ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរស​ជន​​​ជូន​ដល់​ដៃ​ស្ត្រី​មេម៉ាយ​កូន​4​ជួប​ការ​លំ​បាក​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖​ ក្រោយ​ពេល​​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​​​ចុះ​ផ្សាយ​ព័ត៌​មាន​ស្តី​ពី​ជីវិត ​ក្រ​លំ​បាក​​គ្មានទី​​ជម្រក​របស់​ស្ត្រី​មេ​ម៉ាយ​​កូន​៤​នាក់ ​​ឈ្មោះ​ម៉ិញ សុំ រស់​នៅ​ភូមិ​​ព្រែក​តា​​នប់ ឃុំ​កំពង់​ស្វាយ ស្រុក​កៀន​ស្វាយ ​មកក៏មាន​សប្បុរស​ជន​​​អាណិត​អាសូរ​​ស្ត្រី​មេម៉ាយ​រូប​នេះ ហើយ​​ផ្តល់​អំណោយ​ជា​ថវិកា​​​តាមសទ្ធា​ជ្រះ​ថ្លា​ជា​​បន្ត​បន្ទាប់​ តាម​រយៈ​​កោះ​សន្តិ​ភាព​​។ ​ថវិកា​​ទាំង​នោះ​ ត្រូវ​បាន​ភ្នាក់​ងារ​​​កោះ​សន្តិ​ភាព​នាំ​យក​ទៅ​ជូន​ដល់​ស្ត្រី​​មេ​

ខេត្ត​កណ្តាល ៖​ ក្រោយ​ពេល​​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​​​ចុះ​ផ្សាយ​ព័ត៌​មាន​ស្តី​ពី​ជីវិត​ក្រ​លំ​បាក​​គ្មានទី​​ជម្រក​របស់​ស្ត្រី​មេ​ម៉ាយ​​កូន​៤​នាក់ ​​ឈ្មោះ​ម៉ិញ សុំ រស់​នៅ​ភូមិ​​ព្រែក​តា​​នប់ ឃុំ​កំពង់​ស្វាយ ស្រុក​កៀន​ស្វាយ ​មកក៏មាន​សប្បុរស​ជន​​​អាណិត​អាសូរ​​ស្ត្រី​មេម៉ាយ​រូប​នេះ ហើយ​​ផ្តល់​អំណោយ​ជា​ថវិកា​​​តាមសទ្ធា​ជ្រះ​ថ្លា​ជា​​បន្ត​បន្ទាប់​ តាម​រយៈ​​កោះ​សន្តិ​ភាព​​។ ​ថវិកា​​ទាំង​នោះ​ ត្រូវ​បាន​ភ្នាក់​ងារ​​​កោះ​សន្តិ​ភាព​នាំ​យក​ទៅ​ជូន​ដល់​ស្ត្រី​​មេ​ម៉ាយ​​​​ម៉ិញ សុំ ​ផ្ទាល់​​ដៃ កាល​ពី​ព្រឹក​ថ្ងៃ​ទី​​២៣ វិច្ឆិកា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​។

សប្បុរស​ជន​ ដែល​បាន​ផ្តល់​អំណោយ​​រួម​​មាន​​ លោក​គឹម សាន្ត អគ្គ​លេខា​ធិការ​​​​រង​រដ្ឋ​សភា​ ថវិកា​​ចំនួន​១០០​ដុល្លារសហ​រដ្ឋ​អាមេរិក លោក​អ៊ុក នាង​ មន្ត្រី​​នគរ​បាល​​​ចូល​និ​វត្តន៍​ទី​លំ​នៅ​ផ្ទះ​លេខ​១០៦ Ez សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ​​ រាជ​ធានី​ភ្នំេពញ​ ថវិកា​ចំនួន​៤០.០០០​រៀល​។

បង​ស្រី​ម៉ិញ​ សុំ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សប្បុរស​ជន​ ដែល​បាន​ជួយ​​ឧបត្ថម្ភ​​ថវិកា​ដល់​​រូប​គាត់​ព្រម​ទាំង​​កូន​ៗទាំង​៤​នាក់ ដែល​កំពុង​​រស់​នៅ​យ៉ាង​លំ​បាក​ទាំង​ជីវភាព​​ និង​ជម្រក​។ ​បង​ស្រី​​​​ដឹង​គុណ​ជា​និច្ច​​នូវ​ទឹក​ចិត្ត​​ដ៏​សប្បុរស​​ធម៌​នោះ ហើយ​សូម​ជូន​ពរ​ដល់​សប្បុរស​ជន​​​​ទាំង​អស់​​ជួប​ប្រ​ទះ​​តែ​សេច​ក្តី​សុខ​​សេច​ក្តី​ចម្រើន និង​ប្រ​កប​ដោយ​ពុទ្ធ​ពរ​​ទាំង​៤​ប្រការ​គឺ​ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​​។​​ បង​ស្រី​ម៉ិញ​ សុំ បាន​បញ្ជាក់​ថា អំណោយ​ដែល​សប្បុរ​សជន​បានផ្តល់​ឱ្យ​នេះ គឺ​​គាត់​នឹង​យក​ទៅ​ផ្គត់​ផ្គង់​ដល់​ការ​សិក្សា​​របស់​កូនៗ​​ដែល​ពួកគេ​កំពុង​សិក្សា​ទាំង​ជួប​ការ​លំ​បាក​ខ្វះ​មុខ​ខ្វះ​ក្រោយ​​។

គួររំលឹកថា ស្ថិត​ក្នុង​ភាព​ជា​ស្ត្រី​មេម៉ាយ​​​ដោយ​ប្តី​​ស្លាប់​ ស្ត្រី​ឈ្មោះ​មិញ សុំ​ កំពុង​តែ​រស់​នៅ​ក្នុង​ជី​វភាព​លំបាក​លំ​បិន​ ហើយ​សូម្បី​តែ​ជម្រក​ក៏​ត្រូវ​​សុំ​សំ​យាប​ផ្ទះ​គេ​ជ្រក​ដែរ​។ តាម​ការ​រៀប​រាប់​របស់​ស្ត្រី​មេ​ម៉ាយ​រូប​នេះ​គឺ​ ជីវិ​ត​គាត់​ពុំ​ដែល​ស្គាល់​នូវ​​អ្វី​ដែល​ជា​ភាព​គ្រប់​គ្រាន់​នោះ​ទេ ​តាំង​ពី​ពេល​ដែល​ប្តី​គាត់​នៅ​រស់​ម៉្លេះ ហើយ​ក្រោយ​ប្តី​​ស្លាប់​​ទៅ​ជីវិត​​រស់​នៅ​កាន់​តែ​​​លំ​បាក​ថែម​ទៀត សំ​ខាន់​ការ​ទ្រាំ​ទ្រ​ចិញ្ចឹម​កូន​កំព្រា​ទាំង​៤នាក់​​ ដែល​ពួក​គេ​​មិន​​គ្រាន់​តែ​ត្រូវ​ការ​រស់​​​និង​ម្ហូប​​​អាហារ​​នោះ​ទេ ​តែ​ពួក​គេ​ត្រូវ​ការ​សិក្សា​​រៀន​សូត្រ​​ថែម​ទៀត​។ បច្ចុប្បន្ន​​គាត់​ប្រកប​មុខ​របរ​ដើរ​បេះ​ត្រ​កួន​​នៅ​​ក្នុង​បឹង ដើម្បី​យក​ទៅ​លក់​នៅ​ឯទី​ផ្សារ​ ហើយ​ក្នុង​មួយ​ថ្ងៃ​គាត់​​អា​ច​រក​បាន​ប្រ​មាណ​​៥.០០​០​រៀលប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រ​សិន​បើ​ជំងឺ​​​​ប្រចាំ​កាយ​​របស់​គាត់​ចាប់​កម្រើក​ឡើង​វិញ​នោះ គឺ​គាត់​ត្រូវ​ខក​ខាន​មិន​​បានទៅ​បេះ​ត្រ​កួន​​ទេ ហើយ​ក៏​ត្រូវ​ខ្វះ​​អង្ករ​​ផង​ដែរ​។​ ដូច្នេះ​ អំណោយ​ដែល​សប្បុរ​ជន​ផ្តល់​ជូន​ដល់​រូប​គាត់​​នេះ គឺ​ជា​ទឹក​ចិត្ត​​មនុស្ស​ធម៌​​​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ រួម​ទាំង​​ជា​គុណ​បំណាច់​ដ៏​​លើ​ស​លប់​បំផុត​។ គាត់​លើក​ដៃ​​សំពះ​​ទាំង​ទឹក​ភ្នែក​ សុំ​ឱ្យ​សប្បុរសជន​​​មេត្តា​​បន្ត​ជួយ​ដល់​រូប​គាត់​ផង ហើយ​គាត់​សន្យា​ថា នឹង​យក​អំណោយ​ទំាង​នោះ​​ទៅ​ចំណាយ​លើ​​អ្វី​ដែល​មាន​ប្រ​យោជន៍​សម្រាប់​ជីវិត​ និង​ការ​សិក្សា​របស់​កូន​ៗ។

បង​ស្រី​ម៉ិញ សុំ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ និង​អស់​ពី​ចិត្ត​ពី​ថ្លើ​ម​ផង​ដែរ ចំពោះ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​​​ ដែល​បាន​​ចុះផ្សាយ​​អំពី​​​​ជីវិត​​ និង​ភាព​ក្រី​ក្រ​​របស់​គាត់​ ​នាំ​ឱ្យ​​​មាន​សប្បុរសជន​ផ្តល់​ថវិកា​​ជា​បន្ត​បន្ទាប់​។ បង​ស្រី​សូម​ជូន​ពរ​ដល់​ថ្នាក់​​ដឹក​នាំ​​បុគ្គ​លិក​​កម្ម​ករ សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​​​​សូម​ជួប​ប្រ​ទះ​​តែ​សេច​ក្តី​ សុខ​ ​សិរីសួស្តី​ ​អាយុ​យឺន​យូរ ​និង​ប្រ​កប​របរ​បាន​​ចម្រុង​​ចម្រើន​សម​​តាម​សេច​ក្តី​ប្រា​ថ្នា​៕