ខេត្តកំពត ៖ យុវជនម្នាក់ដែលបរិភោគសាច់កាចរសមុទ្របានពុលស្លាប់ខណៈអ្នកជិតខាងជួយដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត និងពីរនាក់ទៀតជាមិត្តភក្តិដែលហូបជាមួយគ្នា ហើយពុលដែរត្រូវបានពេទ្យជួយសង្គ្រោះទាន់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី១៧ មីនា នៅសង្កាត់កំពង់បាយក្រុងកំពត ហើយក្រោយពីកើតមានការពុលសត្វកាចរសមុទ្រនេះ ប៉ូលិសជំនាញបច្ចេកទេសក៏ចុះទៅពិនិត្យធ្វើកោសល្យវិច័យសាកសព។ ក្រោយពីការពិនិត្យសពនិងសាកសួរក្រុមគ្រួសាររួចមក ប៉ូលិសបច្ចេកទេសបានឱ្យដឹងថា យុវជនដែលស្លាប់ដោយពុលសត្វកាចរសមុទ្រនេះឈ្មោះផាត់ ទិត អាយុ២១ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។
បើតាមក្រុមគ្រួសារប្រាប់ប៉ូលិសឱ្យដឹងថា នៅវេលាម៉ោង១រសៀលថ្ងៃទី១៧ មីនា ប្អូនរបស់សពឈ្មោះផាត់ ឡាន់ អាយុ១៦ឆ្នាំ បានទៅដោះមងដែលខ្លួនដាក់នៅដៃព្រែកកំពង់បាយ ស្ថិតក្នុងភូមិ-សង្កាត់ខាងលើ ដោយដោះបានត្រីចំនួន៣ក្បាលនិងសត្វកាចរញី-ឈ្មោលពីរក្បាលក៏យកមកផ្ទះ ហើយយុវជនជាបងដែលពុលស្លាប់នេះ ក៏បានយកសត្វកាចរនោះទៅដុតហូប។ ពេលកំពុងហូបជាមួយមិត្តភក្តិម្នាក់ដែរនោះ ប្អូនស្រីរបស់យុវជនដែលពុលនោះក៏មកហូបដែរ តែយុវជនរងគ្រោះមិនឱ្យប្អូនស្រីរបស់ខ្លួនហូបទេ ពីព្រោះខ្លួនហាក់ដូចជាមានការសង្ស័យខ្លាចពុលដែ ។
ក្នុងពេលហូបនោះមានគ្នា៣នាក់ គឺយុវជនរូបនេះមិត្តភក្តិម្នាក់ និងប្អូនប្រុសដែលទៅដោះត្រីនោះ លុះក្រោយពីហូបហើយអ្នកទាំង៣នាក់ ក៏បបួលគ្នាទៅលេងបាល់នៅខាងក្រៅផ្ទះ ។ ក្រោយពីលេងបាល់បានមួយសន្ទុះ ជាតិពុលបញ្ចេញឥទ្ធិពលធ្វើឱ្យយុវជនទាំង៣នាក់ចុកផងអស់កម្លាំងរហិតរហៃ ក៏នាំគ្នាមកដេកនៅផ្ទះវិញ ឯប្អូនស្រីឃើញបងៗដេករហិតរហៃមានការសង្ស័យពីការពុលសត្វកាចរ ក៏ហៅអ្នកស្រុកជិតខាងឱ្យជួយយកបងៗ និងប្អូនប្រុសទៅមន្ទីរពេទ្យ ។ ពេលអ្នកស្រុកមកដល់ ពួកគាត់ពុំទាន់យកទៅមន្ទីរពេទ្យភ្លាមៗទេ គឺនៅជួយសង្គ្រោះដោយថ្នាំបុរាណសិនដោយអ្នកស្រុកបានយកវល្លិទទុងមកដាំទឹកឱ្យផឹក ប៉ុន្តែដោយស្ថានភាពពុលនៅតែធ្ងន់ធ្ងរនៅម៉ោង៨យប់ ក៏នាំគ្នាបញ្ជូនជនរងគ្រោះទាំង៣នាក់មកមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។
លុះដល់ម៉ោង១០យប់ថ្ងៃដដែលជនរងគ្រោះឈ្មោះផាត់ ទិត ក៏ត្រូវស្លាប់បាត់បង់ជីវិត ចំណែកឈ្មោះផាត់ ឡាន់ ជាប្អូននិងឈ្មោះស៊ឹម សុខលីង ជាមិត្តភក្តិ បានរួចផុតពីសេចក្តីស្លាប់ ។ ប៉ូលិសបច្ចេកទេសក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមសំណូមពរដល់ប្រជាពលរដ្ឋទូទៅក៏ដូចជាបងប្អូនអ្នកនេសាទសមុទ្រដែរ គួរប្រុងប្រយ័ត្នចំពោះសត្វសមុទ្រដែលពុំធ្លាប់ស្គាល់ឬពុំធ្លាប់ហូប សូមមេត្តាកុំហូបឱ្យសោះ ព្រោះវាអាចធ្វើឱ្យពុលស្លាប់ ៕


ចែករំលែកព័តមាននេះ