រាជធានីភ្នំពេញ ៖ អនុវត្ដតាមប្រសាសន៍ដឹកនាំរបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងយោងតាមផែនការរបស់លោកឧត្ដមសេនីយ៍ត្រីស្នងការនគរបាលរាជធានី និងតាមបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯកស សុខា ស្នងការរង លោកវរសេនីយ៍ទោហាស់ ភីរម្យ នាយការិយាល័យបានដឹកនាំកម្លាំងការិយាល័យ សណ្ដាប់ធ្នាប់រាជធានី សហការជាមួយសណ្ដាប់ធ្នាប់អធិការដ្ឋាននិងសណ្ដាប់ធ្នាប់សាលាខណ្ឌទួលគោក ចុះអនុវត្ដរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ដែលមានការដាក់តាំងលក់របស់របរលើចិញ្ចើមផ្លូវ និងការបិទស្លាកសញ្ញាផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់អនុញ្ញាតពីសាលារាជធានី តាមមហាវិថីចំនួន៥ រួមមានមហាវិថីម៉ៅសេទុង មហាវិថីកម្ពុជាក្រោម មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះសីហនុ និងមហាវិថីព្រះមុនីវង្ស ។
ដោយឡែកកាលពីថ្ងៃទី១៨ មីនា កន្លងមកកម្លាំងសមត្ថកិច្ចចំរុះបានចុះរៀបចំសណ្ដាប់ធ្នាប់តាមមហាវិថីម៉ៅសេទុង និងមហាវិថីកម្ពុជាក្រោម ដោយមានកម្លាំងនគរបាលសណ្ដាប់ធ្នាប់រាជធានី៣៨នាក់ រថយន្ដ៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោហាស់ ភីរម្យ នាយការិយាល័យ រួមជាមួយសណ្ដាប់ធ្នាប់អធិការដ្ឋានខណ្ឌមាន២២នាក់ រថយន្ដ១គ្រឿង និងម៉ូតូ១០គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ទោតី សុវណ្ណារ៉េត អធិការរងខណ្ឌទួលគោក និង សណ្ដាប់ធ្នាប់សាលាខណ្ឌទួលគោកមាន១៥នាក់ រថយន្ដ២គ្រឿង ដឹកនាំដោយលោកងាន់ ឈួ ប្រធានសណ្ដាប់ធ្នាប់សាលាខណ្ឌ ។ ចំពោះការចុះអនុវត្ដតាមមហាវិថីម៉ៅសេទុង ដឹកនាំដោយលោកវរសេនីយ៍ត្រីជ ឆេង នាយរងការិយាល័យ និងលោកអនុសេនីយ៍ទោឃុន ពេជ្រ នាយរងផ្នែក បានចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវលើការលក់ដូររបស់អាជីវករដែលដាក់តាំងលក់ហួសគំនូសដែលសមត្ថកិច្ចបានកំណត់ និងបកស្លាកសញ្ញាផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់អនុញ្ញាតពីសាលារាជធានី ។ លោកវរសេនីយ៍ត្រី ជ ឆេង មានប្រសាសន៍ថា យោងតាមអនុក្រឹត្យលេខ៤៣ កម្លាំងសមត្ថកិច្ចរបស់លោកតែងតែដឹកនាំកម្លាំងចុះអនុវត្ដជាហូរហែ ជាក់ស្ដែងថ្ងៃនេះពេលព្រឹករៀបចំតាមបណ្ដោយមហាវិថីម៉ៅសេទុងចាប់ពីស្ដុបចេនឡារហូតដល់ស្ដុបអំបាសាឌ័រ ក្នុងនោះមានការពន្យល់ដល់អាជីវករឱ្យដាក់តាំងលក់របស់របរត្រឹមគំនូសដែលសមត្ថកិច្ចបានគូសឱ្យដោយត្រូវទុក២ភាគ៣សំរាប់អ្នកថ្មើរជើង ហើយទុក១ភាគ៣សំរាប់ អ្នកលក់ ។
លោកបន្តថា ពេលរសៀលចុះអនុវត្ដតាមមហាវិថីកម្ពុជាក្រោមចាប់ពី ស្ដុបដេអិនរហូតដល់ស្ដុបតោពីរដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រីសុក សុផា នាយរងការិយាល័យ ។ ចំពោះអាជីវករណាដែលនៅតែរឹងទទឹងមិនព្រមអនុវត្ដតាមបទបញ្ជា និងការណែនាំពី៤ទៅ៥លើកហើយមិនគោរពច្បាប់ទៀតត្រូវបានរឹបអូសយករបស់របរទៅរក្សាទុកនៅសាលាខណ្ឌទួលគោក និងមួយចំនួនទៀតរក្សាទុកនៅការិយាល័យនគរបាលសណ្ដាប់ធ្នាប់រាជធានី ហើយមហាវិថីដែលមិនទាន់បានចុះអនុវត្ដរៀបចំសណ្ដាប់ធ្នាប់នឹងចុះរៀបចំជាបន្ដបន្ទាប់ទៀត ។
ឆ្លងកាត់បទពិសោធន៍ចុះអនុវត្ដកន្លងមកសមត្ថកិច្ចចំរុះបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ដែលធ្វើអាជីវកម្មលក់ដូរតាមដងផ្លូវ គោរពទៅតាមការណែនាំរបស់សមត្ថកិច្ចនគរបាលដែលបានណែនាំ ចៀសវាងការដាក់លក់ធ្វើឱ្យកកស្ទះពេញនៅលើចិញ្ចើមផ្លូវបង្កឱ្យមានការលំបាកដល់អ្នកថ្មើរជើង ។ ជាមួយនេះ លោកក៏សំណូមពរដល់អ្នកប្រើប្រាស់យានយន្ដដែលឈប់ចតនៅចំផ្លូវខ្វែង មេត្ដាគោរពទៅតាមបទដ្ឋានច្បាប់ចរាចរណ៍ ។ ម្យ៉ាងទៀត សំណូមពរឱ្យប្រជាពលរដ្ឋដែលមានលំនៅឋានតាមដង មហាវិថីនេះវេចខ្ចប់សំរាមទុកដាក់ឱ្យមានរបៀបរៀបរយល្អ ដើម្បីជួយថែរក្សាសម្រស់រាជធានីរបស់យើង៕


ចែករំលែកព័តមាននេះ