នោះ​​សមាជិក​​​ពេញ​សិទ្ធិ​​​៥៦​ប្រទេស​ និង​សមាជិក​សង្កេត​ការណ៍​​១៩​ប្រទេស ​។ គួររំលឹកថា អង្គការ​អន្តរជាតិ​នៃ​បណ្តា​​ប្រទេស​និយាយ​ភាសា​បារាំង​ ត្រូវបាន​បង្កើត​​ឡើង​នៅឆ្នាំ​១៩៧០​ ក្រោមគំនិត​​​ផ្តួច​ផ្តើម​​របស់​​ឥស្សរជន​ចំនួន​​៤រូប​ មកពី​ប្រទេស​​និយាយ​ភាសាបារាំង ក្នុង​នោះ​ ​ក៏មាន​​ព្រះ​មហា​វីរក្សត្រ​ ​​ សម្តេច​ព្រះ​នរោត្តម​ សីហនុ ព្រះវររាជ​បិតា​ជាតិ​​ខ្មែរ​ផងដែរ​​ ។​

អង្គការ​ហ្វ្រង់​កូហ្វូនី ជាអង្គការ​អន្តរ​រដ្ឋា​ភិ​បាល​​ ដែល​ប្រើ​ប្រាស់​ភាសា​បារាំង ជា​ឧបករណ៍​​ជំរុញ​​សាមគ្គី​ភាព​នៃបណ្តា​​​​រដ្ឋ​​ជាសមាជិក លើកកម្ពស់​​វិស័យ​អប់រំ​ សិក្សា​ធិការ បច្ចេក​វិទ្យា​​ និងវិទ្យា​សាស្ត្រ​ស្រាវ​ជ្រាវ​​ ដោយ​ឈរ​លើ​តម្លៃ​ជាសាកល​ មាន​ជាអាទិ៍​ លទ្ធិ​ប្រជាធិបតេយ្យ​​ នីតិរដ្ឋ សិទ្ធិ​មនុស្ស ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព ។​

នៅក្នុង​សុន្ទរកថា​ លោក​ឧបនាយករដ្ឋ​មន្ត្រី​​ បាន​​សម្តែង​នូវ​​មោទនភាព​​​ចំពោះ​​ការ​វិវត្ត​ជាវិជ្ជ​មាន​​នៃ​ភាសា​​បារាំង​នៅក្នុង​​ចំណោម​​យុវជន​កម្ពុជា​ តាម​​​រយៈ​​ការ​​បង្កើត​​ថ្នាក់​ពីរភាសា និង​កម្ម​វិធី​បង្រៀន​​​ភាសា​បារាំង​ នៅ​តាម​អនុវិទ្យា​ល័យ​​ វិទ្យាល័យ​ និង​សាកល​វិទ្យា​ល័យ​ ទោះបី​ជាកម្ពុជា​​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​​តំបន់​​​ដែល​ផ្តល់​អំណោយ​​ផល​ចំពោះ​ភាសាអង់​គ្លេស​​​ក៏ដោយ ។ ភាសា​បារាំង​គឺជា​ការបំពេញ​បន្ថែម​សម្រាប់​កម្ពុជា​ ៕​