រាជធានីភ្នំពេញ ៖ គណៈប្រតិភូមជ្ឈមណ្ឌលភូមិកុមារអរុណរះ ដែលដឹកនាំដោយលោកស្រី Geraldine Cox នាយកមូលនិធិអូស្ត្រាលី-កម្ពុជា កាលពីថ្ងៃទី១៥ ធ្នូ បានអញ្ជើញនាំយកអំណោយទៅចែកជូនដល់អ្នករងរបួសក្នុងឧបទ្ទវហេតុផ្អើលជាន់គ្នាស្លាប់នៅកោះពេជ្រដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ អ្នកជំងឺទាំងនោះមានចំនួន៤០នាក់ ដោយម្នាក់ៗទទួលបានប្រាក់ចំនួន៦៥.០០០រៀល និងកន្សែងពោះគោមួយ ។ ពិធីចែកអំណោយនេះធ្វើឡើងក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលភូមិកុមារអរុណរះ និងលោកវេជ្ជបណ្ឌិត ហង្ស ច័ន្ទវរៈ គ្រូពេទ្យឯកទេសរូបភាពវេជ្ជសាស្ត្រនៅមន្ទីរពេទ្យកាល់ម៉ែត ។ ពិធីចែកអំណោយនេះ ធ្វើឡើងក្នុងសកម្មភាពមនុស្សធម៌ និងសកម្មភាពសង្គមដែលមជ្ឈមណ្ឌលភូមិកុមារអរុណរះគិតគូរដល់យុវជន យុវនារីខ្មែរដែលរងគ្រោះនៅកោះពេជ្រ ។
មជ្ឈមណ្ឌលភូមិកុមារអរុណរះ ជាមជ្ឈមណ្ឌលមួយដែលត្រូវបានបង្កើតឡើងដោយមូលនិធិអូស្ត្រាលីកាលពីឆ្នាំ១៩៩៣ ដើម្បីផ្តល់ជំរកស្នាក់នៅឱ្យកុមារៗ ដែលងាយរងគ្រោះបានស្នាក់នៅហូបចុក និងទទួលបានការអប់រំ និងការព្យាបាលផងដែរ ។ មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបច្ចុប្បន្នមានកុមារស្នាក់នៅចំនួន១៤០នាក់ ។ ដើម្បីជួយដល់កុមារកម្ពុជា មូលនិធិអូស្ត្រាលី-កម្ពុជាបានបង្កើតមជ្ឈមណ្ឌលភូមិកុមារអរុណរះចំនួន២កន្លែង គឺទី១នៅស្រុកស្អាង និងទី២នៅខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ