ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បណ្តាខេត្តនៅភាគខាងត្បូងថៃរងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងររហូតបណ្តាលឱ្យស្លាប់មនុស្សជាច្រើននាក់។ តាមអគ្គនាយករបស់ទីភ្នាក់ងារទប់ស្កាត់ ព្រមទាំងបង្ការជំងឺ និងគ្រោះមហន្តរាយ លោក Vibul Sanguanpong ឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ មីនា ចំនួនអ្នកស្លាប់ ដែលទាក់ទិននឹងគ្រោះទឹកជំនន់នៅបណ្តាលខេត្តខាងត្បូងទាំងនោះកើនឡើងដល់១១នាក់ ហើយក្នុងនោះ៧នាក់នៅក្នុងខេត្ត Nakhon Si Thammarat ៣នាក់នៅខេត្ត Surat Thani និងម្នាក់ទៀតនៅខេត្ត Phatha lung ។
ដោយឡែកតាមប្រភពព័ត៌មានពីកាសែតថៃនានាឱ្យដឹងថា មនុស្ស៧១៦.១១០នាក់ នៅក្នុងខេត្តចំនួន៨នៅភាគខាងត្បូងថៃ រងគ្រោះដោយសារទឹកជំនន់ ។
ព្រះមហាក្សត្រថៃភូមិបុល អាឌុលយ៉ាដេត និងម្ចាស់ក្សត្រីយានី សព្វព្រះហឫទ័យ ប្រធានមូលនិធិដល់កាកបាទក្រហម ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ ដោយសារទឹកជំនន់នៅបណ្តាខេត្តទាំងនោះ ។
ពលរដ្ឋដែលរស់នៅតំបន់វាលទំនាប និងនៅតាមតំបន់ចំណោតនៅតាមខេត្តចំនួន១១នាភាគខាងត្បូងថៃ ត្រូវបានព្រមានពីការបាក់ដី និងគ្រោះទឹកជំនន់ដែលកើតឡើងភ្លាមៗ ។
នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា ថ្លែងប្រាប់អ្នកកាសែតថា ស្ថានការណ៍នៅបណ្តាខេត្ត ដែលរងគ្រោះដោយទឹកជំនន់មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយថ្លែងថា រដ្ឋាភិបាលរបស់លោកមានផែនការជម្លៀសពលរដ្ឋចេញពីតំបន់ងាយរងគ្រោះ ។ លោកអាប់ភីស៊ីតថ្លែងទៀតថា ស្ថានការណ៍នៅបណ្តាខេត្តទាំងនោះនៅមានភាពធ្ងន់ធ្ងរនៅឡើយ ដោយសារនៅតែមានធ្លាក់ភ្លៀងខ្លាំង ៕
ចែករំលែកព័តមាននេះ