ខេត្តព្រះសីហនុ ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងនៅតាមបណ្តោយឆ្នេរអូរឈើទាល ខណៈពេលប្រជាពលរដ្ឋអាជីវករជាច្រើនចេញប្រកបរបរអាជីវកម្ម ។ ភាពឆោឡោនេះបានកើតឡើងដោយសារតែបុរសក្រីក្រម្នាក់ត្រូវបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងផ្ទៃសមុទ្រ ដោយសារម៉ូតូទឹកបុកពីក្រោយ ខណៈពេលដែលបុរសកំសត់នោះកំពុងរាយមងដាក់ត្រីតាមឆ្នេរ ដើម្បីលក់យកលុយមកទិញអង្ករចិញ្ចឹមក្រុមគ្រួសារ ដែលមានសមាជិករហូតទៅ៧នាក់ ។ ហេតុការណ៍អកុសលនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ មីនា នៅចំណុចមុខអាហារដ្ឋាននាគសមុទ្រ តាមបណ្តោយឆ្នេរអូរឈើទាល ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
យោងតាមសម្តីលោកលន ប៊ុនលី ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅក្រុមទី៣០ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលត្រូវជាបងប្រុសរបស់ជនរងគ្រោះបានឱ្យដឹងថា ប្អូនប្រុសរបស់គាត់ដែលបាត់បង់ជីវិតនោះអាយុ៥៥ឆ្នាំ មុខរបររាយមងដាក់ត្រីតាមមាត់សមុទ្រ មានប្រពន្ធឈ្មោះម៉ៅ សារីម អាយុ៤៨ឆ្នាំ មានកូនចំនួន៥នាក់ (ស្រី២នាក់) និងម្តាយចាស់ជរាម្នាក់នៅក្នុងបន្ទុក ។ បច្ចុប្បន្នរស់នៅក្រុមទី១៣ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
លោកលន ប៊ុនលី និយាយទាំងទឹកភ្នែកហូររហាមថា រូបគាត់អាណតិប្អូនណាស់ តាំងពីតូចពុំដែលស្គាល់ទេពាក្យស្រណុក សុខស្រួល រហូតមានគ្រួសារ ក៏រឹតតែលំបាកថែមទៀត ព្រោះពីមួយថ្ងៃទៅមួយថ្ងៃកូនៗចេះតែធំឡើងៗ ។ បើទោះបីខ្លួនក្រយ៉ាងណាក៏ដោយ ក៏រូបគេ (ជនរងគ្រោះ) ទ្រាំនឹងចិញ្ចឹមម្តាយចាស់ជរាម្នាក់ទៀតទាំងលំបាកលំបិនបំផុត ។ គាត់បន្តថា ជារៀងរាល់ថ្ងៃនៅម៉ោង៤ទៅ៥ទៀបភ្លឺ ប្អូនរបស់គាត់តែងតែចេញទៅរាយមងនៅសមុទ្រជាមួយកូនប្រុសច្បង ។
ដោយឡែកទាក់ទិននឹងហេតុការណ៍គ្រោះថ្នាក់នេះ តាមសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គេឃើញបុរសចាស់ក្មេង២នាក់រាយមងក្នុងទឹកសមុទ្រ មួយសន្ទុះក្រោយមកគេឃើញម៉ូតូទឹកចំនួន២គ្រឿង បើកប្រដេញគ្នាលើផ្ទៃទឹក រួចក៏ជ្រុលទៅបុកបុរសដែលកំពុងរាយមងពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ ទាក់ទិនទៅនឹងក្រុមម៉ូតូទឹកដែលកំពុងធ្វើអាជីវកម្មនៅឆ្នេរអូរឈើទាល ត្រូវបានមតិប្រជាពលរដ្ឋធ្វើការរិះគន់ថា ហេតុការណ៍គ្រោះថ្នាក់នាពេលនេះបណ្តាលមកពីការធ្វេសប្រហែសនិងការគ្មានសណ្តាប់ធ្នាប់របស់ក្រុមម៉ូតូទឹកទាំងនោះ ។ ប្រភពដដែលបន្តទៀតថា អាជ្ញាធរដែនដីមានសមត្ថកិច្ចគួរតែចាត់វិធានការក្រុមម៉ូតូទឹកទាំងនេះផង បើមិនដូច្នេះទេ គ្រោះថ្នាក់នឹងបន្តកើតឡើងទៀតពុំខាន ព្រោះកន្លងមក ក៏មានរឿងបែបនេះកើតម្តងជាពីរដងមកហើយដែរ តែមិនទាន់បណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត គឺទើបតែពេលនេះទេ ។
ស្ត្រីឈ្មោះកៅ ហ៊ួយ អាយុ៣២ឆ្នាំ ម្ចាស់ម៉ូតូទឹកមានទីលំនៅក្រុមទី៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឱ្យដឹងថា គាត់មានម៉ូតូទឹកចំនួន៤គ្រឿង និងមានបុគ្គលិក៥នាក់ ។ ចំពោះជនបង្កហេតុបណ្តាលឱ្យស្លាប់មានឈ្មោះយ៉ុង រី ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅជាមួយគាត់ ។ ស្ត្រីម្ចាស់ម៉ូតូទឹកបន្តទៀតថា យុវជនបង្កហេតុនេះទើបមកធ្វើការឱ្យគាត់មិនបានដល់មួយខែទេ ហើយនៅពេលមានហេតុការណ៍កើតឡើងភ្លាមៗគាត់ពុំទាន់ដឹងដែរ លុះក្រោយហេតុការណ៍មួយសន្ទុះទើបដឹង។
យោងតាមសម្តីឈ្មោះយ៉ុង រី ដែលជាជនបើកម៉ូតូទឹកបុកមនុស្សស្លាប់បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេមិត្តរួមអាជីពបើកម៉ូតូទឹកពីកន្លែង បម្រុងមកចតចាំជួលឱ្យភ្ញៀវជិះលេង តែនៅពេលកំពុងបើកមិត្តភក្តិម្នាក់ទៀតបានបើកមកក្បែរឆាបទឹកលើរូបគេ ដោយសារតែខ្លាចទទឹកអាវ រូបគេក៏បើកគេចចេញក៏ជ្រុលល្បឿនទៅបុកបុរសម្នាក់ដែលកំពុងឈរក្នុងទឹកពីក្រោយតែម្តង ។ ហើយរូបគេសុំទទួលខុសត្រូវទាំងស្រុងលើបញ្ហានេះ ។
យោងតាមសម្តីសមត្ថកិច្ចប៉ូលិសចរាចរជើងទឹកខេត្តព្រះសីហនុ បានឱ្យដឹងថា ចំពោះករណីនេះភាគីទាំង២កំពុងធ្វើការដោះស្រាយតាមផ្លូវច្បាប់ រីឯម៉ូតូទឹកបង្កហេតុត្រូវបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ជើងទឹកខេត្តព្រះសីហនុរង់ចាំការដោះស្រាយនាពេលក្រោយ ៕
ចែករំលែកព័តមាននេះ