ខេត្តកំពង់ចាម ៖ ស្របតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺគ្រុនចាញ់ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០១១ ប្រជាពលរដ្ឋចំនួន ១០ភូមិក្នុងឃុំជាំ ស្រុកមេមត់ បានទទួលមុងជ្រលក់ថ្នាំចំនួន៩១.៩០០មុង ដើម្បីការពារជំងឺគ្រុនចាញ់ ដែលយាយីលើអាយុជីវិតរបស់ប្រជាកសិករនៅតំបន់ជនបទ ។
លោកវេជ្ជបណ្ឌិតគឹម សួរភារុណ ប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ឱ្យកោះសន្តិភាពដឹងថា សកម្មភាពចែកមុងជូនដល់ប្រជាពលរដ្ឋនេះ បានធ្វើឡើងដោយព្រមៗគ្នាតែម្តងនៅតាមបណ្តាស្រុកប្រតិបត្តិដូចជា មេមត់ ពញាក្រែក-តំបែរ, ក្រូចឆ្មារ-ស្ទឹងត្រង់,កំពង់ចាម-កំពង់សៀម, ត្បូងឃ្មុំ-ក្រូចឆ្មារ, ចំការលើ-ស្ទឹងត្រង់, ព្រៃឈរ-កងមាសដោយបានចុះចែកតាមរយៈភ្នាក់ងារសុខាភិបាលសហការជាមួយអាជ្ញាធរមូលដ្ឋានចាប់ផ្តើមពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៧ វិច្ឆិកា ២០១១ ត្រូវតែឱ្យបានរួចរាល់ជាស្ថាពរតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោកវេជ្ជបណ្ឌិតគឹម សួរភារុណ ប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍បន្តថា ជាមួយនោះដែរ រូបលោកបានធ្វើការណែនាំដល់ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ទាំង១០ភូមិនៅក្នុងឃុំជាំ ត្រូវតែមានការប្រុងប្រយ័ត្នមុនពេលសម្រាន្តត្រូវដាក់មុងជារៀងរាល់ពេលដើម្បីកុំឱ្យមូសខាំ ព្រោះមូសដែកគោលជាភ្នាក់ងារចម្លងមេរោគគ្រុនចាញ់ពីមនុស្សម្នាក់ទៅម្នាក់ទៀត ។ ចំពោះមុងសម្រាប់់ចែកជូនគឺថ្មីសន្លាង ប្រសិនណាបើគ្រួសារនោះមានគ្នាចំនួន៥នាក់ ត្រូវឱ្យមុងចំនួន៥ដែរ តែបើអ្នកដែលធ្លាប់បានទទួលហើយនោះ ក្នុង២នាក់ទទួលបានមុងតែ១ទេ គឺចែកជូនដោយឥតគិតថ្លៃ ។
លោកវេជ្ជបណ្ឌិតគឹម សួរភារុណ បានសង្កត់ធ្ងន់ថា កាលពីឆ្នាំ២០០៩ តាមតួលេខ ដែលលោកទទួលបាននៅក្នុងស្រុកមេមត់ក្នុងចំណោម អ្នកជំងឺចំនួន១០០នាក់ក្នុងនោះមានអ្នកកើតជំងឺគ្រុនចាញ់ចំនូន៤៦នាក់ ស្ទើរតែស្មើនឹង៥០ភាគរយទៅហើយ។ បន្ទាប់មកមន្ទីរសុខាភិបាលខេត្ត បានយកចិត្តទុកដាក់ចុះពង្រឹងសុខុមាលភាពជូនប្រជាពលរដ្ឋ ដោយបានបើកយុទ្ធនាការចុះចែកមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនចាញ់ ពីតំបន់មួយទៅតំបន់មួយព្រមទាំងបានបង្រៀនពីវិធានការពារ ។ រហូតមកដល់ឆ្នាំ២០១០តាមតួលេខដែលទទួលបានម្តងទៀតក្នុងចំណោមអ្នកជំងឺដដែល(១០០នាក់) ក្នុងនោះឃើញអត្រាអ្នកកើតជំងឺគ្រុនចាញ់នៅសល់ត្រឹមតែ៥ភាគរយប៉ុណ្ណោះ ។
លោកវេជ្ជបណ្ឌិតគឹម សួរភារុណ ប្រធានមន្ទីរសុខាភិបាលខេត្ត បញ្ជាក់ថា នៅក្នុងទិសដៅរបស់ក្រសួងសុខាភិបាលចំពោះយុទ្ធនាការប្រឆាំងទប់ស្កាត់ជំងឺគ្រុនចាញ់នេះត្រូវបានធ្វើឡើងចំនួន៣ដំណាក់កាលរួមមាន១-ឆ្នាំ២០១១ដល់ឆ្នាំ២០១៥ ត្រូវតែទប់ស្កាត់មិនឱ្យមានអ្នកស្លាប់ដោយជំងឺគ្រុនចាញ់នោះទេ ។ ២-ឆ្នាំ២០១៦ដល់ឆ្នាំ២០២០ មិនឱ្យកើតមានជំងឺគ្រុនចាញ់ទេ ។ ៣-ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ លុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ។
តាមគម្រោងការដែលត្រូវចុះយុទ្ធនាការចែកមុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់នេះត្រូវបានធ្វើឡើងព្រមៗនៅតាមបណ្តាស្រុកប្រតិបត្តិខាងលើ ទាំងនៅតំបន់ត្រើយខាងកើតទន្លេមេគង្គនិងត្រើយខាងលិចទន្លេមេគង្គដែលសរុបទាំងអស់មានចំនួន៤២២.៥០០មុង ប្រភេទមុងLLINដែលមានប្រសិទ្ធភាពក្នុងការប្រើប្រាស់រយៈពេល៣ឆ្នាំ ជារបស់ជំនួយមូលនិធិសាកល (GFATM) តាមរយៈក្រសួងសុខាភិបាល ។ ចំពោះប្រជាពលរដ្ឋដែលទទួលបានមុងត្រូវតែធ្វើយ៉ាងណាប្រើប្រាស់ឱ្យចំគោលដៅមិនត្រូវយកទៅលក់នោះទេ ហើយមិនត្រូវយកមុងមកជូតលើរាងកាយអាចបណ្តាលឱ្យរមាស់ស្បែក ៕
ចែករំលែកព័តមាននេះ