រាជធានីភ្នំពេញ ៖ បុរសម្នាក់សន្លប់បាត់មាត់ឈឹងជាង១ម៉ោងដោយសារម៉ូតូប៉ះម៉ូតូបណ្តាលឱ្យដួលបោកក្បាលឈាមហូរតាមត្រចៀក តាមមាត់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ មីនា ២០១១ នៅលើកំណាត់ផ្លូវលេខ១០១៩ (ផ្លូវភ្នំពេញ-ហាណូយ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខភោជនីយដ្ឋានរស្មីសែនសុខ ត្រូវបានគេចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បើតាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាកឌ្រីម C125 ស៊េរី២០១០ ពាក់ស្លាកលេខ តាកែវ 1C-2478 បើកពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយមិនមានពាក់មួកសុវត្ថិភាពទេ ពេលកំពុងជិះស្រាប់តែមានម៉ូតូ១គ្រឿងផ្សេងទៀតមិនស្គាល់ម៉ាកជិះវ៉ាខាងឆ្វេងដៃ មកប៉ះនឹងដៃម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលបោកទៅលើថ្នល់ និងបែកក្បាលផ្នែកខាងក្រោយ ហូរឈាមចេញតាមមាត់ ត្រចៀក យ៉ាងធ្ងន់ធ្ងរ សន្លប់បាត់មាត់ឈឹងតែម្តង ។ រងគ្រោះឈ្មោះផុន ឆក មានស្រុកកំណើតភូមិពោធិកណ្តាល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បុរសរងគ្រោះត្រូវបានមន្ត្រីប៉ូលិសព្យាយាមហៅឡានពេទ្យមកជួយសង្គ្រោះដល់ទៅ២គ្រឿង តែពេលឡានពេទ្យមកដល់មិនព្រមទទួល យកអ្នករបួសទេ ដោយប្រាប់ប៉ូលិសថា ជនរងគ្រោះរបួសធ្ងន់ពេកគ្មានសង្ឃឹមរស់ទេ ទើបឡានពេទ្យទាំង២គ្រឿងនោះត្រឡប់ទៅវិញ។ ឃើញជនរងគ្រោះអាណោចអាធ័មពេក ប៉ូលិសក៏ព្យាយាមទាក់ទងទៅឡានពេទ្យផ្សេងទៀត ព្រោះគាត់សង្កេតឃើញថា ជនរងគ្រោះមានសង្ឃឹមអាចរស់… កន្លះម៉ោងក្រោយមកក៏ឃើញឡានពេទ្យមួយទៀតរបស់មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ មកដល់ដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរបស់គេ ឯម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕
ចែករំលែកព័តមាននេះ