ខេត្តមណ្ឌលគិរី ៖ ជារៀងរាល់ថ្ងៃមិនថាពេលយប់ឬពេលថ្ងៃទេ សត្វជ្រូកក្រហមត្រូវបានឈ្មួញដឹកតាមរថយន្តជាហូរហែមកលក់នៅខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវជាតិលេខ៧៦A ។ បើតាមអ្នកបើកបររថយន្តដឹកជ្រូកនិយាយថា អ្នករកស៊ីដឹកជ្រូកក្រហម ពេលដឹកចេញពីប្រទេសវៀតណាមមក គឺពួកគេប្រើម៉ូតូកែច្នៃដោយម៉ូតូ១គ្រឿងដឹកបាន៣ក្បាលទៅ៤ក្បាល ។ ចំពោះច្រកវិញគឺលួចលាក់ចេញតាមច្រកតូចៗ និងជួយគ្នាសែងឆ្លងអូរជួនកាលចេញតាមច្រករបៀង ស្រុកស្នួល ខេត្តក្រចេះ ជួនកាល តាមស្រុកមេមត់ ខេត្តកំពង់ចាម ។ ពេលដឹកសត្វជ្រូកនោះមកដល់ផ្ទះហើយយកទៅឱ្យថៅកែ ព្រោះថៅកែមានទ្រុងស្តុកទុកឱ្យចំណីពេលណាត្រូវយកទៅលក់ គឺចាប់ដាក់រថយន្តបន្ត ។ ចំពោះរថយន្តដឹកជ្រូកវិញ មានប្រភេទ១បាំងកន្លះ ប្រភេទកូរ៉េ១តោនកន្លះ ហើយផ្ទុកបានជ្រូកពី២៧ក្បាល ទៅ៣០ក្បាល ។ អ្នកបើកបររថយន្តដឹកជ្រូកបាននិយាយទៀតថា ការដឹកជ្រូកចូលត្រង់ៗ វាខុសច្បាប់ ម្ល៉ោះហើយទើបគេដឹកជញ្ជូន មកស្តុកទុក ដើម្បីបំបាំងភ្នែកសមត្ថកិច្ច ហើយក៏ក្លាយជាជ្រូកក្នុងស្រុក ។
បើតាមប្រជាពលរដ្ឋឱ្យដឹងថា ពួកគាត់ទិញសាច់ជ្រូកយកទៅធ្វើម្ហួបរៀងរាល់ថ្ងៃមិនដឹងថា ជាសាច់ជ្រូកក្រហមនោះទេ ព្រោះអ្នកលក់សាច់ជ្រូកកុហកថា ជាជ្រូកអ្នកភូមិជនជាតិ ។ ជួនកាលប្រជាពលរដ្ឋក្រីក្រធ្វើចំការពួកគាត់មិនហ៊ានទិញសាច់ថ្លៃហូបទេ គឺពួកគាត់រកទិញតែសាច់ណាថោកៗ ឬខ្លាញ់សម្រាប់ចម្រាញ់ទុកស្លបានយូរក្រអស់ ។ លោកប៉ែន ប្រុស ប្រធានការិយាល័យបសុព្យាបាលខេត្តបាននិយាយកាលពីថ្ងៃទី៥ មីនា ថា ចំពោះជ្រូកក្រហមពុំអនុញ្ញាតឱ្យជនណាម្នាក់នាំចូលពីប្រទេសជិតខាងមកលក់នៅប្រទេសកម្ពុជាយើងទេ ហើយបើមានដូច្នេះមែនសូមទូរស័ព្ទមកការិយាល័យបសុព្យាបាលខេត្ត ឬ
នៅស្រុកកែវសីមា ដើម្បីឃាត់ទុកដោះស្រាយតាមផ្លូវច្បាប់ ។
គេនៅចាំបានថា កន្លងមកនេះប្រមុខរាជរដ្ឋាភិបាលបានចេញ ប្រកាសលេខ០៨ ស.ប្រ.ក ចុះថ្ងៃទី៤ សីហា ឆ្នាំ២០១០ ស្តីពីការទប់ស្កាត់ការនាំចូលជ្រូកក្រហម ដោយខុសច្បាប់ មានសេចក្តីជូនដំណឹងលេខ១១០២ ស.ជ.ណ ចុះថ្ងៃទី២៣ កក្កដា ឆ្នាំ២០១០ របស់ក្រសួងមហាផ្ទៃស្តីពីការទប់ស្កាត់ការនាំចូលសាច់ក្លាស្សេ ស៊ុតមាន់ ស៊ុតទា នៅតាមព្រំដែន និងមានសេចក្តីណែនាំលេខ២៣ស.ណ.ន ចុះថ្ងៃទី៤ ឧសភា ឆ្នាំ២០១០ ស្តីពីការនាំចូលសាច់ជ្រូក និងជ្រូកពីប្រទេសជិតខាង និងសេចក្តីណែនាំលេខ១៣៨២ ជ.ប ចុះថ្ងៃទី៤ សីហា ឆ្នាំ២០១០ របស់នាយកដ្ឋានផលិតកម្មនៃបសុព្យាបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការពង្រឹងការត្រួតពិនិត្យជំងឺឆ្លងជ្រូក ប៉ុន្តែអ្វីដែលជាការពិតគឺការទប់ស្កាត់ហាក់ដូចជានៅមានកម្រិត ៕
ចែករំលែកព័តមាននេះ