រាជធានីភ្នំពេញ ៖ សមត្ថកិច្ចប៉ូលិសខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី១៧ មីនា ២០១១ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវនានាក្នុងមូលដ្ឋានរបស់ខ្លួន ដោយកាត់ទម្លាក់ស្លាកយីហោផ្សាយពាណិជ្ជកម្មដែលគេដាក់បំពាក់ជាប់បង្គោលភ្លើង និងស្លាកផ្សេងទៀតដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទម្លាក់ចោល ។ ការចុះរៀបចំសណ្តាប់ធ្នាប់នេះ គឺគោលបំណងលុបបំបាត់ការដាក់ស្លាកយីហោផ្សាយពាណិជ្ជកម្ម បែបអនាធិបតេយ្យជាហេតុធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ។
តាមប្រភពពីលោកតី វណ្ណារ៉េត អធិការរងខណ្ឌទួលគោក ទទួលបន្ទុកសណ្តាប់ធ្នាប់បានឱ្យដឹងថា ដោយមានការណែនាំពីលោកស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់បានឱ្យសមត្ថកិច្ចខណ្ឌទួលគោកធ្វើយ៉ាងណាចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវនានាឱ្យបានល្អ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ។ ជាពិសេសគឺលុបបំបាត់ឱ្យបានលើការដាក់ស្លាកផ្សាយពាណិជ្ជកម្មអនាធិបតេយ្យនៅតាមចិញ្ចើមផ្លូវ ឬបំពាក់ជាប់បង្គោលភ្លើង ដែលជាហេតុបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ។ លោកបន្តថា ជាជំហានដំបូងសមត្ថកិច្ចបានចុះរៀបចំសណ្តាប់ធ្នាប់កាត់ដកហូតស្លាកផ្សេងៗនៅតាមមហាវិថីធំៗសិន រួចបន្តទៅអនុវត្តនៅតាមដងផ្លូវនានាទៀត ។
លោកអធិការរងខណ្ឌទួលគោកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាអាជីវករ ឬក្រុមហ៊ុនផ្សេងៗនាំគ្នាដោះស្លាកផ្សាយពាណិជ្ជកម្មរបស់ខ្លួនចេញពីបង្គោលភ្លើង ឬតាមចិញ្ចើមផ្លូវ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង ។ ម្យ៉ាងទៀតការដាក់ស្លាកផ្សាយពាណិជ្ជកម្ម ឬស្លាកផ្សេងនៅមុខផ្ទះ ឬតាមចិញ្ចើមផ្លូវត្រូវសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ ហើយដាក់ទៅតាមការណែនាំរបស់មន្ត្រីជំនាញចៀសវាងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ៕
ចែករំលែកព័តមាននេះ