ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​រៀបចំ​​ផែន​ការ​យុទ្ធ​សាស្ត្រ​​អភិវឌ្ឍន៍​ទេសចរណ៍​2011-2020

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សិក្ខា​សាលាស្តីពី​​​ផែន​ការ​យុទ្ធ​សាស្ត្រ​​​អភិវឌ្ឍន៍​​​ទេសចរណ៍​​​ ឆ្នាំ២០១១-២០២០ និង​គោលនយោបាយ​​អេកូ​​​ទេសចរណ៍​​​ជាតិ ត្រូវ​​បានរៀបចំ​ធ្វើរយៈ​ពេល​មួយថ្ងៃ​​​គឺ​ថ្ងៃ​ទី១៦ ​វិច្ឆិកា ​​ឆ្នាំ​២០១១ ​នៅសណ្ឋា​គារ​សូហ្វី​តែល​ ​ក្រោម​​អធិបតី​ភាព​​លោក​ឧបនាយករដ្ឋ​​មន្ត្រី​គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ។ ចូលរួម​ក្នុងសិក្ខា​សាលា​​​នេះដែរ មាន​លោក​​ថោង ខុន ​​រដ្ឋ​មន្ត្រី​​ក្រសួង​ទេស​ចរណ៍ ​និងលោក​ Frederic

រាជធានីភ្នំពេញ ៖ សិក្ខា​សាលាស្តីពី​​​ផែន​ការ​យុទ្ធ​សាស្ត្រ​​​អភិវឌ្ឍន៍​​​ទេសចរណ៍​​​ឆ្នាំ២០១១-២០២០ និង​គោលនយោបាយ​​អេកូ​​​ទេសចរណ៍​​​ជាតិ ត្រូវ​​បានរៀបចំ​ធ្វើរយៈ​ពេល​មួយថ្ងៃ​​​គឺ​ថ្ងៃ​ទី១៦ ​វិច្ឆិកា ​​ឆ្នាំ​២០១១ ​នៅសណ្ឋា​គារ​សូហ្វី​តែល​ ​ក្រោម​​អធិបតី​ភាព​​លោក​ឧបនាយករដ្ឋ​​មន្ត្រី​គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ។ ចូលរួម​ក្នុងសិក្ខា​សាលា​​​នេះដែរ មាន​លោក​​ថោង ខុន ​​រដ្ឋ​មន្ត្រី​​ក្រសួង​ទេស​ចរណ៍ ​និងលោក​ Frederic Pierret នាយក​ប្រតិបត្តិ​អង្គ​ការ​ទេស​​​ចរណ៍​​ពិភពលោក​ ។

លោកថោង ខុន ​បាន​មាន​ប្រសាសន៍​​​នា​ឱកាស​នោះថា ​សិក្ខា​សាលា​ស្តីពី​​ផែន​ការ​យុទ្ធ​សាស្ត្រ​​អភិវឌ្ឍន៍​​ទេស​ចរណ៍ ២០១១-២០២០ និង​គោលនយោបាយ​​អេកូ​​ទេសចរណ៍​ជាតិនា​ពេល​នេះ គឺ​ដើម្បី​​ពិភាក្សា​​ផ្លាស់ប្តូរ​​យោបល់​​ និង​បន្ថែម​នូវ​ធាតុចូល​ឱ្យ​កាន់​តែ​​ស៊ីជម្រៅ​ថែមទៀត ​សម្រាប់​រៀបចំ​ផែន​ការ​​យុទ្ធសាស្ត្រ​​​អភិវឌ្ឍន៍​​​ទេសចរណ៍​​​ និងគោល​​នយោ​បាយ​​អេកូ​​ទេស​ចរណ៍​​​​មួយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ដែល​​ជាត្រី​វិស័យ​​ចង្អុល​ទិសក្នុង​ការ​អភិវឌ្ឍទេសចរណ៍​កម្ពុជា​ប្រកប​ដោយនិរន្តរភាព​​​និងការ​ទទួល​ខុស​ត្រូវ ។ ​ការរៀបចំ​​​ផែន​ការ​​នេះ គឺ​ដើម្បី​ឱ្យ​ស្រប​ទៅ​​នឹង​ចក្ខុវិស័យ​​នៃ​វិស័យ​​ទេសសចរណ៍​​​ពិភពលោក​សម្រាប់ឆ្នាំ​២០១០-​២០៣០ និង​ផែន​ការ​យុទ្ធសាស្ត្រ​​ទេសចរណ៍អា​ស៊ាន​ឆ្នាំ២០១០-២០១៥ ។

លោក​រដ្ឋមន្ត្រី​បានរំលឹកឡើង​វិញថា ​ឆ្នាំ ២០១០ ​ទេស​ចរ​អន្តរ​ជាតិ​ប្រមាណ​៩៤០​លាន​នាក់ ​បានធ្វើដំណើរ​​ឆ្លង​កាត់​ព្រំដែន​អន្តរ​ជាតិ​​ដែលបង្កើត​ចំណូលបាន​១០០០​កោដិ​ដុល្លារ​​ក្នុងចំណូលនាំ​ចេញ​​ និងមាន​​​ទេសចរ​ក្នុង​ស្រុក​ប្រមាណ​​៤០០០​លាន​នាក់​​ទៀត​បាន​ធ្វើ​ដំណើរ​​​​​ក្នុងប្រទេសរបស់ខ្លួន ។ ក្នុងឆ្នាំ​​២០១២ ​​​​ខាង​មុខនេះ គេរំពឹងថា ពិភពលោក​ទាំងមូល ​នឹងទទួលបានទេសចរ​អន្តរជាតិ​ប្រមាណ​១០០០​លាននាក់ ​ក្នុងនោះ​​តំបន់អាស៊ីប៉ាស៊ីហ្វិក ​​នឹងបន្ត​ដើរតួនាទី​​ជាគោលដៅ​ទេសចរណ៍​​​ដ៏ចម្បង​របស់​​សាកល​លោកជាមួយ​ការ​ព្យាករ​អត្រា​កំណើន​មធ្យម​ប្រចាំ​​ឆ្នាំនៃការ​មកដល់របស់​​​ទេ​ស​ចរ​អន្តរជាតិ​ប្រមាណ​៤,៤% ​ក្នុងចន្លោះ​​ឆ្នាំ​២០១០-២០៣០ ព្រមទាំង​​ជាប្រភព​រនៃ​ការ​ហូរ​ចេញ​របស់​ទេសចរ​ក្នុងចន្លោះ​ឆ្នាំ​២០១០-​២០៣០​ ជា​ពិសេស​​ប្រទេសចិន គឺជាគោល​ដៅ​​​​ទេសចរណ៍​​ និងជាទីផ្សារ​ផ្គត់ផ្គង់​​​ទេសចរ​មួយ​ដ៏ចម្បង​​​នៅក្នុង​តំបន់ ។

លោកថោង ខុន បានបញ្ជាក់ថា សម្រាប់​​ប្រទេស​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​ដ៏ត្រឹមត្រូវ និង​ឈ្លាស​វៃ​ប្រកប​ដោយ​​គតិ​បណ្ឌិត ​របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​ម​ន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា ​មាន​សុខ​សន្តិ​​ភាព​ ស្ថិរ​ភាព​នយោ​បាយ​​ សន្តិ​សុខ​សណ្តាប់ធ្នាប់​​សង្គម​​ពេញ​លេញ និង​មាន​ការ​អភិ​វឌ្ឍ​រីក​ចម្រើន​​លើ​គ្រប់​វិស័យ​​ ក្នុង​នោះ​វិស័យ​​ទេស​ចរណ៍ មាន​ការ​រីកចម្រើន​​គួរ​ជាទី​មោទនៈ​ ។ វិស័យ​​​ទេស​ចរណ៍​ ត្រូវបាន​​ចាត់​ទុក​ជាវិស័យ​អាទិ​ភាព​មួយ​ ដើរ​តួ​ជា «មាស​បៃតង» ​រួមចំណែក​ដល់​កិច្ច​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-​សង្គម និង​ការ​ពារ​បរិ​ស្ថាន អភិ​រក្ស​បេតិកភណ្ឌ​​​វប្បធម៌ និង​ធនធាន ធម្ម​ជាតិ​ ពោលគឺចូល​រួម​ការ​កសាង​​សេដ្ឋ​កិច្ច​បៃតង​​នៅ​កម្ពុជា ។

ជាក់ស្តែង​​ ភ្ញៀវ​ទេស​ចរ​មក​កាន់​ប្រទេស​កម្ពុជា​​កាន់តែ​មាន​ការ​កើនឡើង​ជា​លំដាប់​​ដូច​ជា​​​ក្នុង​ឆ្នាំ​២០១០ កម្ពុជាទទួល​​បាន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ចំនួន​២,៥​លាន​នាក់ គឺ​កើន​១៦% ប្រៀប​​ធៀប​នឹង​​ឆ្នាំ​២០០៩ ​ហើយ​ក្នុង​រយៈ​ពេល​៩​ខែ​​​ដើម​ឆ្នាំ​២០១១ នេះ កម្ពុជាទទួល​បាន​​ភ្ញៀវ​ទេស​ចរ​២,១​លាន​នាក់ កើន​​ឡើង​១៥,៦% ធៀប​​នឹង​រយៈ​ពេល​​ដូច​គ្នា​នៃ ឆ្នាំ​២០១០ ។ តាម​ការ​ព្យាករ​​ កម្ពុជា​នឹង​ទទួល​បាន​ទេស​ចរ​អន្តរ​ជាតិ​​ប្រមាណ​៤,៥​លាន​នាក់​នៅ​ក្នុងឆ្នាំ​២០១៥ ហើយ​​នៅឆ្នាំ​២០២០ មាន​ប្រមាណ​៧​លាន​នាក់ ឬអាច​ច្រើន​ជាង​នេះ ដែល​អាចនឹង​នាំ​មក​នូវ​ចំណូល​ជាតិ​ប្រមាណ​៥.០០០​លាន​ដុល្លារ​​ចាប់ពី​ឆ្នាំ​២០២០ ​និង​​បានចូលរួម​ចំណែក​​ប្រមាណ​ជាង​១០%​នៃ​ GDP និង​ផ្តល់​​ការងារ​ប្រមាណ​៨០មឺុន​នាក់​ ​ទៅ​១លាន​នាក់ ។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ គាត ឈន់ មាន​ប្រសាសន៍​​ថា ទោះ​បីជា​វិស័យ​ទេសច​រណ៍​កម្ពុជា​ទទួល​បាន​​ការ​រីក​ចម្រើន​​គួរ​ឱ្យ​កត់​សម្គាល់​​ក៏​ដោយ ក៏​ប៉ុន្តែ​​​យើង​សង្កេត​ឃើញ​ថា ភ្ញៀវ​ទេស​ចរ​ភាគច្រើន​​បានប្រមូល​​ផ្តុំគ្នា​ទៅទស្សនា​គោល​ដៅ​​ចម្បង​មួយចំនួន​តែ​ប៉ុណ្ណោះ​ ពោលគឺ​ទេស​ចរ​អន្តរ​​ជាតិ​​ដែល​អញ្ជើញ​មក​ទស្សនា​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ភាគច្រើន​​ទៅ​ទស្សនា​​តំបន់​សៀម​រាប​ ​អង្គរ​​ប្រមាណជាង​៥០%​និង​រាជធានីភ្នំពេញ ​ជាង​៤០%។​ ​រីឯ​ការ​ចូល​ទស្សនា​នៅ​តំបន់​អេកូ​ទេសចរណ៍នៅតំបន់​​​ភូមិភាគ​​ឦសាន​ តំបន់​បឹង​​ទន្លេ​សាប និង​​តំបន​់ឆ្នេរ​នៅម​ាន​កម្រិត​ទាប​​​នៅ​ឡើយ។ ​ដូច្នេះការ​អនុ​វត្ត​​យុទ្ធសាស្ត្រ​ពិពិធ​កម្ម​ផលិត​ផល​​ទេសចរណ៍ និង​គោលដៅ​​ទេសចរណ៍​​ដូច​ជាការ​អភិវឌ្ឍន៍​​វិស័យ​អេកូ​​ទេសចរណ៍​​ត្រូវ​បាន​​មើលឃើញ​​ថា នឹង​ដើរ​​តួនាទីជាក​ម្លាំង​​ជំរុញ​​ដ៏សំខាន់មួយក្នុងការ​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​​ទេសចរណ៍​​​នៅកម្ពុជា​ និង​ធ្វើ​ឱ្យព្រះ​​រាជា​ណាចក្រ​អច​្ឆរិយៈ​​មួយនេះ ក្លាយជាគោល​​ដៅ​លេចធ្លោ​​ប្រកបដោយ​​ភាពទាក់ទាញ​​ និង​​ប្រកួត​ប្រជែង​​​​ខ្ពស់​ ផ្តល់នូវ​ភាពកក់ក្តៅ​​ដល់ភ្ញៀវ​​ទេស​ចរ​គ្រប់​​ជាតិសាសន៍​​ និងគ្រប់​​ប្រភេទ​​ទីផ្សារ ​​ទាំង​ទេស​ចរ​​វប្បធម៌​​​ និងធម្មជាតិ ជាពិសេស​​​ចូលរួម​ធ្វើ​​ឱ្យ​សម្រេច​​បាននូវច​ក្ខុវិស័យ​​​ប្រកប​ដោយ​សុទិដ្ឋិ​និយម​ ក្នុងការ​ទទួលបានទេស​ចរ​អន្តរជាតិ​​៤,៥​លាន​នាក់ នៅឆ្នាំ​២០១៥ និង​៧​លាននាក់​​នៅ​ឆ្នាំ​២០២០ ៕